សហជីព​និង​អ្នក​ឃ្លាំ​មើល​ថា​ការ​បាត់​បង់​EBA​​នឹង​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​

រូបភាព ទង់ជាតិកម្ពុជា ទង់ជាតិសហភាពអឺរ៉ុប រូបភាពកសិករប្រមូលស្រូវ និងរូបភាពតវ៉ារបស់កម្មករ។

សហជីព និងអ្នកឃ្លាំមើលសង្គមមើលឃើញថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបប្រាកដជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ខណៈការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមួយនេះនៅមានទំហំធំធេង ហើយការរួចពីកាតព្វកិច្ចពន្ធនានានៅតែជារឿងសំខាន់។

ការមើលឃើញនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅប្រទេសស្វីសថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាកន្លងមក  មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ  ដោយសារ ឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ ០០០លានដុល្លារអាមេរិក។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍សាទរ ចំពោះការនាំចេញពាណិជ្ជកម្មកម្ពុជាទៅកាន់ក្រៅប្រទេស  ជាពិសេសនាំទៅសហគមន៍អឺរ៉ុបមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ ប៉ុន្តែលោកថា បើអឺរ៉ុបមិនផ្តល់ការអនុគ្រោះ​ពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធសម្រាប់ការនាំចេញ ឬហៅថា EBAនោះទេ នឹងធ្វើឱ្យកម្ពុជាខាតបង់ថវិកាច្រើន ដែលនឹងនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចមួយផ្នែកផងដែរ។

លោកជំរុញទៅរដ្ឋាភិបាលពិនិត្យឡើងវិញ និងអនុវត្តតួនាទីរបស់ខ្លួនស្របតាមគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គោរពសិទ្ធិកម្មករ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ទើបទទួលបានផលវិជ្ជមានខ្ពស់។

លោកជំរុញដូច្នេះថា«អ្វីដែលសហគមន៍អឺរ៉ុបចង់បាន ចង់ឃើញកម្ពុជាអនុវត្តសិទ្ធិការងារឱ្យបានល្អ សិទ្ធិសង្គម និងសិទ្ធនយោបាយ ជាពិសេសការបោះឆ្នោតឱ្យបានល្អ។ ក្នុងនាមយើងជាសង្គមស៊ីវិលចង់ឱ្យមានការអនុវត្តសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឱ្យបានល្អតាមសិទ្ធិហ្នឹងទៅជាការស្រេច និងទទួលបានការសារទរពីពលរដ្ឋទៀត ធ្វើឱ្យកម្មករ និងពលរដ្ឋចំណេញ»។

ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រុងហ្សូរិក ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ បានអះអាងថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ       ខណៈការបញ្ជាទិញក៏មានការកើនឡើងដែរ។ ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតថែមទៀតផង។

ដូច្នេះ​លោកថា  ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជារបស់អឺរ៉ុប  មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ  ដោយសារ ឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ ០០០លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជានាំចេញទៅអឺរ៉ុប មានទំហំទឹកប្រាក់ជាង៣ ០០០លានដុល្លារ។

លោកថ្លែងថា៖  «អារឿង EBA វាអត់មានខ្យល់ខ្មោចស្អីទេ រឿងកូវីដ ទើបវាបញ្ហា។ ឥលូវនេះ[ការនាំចេញទៅអឺរ៉ុប]មានកំណើនរហូត។ រឿង EBA ចង់ដក ២០% ចង់ដក ៣០% អាហ្នឹងរឿងគេដកតើ ស្រេចគេដកតើ      ឯយើងនាំចេញ ចេះតែនាំចេញមក»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍គាំទ្រដែលកម្ពុជានាំទំហំពាណិជ្ជកម្មទៅកាន់ក្រៅប្រទេស ជាពិសេសប្រទេសអឺរ៉ុប បានច្រើន ដោយសារបញ្ហាវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសខ្លះជួបបញ្ហាសេដ្ឋកិច្ច មិនអាចផលិតទំនិញគ្រប់គ្រាន់ដើម្បីយកទៅលក់នៅទីផ្សារអឺរ៉ុបបាន។

ផ្ទុយទៅវិញលោកថា បើសិនជាស្ថានភាពកូវីដ-១៩ ល្អឡើងវិញ ហើយប្រទេសផ្សេងមិនជួបបញ្ហាសេដ្ឋកិច្ច នោះ សហភាពអឺរ៉ុបអាចនឹងពិចារណាក្នុងការកម្មង់ទិញទំនិញឬផលិតផលពីកម្ពុជា ដោយនឹងងាកទៅកាន់ប្រទេសផ្សេងវិញ ព្រោះកម្ពុជាត្រូវបានពួកគេរកឃើញថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យជាដើម។

លោកមានប្រសាសន៍ថា«បើថ្ងៃក្រោយកម្ពុជានៅតេបន្តរឹតត្បិតសេរីភាពបញ្ចេញមតិ ការជួបជុំ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហើយធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ។ ខ្ញុំជឿជាក់ថា ថ្ងៃក្រោយសហភាពអឺរ៉ុបអាចនឹងពិចារណាសារជាថ្មី ដើម្បីដាក់សម្ពាធ ឬក៏អាចកាត់ជំនួយជាដើម»។

លោកបន្ថែមថា៖  «ឱ្យអ្នកដាក់ទុនវិនិយោគ ឬក្រុមសហគ្រាសធំៗ គាត់គិតថា ខាតបង់ក្នុងការបង់ពន្ធក្នុងស្រុកផង ហើយការបង់ពន្ធរបស់គាត់ក្នុងការនាំចេញក្រៅប្រទេស ហើយអ្នកដែលកម្មង់ទិញ គេទទួលការរិតបន្តឹងដែរ ក្នុងការបង់ពន្ធកាន់តែច្រើន ធ្វើឱ្យផលចំណេញរបស់ដៃគូដែលកម្មង់ទិញកាន់តែថយចុះ [អ្នកបណ្តាក់ទុនឈប់វិនិយោគ] អាចធ្វើឱ្យវិបត្តិសេដ្ឋកិច្ចកម្ពុជាយើងកើតឡើងទៅថ្ងៃមុខដែរ»។

សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា ជាផ្លូវការ កាលពីថ្ងៃ១៣ ខែសីហា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន សែន បានបរាជ័យក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ថ្មីៗនេះទៀតសោត សមាជិកសភាអឺរ៉ុប​ច្រើនលើសលប់បានបោះឆ្នោតអនុម័តញត្តិរួមមួយស្ដីពីដំណោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

ខ្លឹមសារញត្តិនោះ មានដូចជាការថ្កោលទោសលោក ហ៊ុន សែន ការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីគ្រប់រូបភាពលើការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ ការដោះលែងអ្នកជាប់ឃុំនយោបាយ និងទម្លាក់ចោលបទចោទប្រកាន់មិនត្រឹមត្រូវលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងការស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មលើអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលជាដើម។

សភាអឺរ៉ុប ក៏បានជំរុញឱ្យស្ថាប័នអឺរ៉ុបអនុម័តវិធានការនានាប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជា ក្នុងនោះរួមទាំង ការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ប្រសិនបើមានការរំលាយបក្សប្រឆាំងបន្តទៀត ឬក៏រកឃើញថា ការបោះឆ្នោតខាងមុខនេះ​មានភាពអយុត្តិធម៌ មិនសេរី និងមិនត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ