បេក្ខភាព​មេឃុំបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់​ដាក់​បណ្ដឹង​ទៅ​សមត្ថកិច្ច​ក្រោយជន​អនាមិក​លួច​ដុត​ម៉ូតូ

ម៉ូតូរបស់​បេក្ខភាព​ជា​មេឃុំ​​មក​​ពី​គណបក្ស​ភ្លើងទៀន លោក ណែម សឿន ដែលប្រើក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ត្រូវ​បាន​ជន​អនាមិក​លួចដុត​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។ (រូប៖ គណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ)

បេក្ខភាព​ជា​មេឃុំ​មក​ពី​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឃុំ​កណ្ដុរជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ុស្តិ៍នគរបាលនៅថ្ងៃទី៤ ខែមិថុនានេះ ក្រោយ​ពី​មាន​អ្នក​លួច​ដុត​ម៉ូតូរបស់លោកកាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់​ពី​បញ្ចប់​ពេលឃោសនា​បោះ​ឆ្នោត។

បេក្ខភាព​ជា​មេឃុំ​មក​ពី​គណបក្ស​ភ្លើងទៀន លោក ណែម សឿន ប្រាប់​វីអូឌី​នៅ​ថ្ងៃនេះ​ថា ម៉ូតូដែល​ត្រូវ​ក្មេង​ស្ទាវ​ជិត ១០​នាក់​ដុត​កាល​ពី​យប់​ថ្ងៃទី៣ ខែមិថុនានោះ ជាម៉ូតូដឹក​សម្ភារៈ អំឡុងពេល​ឃោសនា​បោះឆ្នោត​រយៈពេល​ជាង ១០ ថ្ងៃ​កន្លង​មកនេះ។

លោកបន្តថា ករណី​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដោយ​សារ ម៉ូតូ​ផ្សេង​ទៀតដែល​នៅ​ជិត​នោះ ពួកគេ​មិន​បាន​ដុត​ទេ ដោយ​ដុត​តែ​ម៉ូតូ​ដែល​រូប​លោក​យក​ទៅ​ឃោសនា​ឱ្យ​គណបក្ស​តែ​ប៉ុណ្ណោះ។

លោកថា៖ «ម៉ូតូ​នៅ​នោះ​២​ម៉ូតូ​ហើយ​ទាំង​ម៉ូតូ​ខ្ញុំ ហើយ​អាម៉ូតូ នោះ វា​អត់​ដុត​ទេ​ វា​មក​ដុត​ម៉ូតូ​ខ្ញុំ នៅ​ម៉ោងជាង ១១​យប់ ម៉ូតូ​ខ្ញុំ​តម្លៃ​២០០ ដុល្លារ ។ ម៉ូតូ​នេះ ខ្ញុំ​យក​មក​ឃោសនា ជាង​១០​ថ្ងៃ ដល់ថ្ងៃទី​បញ្ចប់​[គេ]​លួច​ដុត​ចោល។ បើ​តាម​កាំមេរ៉ា​ឃើញ​ក្មេង​ស្ទាវ ៩ នាក់ ស្រី ២ នាក់ ហើយ​អ្នកចូល​ដុត​តែ​ម្នាក់។ មើល​អត់​ស្គាល់​ទេ សុទ្ធ​តែ​ពាក់​មួក​សុវត្ថិភាព​ទាំង​អស់​ ហើយ​ដាវសាំងម៉ូរ៉ៃ»។

ករណី​នេះ លោក ណែម សឿន ថា គាត់​បាន​ដាក់​បណ្ដឹង​ទៅកាន់​ប៉ុស្តិ៍​នគរបាល​ឃុំកណ្ដុរ ជ្រំរួចហើយ កាល ពី​ព្រឹក​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២២។ លោកបង្ហាញ​ក្ដីសង្ឃឹម​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​រូប​នោះ មក​ដាក់​ទោស​តាម​ច្បាប់ ដោយ​ថា គ្រួសារ​លោក​មិន​ដែល​ មាន​ទំនាស់​ជាមួយអ្នក​ណា​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​គាត់​ឈរ​ឈ្មោះ​ជា​បេក្ខភាព មេឃុំ​គណបក្ស ភ្លើងទៀន មក​គ្រួសារមក​ក៏​មាន រឿង​រហូត។  វីអូឌី​មិន​អាច​សុំការ​បញ្ជាក់​បន្ថែម​ពី​មេប៉ុស្តិ៍​ឃុំកណ្ដុរជ្រំ​លោក ទី សា បាន​ទេ នៅ​ល្ងាច​ថ្ងៃសៅរ៍ទី៤ ខែមិថុនានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ