អ.ស.ប អំពាវនាវ​ដល់​រដ្ឋាភិបាល​ធានា​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ប្រព្រឹត្ត​​ទៅ​​ក្នុង​​បរិយាកាស​សុវត្ថិភាព​និង​សន្តិភាព

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​បាន​អំពាវនាវ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ឱ្យបាន​ចំពោះ​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​បរិយាកាស​សុវត្ថិភាព​និង​សន្តិភាព ខណៈការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។

ការអំពាវនាវរបស់ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្ស៊ឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ធ្វើឡើង​ស្រប​ពេលដែលកម្ពុជានឹង​​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​នៅ​ថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា ស្អែក​នេះ។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិចេញ ផ្សាយកាល​ពី​ថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា  បេក្ខជនជាច្រើនបានរងការប្រឈមការរឹតត្បិត និងការសងសឹកជាច្រើន ដែលបានបង្អាក់សកម្មភាពរបស់ពួកគេ តាមរយៈការចាប់បេក្ខជន​មួយចំនួន​ដាក់ពន្ធនាគារ ដែលការនេះហាក់ដូចត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការធ្វើយុទ្ធនាការនយោបាយ។

មួយវិញទៀត បួនថ្ងៃមុនការបោះឆ្នោត មានបេក្ខជន និងសកម្មជនគណបក្សប្រឆាំង យ៉ាងតិច៩  នាក់កំពុងត្រូវបានឃុំខ្លួនរង់ចាំការកាត់ក្តី ខណៈអ្នកផ្សេង​ទៀត ដែលទទួលដីកាកោះពាក់ព័ន្ធនឹងរឿងនយោបាយ បានរត់គេចខ្លួន។

ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិសម្ដែងការសោកស្ដាយ ចំពោះការគំរាមកំហែងនិងការរារាំងបេក្ខជនគណបក្សប្រឆាំង​នៅមុនការ​បោះ​ឆ្នោតឃុំ សង្កាត់ ដោយថា ការរារាំងលើសកម្មភាពនយោបាយក្នុងរយៈពេលចុងក្រោយនេះ កើតឡើងការរួមតូចជាប្រព័ន្ធនៃលំហប្រជាធិបតេយ្យ ដែល​ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចងក្រងជាឯកសារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ហើយដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពមូលដ្ឋាន និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ។

ករណីនេះ ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្សអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវធានាឱ្យការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយ​បរិយាកាស​សុវត្ថិភាព និងសន្តិភាព ដែលលើកកម្ពស់នយោបាយពហុបក្ស និងការគោរពសេរីភាពជាមូលដ្ឋាន។

សេចក្ដីថ្លែងការណ៍សរសេរបន្តថា៖ «ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ ដែលបានចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ គណបក្សប្រឆាំងចម្បងមួយនាពេលបច្ចុប្បន្ន គឺគណបក្សភ្លើងទៀន (CLP) ប្រឈមជាពិសេស នឹងបរិយាកាសនយោបាយជាប់គាំង។ បេក្ខជនរបស់​គណបក្សនេះ លើកឡើងថា ពួកគេស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្ដឹងដោយភ័យខ្លាចថា​ អាចប្រឈមនឹងការសងសឹកផ្នែកនីតិវិធីច្បាប់ ឬត្រូវបានដកចេញពី​បញ្ជីឈ្មោះបោះឆ្នោត»។

ការអំពាវនាវបែបនេះ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ គណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ខណៈសមាជិកជាន់​ខ្ពស់របស់គណបក្សចំនួន ១១៨នាក់ ត្រូវបានព្យួរសិទ្ធិនយោបាយ រួមទាំងសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោត សម្រាប់រយៈពេល ៥ឆ្នាំ។ ចំណែកមេដឹកនាំ​នយោបាយ​បក្សប្រឆាំងជាច្រើននាក់បានចាកចេញពីប្រទេស ខណៈអ្នកខ្លះទៀតកំពុងប្រឈមនឹងការកាត់ទោស។

ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយលោក កឹម សុខា បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី៣ ខែមិថុនា បន្ទាប់ជួបជាមួយឯកអគ្គរាជទូតអូស្ត្រាលី និងភារធារីទូតកាណាដាប្រចាំនៅកម្ពុជាថា ក្នុងជំនួបពិភាក្សាគ្នាជាមួយតំណាងនៃប្រទេសទាំងនោះ  បានលើកអំពីហេតុផលដែលនាំឱ្យសហគមន៍អន្តរជាតិ មិនជួយឧបត្ថម្ភដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងមិនបញ្ជូនអ្នកសង្កេតការណ៍​ជាផ្លូវការចូលរួមឃ្លាំមើល និងវាយតម្លៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តនេះទេ។

ក្រៅពីពិភាក្សាពាក់ព័ន្ធរឿងបោះឆ្នោតហើយ លោកបន្តថា ក្នុងជំនួបនោះ ក៏ពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស នៅ​កម្ពុជា ជាពិសេសអំពីដំណើរការសវនាការរបស់លោក ដែលបានអូសបន្លាយយូរដោយមិនសមហេតុសមផល នាំឱ្យប៉ះពាល់ដល់គោលការណ៍យុត្តិធម៌ និងសិទ្ធិសេរីភាព។

លោកថា៖ «ក្នុងជំនួបនេះ យើងបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស នៅកម្ពុជា ជាពិសេសអំពីដំណើរការ​សវនាការករណីរបស់ខ្ញុំ ដែលយើងសង្កេតឃើញដូចគ្នាថា ជាការអូសបន្លាយមិនសមហេតុសមផល នាំឲ្យប៉ះពាល់ដល់គោលការណ៍យុត្តិធម៌ និងសិទ្ធិ​សេរីភាព។ ក្នុងឱកាសនេះដែរ យើងក៏បានពិភាក្សាគ្នាអំពីហេតុផលដែលនាំឲ្យសហគមន៍អន្តរជាតិ មិនជួយឧបត្ថម្ភដល់គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត និងមិនបញ្ជូនអ្នកសង្កេតការណ៍ជាផ្លូវការចូលរួមឃ្លាំមើល និងវាយតម្លៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តនេះទេ»។

យ៉ាងណាក៏ដោយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានច្រានចោលសេចក្ដីថ្លែង​ការណ៍​ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយចាត់ទុកសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់​ការិយាល័យឧត្ដមស្នងការទទួល​បន្ទុក​សិទ្ធិមនុស្ស លោកស្រី Liz Throssell ថា ធ្វើឡើងមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម និងជ្រើសរើសតែមួយជ្រុង។

បើតាមលោកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្សក៏បានរំលឹកដល់រដ្ឋាភិបាលកម្ពុជា អំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរព​សិទ្ធិមនុស្ស​ដូចមាន​ចែងទាំងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជានៅក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ចំនួន ៨ ផ្សេងទៀត ដែលកម្ពុជាជារដ្ឋភាគី។ លោកស្រី​បញ្ជាក់​ថា  សិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ មានសារៈសំខាន់ និងចាំបាច់ណាស់ សម្រាប់ការគោរពសិទ្ធិមនុស្សផ្សេងទៀតឱ្យបានពេញលេញ ជាពិសេស​ គឺការ​ការពារប្រកបដោយប្រសិទ្ធភាព ចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ