ព្រះអង្គម្ចាស់ ចក្រាវុធ មិន​បាន​យាង​ទៅ​បោះឆ្នោត ដោយសារ​មិន​បាន​ចុះ​ព្រះនាម​ក្នុង​បញ្ជី​បោះឆ្នោត

ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នរោត្ដម ចក្រាវុធ ចុះជួបអ្នកគាំទ្របក្ស ក្នុងថ្ងៃធ្វើយុទ្ធនាការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្រុងតាខ្មៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ នៅថ្ងៃទី៥ ខែមិថុនា​នេះ មិនបាន​យាង​ទៅ​ចូល​រួមបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​នោះ​ទេ ដោយ​សារ​តែ​ព្រះអង្គមិន​បាន​ចុះ​ព្រះនាម​​សម្រាប់ការបោះឆ្នោតនៅពេលនេះ។

ព្រះអង្គម្ចាស់ ចក្រាវុធ គឺ​ជាបុត្រាច្បង​របស់​សម្ដេច​ក្រុមព្រះនរោត្ដម រណឫទ្ធិ អតីត​ព្រះប្រធានគណបក្សហ៊្វុន​ស៊ិនប៉ិច ដែលបានចូលទិវង្គតកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​រោគាពាធ ក្រោយ​ព្រះអង្គ​បានជួបឧបទ្ទវហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្តព្រះសីហនុ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងប្រាប់ វីអូឌី នៅមុខការិយា​​ល័យបោះឆ្នោត នៅក្នុងសង្កាត់ព្រៃស នៅព្រឹកថ្ងៃទី៥ មិថុនា​នេះថា មូលហេតុ​ដែលព្រះអង្គម្ចាស់ ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គ្មានព្រះនាម​នៅក្នុងបញ្ជីបោះឆ្នោត ដោយសារតែនៅ​ពេល គ.ជ.ប រៀបចំចុះឈ្មោះបោះឆ្នោត​ ព្រះអង្គម្ចាស់ ចក្រាវុធ ជាប់រវល់មើលថែទាំ​ព្រះសុខ​ភាព​ព្រះ​បិតារបស់​ព្រះអង្គ។

លោក ញឿន រ៉ាដែន បញ្ជាក់បន្ថែមថា៖ «បន្ទាប់ពីសម្ដេចក្រុមព្រះ លោកទទួលឧបទ្ទវហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់សោម [ខេត្តព្រះសីហនុ] ព្រះបុត្រាលោកមាន​ភារកិច្ចក្នុងការទទួលមើលការខុសត្រូវក្នុងការព្យាបាលមើលថែទាំ។ ហើយក្នុងនោះដែរ ទាក់ទង​នឹងបច្ចេកទេសក្នុងការចូលរួមចុះឈ្មោះនេះ នៅក្នុងកាលៈទេសៈនោះ គឺព្រះអង្គកំពុង​តែ​មមា​ញឹក​ក្នុងការមើលថែសុខភាព ដូច្នេះហើយបច្ចេកទេសទាំងនេះដែលជាកង្វះខាតមួយដែរ»។

ទោះជាយ៉ាងណា លោក ញឿន រ៉ាដែន មិនបានយល់ថា​អវត្តមានរបស់ព្រះអង្គម្ចាស់ ចក្រាវុធ ដែល​ជាព្រះ​​ប្រធាន​បក្ស ​នៅក្នុងការបោះឆ្នោតនៅថ្ងៃនេះជាឧបសគ្គសម្រាប់ការបោះឆ្នោតជ្រើស​ក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់គណបក្សរាជានិយមមួយនេះនោះទេ។ ប៉ុន្តែលោកថា ព្រះអង្គម្ចាស់ ចក្រាវុធ តែងបានអំពាវនាវឱ្យពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់)។

ដោយឡែក ឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១ ៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន១១ ៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន២៣ ៦០២ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៩ ២០៥ ៦៨១នាក់ ស្មើនឹង៨៧,៩៤ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន៤ ៩០៤ ៨៣២នាក់។

សម្រាប់ការបោះឆ្នោតនៅថ្ងៃនេះ គ.ជ.ប ត្រៀមប្រើទឹកថ្នាំជ្រលក់ជិត៥ម៉ឺនដប សន្លឹកឆ្នោតជិត១២លានសន្លឹក មានការក្រុមការងារ ឬមន្រ្តីបម្រើការបោះឆ្នោតជាង១៤ម៉ឺននាក់។ បើតាម គ.ជ.ប គណបក្សដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់២៥ខេត្តក្រុង មានចំនួន៤គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ