ស្ថាប័នរៀបចំការបោះឆ្នោតខេត្តបាត់ដំបងច្រានចោលបណ្ដឹងបក្សភ្លើងទៀនដែលប្ដឹងពីភាពមិនប្រក្រតី

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មការ​ខេត្តរៀបចំការបោះឆ្នោតនៅខេត្តបាត់ដំបង បានសម្រេចបដិសេធបណ្ដឹងគណបក្សភ្លើងទៀនចំនួន ១៩ ដែលបានប្ដឹងពីភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តមួយនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តបាត់ដំបងចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា  ការបដិសេធទទួលបណ្ដឹងគណបក្សភ្លើងទៀនទាំង ១៩ បណ្ដឹង ក្រោយពីគណៈកម្មការខេត្ត បានពិនិត្យបណ្ដឹងនិងកំណត់ហេតុសាកសួរព័ត៌មានបន្ថែមទាំងសិក្សាយ៉ាងយកចិត្តទុក លក្ខខណ្ឌច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

លិខិតដដែលអះអាងថា គណៈកម្មការខេត្តរៀបចំការបោះឆ្នោត មិនអាចទទួលពាក្យបណ្ដឹងទាំងអស់ មកពិនិត្យដោះស្រាយឡើយដោយថា បណ្ដឹងចំនួន ១៩ ​នោះ បានប្រាសចាកប្រការ ១៤.២នៃ ប.ន.ឃ.ស  បណ្ដឹងរំលងសមត្ថកិច្ចថ្នាក់ គឃ.សប។

វីអូឌីមិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួលនៅថ្ងៃសៅរ៍នេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា​  គិតដល់ថ្ងៃទី១១ ខែមិថុនានេះ គ.ជ.ប ទទួលបានពាក្យបណ្ដឹងពីគណបក្សនយោបាយជិត ១០០បណ្ដឹងហើយ។ លោកថា បណ្ដឹងទាំងនោះ ស្នើឱ្យផ្ដន្ទាទោសចំពោះមន្ត្រីបោះឆ្នោត មេភូមិ​ មេឃុំ  ដែលបានទៅឈរក្បែរការិយាល័យបោះឆ្នោត  និងឈរកត់ត្រាឈ្មោះប្រជាពលរដ្ឋជាដើម។

លោកបញ្ជាក់ថា បណ្ដឹងភាគច្រើន ប្ដឹងដោយគណបក្សភ្លើងទៀន ខណៈបក្សប្រជាជនកម្ពុជា ក៏បានប្ដឹងគណបក្សភ្លើងទៀនដែរ ពាក់ព័ន្ធ​ការរំខានរបស់គណបក្សភ្លើងទៀន ។

លោកថា៖«ប៉ុណ្ណឹងអាចឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការបោះឆ្នោតត្រង់ថា មានបណ្ដឹង គឺមានមូលដ្ឋានជាក់លាក់ក្នុងការស្រាវជ្រាវ បើស្រាវជ្រាវរកឃើញបញ្ហាជាក់លាក់ថា  តើជាបញ្ហារបស់អ្នកណា​ជា កំហុសរបស់អ្នកណា នោះយើងធ្វើឱ្យ​ការបោះឆ្នោតលើកក្រោយដកពិសោធន៍ក្នុងរឿងនេះ​ធ្វើឱ្យកាន់តែល្អប្រសើរ»។

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមអង្គ​ការសង្គមស៊ីវិលចំនួន៥​  ស្ថាប័ន បានស្នើ​​​ទៅ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​និង​ភាគី​​ពាក់ព័ន្ធ ត្រូវពង្រឹង​​ការ​​អនុវត្ត​​ឱ្យ​បាន​​​ត្រឹម​ត្រូវ​​តាម​​ច្បាប់ បទ​បញ្ជា និង​​នីតិវិធីសម្រាប់​ការបោះឆ្នោត ព្រម​ទាំង​ពង្រឹង​អព្យាក្រឹត្យភាព​​រប​ស់​​មន្ត្រី​​រាជ​ការ និងកង​កម្លាំង​ប្រដាប់​វុធ ។ ការស្នើក្រុមអង្គ​ការសង្គមស៊ីវិលនេះ  ក្រោយពី​ពួកគេ​រកឃើញ​នូវភាពមិន​ប្រក្រតី​មួយ​ចំនួន នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំសង្កាត់ និងការ​រាប់សន្លឹក​ឆ្នោត​ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈ​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន១១ ៦២២រូប។

បើតាមប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ស្ថាប័នមួយនេះគ្រោង​នឹង​ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ​​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ