​កសិករ​ថា ស្រូវ​ប្រាំង​ខ្ទង់​​ពាន់​​ហិកតា​​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រឈមការ​​ខូច​ខាត​​ដោយ​​សារ​​គ្រោះ​​រាំង​​ស្ងួត

ប្រជា​កសិករ​ ឱ្យដឹង​ថា ស្រូវ​ប្រាំង​រាប់​ពាន់​ហិកតា នៅ​ឃុំ​មួយ​ចំនួន​ ក្នុង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​ប្រឈមការ​ខូច​ខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួតជាងមួយខែមកនេះ។

កសិករនៅភូមិប៊ួរ ឃុំសឿ លោក តឿក ហួយ ប្រាប់​វីអូឌីនៅថ្ងៃពុធនេះថា ស្រូវប្រាំងខ្ទង់ពាន់ហិកតា នៅឃុំសឿ ឃុំ​ចំណោម ឃុំ​ល្វា និង​ឃុំផ្សេងទៀត នៃ​ស្រុក​មង្គល​បូរី កំពុង​ក្រៀមស្វិត ក្រោយ​ពី​គ្មាន​ភ្លៀង​ធ្លាក់ និង​គ្មានទឹកសម្រាប់ស្រោចស្រប់រយៈពេល​ជាង​១ខែមកនេះ។ កសិកររូបនេះ បន្ត​ថា គ្រួសារ​លោក​បាន​ចំណាយ​ដើម​ទុន​ជិត ១ ០០០ដុល្លារ សម្រាប់ស្រែ​ប្រាំង​៦ហិក​តា ប៉ុន្តែពេលនេះស្រូវប្រាំងរបស់លោក​ កំពុងប្រឈម​ការ​ខូច​ខាត​ទាំង​ស្រុង ប្រសិនបើគ្មានភ្លៀង​ធ្លាក់ និងគ្មានទឹកបញ្ជូលរយៈពេល​១០ថ្ងៃទៀតនោះ។

លោកបន្ថែមថា៖ «វារាំងជាង១ខែ ស្រូវវាងាប់អស់ហើយ បើរាប់ទៅចូលរាប់ពាន់ហិកតាហើយ។ ហើយអាជ្ញាធរភូមិឃុំគេមិនដែល​ចុះសួរនាំអីផង។ រាល់ថ្ងៃបើយើងមិនខិតខំរកដំណោះស្រាយខ្លួនឯង វាអត់ហ្នឹងហើយ»

កសិករនៅភូមិប៊ួរ​ម្នាក់ទៀត អ្នកស្រី ជិន ធី ឱ្យដឹងថា គ្រួសារអ្នកស្រីធ្វើស្រែប្រាំង​តែ​ជាង​២ហិកតា​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋផ្សេង​ទៀត​ធ្វើចន្លោះពី​១០​ទៅ​២០​ហិក​តា ហើយកំពុងប្រឈមខូចខាតដោយសារគ្រោះរាំងស្ងួត។ អ្នក​ស្រីបន្តថា ប្រជាកសិករ​នៅ​ស្រុក​មង្គលបូរី​ភាគច្រើន ធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង និង​ពឹង​លើទឹកស្ទឹង​ដែលធ្លាក់ពីខេត្តបាត់ដំបង និងប៉ៃលិន ប៉ុន្តែ​ទឹក​ស្ទឹងនេះ​ត្រូវ​រីង​ស្ងួត​ផង​ដែរ។ អ្នកស្រីថា កសិករភាគច្រើនប្រឈមជំពាក់បំណុលធនាគារ ដោយពួកគេបានខ្ចីលុយពីស្ថាប័នមួយនេះ ដើម្បីធ្វើដើមទុនសម្រាប់បង្ករបង្កើន​ផល។

អ្នកស្រីបន្ថែមថា៖ «នៅខាងខ្ញុំនេះ​គេធ្វើស្រែច្រើនៗ​ហិកតាណាស់ ធ្វើតិចតែខ្ញុំទេ។ តែសម្រាប់អ្នកខ្លះគេធ្វើ១០ទៅ២០ហិកតា​​ម្នាក់ៗ អ្នកខ្លះខ្ចីលុយធនាគារជួល​ដី​គេ​ធ្វើដល់ឥលូវខូចស្រូវអស់។ អ្នកខ្លះបុក​អណ្តូង​នៅ​នឹង​ស្រែ ហើយ​នៅតែទប់អត់បាន​ទៀត​ ដោយទឹកវាប៊ូមអត់ចេញ»

អភិបាល​ស្រុក​មង្គលបូរី លោក រ័ត្ន ដាស៊ីណង់ បាន​ទទួលស្គាល់ថា ស្រូវប្រាំងរបស់កសិករនៅឃុំមួយ​ចំនួន​ ក្នុងស្រុកនេះ ពិត​ជា​ក្រៀមស្វិតដោយសារគ្រោះរាំងស្ងួតមែន ប៉ុន្តែលោកមិនទាន់ទទួលបានរបាយការណ៍ពីចំនួនស្រូវដែលកំពុងប្រឈមការខូចខាតថាមានប៉ុន្មានហិកតា​​នៅឡើយទេ។

អភិបាលស្រុករូបនេះបន្តថា អាជ្ញាធរ​ពិបាក​ក្នុង​ការ​ជួយ​ដោះស្រាយ​បន្តិច ប្រសិន​បើទឹកស្ទឹង​នៅជិត​តំបន់ស្រែ​ប្រាំង​របស់​ប្រជា​កសិករ​ រងការរីងស្ងួតដែរនោះ។ យ៉ាងណា​លោកថា នឹងឱ្យមន្ត្រីពាក់ព័ន្ឋចុះពិនិត្យ និងស្រង់ស្ថិតិ ដើម្បីរកវិធីដោះស្រាយ។

លោកបន្ថែមថា៖ «ស្ថានភាពដែលអត់មានទឹកនេះ ទី១ យើងធ្វើស្រែដោយពឹងលើទឹកស្ទឹងបវិលទាំងស្រុង ហើយមួយទៀត​​ការ​ដ្ឋាន​សំណង់របស់ក្រសួងធនធានកំពុងធ្វើហើយបិទទឹកស្ទឹង ប៉ុន្តែកាយវៀង​ដែរ​តែវាមិនទាន់ ដោយសារខាងលើក៏អត់មាន​ទឹកដែរ អីចឹងរឿងនេះខ្ញុំនឹងឱ្យមន្ត្រីជំនាញកសិកម្មករពិនិត្យមើល»

លោក រ័ត្ន ដាស៊ីណង់ ឱ្យដឹងថា តាមផែនដាំដុះរបស់មន្ទីរកសិកម្មខេត្ត គឺអនុញ្ញាតឱ្យកសិករធ្វើស្រែប្រាំងត្រឹមតែ ៦ ០០០ហិក​តា​ប៉ុណ្ណោះ​ ក្នុងស្រុកមង្គលបូរី ប៉ុន្តែកសិករបានធ្វើរហូត​ទៅ​ដល់​ប្រមាណ ១​​ម៉ឺន​​ហិកតា។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ធ្លាប់ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​​ត្រូវត្រៀមគ្រាប់ពូជសម្រាប់ចែកជូនដល់ប្រជាកសិករដោយឥតគិតថ្លៃ ការផ្តល់លុយកម្ចីដល់កសិករក្នុងអត្រាការប្រាក់​ទាប និងត្រៀមវិធានការ​សម្រាប់​ដំណោះស្រាយ​រយៈ​ពេល​វែង ដោយ​ត្រូវ​រៀបចំ​គោល​នយោបាយ​ទឹក ឬប្រព័ន្ធធារា​សាស្រ្តគ្រប់​តំបន់​​ដែលប្រជា​កសិករ​ធ្វើ​កសិកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ