មន្ត្រី​​រដ្ឋាភិបាលទទួល​ស្គាល់​ចំនុច​​ខ្វះ​ខាត​​​លើ​ការ​​គោរព​​សិទ្ធិ​មនុស្ស​របស់​មន្ត្រី​អនុវត្ត​ច្បាប់

ក្រុ​ម​ម​ន្ត្រីជា​ន់ខ្ពស់រដ្ឋា​ភិបា​ល បាន​ទទួលស្គា​ល់ពីចំ​នុ​ចខ្វះ​ខា​តនៃ​ការគោរពសិទ្ធិនុស្ស​​​​រ​​ប​​ស់ម​​ន្ត្រី​អនុ​វ​ត្ត​ច្បាប់​ ​ក្រោយ​ពី​​​សង្គម​​ស៊ីវិ​ល និង​អ្នកសារព័ត៌មានសេរី​ លើក​ឡើង​ថា ការ​ចុះ​បំពេញការងាររបស់​ពួកគេ រងការ​​គំរា​​ម​​កំ​ហែង ដោ​យសា​​រ​តែ​​មន្ត្រីអនុវត្តច្បាប់ខ្លះធ្វើតាមការបញ្ជា។

កា​រលើកឡើងនេះ ​​ធ្វើឡើង​ក្នុង​វេទិ​កា​​ពិភា​ក្សា​ ស្តី​​ពី «វឌ្ឍនភាពនៃវិស័​យ​សិទ្ធិ​មនុស្ស​ និ​ងយុត្តិ​ធម៌នៅ​កម្ពុ​ជា»​ ដែល​មាន​​ក្រុមអង្គការសង្គមស៊ីវិល អ្នក​សារ​ព័ត៌មាន ប្រធានក្រុមអ្នកនាំ​ពាក្យរដ្ឋាភិបាល​​លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចូលរួមពិភាក្សា​ដេញ​ដោល នៅថ្ងៃពុធនេះ។

ប្រធា​​​នគ្រប់គ្រងទូទៅអង្គការលីកាដូលោក អំ សំអាត លើកឡើងថា សក​​ម្មភាព​របស់ក្រុម​អង្គការស​ង្គម​ស៊ី​វិល​ជាការបំពេ​ញភា​ព​ខ្វះច​ន្លោះឱ្យ​រដ្ឋាភិ​បាល ​ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសង្គម និងសិទ្ធិមនុស្ស។ ក៏ប៉ុន្តែលោកថា ពេលចុះបំពេញការងារ​ជាក់​ស្តែង ពួកគេរងការរំខាន​ពីអាជ្ញាធរមូលដ្ឋាន​មួយ​ចំនួន បើទោះបីក្រសួង​មហាផ្ទៃ បានចេញសេចក្តីណែនាំ​ពីការមិនតម្រូវឱ្យសុំច្បាប់​ពី​អាជ្ញាធរ​ក្តី។

លោកថា៖ «អីចឹងមាន័យថាគាត់អត់ទាន់យល់អំពីការងាររបស់ក្រុមអង្គការសង្គមស៊ីវិល ជាមួយអាជ្ញាធរមូ​ល​​ដ្ឋានហ្នឹង អីចឹងពេលនេះហើយមិនគួរ ប្រើពាក្យគោរពតែមេទេ»

បញ្ហានេះ លោក​ស្នើរដ្ឋាភិបាលទប់ស្កាត់ និងលុបបំបាត់​វប្បធម៌លាបពណ៌ទៅលើ​ក្រុម​អង្គការសង្គមស៊ីវិល ដើម្បី​ឱ្យពួកគេ​អាច​បំពេញ​ការ​ងារ​តប​តាម​ច្បាប់ ដោយ​គ្មាន​ការ​គំរាម​កំហែង​ពី​មន្ត្រីដែលមិនទាន់យល់ពីការ​អនុវត្ត​ច្បាប់។

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិនុស្សអាដហុក​លោក ភិន សាវៃ បាន​លើក​ឡើង​ថា ការប្រឈមមុខដាក់គ្នា រវាងពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន នឹងជំរុញឱ្យមាន​ការចោទប្រកាន់ ដែលពេល​ខ្លះ​​​​មានការ​ប្តឹងផ្តល់គ្នា​​ទៅ​ដល់​តុលាការ ដែលការនេះលោកថា ដើម្បីបង្កើន​កិច្ចសហការងារ រវាងរដ្ឋាភិបាល និងអង្គការជាដៃ​គូ ភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋ គួរចុះសិក្សាបញ្ហានេះដល់មូលដ្ឋាន។

ក្រុម​អ្នក​សារព័ត៌មាន​​សេរី ពី​សារ​ព័ត៌មានVOD បានលើកឡើងដែរថា ពួកគេ​នៅ​តែ​ត្រូវ​បាន​អាជ្ញាធរ​គំរាម​ឱ្យ​លុប​​រូបភាពដែលថតបានពី​សកម្មតវ៉ា និងសកម្មភាព​របស់អាជ្ញាធរនៅទីនោះ បើទោះបីពួកគេបានថយឆ្ងាយ​​​ពី​កន្លែង​តវ៉ា តាមការណែនាំរបស់អាជ្ញាធរ និងមាន​កាតព័ត៌មាន ដែល​បញ្ជាក់ពីក្រសួងព័ត៌មានក្តី។

ជំនួយការផ្នែកព័ត៌មាន​នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក​ស្រី សុខ ឡេន បានលើកឡើងប្រហាក់​ប្រហែល​គ្នានេះ​ដែរ ដោយ​លោក​ស្រី​ស្នើទៅរដ្ឋាភិបាល គួរ​មានវិធានការលុបបំបាត់វប្បធម៌​លាភពណ៌​នេះ ដើម្បីធានាសិទ្ធិអង្គការសង្គមស៊ីវិល និងសារព័ត៌មានសេរី។

លោ​កស្រីថា៖«នៅពេលខែនាងខ្ញុំចុះទៅមូលដ្ឋាន មានការលាភពណ៌ថាខុមហ្វ្រែល​ធ្វើការឱ្យគណបក្សប្រ​ឆាំង អីចឹងខ្ញុំសូមស្នើសុំឱ្យបញ្ឈប់ធ្វើការលាបពណ៌ ការញុះញង់ប្រជាពលរដ្ឋឱ្យស្អប់អង្គការ​សង្គម​ស៊ីវិល»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន លើកឡើងថា ភាពមិនយល់គ្នានេះ អាចបណ្តាល​មក​​ពី​​កម្រិតយល់ដឹងរបស់មន្ត្រីអនុវត្តច្បាប់មួយចំនួន តែលោកក៏បានក្រើនរំឭកដល់​អ្នកសារព័ត៌​មាន​ឱ្យ​ពង្រឹង​វិជ្ជាជីវៈ​ផង​ដែរ ទើបអាចរួមចំណែកកសាង​សង្គមមួយដែលមិនលាបពណ៌គ្នា។

លោកថា៖ «សមត្ថកិច្ចរបស់យើងពេលខ្លះ​ការយល់ដឹងរបស់គាត់ក៏មានកម្រិតដែរ បង្ក​បញ្ហានៅ​ថ្នាក់​មូលដ្ឋាន ក៏ប៉ុន្តែវាជារឿងបុគ្គល យើងនឹងធ្វើការអប់រំ និង​ផ្សព្វផ្សាយអប់រំដល់ថ្នាក់ក្រោមជាតិ ដូចអាដហុកគេលើកឡើងថា​ឱ្យធ្វើការដល់មូលដ្ឋាន យើងធ្វើការទាំងអស់ហ្នឹង ដើម្បីធានាថាច្បាប់ដែលដាក់មកពីលើ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នេះជាបញ្ហាប្រឈមរបស់យើង យើងត្រូវធ្វើជាប់»

បន្ថែមពីនេះ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល​លោក ផៃ ស៊ីផាន លើកឡើងថា បញ្ហាប្រឈមដែលបានកើត​ឡើង អាចមកពីមន្ត្រីខ្លះជាប់ដិតដាម​ពី​សម័យ​សង្គ្រាម ដោយសារតែកម្ពុជា ឆ្លងកាត់សង្គ្រាមច្រើនទសវត្ស។ តែលោកថាពេលនេះ រដ្ឋាភិបាលបានខំប្រឹងប្រែងបង្កើត​ស្ថាប័ន​អ្នកនាំពាក្យ​ពីថ្នាក់ជាតិ​ រហូត​ដល់​មូល​ដ្ឋាន រួមទាំងបង្កើតច្បាប់មួយចំនួនទៀត ដើម្បីទប់ស្កាត់អំពើពុករលួយ និងមន្ត្រីខិលខូច​ ព្រមទាំង​លើក​កម្ពស់​សិទ្ធិ​អ្នក​សារព័ត៌មាន​សេរី។

លោកថា៖ «នៅពេលដែលយើងមានអ្នកព័ត៌មានសេរី យើងមានបរិយាកាសល្អ ពួកខូច និងពួកពុករលួយវានឹងស្លាប់ហើយពេលហ្នឹង»

យ៉ាងនេះក្តី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក​ ណុប វី សាទរ​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ ប៉ុន្តែ​លោកយល់​ថា អ្នកសារព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិល នៅតែរងការគំរាមដដែល បើមន្ត្រី​ខិលខូចមិនត្រូវបានចាត់វិធានការច្បាប់នោះ។

អង្គការ​​អ្ន​ក​​កាសែត​​គ្មាន​ព្រំដែន (Reporters Without Borders) កាលពីដើមខែឧសភា ឆ្នាំ២០២២នេះបានចេញរបាយ​ការណ៍​ថ្មី​មួយ​ ដោយ​​ចាត់​ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជា​​​ឆ្នាំ​២០២២ នៅ​តែអាក្រក់​ដដែល ពោល​គឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០​​ប្រទេស​​នៅ​​លើ​ពិភព​​លោក។ ចំណែក​ សង្គមស៊ីវិលវិញ បានលើកឡើងថា សិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យ បាន​ធ្លាក់​ចុះ​ចាប់​តាំ​ង​ពីឆ្នាំ២០១៧​មក តែជាញឹកញាប់មន្ត្រីរដ្ឋាភិបាលតែងតែច្រាន​ចោល។ តែយ៉ាងណា នៅក្នុងវេទិកា​ពិភាក្សានៅ​ព្រឹក​មិញ​នេះ តំណាងរដ្ឋាភិបាលទទួលយក​ការលើកឡើងរបស់សង្គមស៊ីវិលនេះ ទៅពិចារណា ដើម្បីកែ​លម្អ​ទាំងវិស័យសិទ្ធិមនុស្ស និងវិស័យយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ