ពលរដ្ឋ៧នាក់​ត្រូវបានតុលាការ​ខេត្តកោះកុង​ដាក់​ឱ្យស្ថិតក្រោម​​ការ​តាម​ដាន​​ ជុំវិញរឿងវិវាទដីធ្លី

តំណាងពលរដ្ឋចំនួន ៧នាក់ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុក​បូទុម​សាគរ ខេត្ត​កោះ​កុង ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

កាល​ពី​ចុង​ឆ្នាំ​២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះ​កុ​ង លោក វ៉ៃ ភីរម្យ បាន​កោះ​ហៅ​តំ​ណាង​​ពលរដ្ឋ​៧នាក់នៅ​សហគមន៍​ព្រលាន ក្នុង​ភូមិ​ប្រលាន ឃុំ​កណ្តោល ស្រុកបូទុម​សាគរ ឱ្យឆ្លើយបំភ្លឺជាបន្តបន្ទាប់ ក្រោមបទ​ចោទ «​អំពើញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម និង​អំពើ​ប៉ះ​ពាល់​កម្ម​សិទ្ធិ​នៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ» ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះ​កុង។

យោង​តាម​ដីកា​សម្រេច​ចុះ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០២២​ដូច​គ្នា ចៅក្រម​ស៊ើប​សួរ​លោក ឡោ ក្រឹម អម​ដោយ​ក្រឡា​បញ្ជី នៃ​សាលា​ដំបូង​ខេត្ត​កោះ​កុង​លោក ម៉េង ចាន់ថេង បានសម្រេចដាក់ឱ្យតំណាង​ពលរដ្ឋ​៧នាក់ រួម​មាន អ្នក​ស្រី ភាព តេង, អ្នក​ស្រី ណុយ សុខ, អ្នកស្រី ទន់ ឡាយ, លោក តូច ង៉ាន់, លោក ឃង់ រុច និងតំណាងពលរដ្ឋផ្សេងទៀត ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

តុលាការ​សំអាង​ថា ការ​ដាក់​ឱ្យតំណាង​​ពលរដ្ឋ​ទាំង​នោះ ស្ថិត​ក្រោម​ការ​ត្រួតពិ​និត្យ​តាម​ផ្លូវ​តុលាការ គឺ​ដើម្បី​ឱ្យ​ពួក​គេ​មានវត្ត​មាន​​គ្រប់​​ពេល​នៃនី​តិ​វិធី​តុលាការ និង​ជៀស​វាង​ការ​រាំង​ស្ទះ​ក្នុង​នីតិវិធីស៊ើប​សួរ ដោយ​បាន​តម្រូវ​ឱ្យ​ជន​ជាប់​ចោទ​ទាំង​នោះមិន​ផ្លាស់​ប្តូរ​ទីលំនៅ​ ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ត្រូវបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ និងបង្ហាញខ្លួន​នៅតុលាការរយៈពេល​ ២ខែ​ម្តង។

តំណាង​ពលរដ្ឋដែលត្រូវតុលាការដាក់ឱ្យស្ថិត​ក្រោមការ​ត្រួតពិនិត្យ អ្នកស្រី ភាព តេង ចាត់ទុកការសម្រេចរបស់តុលាការនេះ​ថា ជារឿងអយុត្តិធម៌ និងជាការគំរាមកំហែង មិនឱ្យពលរដ្ឋហ៊ានចេញតវ៉ា​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន «កោះកុង​ស៊ូ​ហ្គើ» និង «កោះ​កុង​ផ្លេន​​​ថេ​សិន» របស់ឧកញ៉ា​ លី យ៉ុងផាត់ តែ​ប៉ុណ្ណោះ។

តំណាង​ពលរដ្ឋរូបនេះ ឱ្យដឹង​ថា ពលរដ្ឋ​កំពុង​ពិភាក្សា​គ្នា​ជាមួយ​មេធាវី​ដើម្បី​ប្តឹង​ជំទាស់ និង​បាន​អំពាវនាវ​ដល់​តុលាការ​​​ឱ្យ​ទំលាក់​ការ​ចោទ​ប្រកាន់​ និង​​ជួយ​រក​ដំណោះ​ស្រាយដីធ្លី​ជូន​ពលរដ្ឋ​ដែល​បាន​បាត់​បង់។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់​ថា ខាង​តុលាការ​កាត់​​ក្តីមាន​ភាព​លម្អៀង​ទៅ​ខាង​អ្នក​មាន​លុយ​មានអំណាច ព្រោះយើ​ង​ជា​អ្នករងគ្រោះ និងបាត់បង់ដីធ្លី​ពិត​ប្រាកដ ហើយគេបានយកប្រព័ន្ធតុលាការមក​គាបសង្កត់ពួកយើង ជាក់ស្តែងប្រជាសហគមន៍ឱ្យតែលឺថា គេប្តឹងទៅតុលាការ គឺគាត់ភ័យខ្លាច​ណាស់ គាត់មិនហ៊ានតវ៉ាទេ ទោះពួកគាត់បានបាត់បង់ដីធ្លីយ៉ាងអយុត្តិធម៌ក៏​ដោយ»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ណុយ សុខ និយាយថា ពួកគាត់បានរងភាពអយុត្តិធម៌ និងមានការឈឺចាប់ជាខ្លាំងដោយ​សារក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ បានរំលោភយកដីធ្លី ហើយពួកគាត់ត្រូវបានជាប់បណ្តឹងនៅតុលាការទៀត។

អ្នកស្រី​​អះ​អាង​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០៦ ក្រុម​ហ៊ុន​បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី និង​ផល​ដំណាំរ​បស់​គាត់​អស់​ជាច្រើនហិកតា ហើយ​អាជ្ញាធរបានគំរាមកំហែងមិនឱ្យពួកគាត់តវ៉ាប្រឆាំង និង​គំរាម​ចាប់ខ្លួន​ពួកគាត់ដាក់ពន្ធនាគារផងដែរ ខណៈ​ដី​នោះ​ពួក​គាត់​បាន​ចូល​ទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៥។

អ្នកស្រីបន្តថា គ្រួសារអ្នកស្រីត្រូវបានក្រុមហ៊ុនបានឈូសឆាយរំលោភយកដីអស់ទំហំ ៥ហិកតា ដែលមានដាំដំណាំហូបផ្លែជាច្រើន​ ដូចជា ខ្នុរ ដូង ស្វាយ និងដំណាំផ្សេងៗ ហើយក្រុមហ៊ុនមិនបានដោះស្រាយសំណង​ជូនគាត់ឡើយ ក្រៅពីការគំរាម​កំហែងចាប់ និងគំរាមប្តឹងទៅតុលាការ។

អ្នកស្រីបន្ថែមថា៖ «កាលពីក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយ​ផល​ដំណាំ និង​ដីធ្លីពួកខ្ញុំហ្នឹង គឺអាជ្ញាធរភូមិឃុំបានគំរាមកំហែងពួកខ្ញុំ។ គេថាប្រសិនបើខ្ញុំហ៊ានទៅតវ៉ាលើដីហ្នឹង​ គេនឹងបាញ់ចោល គេនឹងចាប់ដាក់គុក។ ដល់លឺអីចឹង​ពលរដ្ឋ​ខ្ញុំគាត់​អត់​ហ៊ាន​ចេញ​តវ៉ា​ទេ ហើយនៅក្នុងសវនាការខ្ញុំបានសំណូម​ពរ​ដល់​តុលាការ​ឱ្យ​ជួយ​ផ្តល់​យុត្តិធម៌ដល់ពួកខ្ញុំ ព្រោះខ្ញុំ​ជាអ្នក​រងគ្រោះពិតប្រាកដ មិនបានទៅរំលោភយកដីក្រុមហ៊ុននោះទេ។ ដីនេះ​ម៉ែឪ​ខ្ញុំចេញ​ឱ្យ​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយពួក​ខ្ញុំបាន​ដាក់​ញត្តិ​រក​អន្ត​រាគមន៍​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ជា​ច្រើន​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ឡើយ»

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វៃ ភិរម្យ ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

កាល​​ពី​ថ្ងៃទី​​២៩​ ខែ​មករា ឆ្នាំ​​២០២២ ពលរដ្ឋចំនួន ១៥០គ្រួសារ នៅភូមិប្រលាន ឃុំកណ្តោល ស្រុក​បូទុម​សាគរ ខេត្តកោះ​កុង ដែល​អះ​អាង​ថា បាត់​បង់​​ដីធ្លី​​ដោយ​​សារ​​ក្រុម​​ហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់​​ឧកញ៉ា​ លី យ៉ុង​ផាត់ សមាជិកព្រឹទ្ធ​សភា​តាំង​ពី​ឆ្នាំ​២០០៦ បាន​ចូលទៅរស់នៅលើដីកំពុងមានជម្លោះវិញ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរ​ពាក់​ព័ន្ធ។

ប៉ុន្តែ​អភិបាលស្រុកបូទុម​សាគរ លោក ហាក់ ឡេង ប្រាប់វីអូឌីថា អាជ្ញាធរពាក់ព័ន្ធបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋ​ទាំងនោះរួចជាច្រើនឆ្នាំមកហើយ។ លោកថា ក្រសួង​រៀបចំ​​ដែ​ន​ដី និង​រដ្ឋបាលខេត្តកោះកុង បាន​ចេញ​លិខិត​បដិសេធ​​មិន​​ដោះស្រាយ​ឱ្យពួកគេជាច្រើនដងហើយដែរ ប៉ុន្តែ​ពលរដ្ឋទាំ​ងនោះមិន​ស្ដាប់ និងនៅតែបន្តតវ៉ារហូតមកដល់ពេល​នេះ។

មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ការ​ប្រើប្រាស់ប្រព័ន្ធ​តុលាការ ដើម្បីចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លីបែប​នេះ មិនមែនជាដំណោះស្រាយល្អ និង​អាច​ដោះ​ស្រាយបញ្ហា​នោះ​ទេ។ លោក​ថា អាជ្ញាធរគួរតែធ្វើការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់ ហើយ​ជៀស​វាង​ការចោទ​ប្រកាន់ និង​ចាប់​ពលរដ្ឋដាក់ពន្ធនាគារ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ពួកគេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ សង្កេតឃើញថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ឬអ្នកមានលុយមានអំណាច គឺភាគីក្រុមហ៊ុន ឬអ្នក​មាន​លុយ​មាន​អំណាច​តែង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គាប​សង្កត់ទៅលើប្រជាពលរដ្ឋ ដោយពលរដ្ឋខ្លះត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងខ្លះទៀតត្រូវបានឃុំខ្លួនបណ្តោះអាសន្នជាដើម។

លោកបន្ថែមថា៖ «ករណីនេះ ជាករណីជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន។ ហើយ​ការ​ប្រើប្រាស់ប្រព័ន្ធតុលាការប្តឹងប្រឆាំង​ពលរដ្ឋបែបនេះ វាមិនមែនជាដំណោះស្រាយមួយដ៏ល្អមួយ និងសមរម្យនោះទេ អីចឹង​អាជ្ញាធរគួរតែសម្របសម្រួលឱ្យ​បាន​ខ្ពស់​នៅក្នុងរឿងហ្នឹង ព្រោះវា​ជា​ករណី​ជម្លោះដីធ្លីដែលអាជ្ញាធរខេត្ត និងក្រសួង​រៀបចំ​ដែន​ដី​ គួរ​តែ​សម្រប​សម្រួលដោះ​ស្រាយ​បញ្ចប់​រឿង​ហ្នឹង​ឱ្យ​បាន​លឿន​ទៅ»

កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ​​នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយ​ដោយរកឃើញ​ថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៥៧​នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​តុលាការ ខណៈ​ជនរងគ្រោះ ១៧នាក់ទៀត ​​កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។

សមាគម​មួយនេះ បានទាមទារឱ្យរដ្ឋាភិបាល​បញ្ឈប់​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ​ចោទ​ប្រកាន់ និងចា​ប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទ​ដីធ្លី​នៅ​កម្ពុជា ដោយ​​ថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ា​ដើម្បីទាម​ទារ​រក​យុត្តិធម៌តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ