សមត្ថ​​កិច្ច​បង្ក្រាប​​ទីតាំង​​លក់​​បារី​​អេឡិច​​ត្រូនិក​​៩​កន្លែង​​ និង​ហៅមនុស្ស​២០​នាក់​ទៅ​អប់រំ​និង​ធ្វើ​កិច្ច​សន្យា

សមត្ថកិច្ច​បានចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិក (E-Cigarette) ចំនួន៩ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ និងបាន​ហៅអ្នកលក់ និង​អ្នកប្រើប្រាស់បារីអេឡិចត្រូនិកសរុបចំនួន ២០នាក់  ទៅ​ធ្វើការ​អប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់។

ក្នុងរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងកាលពីថ្ងៃម្សិលមិញ​ថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា​នេះ សមត្ថកិច្ចជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិក (E-Cigarette) ចំនួន៩ទីតាំង ក្នុងនោះ​បាន​ឃាត់​ខ្លួន​អ្នកលក់បារីអេឡិចត្រូនិក​ចំនួន ១២នាក់ (ស្រី៣នាក់) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ចំនួន ៨នាក់ (ស្រី១នាក់) នាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក រួចបានអនុញ្ញាតឱ្យ​ពួកគេ​ត្រឡប់ទៅផ្ទះវិញ។

ប្រភពដដែល បន្ត​ថា អំឡុងពេលចុះបង្រ្កាបនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួន រួម​មាន ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក Vape ចំនួន ១៩​ឈុត ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក Yooz ចំនួន ២១៥ ឈុត, ទឹកថ្នាំបារីអេឡិចត្រូនិក Vape ចំនួន ១ ៤១៧ដប និងទឹកថ្នាំបារីអេឡិចត្រូនិក Yooz ចំនួន ៩៨៥​ដប និង ៩២២ប្រអប់ថែមទៀតផង។

របាយការណ៍ដដែល បញ្ជាក់ថា ដោយឡែក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ បានបង្ក្រាបទីតាំងលក់បារីអាឡិចត្រូនិក (E-Cigarette) ចំនួន៦​ទីតាំងផ្សេងគ្នា ដោយ​បាននាំខ្លួនអ្នកលក់បារីអេឡិចត្រូនិក​ចំនួន ៨​នាក់ (ស្រី១នាក់) ទៅ​កាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី​ធ្វើការអប់រំ និងធ្វើកិច្ចសន្យាផងដែរ ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាង  បារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ៣៤០៩ ដើម, បារីអេឡិចត្រូនិកប្រភេទ Sisa ចំនួន ៣ដើម, ទឹកថ្នាំបារីអេឡិចត្រូនិកប្រភេទ Vape ចំនួន ៣៨៣ដប, ក្បាលបារីអេឡិចត្រូនិកប្រភេទ Yooz និង Vape ចំនួន ១ ០៣៣​ឈុត និងខ្សែសាក​បារីអេឡិចត្រូនិក​ចំនួន ៦ប្រអប់។

កាលពីថ្ងៃទី២៤ ខែមិថុនា ថ្មីៗនេះ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក៏អំពាវនាវដល់យុវជន​និងប្រជាពលរដ្ឋ ជៀសវាងប្រើប្រាស់បារីអេឡិចត្រូនិចនេះផងដែរ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានលើកឡើងថា មានភស្តុតាងជាច្រើន បង្ហាញថា ការ​ប្រើ​ប្រាស់​​បារីអេឡិចត្រូនិច(e-cigarette) បង្ក​ផល​ប៉ះ​ពាល់​ដល់សុខភាព បណ្តាលឱ្យញៀន បង្ក​ផល​ប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូត​ដល់បាត់បង់ជីវិត ដោយសារនៅពេលប្រើប្រាស់​បារីអេឡិចត្រូនិច សារធាតុគីមី និង​ជាតិនីកូទីន​ត្រូវ​បាន​ស្រូបចូលទៅក្នុងរាង្គកាយ​ ហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។

ក្រសួងបន្តថា ការប្រើប្រាស់​បារីអេឡិចត្រូនិច ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់​ មាន​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតផលវិបាករយៈពេល​វែង និងអាចប៉ះពាល់​ដល់ការចងចាំ ការសិក្សា និងបង្កជាជំងឺថប់អារម្មណ៍ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ