ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូង​ឃ្មុំ​នឹង​ចូល​បំភ្លឺ​​តាម​បណ្តឹង​របស់​មន្ត្រី​នគរ​បាល​ជាតិ

ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនបណ្តោះអាសន្នប្រចាំខេត្តត្បូងឃ្មុំ និងជាគ្រូនគរបាលជាតិមធ្យមកម្រិត៤ នៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាល លោក អេង ស្រូយ កាលអំឡុងឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ កាលពីខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ)

ប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំបានអះអាងថា លោកនឹងចូលបំភ្លឺតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២២ ខែកក្កដា ពាក់ព័ន្ធនឹងបទចោទចំនួន៤ករណី តាមបណ្តឹងរបស់ឈ្មោះ ប្រាក់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិតសភានគរបាលកម្ពុជា។

ការអះអាងនេះ ក្រោយពេលព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ទី មុនិន្ទ កាលពីថ្ងៃទី៣០ ខែមិថុនា បានចេញដីកាកោះហៅលោក អេង ស្រូយ ដែលប្រធានក្រុមការងារបណ្តោះអាសន្ន គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ឱ្យ​ចូលបំភ្លឺនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ​ ក្រោមបទចោទ បរិហាកេរ្តិ៍ជាសាធារណៈ ,បរិហាកេរ្តិ៍តាមសារព័ត៌មាន,ប្តឹងបរិហារបង្កាច់កេរ្តិ៍,ក្លែងព័ត៌មាន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការកោះហៅនេះ  តាមបណ្តឹងរបស់ឈ្មោះ ប្រាក់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិតសភានគរបាលកម្ពុជា​។

ប្រធានប្រតិបត្តិ​គណបក្សភ្លើងទៀនបណ្តោះអាសន្នប្រចាំខេត្តត្បូងឃ្មុំ និងជា​គ្រូនគរ​បាលជាតិមធ្យមកម្រិ​ត៤នៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាល លោក អេង ស្រូយ មានប្រសាសន៍នៅថ្ងៃសៅរិ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២នេះថា លោកធ្លាប់មានជម្លោះជាមួយឈ្មោះ ប្រាក់ ណារ៉ុង ដែលជាអតីតគ្រូរបស់គាត់ ព្រមទាំងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិតសភានគរបាលកម្ពុជា។ លោកអះអាងថា ជម្លោះនេះកើតឡើងកាលពីថ្ងៃ២២ ខែមេសា ដោយឈ្មោះ ប្រាក់ ណារ៉ុង បានទះកំភ្លៀងគាត់ថែមទៀតផង។

ប៉ុន្តែលោកថា ស្រាប់តែថ្ងៃសុក្រទី១៥ ខែកក្កដានេះ គាត់បានទទួលដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញ ឱ្យគាត់ចូលបំភ្លឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ក្រោមបទចោទ បរិហាកេរ្តិ៍ជាសាធារណៈ,បរិហាកេរ្តិ៍តាមសារព័ត៌មាន,ប្តឹងបរិហារបង្កាច់កេរ្តិ៍,ក្លែងព័ត៌មាន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់ឈ្មោះ ប្រាក់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិតសភានគរបាលកម្ពុជាទៅវិញ។

ទោះជាបែបនេះក្តី មន្ត្រីបក្សប្រឆាំងរូបនោះអះអាងថា គាត់នឹងចូលទៅបំភ្លឺនៅតុលាការតាមដីកាកោះរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក នី មុនិន្ទ  តាមពេលវេលាកំណត់  ដើម្បីស្នើសុំតុលាការទម្លាក់ចោលការចោទប្រកាន់ ត្បិតលោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោកនិយាយថា៖ «ខ្ញុំចូលទៅបំភ្លឺ ពីព្រោះខ្ញុំអត់បានធ្វើខុសដូចគេចោទប្រកាន់ទេ  ហើយខ្ញុំនឹងមានមេធាវីចូលជួយការពារក្តីឱ្យខ្ញុំដែរ គឺមេធាវី ជូង ជូងី»។

លោក អេង ស្រូយ បន្ថែមថា ក្រោយពីលោកចូលបំភ្លឺនៅតុលាការរួចហើយ លោកនឹងបន្តពិភាក្សាជាមួយមេធាវី ដើម្បីដាក់ពាក្យប្តឹង លោក ប្រាក់ ណារ៉ុង ពីបទ ប្រើហិង្សាលើរូបគាត់វិញ។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិតសភា លោក ប្រាក់ ណារ៉ុង បានទេនៅថ្ងៃសៅរិ៍នេះ។

ក្រៅពីសំណុំរឿង លោក អេង ស្រូយ ដែលនឹងត្រូវចូលឆ្លើយបំភ្លឺនៅតុលាការនោះ ក្នុងសប្តាហ៍ទី២ នៃខែកក្កដានេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានចូលបំភ្លឺនៅចំពោះមុខតុលាការចំនួនលើក២។ ការចូលបំភ្លឺនៅមុខតុលាការនោះ ដើម្បីឆ្លើយតបចំពោះបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ជុំវិញការរិះគន់របស់លោក ជុំវិញដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅកាលពីដើមខែមិថុនាកន្លងមក។  

ទោះបីជាការឆ្លើយបំភ្លឺទាំងពីរលើកនោះ តុលាការនៅមិនទាន់សម្រេចបែបណាក៏ដោយ ប៉ុន្តែលោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការថា អ្វីដែលលោក​​រិះគន់ដំណើរការបោះឆ្នោតថ្មីៗនេះថាមិនសេរី មិនយុត្តិធម៌ និងមានភាពមិនប្រក្រតីជាច្រើនទៀតនោះ គឺជាការពិត។ លើសពីនេះ  អ្វីដែលគណបក្សភ្លើងទៀនរកឃើញ ក៏មិនខុសពីគណបក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិលផ្សេងទៀតដែលបានរកឃើញនោះដែរ។ ​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា ដើមចមដែលនាំឱ្យមានការប្តឹង និងចោទប្រកាន់លើសកម្មជនគណបក្សភ្លើងទៀន ជាបន្តបន្ទាប់ ដោយសារសកម្មជនទាំងនោះចូលរួមជីវភាពនយោបាយជាមួយបក្សប្រឆាំងមួយនេះ។

ករណីនេះលោកថា ការចោទប្រកាន់លើសកម្មជនបក្សភ្លើងទៀន នាពេលកន្លងមក មិន​មាន​ហេតុផល​សមរម្យ​ក្នុងកា​រ​អនុវត្តតាមច្បាប់ឡើយ។ ​ផ្ទុយទៅវិញលោកថា កា​រ​ចាប់ខ្លួននិងចោទប្រកាន់នេះ ត្រូវបានគេមើលឃើញថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។

លោកមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ក្នុងការចូលរួមជីវភាព ឬជ្រើសរើសគណបក្សនយោបាយណាមួយដែលខ្លួនស្រឡាញ់  ។ ខ្ញុំគិតថា គួរតែបញ្ឈប់ការប្រើវប្បធម៌លាបពណ៌គ្នា ហើយត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក»។

ចំណែក​ការលុបឈ្មោះសកម្មជនចេញពីក្របខណ្ឌមន្ត្រីរាជការវិញ លោក អំ សំអាត ថា ក្រសួងសាម៉ី​មិនបាន​បង្ហាញ​ពី​ហេតុផលឱ្យបានច្បាស់លាស់ឡើយ ដែល​ករណីនេះបានធ្វើឱ្យពួកគេតវ៉ាជាបន្តបន្ទាប់ ដើម្បីឱ្យក្រសួងពិនិត្យចំពោះការសម្រេចនោះឡើងវិញ។

ក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន  កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រួច លំហប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកាន់តែ​រួមតូច​ជាងមុន។

ប្រភពដដែលថា ​ការរួមតូចនេះ ដោយសារតែរដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ និងការគាបសង្កត់ ដើម្បីធ្វើទុក្ខបុកម្នេញលើសកម្មជនរបស់ខ្លួនជាបន្ដបន្ទាប់។  សកម្មជន២នាក់ទៀតត្រូវបានក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួច។

ករណីនេះ គណបក្សភ្លើងទៀន អំពាវនាវទៅរដ្ឋាភិបាលដោះលែងលោក ឡី សុខុន ឱ្យមានសេរីភាពវិញ និងទម្លាក់រាល់បទចោទទៅលើលោក ញ៉ឹម សារ៉ុម ព្រមទាំងផ្តល់ក្របខណ្ឌមន្ត្រីរាជការដល់លោក  កែវ សុមុនី  និងលោក អេង ស្រូយ វិញ ដើម្បីធានាលំហប្រជាធិបតេយ្យនៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ