បក្ស​ក្រៅ​រដ្ឋាភិបាល​ជឿ​ថា​បើ​មាន​ការ​រួប​រួម​គ្នា​​នឹង​ទទួល​បាន​ជាង​៤០​អាសនៈ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ

លោក យ៉ង សាំងកុមារ ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហាញការជឿជាក់ថា ប្រសិនបើគណបក្សក្រៅរដ្ឋាភិបាលរួបរួមគ្នា ដើម្បីប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិជាមួយបក្សកាន់អំណាចខាងមុខ   នោះបក្សក្រៅរដ្ឋាភិបាលអាចនឹងទទួលបានជាង៤០អាសនៈ ដែលគ្រប់គ្រាន់សម្រាប់ទប់ទល់ការដឹកនាំបែបឯកបក្ស។

ប្រធាន​​គណៈក​ម្មាធិ​ការ​​នាយក​គណប​ក្សប្រ​ជាធិប​តេ​យ្យមូល​ដ្ឋាន​ លោកបណ្ឌិ​ត ​យ៉ង​ សាំងកុមារ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសៅរិ៍នេះថា កន្លងមក តាមលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ២០២២ គណបក្សភ្លើងទៀន(គភទ) អាចទទួលបាន ២១អាសន:។ ដោយឡែកគណបក្សលោក ​មិនទទួលបានអាសន:ដោយសារ គបម ប្រកួតតែ ៣២ ឃុំ-សង្កាត់។ ប៉ុន្តែតែនៅឆ្នាំ ២០២៣ ពេលដែល គបម និងគណបក្សផ្សេងទៀត ប្រកួតទូទាំងប្រទេសដោយគ្មានការចងសម្ព័ន្ធភាពជាមួយគ្នា នោះបក្សភ្លើងទៀនអាចទទួលបានប្រមាណ ១៥អាសន:។

ផ្ទុយទៅវិញ តែបើមានការសហការគ្នាទាំង គណបក្សភ្លើងទៀន និងគណបក្សក្រៅរដ្ឋាភិបាល ឬបក្សជាដៃគូ​ផ្សេងទៀត អាចបានរហូតដល់ជាង ៤០អាសន: (បើតាមក្បួនគណិតសាស្រ្តនិងចិត្តសាស្រ្ត) ដែលគ្រប់គ្រាន់សម្រាប់ទប់ទល់ការដឹកនាំបែបឯកបក្ស។

ករណីនេះ លោក យ៉ង សាំងកុមារ បញ្ជាក់ថា គណបក្សលោកបានឯកភាពថា មានតែការរួបរួមគ្នារវាងក្រុមគណបក្សក្រៅរដ្ឋាភិបាលដែលមាននិន្នាការសេរីភាពនិយម បៃតងនិយមនិង យុត្តិធម៌សង្គម ទើបអាចទទួលបានសំឡេងគ្រប់គ្រាន់ចូលរួមតម្រង់ទិស ការដឹកនាំប្រទេសតាមគោលការណ៍ និងយន្តការប្រជាធិបតេយ្យសេរីពហុបក្សបែបសភានិយម។

លោកបន្តថា ការរួបរួមគ្នារវាងបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត មិនមែនទៅសុំចែកអាសន:ពីបក្សភ្លើងទៀនទេ គឺដើម្បីកសាងកម្លាំងនយោបាយសេរីពហុបក្សនៅក្នុងសភាជាតិទប់ទល់នឹងអំណាចឯកបក្ស ជាពិសេសក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការធ្វើច្បាប់នានា។

ទាក់ទិន​បញ្ហានេះ លោក យ៉ង សាំងកុមារ  អំពាវនាវដល់អ្នកនយោបាយនិងសកម្មជននយោបាយដែលមាននិន្នាការដូចគ្នា បើកចិត្តឱ្យទូលាយ មើលទៅមុខឱ្យបានវែងឆ្ងាយ ជាពិសេសរួមគ្នាកសាងស្ថាប័នសភាជាតិ  រាជរដ្ឋាភិបាល តុលាការ ឱ្យក្លាយជាស្ថាប័នប្រជាធិបតេយ្យទប់ទល់នឹងអំណាចអត្តាធិបតេយ្យសម្រាប់កូនចៅជំនាន់ក្រោយ។

វីអូឌីនៅមិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានទេនៅថ្ងៃសៅរ៍នេះ។

អ​នុប្រធានបណ្ដោះអាសន្ន​គណ​បក្សកែ​ទម្រង់​កម្ពុ​ជា ​លោក​ អ៊ូ ច័​ន្ទរ័ត្ន ​មានប្រសាសន៍ថា គណបក្សក្រៅរដ្ឋាភិបាល​ចំនួន ៥ធ្លាប់បានជួបជជែកគ្នាម្តងរួចមកហើយ អំពីដំណើរការរួបរួមគ្នាជាធ្លុងមួយ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិជាមួយគណបក្សកាន់អំណាចខាងមុខនេះ ។

លោកថា បើសិនជាគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ចង់ឱ្យកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ  ជំរុញឱ្យមានការកែទម្រង់ គ.ជ.ប និងស្ថាប័នជាតិនោះ គួរតែមានការរួបរួមគ្នា ទើបអាចយកឈ្នះគណបក្សកាន់អំណាចបាននៅថ្ងៃអនាគត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា បើគណបក្សក្រៅរដ្ឋាភិបាលរួបរួមគ្នា ចុះសម្រុងគ្នាមែន អាចធ្វើឱ្យគណបក្សកាន់អំណាចមានការព្រួយបារម្ភ ព្រោះថា បើយើងរួបរួម យើងបូកសំឡេងឆ្នោតនៅក្រៅរដ្ឋាភិបាល សំឡេងឆ្នោតអ្នកដែលអត់ចេញទៅបោះឆ្នោត សំឡេងឆ្នោតរប៉ាត់រប៉ាយ និងសំឡេងឆ្នោតអ្នកបោះឆ្នោត ហើយសំឡេងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អាចមកចូលរួមបោះឆ្នោតជូនគណបក្សក្រៅរដ្ឋាភិបាល»។

លោកបន្ថែមថា៖ « ចរន្តនៃការផ្លាស់ប្តូរនៅតែមាន ជាពិសេសក្រុមយុវជន ព្រោះសម័យនេះ យុវជនបានទទួលព័ត៌មាន បានសិក្សាច្រើន យល់ដឹងពីសង្គមជាតិច្រើន។ សង្គមជាតិមានបញ្ហាអ្វី បើធៀបនឹងប្រទេសដទៃទៀតក្នុងសកលលោក ហើយគេចង់បានអនាគតរបស់គេល្អជាដើម»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ចំពោះការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាលដែលមានបំណងរួបរួមគ្នានោះទេ។ លោកបញ្ជាក់ថា គណបក្សកាន់អំណាចនៅតែមានភាពរឹងមាំ និងចាស់ទុំផ្នែក​នយោបាយ ដោយគ្មានគណបក្សណាមកប្រកួតយកឈ្នះបាននោះទេ។

លោកមានប្រសាសន៍ថា៖ «យើងអត់មានអ្វីដែលត្រូវព្រួយបារម្ភការដណ្តើមអាសនៈអ្វីនោះទេ ពីព្រោះយើងដឹងហើយថា គណបក្សតូចតាចដែលមកចងសម្ព័ន្ធភាពជាមួយគ្នាជាថ្មី គឺចេញពីគណបក្សប្រឆាំងដដែលតើ។ បើគាត់ចេញពីគណបក្សប្រឆាំងដដែលគាត់ចាញ់ឆ្នោតតាំងពីឆ្នាំ២០១៣មក។ អ៊ីចឹងវាអត់មានអ្វីគួរឱ្យព្រួយបារម្ភទេ»។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា អ្នកនយោបាយតែងតែលើកឡើងនូវភាពខ្លាំងរបស់គណបក្សខ្លួន ដើម្បីបង្ហាញទៅដៃគូប្រកួតប្រជែងនយោបាយជាមួយគ្នា ។ ​លោកផ្តល់ជាអនុសាសន៍ថា បើបក្សក្រៅរដ្ឋាភិបាលរួបរួមគ្នា ហើយចង់យកឈ្នះគណបក្សកាន់អំណាច លុះត្រាតែពួកគេមានភាពស្មោះត្រង់ រឹងមាំ និងចុះធ្វើការងារយ៉ាងសកម្មនៅតាមមូលដ្ឋានជាដើម។

លោកផ្តល់ជាអនុសាសន៍ដូចនេះថា៖ «គណបក្សក្រៅរដ្ឋាភិបាលដែលច្របាច់បញ្ចូលគ្នា ឬរួបរួមគ្នា ធ្វើការឱ្យសកម្ម ហើយត្រូវមានសកម្មជននៅតាមការិយាល័យបោះឆ្នោត ហើយគ្រប់តាមគោលដៅសំខាន់ៗនៅក្នុងថ្នាក់មូលដ្ឋាន ទើបពួកគាត់អាចមានឱកាសក្នុងការប្រកួតប្រជែងយកអាសនៈនៅក្នុងរដ្ឋសភាជាមួយគណបក្សកាន់អំណាចបាន»។

លោកបន្ថែមថា៖ «ប៉ុន្តែបើសិនជាពួកគាត់រៀបចំមិនច្បាស់លាស់ ហើយមិនបានហ្មត់ចត់ទេ ខ្ញុំគិតថា ការរំពឹងទុករបស់បក្សក្រៅរដ្ឋាភិបាល ខ្ញុំគិតថាមិនទទួលបានផលវិជ្ជមានណាមួយនោះទេ»។

កាលពីថ្ងៃទី១១ ខែកក្កដា គណបក្សក្រៅរដ្ឋាភិបាលចំនួន​៥ រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណ​បក្សកែ​ទម្រង់​កម្ពុ​ជា គណបក្ស​កម្ពុជា​និយម ​និងគណបក្សភ្លើងទៀន បានកំណត់​យក​៨ចំណុច សម្រាប់យក​ទៅ​ជជែកជាមួយ​គណបក្សប្រជាជន​កម្ពុជានោះ រួមមាន ការ​​តម្រូវឱ្យ​សមាសភាព គ.ជ.ប ត្រូវ​មាន​ប្រធាន​ជា​បុគ្គលឯករាជ្យ។ លើសពីនេះ សមា​ជិក គ.ជ.ប ៤រូប​មកពីប្រភពឯករាជ្យ​ មិន​​ជាប់ពាក់ព័ន្ធនយោបាយ។ បន្ថែមពីនេះ  ​​ភាព​​មិន​លម្អៀងរបស់មន្ត្រី​ គ.ជ.ប, អព្យាក្រឹត្យស្ថាប័ន​តុលាការ យោធា នគ​របា​​​ល​ជាតិ មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ រួមទាំងមេភូមិ និងអនុភូមិ និង​​ត្រូ​វ​​ទប់ស្កាត់​រាល់ស​​ក​ម្ម​ភាពបំ​ភិតបំភ័​យជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ