សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តូច​ចិត្ត​ត្បិត​មិន​បាន​ជួប​ជុំ​គ្រួសារ​​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ភរិយាលោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះដែលតុលាការបានរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា (អាវយឺតសដៃវែង ដួលទៅនឹងដី) អំឡុងពេលមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមកាត់ទោសប្ដីអ្នកស្រីដាក់ពន្ធនាគារ៦ឆ្នាំ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បង្ហាញការតូចចិត្ត ត្បិត​នៅថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បែរជាមិនបានជួបជុំគ្រួសារ ដូចគ្រួសារគេដទៃ ដោយសារសមាជិកគ្រួសារពួកគាត់ត្រូវជាប់ពន្ធនាគារទាំងមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

អ្នកស្រី ព្រំ ចន្ថា ត្រូវជាភរិយារបស់ លោក កាក់ កុម្ភារ ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់​វីអូឌីនៅថ្ងៃអាទិត្យ​ថា ជាង២ឆ្នាំមកហើយ គាត់បានឃ្លាតឆ្ងាយពីគ្រួសារ និងមិនបានជួបគ្នា ជាពិសេសនៅថ្ងៃបុណ្យទានធំៗ ដូចជាថ្ងៃបុណ្យភ្ជុំបិណ្ឌជាដើម។

ករណីនេះ គាត់មានអារម្មណ៍សោកសៅនៅពេលថ្ងៃបុណ្យប្រពៃណីជាតិ ត្រូវបានឃ្លាតឆ្ងាយពីគ្រួសារ ខណៈអ្នកជិតខាងតែងតែសួរនាំពីគ្រួសារគាត់ ដែលធ្វើឱ្យគាត់មានអារម្មណ៍ពិបាក និងតូចតិច ខណៈប្តីរបស់គាត់ត្រូវបានជាប់ពន្ធនាគារដោយអយុត្តិធម៌។

អ្នកស្រីមានប្រសាសន៍ថា៖ «បើនិយាយពីការសោកសៅ និងការព្រាត់ប្រាស់គ្រួសារ ខ្ញុំបែកបាក់គ្រួសារជាង២ឆ្នាំហើយ បើគិតជាឱកាសថ្ងៃភ្ជុំមានរយៈពេល៣ដងហើយ ដែលនាងខ្ញុំខានជួបជុំគ្រួសារ។  ខ្ញុំមានអារម្មណ៍ថា ពិបាក នៅពេលដែលឃើញក្រុមគ្រួសារជួបជុំគ្នាមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ដោយសារប្តីជាប់ពន្ធនាគារ ហើយខ្ញុំនាំកូនបានត្រឹមតែជួបជុំមីងមា ហើយពេលមកមីងមាសួរគ្រប់គ្នា ខ្ញុំមានអារម្មណ៍ពិបាកឆ្លើយណាស់ ព្រោះគាត់មិនទាន់ចេញពីពន្ធនាគារ»។

អ្នកស្រី អ៊ុក ចន្ធី ត្រូវជាភរិយារបស់លោក យឹម សារ៉េត អតីត​សមាជិកក្រុមប្រឹក្សាឃុំចន្ទ្រា​គណបក្សសង្គ្រោះជាតិ​ ​ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ​ មានប្រសាសន៍ថា ​ ស្វាមីគាត់ ត្រូវបានអាជ្ញាធរក្រសួងមហាផ្ទៃបញ្ជូនពីពន្ធនាគារព្រៃស ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីចុងខែសីហា ឆ្នាំ២០២២។

អ្នកស្រីបន្តថា ក្រោយពីស្វាមីគាត់ជាប់ពន្ធនាគារជាង២ឆ្នាំ​មកនេះ ធ្វើឱ្យគាត់ជួបបញ្ហាប្រឈមច្រើន ក្នុងជីវភាពគ្រួសារ ហើយពេលជួបជុំគ្រួសារមានការរឹតត្បិត ព្រោះក្រៅពីសាច់ញាតិដែលមានឈ្មោះនៅក្នុងសៀវភៅគ្រួសារ អនុរក្សពន្ធនាគារ  មិនអនុញាតឱ្យជួបសួរសុខទុក្ខនោះទេ។

អ្នកស្រីនិយាយថា៖ «ខាងពន្ធនាគារគេមិនអនុញាតឱ្យប្រពន្ធ និងកូនដែលមានឈ្មោះនៅក្នុងសៀវភៅគ្រួសារនោះទេ កាលគាត់ជាប់ពន្ធនាគារនៅព្រៃស ឱ្យតែមានកាតចាក់វ៉ាក់សាំង និងសៀវភៅគ្រួសារ មិត្តភក្តិអាចជួបសួរសុខទុក្ខបានទាំងអស់ ប៉ុន្តែនៅពេលទៅត្រពាំងផ្លុង គេទាមទាឱ្យអ្នកដែលមានឈ្មោះក្នុងសៀវភៅគ្រួសារតែប៉ុណ្ណោះ ទើបចូលសួរសុខទុក្ខ​គាត់បាន»។

ទាក់ទិន​បញ្ហានេះ  អ្នកស្រីយល់ឃើញថា ការបញ្ជូនស្វាមីគាត់ពីពន្ធនាគារព្រៃស ទៅពន្ធនាគារត្រពាំងផ្លុង ហើយនៅពេលដែលមិត្តិភក្តិ និងសាច់ញាតិដែលមិនមានឈ្មោះក្នុងសៀវភៅគ្រួសារ មិនអនុញាតិឱ្យគាត់សួរសុខទុក្ខបាន ធ្វើឱ្យគាត់កាន់តែ​ព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរឹតត្បិតសេរីភាព ដែលផ្ទុយពីច្បាប់​។

ករណីនេះ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាលឱ្យដោះលែងស្វាមីគាត់ និងអ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយផ្សេងទៀតឱ្យមានសេរីភាពវិញ ពីព្រោះពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យគណប​ក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃ២៥ ខែកញ្ញា។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងរបស់សាច់ញាតិដែលអះអាងថា គាត់ពិបាកក្នុងការជួបជុំគ្រួសារនាអំឡុងពេលបុណ្យភ្ជុំបិណ្ឌ មិនដូចគ្រួសារអ្នកដទៃ ទំនងជាពួកគេឃើញអ្នកជិតខាងសួរនាំជុំវិញរឿងគ្រួសាររបស់គាត់។

បញ្ហានេះ លោកជំរុញទៅអ្នកនយោបាយគួរយកបញ្ហាជជែកគ្នា សម្របសម្រួលផ្នែកនយោបាយ ដើម្បីកុំឱ្យមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ជុំវិញលទ្ធិប្រជាធិបេយ្យនៅកម្ពុជា។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះជាតិ ចំនួន៧នាក់ រួមមាន លោក សម រង្សី លោកស្រី ជូឡុង សូមូរ៉ា លោកស្រី មូរ សុខហួរ លោក តុប វណ្ណចាន់ លោក នុត រំដួល លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង ក្នុងម្នាក់ៗ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»។

ចំណែកសកម្មជនគណបក្សនេះជាច្រើននាក់ទៀត ត្រូវបា​នតុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​រួមគំនិតក្បត់»។ ប៉ុន្តែទោស៥ឆ្នាំនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ត្រូវបានព្យួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ