អង្គការឃ្លាំសិទ្ធិមនុស្សលីកាដូ រកឃើញថា រដ្ឋាភិបាលឯកបក្ស បានប្រើច្បាប់កូវីដ-១៩ ធ្វើជាអាវុធគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស សិទ្ធិមូលដ្ឋាន អ្នកសារព័ត៌មាន អ្នកមានជម្លោះដីធ្លី និងសិទ្ធិនយោបាយចំពោះបុគ្គលទាំងឡាយណាដែលគេកំណត់ថា ជាក្រុមប្រឆាំង។
នេះបើតាមបាយការណ៍សង្ខេបកម្រាស២៤ទំព័រ ដែលតាមដានការអនុវត្តច្បាប់កូវីដ-១៩ចាប់ពីថ្ងៃទី១១មីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ របស់អង្គការលីកាដូ ចេញផ្សាយនៅខែកញ្ញា ឆ្នាំ២០២២ ដែលមានចំណងជើងថា «ច្បាប់កូវីដ-១៩ ត្រូវបានប្រើដើម្បីធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀត»។
លីកាដូ បានរំឭកថា ត្រឹម១២ថ្ងៃ នៅដើមឆ្នាំ២០២១ រដ្ឋាភិបាលឯកបក្ស បានព្រាងនិងអនុម័តច្បាប់កូវីដ-១៩ យ៉ាងតក់ក្រហល់ ទាំងមិនបានពិគ្រោះយោបល់ ជាមួយសង្គមស៊ីវិល និងបានប្រកាសឱ្យប្រើច្បាប់នេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
អង្គការនេះ ចាត់ទុកការដាក់ឱ្យប្រើប្រាស់ច្បាប់កូវីដ-១៩ទាំងប្រញាប់ប្រញាល់ បន្ថែមដោយអនុក្រឹត្យចំនួន២ទៀត ស្តីពី វិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះ ថាបានផ្តល់អំណាចយ៉ាងទូលំទូលាយ ដើម្បីឱ្យអាជ្ញាធរ រឹតត្បិតសិទ្ធិសង្គម សិទ្ធិនយោបាយ និងសិទ្ធិសេដ្ឋកិច្ចជាមូលដ្ឋាន មិនអនុលោមតាមគោលការណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
វិធាននេះ លីកាដូ រកឃើញថា ជាឧបសគ្គរារាំងដល់សិទ្ធិជួបជុំ សិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតសមាគម សិទ្ធិសារព័ត៌មាន បំពានលើសិទ្ធិជនរងគ្រោះ ដែលបាត់បង់ដីធ្លី និងគំរាមកំហែងដល់សកម្មជនសហជីពដែលជំរុញលក្ខខណ្ឌការងារជាដើម ដែលករណីនេះអ្នកតស៊ូមតិដោយសន្តិវិធីខ្លះ ត្រូវជាប់ពន្ធនាគារ ដោយអាជ្ញាធរសម្អាងលើមាត្រា១១ នៃច្បាប់កូវីដ-១៩នេះ។
លីកាដូ បានគូសបញ្ជាក់ថា៖ «ក្នុងពេលដ៏ឆាប់រហ័ស ច្បាប់កូវីដ-១៩ ជាញឹកញាប់ ត្រូវបានគេប្រើជាឧបករណ៍ថ្មីមួយ នៅក្នុងក្របខណ្ឌច្បាប់ជាតិ ដែលជាអាវុធប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សអ្នកការពារសិទ្ធិដីធ្លី និងសំឡេងអ្នករិះគន់»។
លើសពីនេះ អង្គការលីកាដូ មើលឃើញថា ច្បាប់កូវីដ-១៩ ដែលបង្កើតឡើងក្រោមប្រព័ន្ធដឹកនាំបែបឯកបក្សនេះ មិនបានលើកកម្ពស់សិទ្ធិពលរដ្ឋទេ តែមានគោលដៅពង្រីកអំណាច និងសិទ្ធិសម្រេច ដើម្បីទប់ទល់នឹងបុគ្គលដែលគេកំណត់ថា ជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលតែប៉ុណ្ណោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត ឱ្យដឹងបន្ថែមនៅថ្ងៃសុក្រនេះថា ក្រោ យការអង្កេតទៅលើការរអនុវត្តច្បាប់ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំមកនេះ លីកាដូ ចង់ឃើញ ច្បាប់នេះត្រូវបានកែលម្អឡើងវិញ ចាប់ពីមាត្រា១រហូតមានត្រា១៥ ដើម្បីធានាសិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច សិទ្ធិវប្បធម៌ និងសិទ្ធិនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ។
លោកកត់សម្គាល់ថា ការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនាប៉ុន្មានឆ្នាំចុងក្រោយនេះ ជំរុញឱ្យកម្ពុជាខាតបង់ ដូចជា វិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយ កម្ពុជាត្រូវបានគេទម្លាក់ចំណាត់ថ្នាក់ទៅក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សឆ្លងដែនជាដើម ដែលថាការណ៍នេះជាការទាញទម្លាក់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
លោកថា៖ «យើងដឹងស្រាប់ហើយថា កម្ពុជាយើងកំពុងតែមានបញ្ហាគោរពសិទ្ធិនុស្ស និងលទ្ធិប្រជាធិបតេយ្យកាលណាច្បាប់ហ្នឹងវាតឹងរឹងពេក វារឹតត្បិតសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ វាប៉ះពាល់ច្រើន កន្លងមកយើងឃើញហើយ វាប៉ះពាល់ទៅដល់ជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជាយើង តាមរយៈការអនុគ្រោះពន្ធEBAក្តីGSPក្តី និងតាមជំនួយផ្សេងៗទៀតក្តី»។
លីកាដូ បានកត់ត្រាថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ អ្នកស្រី យស់ សោភ័ណ្ឌ និងអ្នកស្រី ឥន សូត្រ តំណាងសហគមន៍សាមគ្គីចេកមាស ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរចាប់ខ្លួន និងផាកពិន័យម្នាក់ៗ ចំនួន ២លានរៀលស្មើនឹង ៥០០ដុល្លារ តាមច្បាប់កូវីដ-១៩ ក្រោយចូលរួមតវ៉ាមួយ ដោយសារអ្នកតវ៉ាមិនបានពាក់ម៉ាស ឬរក្សាគម្លាតសង្គម ក្រោមមាត្រា១០និង១១នៃច្បាប់កូវីដ-១៩។
ចន្លោះខែកក្កដា ឆ្នាំ២០២១ដដែល មនុស្ស៦នាក់ ត្រូវបានចាប់ខ្លួនតាមច្បាប់កូវីដ-១៩ ដោយសារការបញ្ចេញមតិ ឬចែកចាយព័ត៌មានតាមបណ្តាញសង្គម ដែលគេយល់ថារិះគន់រដ្ឋាភិបាល លើចំណាត់ការរដ្ឋាភិបាល ចំពោះជំងឺរាតត្បាត តួយ៉ាងដូចជា លោក កៅ ពិសិដ្ឋ អ្នកឆ្លើយឆ្លងព័ត៌មានគេហទំព័រមួយនៅខេត្តសៀមរាប គឺ Tannhektar ក្រោយមកត្រូវបានកាត់ទោស ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ បទរារាំងដល់ការអនុវត្តវិធានការតាមមាត្រា១១នៃច្បាប់កូវីដ-១៩។ លោក ប៉ាន សុភី ជាកម្មករកសិដ្ឋានចឹញ្ចឹមជ្រូកម្នាក់ទៀត ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ខែ ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០២២នៅជាប់ឃុំក្នុងពន្ធនាគារនៅឡើយ រួមទាំងវិធានការមួយចំនួនទៀត ពាក់ព័ន្ធមានត្រា១១នៃច្បាប់កូវីដ-១៩នេះ។
ក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រដ្ឋាភិបាល និងបានចូលរួមតាក់តែងច្បាប់នេះ ធ្លាប់ប្រតិកម្មជាញឹកញាប់ ទៅនឹងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលរិះគន់ការធ្វើច្បាប់នេះ។
នៅថ្ងៃនេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលការរកឃើញរបស់អង្គការលីកាដូនេះ ដោយសម្អាងថា របាយការណ៍អង្កេតនេះ មើលឃើញតែមួយជ្រុង មិនបានឆ្លុះបញ្ចាំងការពិត ពីបំណងធ្វើច្បាប់ និងអនុវត្តច្បាប់របស់ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលទេ។
លោកថា៖ «ការធ្វើច្បាប់កូវីដ-១៩ហ្នឹង គឺដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ហើយវិធានការដែលដាក់ចេញហ្នឹង គឺអនុវត្តជាទូទៅអីចឹងទេអ្នកដែលធ្វើសកម្មភាពបំពានទៅនឹងច្បាប់ហ្នឹងតែទទួលទោសទណ្ឌ និងប្រឈមតាមផ្លូវចាប់»។
ក្នុងន័យនេះ លោកពន្យល់ថា ចំណាត់ការច្បាប់ទៅលើអ្នកបំពានច្បាប់ មិនមែនជាការរំលោភសិទ្ធិទេ ចំណែកការអនុវត្តសិទ្ធិហួសពីក្របខណ្ឌច្បាប់មិនមែនជាការអនុវត្តសិទ្ធិទេ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ ការតាក់តែងច្បាប់ មិនអាចងាកចេញពីគោលការណ៍សិទ្ធិមនុស្សបានទេ ហើយខ្លឹមសារនៃច្បាប់ ក៏ត្រូវប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដែរ បើពុំដូច្នោះទេច្បាប់នឹងក្លាយជាឧបករណ៍បំបែកបំបាក់សង្គម ដែលការណ៍នេះ លោកថា រដ្ឋាភិបាលគួរពិចារណាលើយន្តការកែលម្អ។
លោកថា៖ «និយាយឱ្យចំ គឺវានឹងបង្កើតឱ្យមានការបែកបាក់ផ្ទៃក្នុងជាតិ សាមគ្គីជាតិរវាងខ្មែរនិងខ្មែរ មិនអាចនិយាយគ្នាបាន ហើយអាចមើលគ្នាជាសត្រូវ មិនមែនក្នុងនាមជាតិសាសន៍តែមួយ»។
របាយការណ៍ឆ្នាំ២០២១ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់ថា មនុស្សយ៉ាងតិច ៧២៩នាក់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់កូវីដ-១៩ នៅចន្លោះពាក់កណ្តាលខែមេសា ដល់ចុងខែឧសភា ឆ្នាំ២០២១ ហើយជាង១០០នាក់ត្រូវបានឃុំខ្លួន។
ប្រភពដដែលបន្តថា ច្បាប់នេះ ត្រូវបានគេប្រើជាយុទ្ធសាស្ត្រប្រឆាំងនឹងអ្នកតវ៉ាសិទ្ធិដីធ្លី និងសកម្មជនសិទ្ធិការងារ ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត។ តែយ៉ាងណា របាយការណ៍នោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល៕