រដ្ឋាភិបាលប្តេជ្ញាដោះស្រាយបញ្ចប់​បញ្ហាប្រេងឆៅដ៏​ចម្រូង​ចម្រា​ស់​ដែល​បាត់​ជិត​​៣០​ម៉ឺន​បារ៉ែល​ក្នុង​​ខែក​ញ្ញានេះ​

ប្រភពរូបភាព៖ ក្រសួងរ៉ែ និងថាមពល

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាតកម្ពុជា ឱ្យដឹងថា មកដល់ពេលនេះ គ្រប់ភាគីដែលពាក់​​​ព័ន្ធ​រឿងប្រេងឆៅដែលបានបាត់ជិត៣០ម៉ឺនបារ៉ែល ពីកម្ពុជា គឺបានឈានដល់តំណាក់កាលបញ្ច​​ប់​​​​​កិច្ច​​ការនានា តាមនីតិវិធីផ្លូវច្បាប់ ពោ​​លគឺ​នៅ​​រង់ចាំតែការវាយតម្លៃអំពីទី​​ផ្សារប្រេង​ឆៅក្នុងដំ​​ណា​​ក់​​​បន្ទាប់​ទៀត ដែល​​ជា​​​​កិច្ច​​ការ​នៅ​​​​សេសសល់ចុង​​ក្រោយ​​​ប៉ុណ្ណោះ​​។

តាមរយៈសារជា​សំឡេងរបស់​អ្នកនាំ​ពាក្យ​ក្រសួង​រ៉ែ និងថាមពល នៅលើបណ្តាញសង្គម លោក ជៀប សួរ បានប្រាប់​វីអូឌី នៅ​ថ្ងៃទី២៩ ខែកញ្ញា​ថា ម្ចាស់បំណុល​របស់​ក្រុមហ៊ុន គ្រីសអិនណឺ ជី(​Gri​​s​E​nergy) ភាគីតំណាងកប៉ាល់ MT Strovolos និងរដ្ឋាភិបាលកម្ពុជា បាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​​​រួច​​​រាល់ កាល​ពីថ្ងៃទី​១០ ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗនេះ ដើម្បី​លក់​ប្រេង​ឆៅ​ដែល​យក​បាន​មក​វិញ​នេះ ដើម្បី​​​ចែក​ផល​សេដ្ឋកិច្ចគ្នា។

បើតាមលោក ជៀប សួរ នៅចំពោះមុខនេះ ប្រេងឆៅ​ជិ​ត​៣០​ម៉ឺន​បារ៉ែលនោះ បាន​ផ្ទេរចេញពី​​ក​ប៉ា​ល់​​ MT Strovovol ទៅកប៉ាល់មួយថ្មីទៀតហើយ ដែលជាកប៉ាល់អ្នកបញ្ជាទិញប្រេងឆៅ​​នេះ។ ​​ប្រ​​​ភព​ដដែលបន្តថា អ្វីដែលមិនទាន់ដាច់ស្រេចនៅពេលនេះ គឺត្រូវរង់ចាំការវាយតម្លៃពី​​ទីផ្សារ​​ប្រេង​​ឆៅ​​​​សិន ដែលភាគីទាំង៣ កំណត់យកតម្លៃទីផ្សារប្រេងឆៅ សម្រាប់​លក់​ចេញ​គឺ​​​​ក្នុងខែកញ្ញានេះ​​ ហើយ​​​​​កម្ពុជាទទួលបានផលពីការលក់ប្រេងឆៅនេះ ចំនួន៧០ភាគរយ។​​

លោកបន្តថា៖ «សម្រាប់​៧០ភាគរយ​ហ្នឹង​យើង​អត់​ទាន់​ប្រាប់​ឱ្យច្បាស់​ថា​នឹង​ត្រូវ​ទទួល​បាន​ថវិកា​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​សារ​តម្លៃ​ប្រេង​ដែល​បាន​ឯក​ភាព​គ្នា​ហ្នឹង គឺត្រូវ​យក​មធ្យម​ភាគ​នៅ​ក្នុង​ខែ៩​នេះ​ គឺជាខែ​ដែល​យើង​លក់​ប្រេង​ហ្នឹង។ នេះជា​លក្ខណៈ​បច្ចេក​ទេស​ដោយសារ​យើង​ដឹង​ហើយ​ គឺប្រេង​វាប្រែប្រួល​គ្រប់​ម៉ោង​គ្រប់ពេលរៀងរាល់ថ្ងៃផង»។

លោក​ ជៀប សួរ បន្ថែមថា៖ «អ៊ីចឹង​អ្វីដែល​ឯកភាព​គ្នាហ្នឹង​ គឺ​យក​មធ្យម​ភាគ​ក្នុង​ខែ​ដែល​បាន​ទិញ​លក់​ហ្នឹង ដូច្នេះខែកញ្ញាអត់ទាន់​ដាច់​នៅ​ឡើយ យើង​អត់​ទាន់​បាន​​​​គិត​គូរ​ឡើ​យ​​​ទេ។ ចំពោះ​មធ្យម​ភាគរបស់ប្រេង​​​ហ្នឹង​ក្នុងមួយ​បា​រ៉ែលប៉ុន្មានឡើយទេ ដើម្បី​យក​មក​គណនា​​។ ​​នៅ​​​ពេល​គណនា​​​​ឃើញហើយ យើងត្រូវ​​​ដកកា​​រចំ​​ណាយពាក់ព័ន្ធផ្សេងៗ ដូច​ជា​ចំណាយ​ការ​វាស់​​​វាល់​​​ប្រេង ចំណាយទៅលើកប៉ាល់​​មកដឹក ចំណា​យ​​ទៅលើថ្លៃទីផ្សាររបស់​​ប្រេង​ឆៅ​ហ្នឹង ហើយ​​និង​​ចំណាយ​ការ​ថែទាំ​​គុណភាពប្រេងអីផ្សេង​​ៗ​​។ ដូ​ច្នេះ​​​​មកដល់ពេលនេះ យើង​អត់​ទាន់​គ​ណនា​នៅ​​ឡើយ​ទេ នៅរង់ចាំទាំងអស់គ្នាឡើយ ហើយការទូ​ទាត់​ប្រេងគឺ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ ក្រោយ​ពីការ​លក់​ប្រេង​បាន​កើត​ឡើង​ហ្នឹង»។

ដំណក់ប្រេងឆៅ ត្រូវបានបូមចេញពីប្លុកA ដោយក្រុមហ៊ុន គ្រីសអិនណឺជី ចេញ​ពីដែនសមុទ្រ​​កម្ពុ​​ជា ជាលើកដំបូង កាលពីថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុន គ្រីសអិនណឺជី របស់សិង្ហបូរី ជា​​ប្រ​​​តិបត្តិករ ទទួ​​ល​​​​បានសិទ្ធិ​ធ្វើអាជីវកម្មបូមប្រេងឆៅនេះ។ ក៏ប៉ុន្តែ ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន គ្រី​​ស​​​អិនណឺជី​​នេះ បានប្រកាសក្ស័យ​​ធន នៅអំឡុងពេលប្រតិបត្តិការ ដែលមិនអាច​​បន្តអាជីវ​​កម្ម​​របស់​ខ្លួនបាន ដូច​​ផែន​​​​ការដែល​​បាន​​គ្រោង​​ទុក។

នៅមុនពេលនាវិកនៃកប៉ាល់ឈ្មោះ MT Strovolos នេះដឹកប្រេងឆៅចេញពីកម្ពុជា កាលពីថ្ងៃ​​ទី​១​៩ ខែ​មិថុនា ឆ្នាំ២០២១ ដោយមិនបានជូនដំណឹងដល់អាជ្ញាធរកម្ពុជា នាវានេះត្រូវបានក្រុមហ៊ុន គ្រី​​ស​អិនណឺជី ជួលក្នុងតួនាទីជាអ្នកផ្ទុក និងផ្ទេរប្រេងឆៅ នៅក្នុងតំបន់នៃគម្រោង​​ប្រេង​​កាត​​អ​​ប្ស​រា​​​។

សម្រាប់នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា ដែលហៅកាត់ថា TI លោក ប៉ិច ពិសី យល់​​ឃើ​​ញ​​ថា វាជាមោទកភាពដែលនៅទីបំផុតទៅ កម្ពុជាអាចទទួលបានអ្វីដែលខ្លួនបាត់​​បង់មក​​វិញ​​។​លោ​​​​​​​​​ក​​​បន្តថា នេះគឺជាដំណឹងដ៏​រីករាយមួយ ព្រោះចំណូលដែលបានពីការលក់ប្រេងឆៅនេះ នឹង​​ជួយ​​​​​បង្កើន​​សេដ្ឋកិច្ចរបស់ជាតិ។

លោកបន្តថា៖ «ជាការសាទរមួយ​ដែលរដ្ឋាភិបាល ជាពិសេសក្រសួងរ៉ែ និងថាមពល ហើយ​និង​​ក្រុម​​អ្នក​ច្បាប់​របស់​ក្រសួង​ហ្នឹង ដែលរៀប​ចំនីតិវិធី​រហូត​ឈាន​ដល់​ការ​នាំយក​ប្រេង​ដែល​ត្រូវ​បាន​លួច​ហ្នឹង​មក​កាន់​កម្ពុជា​វិញ។ នេះ​ជា​ព័ត៌មាន​មួយ​ល្អ»។

បើទោះបែបណា ក្រុមហ៊ុនឈ្មោះ World Trankers Management របស់នាវា​ដែល​ដឹក​ប្រេង​​​ឆៅ​​​ចេញ​​​​ពីកម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីអំឡុងខែ​សី​​ហា ឆ្នាំ​២០២១ ដោយ​ច្រា​​​​​ន​​​ចោល​ការចោទប្រកាន់នានាថា ខ្លួនលួចដឹកប្រេងឆៅជិត​​៣០ម៉ឺន​​បា​រ៉ែល​នេះ ចេញ​​​ពីដែន​ស​​​មុ​​​​​​ទ្រ​កម្ពុជា។ ម្ចាស់​ក្រុម​ហ៊ុន​នៃ​នាវា MT Strovolos បញ្ជាក់​​នៅក្នុងសេចក្តីថ្លែងការណ៍របស់​​​ខ្លួន​ថា  តាមពិតក្រុមហ៊ុនអ្នកជួលបញ្ជាក់​ថា ទំនិញនោះគឺជាកម្មសិទ្ធិរបស់ខ្លួន​​។

ចំណែក រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា ធ្លាប់ប្រាប់អ្នកសារព័ត៌មាន​​កាល​​​​​ពី​​​ខែ​សីហា ឆ្នាំ២០២១​ថា ការកើនឡើង​នៃតម្លៃប្រេងឆៅនៅលើទីផ្សារប្រេងឆៅអន្តរជាតិ គឺ​​ប្រេង​​​​ដែ​​​​ល​​បាត់ជិត​​៣០ម៉ឺនបារ៉ែលនេះ បើគិតជាចំណូលប្រហែល ២០លានដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ