លោក​ ​ហ៊ុន​ ​សែន​ ​ថ្លែង​ការពារ​ថា​ផ្ទៃ​ក្នុង​គណបក្ស​និង​គ្រួសារ​លោក​មិន​មាន​ការ​បែក​បាក់​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀតនៅខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន   បានថ្លែងការពារថា  ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមិនបានបែកបាក់ ហើយត្រកូល«ហ៊ុន»ក៏មិនចេះទាស់គ្នាដូចបុគ្គលមួយចំនួនលើកឡើងឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីដ្ឋាន អង្គរនាព្រឹកថ្ងៃសៅរ៍នេះ លោក​ ហ៊ុន សែន  ថ្លែងថា កន្លងមក មានការចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាអំពីទំនាស់ផ្ទៃក្នុង ក្រោមហេតុផលថា ​រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ  ព្រមទាំងលោកស្រី ម៉ែន សំអន កំពុងធ្វើការ និងដើរផ្លូវផ្សេងៗពីគ្នា។

ក្រៅពីចោទប្រកាន់គណបក្សប្រជាជនរឿងបែកបាក់គ្នាហើយ ក៏មានការចោទប្រកាន់ទៅលើកូនប្រុសច្បង លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ថា កំពុងដណ្ដើមគ្នាធ្វើជានាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន បញ្ជាក់ថា គ្រួសាររបស់លោកមិនទម្លាប់ទាស់គ្នាឡើយ ដោយលោកគ្រប់គ្រងបានទាំងអស់ មិនថាកូន ឬចៅទេ។

លោកថា៖«ត្រកូល ហ៊ុន មិនចេះទាស់គ្នាទេ សូមផ្ដាំត្រឡប់ទៅវិញ  ធ្វើម៉េចឱ្យតែអ្នកឯងត្រូវគ្នាទៅបានហើយ មិនបាច់មកប្រដៅគណបក្សប្រជាជន ហើយក៏មិនចាំបាច់ប្រដៅគ្រួសារខ្ញុំដែរ។ រៀបចំគ្រួសារពួកអ្នកឯងឱ្យល្អទៅ​ បើគ្រួសារខ្ញុំមិនកើត មិនមែនគ្រួសារខ្ញុំអាច មានសុខដុមរមនារហូតដល់ពេលនេះ។ សូម្បីគ្រួសារមួយមិនអាចត្រួតត្រាបាន យើងទៅត្រួតប្រទេសយ៉ាងម៉េច និយាយឱ្យចំៗចេះតែម្ដងទៅ ហើយបើយើងត្រួតត្រាតែក្នុងគណបក្សខ្លួនឯងមិនកើត សួរថា យើងត្រួតត្រាប្រទេសបានទេ? សុទ្ធតែសមាជិក សមាជិកា មេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាមកនេះច្រើនណាស់»។​

លោក ហ៊ុន សែន បន្តថា ​ជាង៤០ ឆ្នាំដែលលោកកាន់អំណាច គណបក្សប្រជាជនកម្ពុជា មិនដែលមានការរង្គោះរង្គើល និងមានទំនាស់ផ្ទៃក្នុង ហើយបញ្ហាដែលកើតឡើង លោកថា វាជាដំណើរការធម្មតានៃប្រជាធិបតេយ្យក្នុងបក្សតែប៉ុណ្ណោះ។

លោកថា៖«តែវាមិនមែនជាឈ្លោះដូចពួកអ្នកឯង ដូចបែកក្អមដូចខ្ញុំ​ប្រើពាក្យឆ្កែ បើវាស៊ី​បាយនឹងចានតែមួយឆ្កែតែមួយក្បាល​វាស៊ីស្ងាត់ ប៉ុន្តែមានពីរកក្បាលស៊ីក្នុងចានមួយវាខាំគ្នានៅហ្នឹង ជឿខ្ញុំទេ។ អាពាហ៍ពិពាហ៍ដែលចាប់បង្ខំមួយ អ្នកឯងអាចរស់បានមួយរយៈតូច បន្ទាប់ទៅបែក​ ប៉ុន្តែគណបក្សប្រជាជនពីរ ៥ ក្រុម ខុសៗគ្នា បង្កើតទៅជាកម្លាំង រំដោះជាតិមួយហើយរួមរស់នៅជាមួយគ្នា  ៤៣ ឆ្នាំ​ជារយៈពេលមួយជិតកន្លះសតវត្សមិនមែនជារឿងតូចតាចទេ។ ផ្ដាំទៅអ្នកឯងត្រឹមតែប៉ុន្មានគ្រឿង ប្រើពាក្យប៉ុន្មានគ្រឿងអ៊ីចឹងចុះ ជេរគ្នាហ៊ុយដី ហើយជេរសុទ្ធដាក់ហ្វេសប៊ុក ឡាយសូរជេរគ្នាទៀត ហើយតាំងខ្លួនជាអ្នកពូកែ តាំងខ្លួនជាអ្នកបង្រួបបង្រួមគ្នា បង្រួបបង្រួមគ្នាឯងប៉ុន្មាន បង្រួបបង្រួមមិនត្រូវគ្នាអត់មានស្ដាប់មេស្ដាប់កើយ»។

ការថ្លែងសារបស់លោក ហ៊ុន សែន នាពេលនេះ ធ្វើឡើងទំនងឆ្លើយតបនឹងអ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងតែងតែលើកឡើងថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកំពុងរង្គោះរង្គើល ដោយសារ ទំនាស់ផលប្រយោជន៍។

ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ កត់សម្គាល់ឃើញថា កន្លងមក មុនពេលបោះឆ្នោតគ្រប់ភាគីពាក់ព័ន្ធតែងតែបង្ហាញសារ ជាពិសេសអ្នកនយោបាយទាំងគណបក្សកាន់អំណាច ទាំងបក្សប្រឆាំង និងអ្នកវិភាគដែលដានបញ្ហាសង្គមនោះ ដោយបានបញ្ចេញទស្សនៈរៀងៗខ្លួន ដើម្បីឆ្លុះបញ្ចាំងទិដ្ឋភាពជាក់ស្ដែងក្នុងសង្គមឬ ផ្ទៃក្នុងរបស់គណបក្សនយោបាយនីមួយៗ។

លោកបន្តថា ការបង្ហាញសារទាំងអស់នេះ គ្រាន់តែដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងបង្ហាញពីចំណុចខ្លួន និងចំណុច​ខ្សោយរបស់គួរប្រជែងតែប៉ុណ្ណោះ  ប៉ុន្តែសារបែបនេះ លោកថា គួរតែ​លុបបំបាត់ចោល ហើយងាយមកប្រគួតប្រជែងគ្នាតាមរយៈគោលនយោបាយដែលគណបក្សបានដាក់ចេញជាជាង​វាយប្រហារគ្នាបែបនេះ។

លោក សេក សុជាតិ ចាត់ទុកការប្រើប្រាស់សារឌឺដងដាក់គ្នា ដើម្បីយកប្រជាប្រិយភាព ដោយមិនគិតពីផលប្រយោជន៍សង្គមជាតិនេះហើយ ដែលបង្កឱ្យមានការរើសអើងគ្នា  ធ្វើឱ្យជាតិបែកបាក់ផ្ទៃក្នុង ដោយសារអ្នកនយោបាយបានចាត់ទុកគ្នាជាសត្រូវ ខណៈបញ្ហាអំពើពុករលួយ អំពើអយុត្តិធម៌ក្នុងសង្គម និងបញ្ហាធនធានធម្មជាតិជាដើម មិនត្រូវយកមកជជែក និងដោះស្រាយឡើយ។

លោកបន្តថា៖«មួយវិញទៀត អ្នកផ្សេងនៅតែគិតថា ខ្លួនចង់យកឈ្នះអ៊ីចឹង។ នៅតែដុតៗរហូតវាមិនមានច្រកដកថយនៅក្នុងការរក្សាសន្តិភាពផ្ទៃក្នុងជាតិទេ។ អ៊ីចឹងយើងឃើញថា នេះជាគំនូរអាចក្រក់មួយពីព្រោះថាការឈ្លោះគ្នា អ្នកទាំងអស់ហ្នឹងឈ្លោះគ្នា រហូតដល់សង្គមយើងបែកបាក់សាមគ្គីជាតិធ្វើឱ្យប្រយោជន៍រួម ធ្វើឱ្យសង្គមយើងគ្មានយុត្តិធម៌ ធ្វើឱ្យសង្គមយើងពោរពេញទៅដោយអំពើពុករលួយ។ ធ្វើឱ្យសង្គមយើងបាត់បង់នូវអ្វីៗសព្វបែបយ៉ាងទាំងអស់។ អ៊ីចឹង ហើយវាគឺជាទម្លាប់អាក្រក់​ បើសិនជាយើងបោះបង់ចោលទម្លាប់អាក្រក់នេះ យើងងាយមករកកិច្ចចរចា ឬតុចរចា​ ដើម្បីជជែកគ្នាអំពីវិធីសាស្រ្ត ក្នុងការរំដោះបញ្ហាទាំងអស់ហ្នឹង ដើម្បីផលប្រយោជន៍រួមរបស់សង្គមជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ