ពលរដ្ឋ ​២៥០គ្រួសារ​​​នៅ​​ជាប់​​បឹងតាមោក​ ប្តឹង​ទៅ​UN​ឱ្យជួយ​ឃ្លាំមើល​ជម្លោះ​ដីធ្លី​ពួក​​គាត់

ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក បាននាំគ្នាដាក់ញត្តិទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃចន្ទនេះ បាន​នាំគ្នាដាក់ញត្តិទៅ​ឧត្តម​​ស្នងកា​រ​អង្គការសហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិមនុស្សប្រចាំនៅ​កម្ពុជា (UN) ដើម្បីស្នើដល់ស្ថាប័ន​មួយ​នេះ ជួយ​ឃ្លាំមើល​ជម្លោះ​ដីធ្លី និង​ជំរុ​ញទៅរដ្ឋាភិបាលកម្ពុជា កុំឱ្យបណ្តេញ​ពួកគាត់​ចេញ​ទាំង​បង្ខំ។

ចាប់តាំងពីដើមឆ្នាំ២០២២មក ពលរដ្ឋរស់នៅជាប់បឹងតាមោក ក្នុងភូមិសំរោង សង្កាត់សំរោង​ បានតវ៉ាជាបន្តបន្ទាប់ក្រោយពីអាជ្ញាធរខណ្ឌព្រែកព្នៅ ហាមមិនឱ្យសាងសង់​​លំនៅឋានថ្មី និង​បាន​ចាក់ដីលប់​កន្លែងចិញ្ចឹមត្រី​របស់​ពួកគាត់​នៅលើ​ផ្ទៃបឹងតាមោក ដោយចោទ​ពលរដ្ឋទាំងនោះ ថា​រស់នៅ​លើ​ចំណី​ផ្លូវ​លេខ​១៥១ ដោយ​ខុស​ច្បាប់ ប៉ុន្តែពលរដ្ឋអះអាងថា ពួក​គាត់​បាន​រ​ស់​នៅ និង​អាស្រ័យ​លើ​ដីនោះជាង​៣០ឆ្នាំ​ទៅហើយ។

ក្នុងញតិ្តរបស់ពលរដ្ឋ​ដាក់ទៅUN នៅថ្ងៃទី៣ ខែតុលានេះ បានឱ្យដឹងថា ពលរដ្ឋចំនួន​ ២៥០គ្រួសារ បាន​ចូល​ទៅ​រស់​នៅអាស្រ័យ​ផល​លើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែ​អាជ្ញាធរខណ្ឌព្រែកព្នៅ មិន​បានចេញ​បណ្ណកម្មសិទ្ធិជូនពលរដ្ឋនោះឡើយ។

ញត្តិដដែល​បន្តថា ពេលថ្មីៗនេះ អាជ្ញាធរខណ្ឌ​បានចុះទៅ​ហាមឃាត់មិនឱ្យប្រជាពលរដ្ឋជួសជុល ឬសាងសង់​លំនៅឋានដែល​ចាស់​ទ្រុត​ទ្រោមឡើងវិញឡើយ​ ហើយ​បាន​ប្រើហិង្សាលើពលរដ្ឋ និងបានប្តឹងតំណាងពលរដ្ឋ៧នាក់​ទៅតុលាការ​យ៉ាងអយុត្តិ​ធម៌​ថែមទៀត។

ញត្តិនោះបន្តទៀតថា៖ «សូមលោកជួយដល់ប្រជាសហគមន៍យើងខ្ញុំផង ដោយ​កំពុង​រង​ភាពអយុត្តិធម៌ពីសំណាក់​អាជ្ញាធរខណ្ឌ​ព្រែកព្នៅ។ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋខ្មែររស់នៅភូមិសំរោង សង្កាត់​សំរោង​ត្បូង ខណ្ឌព្រែកព្នៅ តាមបណ្តោយផ្លូវលេខ១៥១​ បឹងតាមោក មានសង្ឃឹមលើលោកនាយកអង្គការសហប្រជាជាតិជួយដល់ពួកយើងខ្ញុំផង»

អ្នកស្រី ​ផន សុខុម អាយុ​៥​០​ឆ្នាំ​ ដែល​កំពុង​​រស់​​នៅ​​ជាប់​បឹង​តាមោក ​ក្នុង​សង្កាត់​សំរោង​ ​ប្រាប់​វីអូឌីថា អ្នកភូមិបាន​ស្នើដ​ល់ UN ឱ្យ​ជួយឃ្លាំ​មើលជម្លោះដីធ្លីរបស់ពួកគាត់ និងជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោយធ្វើយ៉ាងណាឱ្យពួកគាត់បានអភិវឌ្ឍន៍នៅ​នឹងកន្លែង។ អ្នកស្រី​បន្ត​ថា ក្រោយ​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ គឺអាជ្ញាធរ​ទាំង​នោះ​តែងតែបង្ខំ​ឱ្យពលរដ្ឋដោះដូរ​ទៅ​ទីតាំង​ថ្មី ប៉ុន្តែក្រុមពលរដ្ឋមិនទាន់យល់ព្រមនៅឡើយ។

អ្នកស្រីបន្ថែមថា៖ «នៅថ្ងៃព្រហស្បតិ៍នេះ[ថ្ងៃទី៦ខែតុលា​]​ មន្ត្រី​រដ្ឋបាលរាជធានីភ្នំពេញ គាត់នឹងចុះទៅដោះស្រាយជាមួយប្រជាពលរដ្ឋដោយ​ក្នុង​៥គ្រួសារ​ជួប​ដោះស្រាយម្តងថា តើពួកគាត់សម្រេចយ៉ាងម៉េច។ ថាតើពួកគាត់ចង់ដោះដូរ? មាន​ការលក់ចេញឬយ៉ាងណាអាហ្នឹងជាសិទ្ធិរបស់គាត់ ហើយខ្ញុំក៏ព្រមព្រៀងដែរ។ ខ្ញុំព្រមព្រៀមព្រោះខ្ញុំចង់​ដឹង​ថា ប្រជាពលរដ្ឋខ្ញុំគាត់​គិត​ដូចខ្ញុំឬក៏អត់?ខ្ញុំមិនអាចអះអាងថា គាត់ដូរឬមិនដូរបានទេ»

ពលរដ្ឋរស់នៅជាប់បឹងតាមោកម្នាក់ទៀត អ្នកស្រី គង់ ទឿ និយាយ​ថា អ្នកស្រីចង់អភិវឌ្ឍន៍នឹងកន្លែង​ ដោយមិនចង់ដោះដូរទៅកន្លែងថ្មីនោះទេ ដោយបារម្ភពីផលប៉ះពាល់ជីវភាព ការបាត់បង់មុខរបរ ខណៈ​អ្នកស្រីពុំមានថវិកាគ្រប់គ្រាន់សម្រាប់​ទៅអភិវឌ្ឍន៍​នៅកន្លែងថ្មី។

អ្នកស្រីបន្ថែមថា៖ «សូមសម្តេចជួយរកយុត្តិធម៌​ដល់​ពួកខ្ញុំ​ផង ព្រោះពួ​ក​ខ្ញុំ​រស់នៅ​កន្លែង​នេះ​៣ជំនាន់​ហើយ សូម​ជួយ​កាត់ឆ្វៀល​ដល់​ពួក​ខ្ញុំផង ឱ្យពួកខ្ញុំរស់នៅបានសុខផង។ ខ្ញុំសុខចិត្តរស់នៅនឹងកន្លែងខ្ញុំ អត់ដោះដូរទៅណាទេ។ ខ្ញុំគ្មានលទ្ធភាពមាន​លុយ​ធ្វើផ្ទះនៅកន្លែងថ្មីទេ»

ចំណែក ពលរដ្ឋ​រស់នៅជាប់បឹងតាមោកម្នាក់ទៀត អ្នកស្រី ប្រាក់ សុភា រៀបរាប់ថា រូប​អ្នកស្រី ក៏ដូចពលរដ្ឋផ្សេងទៀតបានរង​ភាព​អយុត្តិធម៌ និងមានឈឺចាប់ជាខ្លាំង​ជុំវិញគម្រោងអភិវឌ្ឍន៍បឹងតាមោក​របស់រដ្ឋាភិបាលនៅពេលនេះ។

ពលរដ្ឋរូបនេះ​បន្តថា អ្នកលុយមានអំណាចមានសិទ្ធិទទួលបានដីបឹងតាមោកមកធ្វើជាកម្មសិទ្ធិរាប់សិបហិកតា ប៉ុន្តែសម្រាប់​ពលរដ្ឋក្រីក្រ និងរស់នៅអាស្រ័យផល​យូរឆ្នាំ​ជាប់បឹងធម្មជាតិមួយនេះ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា រស់នៅលើចំណីផ្លូវដោយខុសច្បាប់ និងបង្ខំឱ្យពលរដ្ឋចេញពីដីខ្លួនឯងទាំងបង្ខំថែមទៀត។

​ក្នុង​ជំនួប​ជាមួយ​តំណាង UN ​នៅព្រឹកមិញនេះ អ្នកស្រីប្រាក់ សុភា បាន​ស្នើដល់​មន្ត្រី​ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ ចុះពិនិត្យ​មើល​​ពួកគាត់​ផ្ទាល់ និងអន្តរាគមន៍ទៅអាជ្ញាធរឱ្យបញ្ឈប់ការប្រើអំពើហិង្សាលើពលរដ្ឋដែល​តវ៉ារឿង​ដីធ្លីនេះ​ផង​ដែរ។

អ្នកស្រីបន្ថែមថា៖ «យកបេះដូងខ្ញុំ​ទៅដាក់ក្នុងបេះដូងអភិបាលខណ្ឌ លោក ធឹម សំអាន​ ហើយខ្ញុំយកបេះដូង​លោក ធឹម សំអាន មក​ដាក់ក្នុងបេះដូងខ្ញុំ ទើប​លោកអភិបាលខណ្ឌ​លឺសម្រែកឈឺចាប់ ដែលពួកខ្ញុំត្រូវបណ្តេញចេញដោយការដោះដូរពីលំនៅ​ឋាន។ អីចឹង​ដី​បឹងតាមោក​រស់​នៅ​បាន​តែ​អស់​លោក​ខ្សែ​បក្សពួកស្ថាប័នធំៗមែន? ចំណែក​ពួកខ្ញុំពលរដ្ឋក្រីរស់នៅតាំង​ពី៣ជំនាន់ វាថោកទាបណាស់មែន បានជាត្រូវដោះដូរ បានជាត្រូវបណ្តេញចេញ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាង UN បានទេពាក់ព័ន្ធរឿងនេះ។ ប៉ុន្តែ​បើតាមពលរដ្ឋដែលបានដាក់ញត្តិ គឺមន្ត្រី UN បាន​ទទួល​ញត្តិ និងសន្យាឃ្លាំមើល និងចុះពិនិត្យដល់ទីតាំងដីជម្លោះផ្ទាល់ នៅ​ពេលឆាប់ៗខាងមុខនេះ។

គួរ​បញ្ជាក់​ថា នៅព្រឹកមិញនេះ អ្នកភូមិក៏បានជួបប្រជុំជាមួយតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយជម្លោះដីធ្លីនេះដែរ ប៉ុន្តែពុំមាន​លទ្ធផលជាវិជ្ជមាន​ឡើយ ហើយ​រដ្ឋបាលរាជធានីភ្នំពេញ នឹងជួបក្រុមពលរដ្ឋម្តងទៀតនៅសាលាខណ្ឌព្រែកព្នៅ នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍​នេះ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរ​មិនអាចអភិវឌ្ឍន៍​នៅនឹងកន្លែងបានឡើយ ដោយ​សារ​​​ពលរដ្ឋទាំងនោះ​រស់នៅលើចំណីផ្លូវ​លេខ​១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។ លោក​បន្តថា ពលរដ្ឋទាំងនោះ ត្រូវតែដោះដូរទៅទីតាំងថ្មី ដែល​រៀបចំ​ដោយ​អាជ្ញាធរដែល​ត្រូវ​បាន​ដី​ទំហំ ៤ម៉ែត្រ គុណ ១៨​ម៉ែត្រ​ក្នុង១​គ្រួសារ និង​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​សំរោង​​ដូចគ្នា។

ប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ​ នៃ​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ ធ្លាប់​លើក​ឡើង​ថា ក្រោមគម្រោង​អភិវឌ្ឍន៍​បឹង​តាមោក​របស់​រដ្ឋាភិបាលបានបង្កឱ្យ​មាន​​ភាព​អយុត្តិធម៌សង្គម។

មន្ត្រីសង្គម​ស៊ីវិល​​ផ្នែក​សិទ្ធិ​លំនៅឋាន​រូប​នេះ បន្ត​ថា ក្រុមហ៊ុន​ឯក​ជន ស្ថាប័ន​រដ្ឋ និងអ្នកមានលុយមានអំណាចមានសិទ្ធិទទួល​​បានដីបឹង​មក​ធ្វើជា​កម្ម​សិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅ និងអាស្រ័យផលនៅជាប់បឹងនោះ​រាប់ឆ្នាំ បែរ​​​ជាមិន​​ទទួល​បាន​​កម្ម​សិទ្ធិ​លើដីរបស់ខ្លួន និងត្រូវរងនូវ​ការបណ្តេញចេញពីលំនៅឋាន​ទាំងបង្ខំ​ថែមទៀត។

គួរបញ្ជាក់​ថា បឹង​តាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជធានី​​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​​កំណត់​យក​​បឹង​ធម្មជាតិ​មួយ​​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង​២ ០០០​ហិកតា​ហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួន​ដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗ ព្រម​ទាំង​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ