តុលាការ​​​កំពូល​​​នឹង​​ប្រកាស​​សាល​ដីកា​​​លើ​​សំណុំ​រឿង​​កូន​​​​សកម្មជន​​បក្ស​ប្រឆាំង​នៅ​​​សប្តាហ៍​​ក្រោយ​​

កូនអតីតសកម្មជនបក្សសង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីរូបគេជាប់ពន្ធនាគារអស់រយៈពេល៤ខែនិង១៥ថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ (គួយ ឡង់ឌី)

តុលាកា​រកំពូលនឹងប្រកាស​សាលដីកា​លើសំណុំរឿង​កុមារ កាក់ សុវណ្ណច្ឆ័យ កូន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​ដែល​តុលាការ​​បានរំលាយ នៅថ្ងៃពុធ​សប្តាហ៍ក្រោយ ក្រោយពីមេធាវី​ការ​​ពារក្តីឱ្យ​កុមាររូបនេះ ​ស្នើ​​តុលាការ​ជាន់ខ្ពស់មួយនេះ លុបចោលសាលក្រម​ផ្តន្ទាទោស​​របស់សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​

នៅព្រឹក​ថ្ងៃពុធ​នេះ តុលាការ​កំពូល​​​បាន​​បើក​​សវនាការ​​ជំនុំ​​ជម្រះ​​លើ​បណ្ដឹង​សាទុក្ខ​របស់​មេធាវី​ការ​​ពារ​ក្ដី​​ឱ្យ​កុមារ​ កាក់ សុវណ្ណ​ច្ឆ័យ ដែល​ជាកូន​របស់​លោក​ កាក់ កុម្ភារ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ។

ក្នុងបន្ទប់​សវនាការ​នៅ​តុលាការ​កំពូល លោក ជុំ សំបាន តំណាងអយ្យ​ការ​តុលាការ​កំពូល បាន​ឡើង​ធ្វើ​សន្និដ្ឋាន​ដោយ​ស្នើទៅប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ លោក គង់ ស្រ៊ីម ឱ្យតម្កល់សាល​ដីកា​​សាលា​ឧទ្ធរណ៍​​ទុក​​​នៅ​ដដែល ក្រោម​​ហេតុ​​ផល​​ថា ការសម្រេច​នោះ​ជារឿង​ត្រឹម​ត្រូវ។ ចំពោះ​ការ​លើកឡើងរបស់​មេធាវីកា​រ​ពារ​សិទ្ធិ​​ដែល​កុមារ កាក់ សុវណ្ណច្ឆ័យ មានជំងឺ​អូទីស្សឹម​នោះ តំណាងអយ្យការ​រូបនេះ អះអាង​ថា មេធាវីពុំមានលិខិតធ្វើកោសលវិច័យ​ ដើម្បីបញ្ជាក់​ឡើយ។

លោក ជុំ សំបាន ថា៖ «បើផ្អែក​លើភស្តុតាង​ តំណាងអយ្យការឃើញមានការផ្សព្វផ្សាយ​​លើបណ្ដាញសង្គម​ពី​សំណាក់ កាក់ សុវណ្ណច្ឆ័យ មែន​ដូច្នេះ កាក់ សុវណ្ណច្ឆ័យ ក៏ត្រូវ​ទទួល​ទោស​ដូច​អ្នក​ដទៃដែរ ដូច្នេះ​តំណាង​អយ្យការ ស្នើប្រធាន​ក្រុម​ប្រឹក្សាតម្កល់​សាលដី​កាសាលាឧទ្ធរណ៍​ទុកជាបាន​ការ​​ដដែល»

តែយ៉ាងណា មេធាវីការពារក្ដីឱ្យ​កុមារ កាក់ សុវណ្ណច្ឆ័យ គឺ​លោក សំ សុគង់ លើកឡើងថា នៅដំណាក់កាល​​ចៅក្រម​ស៊ើប​​សាលាដំបូងរាជធានីភ្នំពេញ រូប​លោកបាន​ស្នើ​ឱ្យយ​ក​គ្រូពេទ្យទៅពិនិត្យ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា កូនក្ដីរបស់លោកមានជំងឺអូទីស្សឹមឬអត់ ប៉ុន្តែចៅក្រមស៊ើបមិន​បាន​បំពេញ​កិច្ច​នេះ​ឡើយ។

មួយវិ​ញ​ទៀត លោក​ថា ការប្ដឹង​សាទុក្ខនេះ ដោយសារកូនក្តីរបស់លោក​​មិន​សុខ​ចិត្ត​នឹងការ​​​សម្រេច​​របស់​​ចៅក្រម​សាលា​ឧទ្ធរណ៍ ដែលមិនបានពិចារណា​លើសំណើរបស់តំណាងអយ្យ​ការ​ដែល​ស្នើសុំឱ្យទ​ម្លាក់​បទ​ចោល​ប្រកាន់​លើ​កូន​ក្ដី​របស់​លោក ដើម្បីកុំឱ្យប៉ះពាល់ដល់ច្បាប់ការពា​រសិទ្ធិ​កុមារ។

លោក សំ សុគង់ ស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ លុបចោលសាលក្រមផ្ដន្ទាទោសសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យកូនក្ដីមានសេរីភាព ដោយ​ថា សាលក្រមផ្តន្ទាទោសនោះ បានធ្វើឡើងប្រាស់ចាកពី​មាត្រា​៣១ ៣៩ និង​៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា​។

លោក សំ សុគង់ ថា៖ «តំណាងអយ្យការសាលាឧទ្ធរណ៍ ស្នើទៅប្រធានក្រុមប្រឹក្សាពិចារណា​លើផលប្រយោជន៍អនីតិជន និងតំណាងអយ្យការ​សាលាឧទ្ធរណ៍ ស្នើសុំឱ្យរួចផុត​បទចោទប្រកាន់ដែរ។ មេធាវីការពារក៏បានឯកភាពដែរ»។

ក្រោយពីបើក​សវនាការ​ជិត ១​ម៉ោង ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម បាន​ប្រកាស​ថា សាលដីកាសំណុំរឿងនេះ នឹងប្រកាស​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខណៈ​​​សវនាការនា​ព្រឹកមិញនេះ មិនមានវត្តមានជនជាប់ចោទចូលរួមទេ។

កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមសាសាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោស​កុមារ កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដាក់​ពន្ធ​នាគា​រ​​រយៈ​ពេល៨ខែ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២​ឆ្នាំ​។

កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទ​ប្រកាន់​ពីបទ «ញុះ​ញង់​បង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ប៉ុន្តែតុលាការបង្គាប់ឱ្យ​កុមាររូបនេះ អនុវត្តទោស​​ក្នុងពន្ធនាគាររយៈពេល ៤ខែ និង១៥ថ្ងៃ ចំណែក​ទោស​​ដែល​នៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

ម្ដាយរបស់​កុមារ កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែលគាត់ និង​កូន​ប្រុស​មិន​បានចូលរួមសវនាការ ដោយសារ​ពួកគាត់ទៅចូលរួមបា្ររព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ។

ចំពោះ​សវនាការព្រឹកមិញនេះ អ្នកស្រីមាន​ក្ដីសង្ឃឹម​​តិច​តួចដែល​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​​ប្រកាន់ទៅលើ​កូនប្រុស ដោយសារ​កន្លង​មក​ ​អ្នកស្រីក​ត់ស​ម្គាល់​ឃើញ​ថា ឱ្យ​​​តែ​​តុលាការថ្នាក់​ក្រោម​​សម្រេច​​យ៉ាង​​ម៉េច តុលាការកំពូលក៏សម្រេចបែបនោះដែរ។

អ្នកស្រី ព្រំ ចាន់ថា បន្តថា បច្ចុប្បន្នកូនរបស់អ្នកស្រីគ្មានសេរីភាពហើយ រងសម្ពាធថែមទៀតផងដែរ។

អ្នកស្រី ព្រំ ចាន់ថា ថ្លែងថា៖ «រឹតត្បិតសេរីភាព​ក្នុង​ការ​ដើរ​ហើរ​ ទី១ តាម​ដាន​មិន​ឱ្យ​កូនក្ដី​ខ្ញុំ​ទៅ​ណាទៅ​ណី ហើយ​ទៅ​បង្ហាញ​ខ្លួន​គ្រប់​ខែទាំង​អស់ គ្រប់​ថ្ងៃ​ដែលត្រូវតំណត់ថ្ងៃ​ឱ្យបង្ហាញខ្លួន បើតុលាការមើលឃើញយើង​ធ្វើអ្វីដែល​មិន​ពេញ​ចិត្ត​គេ! គេ​អាច​កោះហៅ​យើង​ទៅ​បង្ហាញ​ខ្លួន​​​នៅ​តុលាការ ដើម្បីឱ្យគេដឹង​យើងនៅណាមិនអាចឱ្យយើងទៅណាបាន។ អ៊ីចឹងវារឹតត្បិតសេរីភាព​របស់​ក្មេង ហើយ​វា​ទៅ​រៀន​អី​ក៏​សម្ពាធ ធម្មតា​មាន​ការរើស​អើងពីមជ្ឈដ្ឋានទូទៅ ក៏ដូចជាកូ​នសិស្សដូចគ្នា ឬក៏អ្នកផ្សេងទៀត។ អ៊ីចឹងវាលំបាកណាស់ ដល់អ៊ីចឹងវានៅតែមានទោស ជាប់គុកមានជញ្ជាំង មកជាប់គុកឥតជញ្ជាំងវិញ វាធ្ងន់​ធ្ងរ​ជាង​មុន​ទៀត»​។

យ៉ាងណាក៏ដោយ កុមារ​ កាក់ សុវណ្ណច្ឆ័យ ក៏ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្ដងរួចមកហើយ កាល​ពី​​ខែ​តុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទី​ស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែ​លើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារា​រូបនេះ​ ត្រូវ​​បានសមត្ថ​កិច្ច​​ដោះ​លែង​វិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារា​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​​វាយពីក្រោយ បណ្ដាលឱ្យ​បែកក្បាល​ដេរ ២០ថ្នេរ។ ប៉ុន្តែជាច្រើនខែ​មកហើយ សមត្ថកិច្ចនៅមិនទាន់រកឃើញ​មុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ