បទ​យក​ការណ៍​៖ ​ជន​ជាតិដើម​​ភាគ​តិច​​សួយ​មាន​ជម្លោះ​ដីធ្លី​ជាង​១០​ឆ្នាំ​ជា​មួយ​ក្រុមហ៊ុន​HLH​ក្នុង​ខេត្ត​កំពង់​ស្ពឺ​បន្ត​ទាមទារ​សំណង​សមរម្យ​

ជនជាតិដើមភាគតិចសួយ លោក លោក ហៃ ហ៊ុំ រស់នៅក្នុ្ងងភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ កំពុងរៀបរាប់អំពីការបាត់បង់ដីស្រែចម្ការដោយសារការវិនិយោគរបស់ក្រុមហ៊ុន HLH Agriculture Cambodia កាលពីជាង១០ឆ្នាំមុន តែមិនទាន់ទទួលបានសំណងសមរម្យ។ (ទួក ពិសិដ្ឋ)

 «ខ្ញុំនៅតវ៉ារហូតទោះបីក្បាលខ្ញុំដាច់ ក៏ខ្ញុំសុខចិត្តចូលតវ៉ាដែរ»

នេះជាការលើកឡើងរបស់ជនជាតិដើមភាគតិចសួយមួយរូប  និងជាអតីតទាហានផងនោះ បានប្តេជ្ញាចិត្តបន្តសកម្មភាពទាមទារយុត្តិធម៌ ក្រោយពេលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អេច.អិល.អេច ( HLH Agriculture Cambodia ) ដែលមានរយៈពេលជាង ១ទសវត្សមកហើយ។

កំពុងអង្គុយលើកៅអីជ័រ លោក លោក ហៃ ហ៊ុំ  វ័យ ៤៨ឆ្នាំ រស់នៅក្នុ្ងងភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រៀបរាប់ថា លោក​បាត់បង់ដីជិត ២០ហិកតា ដែលបានកាន់កាប់ជាង២០ឆ្នាំមកហើយ។ លោកថា បន្ទាប់ពីបាត់បង់ដីស្រែចម្ការនេះ លោកក៏សម្រេចចិត្តដើរស៊ីឈ្មួលធ្វើកម្មករដើម្បីរកចំណូលទ្រទ្រង់ជីវភាព ។

លោក ហៃ ហ៊ុំ និយាយថា ៖ « ខ្ញុំដើរធ្វើកម្មករគេ ចឹងទៅ។ ពីមុនខ្ញុំទាហានគេយកដីខ្ញុំអស់អាលីង អាលាត់។ ដីខ្ញុំប៉ុន្មានហិកតា គេយកអស់។ គេ [ក្រុមហ៊ុន] ថា ហ្អែងមិនឱ្យគេក៏នៅតែគេយក គេដាក់គំនាបខ្ញុំទៀត»

បុរសមានសម្បុរខ្មៅស្រអែមរូបនេះឱ្យដឹងថា ក្រុមហ៊ុន អេច.អិល.អេច ដែលមានថៅកែជាជនជាតិចិន បានផ្តល់សំណងឱ្យលោកក្នុងមួយហិកតាចំនួន ២៣០ដុល្លារ តែការទូទាត់នេះបានត្រឹមតែដី ៥ហិកតាប៉ុណ្ណោះ នៃផ្ទៃដី ២០ហិកតារបស់លោក។ លោកថា លោកព្រមទទួលយកសំណងនេះទាំងបង្ខំចិត្ត  ព្រោះបារម្ភខ្លាចមិនបានអ្វីសោះ។

លោក ហៃ ហ៊ុំ និយាយថា  ៖ «ដីខ្ញុំ ២០ ហិកតា គេឱ្យតែ ៥ហិកតាទេ។ ខ្ញុំឆ្អែតចិត្តណាស់»។

ជនជាតិដើមភាគតិចសួយដែលបាត់បង់ដី ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិនរូបនេះ ​លើកឡើងថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះនៅតែបន្តរកអន្តរាគមន៍ពីមន្រ្តីមូលដ្ឋាន អាជ្ញាធរខេត្ត  និងស្នើនាយករដ្ឋមន្រ្តីរកយុត្តិធម៌ ខណៈពួកគេមិនមានដី​ធ្វើស្រែចម្ការដូចមុនឡើយ។

តំណាងពលរដ្ឋរងគ្រោះ លោក ទួន សឿន វ័យ ៥៩ឆ្នាំ ជាជនជាតិដើមភាគតិចសួយរស់នៅភូមិចំបក់ ឃុំត្រពាំងជោរ  ប្រាប់ថា មានប្រជាពលរដ្ឋចំនួន ១៥៩គ្រួសារ ក្នុងភូមិចំបក់ និងភូមិត្រាង ត្រូវបានក្រុមហ៊ុន អេច.អិល.អេច  ប្រើគ្រឿងចក្រឈូសឆាយយកដីរបស់ពួកគេ ដាំដំឡូងក្នុងឆ្នាំ ២០០៨។ លោកឱ្យដឹងថា ដីប្រមាណ ១ ៥០០ហិកតា ត្រូវបានក្រុមហ៊ុនយកដាំពោតនិងធ្វើ​ដំឡូងជាដើម ហើយក្រោយពេលបាត់បង់ដីស្រែ ពលរដ្ឋកាន់តែមានជីវភាព​ដុនដាប។

លោក ទួន សឿន និយាយថា ៖ «ដល់ពេលគេដកដីហើយ ប្រជាពលរដ្ឋមានបញ្ហាកាន់តែ ជ្រៅឡើងៗ។ បញ្ហាទី១ ខ្វះដីអាស្រ័យផល អាស្រ័យផលក្នុងការចង្អៀតចង្អល់។ ទី២ គោអំពែ ឃ្វាលមិនបានដូចដើម មិនបានដូចពីមុន»

លោក ទួន សឿន បានបាត់បង់ដី ជិត២០ហិកតា ដែលកាន់កាប់តាំងពីឆ្នាំ១៩៩៣មក ។ លោកបាន​ធ្វើស្រែលើផ្នែកខ្លះនៃដីនោះ ដោយបានទិន្នផលប្រមាណ ៤តោនក្នុងមួយឆ្នាំ។ លោកថា ជាង១០ឆ្នាំមកនេះ ​ប្រជាពលរដ្ឋដែលបាត់បង់ដីមិនទាន់មានដំណោះស្រាយពីអាជ្ញាធរនៅឡើយនោះទេ។

លោកថា ៖ «រយៈកាលកន្លងមកពីក្រោមដល់លើ អត់មានដោះស្រាយ»

នៅផ្នែកខាងមុខផ្លូវចូលទៅកាន់ភូមិចំបក់ ដីដែលមានវិវាទរាប់រយហិកតាជាមួយជនជាតិដើមភាគតិចសួយនេះ ត្រូវបានក្រុមហ៊ុន អេច.អិល.អេច ( HLH Agriculture Cambodia)  លើកជាស្លាកសញ្ញារបស់ក្រុមហ៊ុនកាត់ទទឹងផ្លូវ ហើយមានដាំដំឡូងនៅអមសងខាងផ្លូវផងដែរ។

លោក ទួន សឿន អង្គុយផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូឌីជុំវិញជម្លោះដីធ្លីរបស់ជនជាតិដើមភាគតិចសួយ ក្នុងភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

តំណាងពលរដ្ឋ​ លោក លោក ទួន សឿន បាននិយាយថា អាជ្ញាធរឃុំត្រពាំងជោរបានចែកដី មានទំហំ ទទឹង៣០ម៉ែត្រ និងបណ្តោយ ៣០០ ម៉ែត្រ ដើម្បីឱ្យអ្នកភូមិសាងសង់លំនៅឋាន និងមានឯកសារបញ្ជាក់ពីអាជ្ញាធររួចហើយដែរ  ប៉ុន្តែបច្ចុប្បនេះត្រូវបានក្លាយទៅជាចម្ការដំឡូងរបស់ក្រុមហ៊ុនឯកជននេះទៅវិញ។

ចំពោះការទទួលយកសំណង ២៣០ដុល្លារ ក្នុងមួយហិកតានោះ លោក ទួន សឿន ឱ្យដឹងថា មានប្រជាពលរដ្ឋខ្លះមិនទទួលយកទេ តែខ្លះទៀតទទួលយកទាំងបង្ខំ ព្រោះតែរងការគំរាមពីក្រុមហ៊ុន។

លោកថា ៖ «គេ [ ក្រុមហ៊ុន] ថាមិនយកក៏គេឈូសឆាយ យកក៏គេឈូសឆាយ»។

ក្រុមហ៊ុន អេច.អិល.អេច  គឺជា ក្រុមហ៊ុនដែលមានថៅកែជាជនជាតិចិន។

តំណាងក្រុមហ៊ុន អេច.អិល.អេច  អ្នកស្រី  ចាន់ យីមួយ បានឆ្លើយតបពាក់ព័ន្ធការបន្តទាមទារសំណងរបស់ប្រជាពលរដ្ឋថា ភាគីក្រុមហ៊ុនបានទូទាត់ឱ្យពួកគេរួចរាល់អស់ហើយ។

អ្នកស្រីថា ៖ « ខ្ញុំអត់មានទូទាត់២៣០ ដុល្លារ ទេ ខ្ញុំទូទាត់ ៤០០[ ដុល្លារ] គត់។ គេចរចា ២វគ្គ។ វគ្គទី១ ២៣០ [ ដុល្លារ]  យូរហើយគេឯកភាពទាំងអស់ហើយ។ ស៊ីញ៉េ សងលុយ សងកាក់ត្រឹមត្រូវ។ ខ្ញុំអត់មែនអ្នកយកលុយទេ ប្រជាជនអ្នកយកលុយពីថៅកែផ្ទាល់»

យ៉ាងណាក្តី សម្រាប់ជនជាតិដើមភាគតិចសួយជាស្រ្តីមួយរូបទៀត អ្នកស្រី ហៃ ផន វ័យ ៣៨ អះអាងថា គ្រួសារអ្នកស្រីបាន​បាត់បង់ជាង ២០ ហិកតា ហើយក៏មិនទទួលបានសំណងពីក្រុមហ៊ុននោះដែរ។

អ្នកស្រី ហៃ ផន និយាយថា  ៖ « ខ្ញុំអត់បានសំណងអីតិចតួចសោះផង! ដូចខ្ញុំអីកូនច្រើនចឹងទៅរកស្អីបាន។ ខ្ញុំពឹងតែដីប៉ុណ្ណឹងដល់ពេលក្រុមហ៊ុនគេយកទៀត។ ខ្ញុំមានស្អី បានតែបាតដៃទទេ»។

មេឃុំត្រពាំងជោរ លោក ទេព ណម បានទទួលស្គាល់ថា អាជ្ញាធរឃុំពិតជាបានចែកដីឱ្យជនជាតិដើមភាគតិចសួយធ្វើជាលំនៅឋាន ពិតមែន។ លោកថា ករណីវិវាទដីធ្លីនេះ អាជ្ញាធរឃុំ​មិនមានសមត្ថភាពដោះស្រាយបានទេ។

លោក ទេព ណម ថា ៖​ « យើងមានលទ្ធភាពណា ដោះស្រាយឱ្យគាត់ ព្រោះដីនេះ មិនមែនដីឃុំឯណាដីក្រុមហ៊ុន រដ្ឋឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍»

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក យឹម សុខុម បានឆ្លើយតបយ៉ាងខ្លីថា អាជ្ញាធរកំពុងដោះស្រាយវិវាទដីធ្លីនេះហើយ។

លោកថា៖ «កិច្ចការនេះគេបានដោះស្រាយច្រើនមកហើយ! ក្មួយទាក់ទងទៅអាជ្ញាធរខេត្ត! »។

អភិបាលស្រុកឱរ៉ាល់ លោក ងួន វាសនា មិនអាចសុំការបំភ្លឺបន្ថែមបានទេជុំវិញបញ្ហានេះ ដោយសារ ហៅទូរសព្ទចូលជាច្រើនលើកតែមិនមានអ្នកទទួលកាលពីថ្ងៃសៅរ៍។

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយវីដេអូមួយ ក្នុងខែតុលា ឆ្នាំ ២០២១ កន្លងទៅ ឱ្យដឹងថា ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ការរំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេសកម្ពុជា​ គឺ​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​ ​ដែលបានបង្កឱ្យប្រជាពលរដ្ឋកម្ពុជា​​ជាង​ ​៥​ ​០​០​០​គ្រួសារ​ ​កំពុងទទួលរង​ផល​ប៉ះពាល់​​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ