សង្គមស៊ីវិល​ និង​បក្សនយោបាយ​ ជំរុញ​​ឱ្យ​​អនុ​វត្ត​​កិច្ច​ព្រម​ព្រៀង​​ប៉ារីស​ ​ដើម្បី​​​ការ​​​បោះ​​ឆ្នោត​​​មួយ​​ធានា​​បានភាព​​​សេរី​ ត្រឹមត្រូវ​ និងយុត្តិធម៌​

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

នៅចំថ្ងៃនៃការប្រារព្វខួបលើកទី៣១ នៃកិច្ចព្រមព្រៀងនយោបាយ សម្រាប់ឆ្នាំនេះ ​អង្គ​ការ​សង្គម​ស៊ីវិល និង​គណបក្សនៅ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​ភាគីពាក់​ព័ន្ធ​ដទៃ​ទៀត បាន​លើក​​​យ​​ក​​​វេទិកា​បោះ​ឆ្នោត ជា​ប្រធាន​បទ​សំខាន់ ដើម្បីជាសារបង្ហាញថា ប្រមាណ៣០ឆ្នាំនេះ ក្រោយពី​​​មា​ន​​​ការ​ជ្រោម​ជ្រែង​ពី​សហគម​ន៍​អន្តរ​ជាតិ ការបោះឆ្នោតមួយនៅកម្ពុជា ដូចមានបញត្តិនៅក្នុង​​ខ្លឹម​​សារ នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីកម្ពុជា នៅតែមិនទាន់អាច​ធានាបាន​​ពី​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​​​នៅ​​​ឡើយទេ។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលបានចូលរួម​នៅក្នុងវេទិកាសំដែងមតិនៅ​​ចំ​​ថ្ងៃប្រារព្ធ​ខួបលើកទី៣១ នៅឯទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ​ នៅ​​ថ្ងៃ​ទី​២៣ ខែ​តុលា ឱ្យ​​​​​ដឹង​​​​ថា ដំណើរការបោះឆ្នោតនៅកម្ពុជាសព្វថ្ងៃនេះ នៅមិនទាន់អាចផ្តល់ឱ្យភាគី គណ​​បក្ស​​​ន​យោ​បាយ ដែលចូលរួមនៅក្នុងការបោះឆ្នោត មានទំនុកចិត្តថាការបោះឆ្នោតនេះ ធានាបានដូច​​​មាន​​កំណត់នៅក្នុ​​ង​​បទ​​​ដ្ឋាន​អន្តរជាតិ គឺស្មារតីនៃកិច្ចព្រមព្រៀងប៉ារីសស្តីពីកម្ពុជានៅឡើយទេ។

លោកបន្តថា ខ្លឹម​សារ​ច្បាប់ គឺធានាពីសិទ្ធិចូលរួមរបស់ពលរដ្ឋ ហើយក្រោយទទួលបាន​​កា​​រជឿ​​​ទុក​ចិត្ត រដ្ឋាភិបាលត្រូវគាំពារសិទ្ធិរបស់ពួកគេ ដោយស្មារតីទទួលខុសត្រូវ ព្រោះបញ្ញត្តិនៃច្បាប់ ដូច​​មាន​​​​ចែង​នៅក្នុ​ង​គោលកា​រណ៍​ទីក្រុង​ប៉ារីស សកម្មភាព​ចូល​រួម​ដោយ​ស្របច្បាប់​របស់​ម្ចាស់​ឆ្នោត គឺ​ជា​​​កាត​​ព្វកិច្ចដែលរដ្ឋាភិបាល ត្រូវទទួលខុសត្រូវ និងធានាសុខសន្តិភាពសម្រាប់ពួកគេ។

លោកបន្តថា៖ «ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មិនមែនតែយើងអ្នកនិយាយទេ សូម្បី​​ស​​ហ​​​គមន៍​​ជាតិ និងអន្តរជាតិ ហើយគេថ្កោលទោសថែម​​ទៀតផង។ ហើយទាំង​​​អស់នេះ វាផ្ទុយ​ពី​​ស្មា​រ​តី​​នៃកិច្ចព្រមព្រៀងសន្តិភាព​​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ នេះយើង​បាន​កត់​សំគាល់​ឃើញ​​​​​​តើ​អស់លោកមានឃើញបែបហ្នឹងដែរអត់ទេ។ អីចឹង​ការបោះឆ្នោតកន្លងមក យើងបោះ​ឆ្នោត​​យ៉ាង​​​ម៉េច​​។ គោលការណ៍ប្រជាធិបតេយ្យ មិនមែន​បោះឆ្នោតឱ្យដឹកនាំរដ្ឋាភិបាល​​ ហើយពេល​​​ដែល​​បាន​​​អំណាច​​ហើយ យក​កម្លាំង​មក​វាយ​ប្រជាពលរដ្ឋ​​អីចឹងទេ។ បោះឆ្នោតឱ្យ​​​រៀបចំ​រដ្ឋាភិ​បាល​​ដើម្បី​​​ការ​ពារ​ប្រជា​ពលរដ្ឋ ហើយបើគ្រាន់តែប្រជាពលរដ្ឋបាតុ​​កម្មទាមទារអ្វីមួយ ប្រើសុទ្ធ​តែដំបង​​​សុទ្ធ​​​តែ​អី»។

កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ​នៃជម្លោះកម្ពុជា ​ត្រូវបានប្រសូត្រឡើង​​ក្រោ​ម​​​​​​​​ការជ្រោមជ្រែងពីប្រទេសជាម្ចាស់លេខីចំនួន ១៨​ប្រទេស ក្នុងនោះមានមហាអំណាចធំៗ ដឹង​​ឮ​ដូច​ជា ចិន សហភាពសូវៀត ឥណ្ឌា អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក​​។ ឧបករណ៍ជា​​​​អន្ត​​រ​​ជាតិ​នេះ បាន​ជួយឱ្យជម្លោះផ្ទៃ​ក្នុង​កម្ពុជា​ទាំង ៤​ភាគី មាន​រណ​សិរ្ស​រំដោះជា​តិ​លោក​តា ស៊ឺន សាន រណសិរ្យ​ហ្វ៊ុន​ស៊ិន​ប៉ិច កម្លាំង​ខ្មែរ និង​សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ភាគីរដ្ឋាភិបាល គឺ​គណ​​បក្ស​​​ប្រជាជនកម្ពុជាបច្ចុប្បន្ន។

កិច្ចព្រមព្រៀងជាអន្តរជាតិនេះ ដែលចុះហត្ថលេខា កាលពីថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១ នេះ មា​ន​​​​​​​ឧបសម្ព័ន្ធជាច្រើន ដែល​ជាមូ​លដ្ឋាន​ជួយ​ឱ្យកម្ពុជាឈានទៅបញ្ចប់សង្រ្គាមស៊ីវិល និងមានដំ​​ណើ​​​រ​​​ការប្រជាធិបតេយ្យ ហើយ​ក្រោយមក កម្ពុជាបានឆ្លងកាត់ការឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជា​លើក​ដំបូង​របស់​ខ្លួន រៀបចំឡើងដោយ​​​​អាជ្ញាធរអ៊ុនតាក់ ដែលធានាបានពី​ភាព​សេរី ត្រឹមត្រូវ និង​​យុ​ត្តិ​​​​ធម៌ កាលពីឆ្នាំ១៩៩៣។

បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាភាគីមួយចេញពីភាគីរដ្ឋកម្ពុជា ដែលបាន​​ចូ​ល​​​រួ​​ម​​ដោយផ្ទាល់ ក្នុងការស្វែងរកដំណោះស្រាយនយោបាយ បានលើកឡើង​​​ជាញឹក​​ញាប់​​ហើយ​​ថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានបញ្ចូលនៅក្នុងខ្លឹមសារ នៃរដ្ឋធម្ម​​នុ​​ញ្ញ​​​​អស់ទៅហើយ។ បើតាមលោក ហ៊ុន សែន ដូច្នេះខ្លឹមសារ​នៃកិច្ចព្រមព្រៀងនយោបាយ ជា​​អន្តរ​​ជាតិ​​នេះ វាលែងមានន័យគ្រប់គ្រាន់ដែលត្រូវរំលឹកទៀតហើយ។

ការថ្លែងដូចនេះរបស់លោក ហ៊ុន សែន ក៏ឆ្លើយតបនៅ​ចំថ្ងៃនៃការប្រារព្ធ​ខួប​៣១ឆ្នាំ នៃ​កិច្ច​ព្រម​​ព្រៀ​​ងទីក្រុង​​​​​​​​​ប៉ារីសស្តីពីកម្ពុជានេះដែរ។ លោកនាយករដ្ឋមន្រ្តី លើកឡើងនៅក្នុងវេទិកាមួយ កាល​ពីថ្ងៃទី​២​៣ ខែតុលា ម្សិលមិញ​ថា ​មិនមានភាព​​ចាំបាច់អ្វី​ដែល​គ្រប់​ភាគី​ពាក់​ព័ន្ធ និងគណបក្សន​​​យោ​​​បាយ​​ផង ត្រូវឈ្លោះប្រកែកគ្នាទៀតទេ ព្រោះខ្លឹមសារធម្មនុញ្ញជាអន្តរជាតិនេះ ត្រូវធ្វើ​សមារណ​កម្ម បញ្ចូល​ទៅក្នុង​​ច្បាប់កំពូលរ​បស់​ជាតិ​​រួច​​​រាល់​ហើយ។

លោកបន្តថា៖ «ហើយអាកិច្ចព្រមព្រៀងនេះ វាបានបញ្ចូលធាតុរបស់វាមកក្នុងរដ្ឋធម្មនុញ្ញ​​របស់​យើង​​អស់​ហើយ។ វាចប់ត្រឹម​ប៉ុណ្ណឹង​ហើយ។ មានអ្នក​ខ្លះ​ថា​យើង​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ប៉ារីស។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ចង់​សួរ​ត្រឡប់​ទៅ​វិញ ការកាត់ទោសខ្មែរក្រហមវាអត់​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​​​ប៉ារីស​ទេ។​​តើអស់លោក​ទទួល​សាល​ក្រមដែល​កាត់ទោស​ខ្មែរក្រហម​ដោយ​តុលាការ​កូន​កាត់​រវាង​អង្គ​ការ​សហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាឬអត់ ព្រោះនេះអត់មាន​ចែងនៅក្នុងកិច្ច​ព្រមព្រៀងប៉ារីស​ទេ​ណា »។

នាយកប្រតិបត្តិ នៃអង្គការខុមហ្វ្រែល លោក គឹម ឈន មិនឯកភាពទេថា ស្មារតី​នៃ​​កិច្ចព្រៀម​ព្រៀ​​ង​ទីក្រុង​​​​​​​ប៉ារីសនេះ ត្រូវ​ផុត​រលត់តាមរយៈការធ្វើសមាហរណកម្ម ឬដាក់បញ្ចូលខ្លឹមសារមួយចំនួន មក​​ក្នុ​ង​​​​រដ្ឋធម្មនុញ្ញ។ បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ អ្វីដែលមានការផ្លាស់ប្តូរ គឺ​គ្រាន់​តែ​​​​​ជា​​ការផ្លាស់ប្តូរ ក្នុងការទទួលខុសត្រូវពីដំណាក់កាលមួយ ទៅដំណាក់​កាលមួយ​ទៀត ហើយ​​លើស​ពី​នេះ ខ្លឹមសារ​នៃស្មារតីជាអន្តរជាតិនេះ នៅតែមានតម្លៃជាសាកលនៅឡើយ។

លោកបន្តថា៖ «អីចឹង​យើងទាំ​ងអ​ស់​គ្នា​ត្រូវ​តែ​ចាំ​ថា​ កិច្ចព្រមព្រៀង​ដែល​ខ្ញុំ​ចង់​លើក​នេះ​មាន​ន័យ​ថា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​អត់​មាន​អាយុ​កាល​កំណត់​ទេ មានន័យថា វាគ្រាន់​តែ​ជា​ផ្លាស់​ប្តូរ​អ្នក​ទទួល​​​ខុស​​​ត្រូវ សម័យមុនបោះឆ្នោតរៀបចំដោយអ៊ុន​តាក់ ប៉ុន្តែឥឡូវនេះ រៀបចំ​ដោយ​ប្រទេស​កម្ពុជា​​​ផ្ទាល់ ដូច្នេះ​​​អ្នក​ដែលមកទទួលបន្ទុកក្រោយនេះ​រៀបចំ​​​មិនបានត្រឹមត្រូវ មិនបានសេរី មិន​បាន​​យុត្តិ​ធម៌ អានេះជាការទទួលខុសត្រូវ »។

មិនខុសគ្នាដែរ លោកបណ្ឌិត ឡ៉ៅ ម៉ុងហៃ អ្នកវិភាគនយោបាយ ក៏យល់ស្របដែរថា កិច្ចព្រម​​ព្រៀ​​ង​​​​​​ស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា ជាសន្ធិសញ្ញាត្រូវបានកំណត់នូវ​កាតព្វ​​​កិច្ច​​​​​​​ជាច្រើនសម្រាប់បញ្ចប់សង្រ្គាម និងការបោះឆ្នោតជ្រើសតាំង​​រដ្ឋាភិបាលខ្មែរថ្មី។ សន្ធិ​សញ្ញា​​មួយ​នេះ ត្រូវអស់សុភាពនៅពេលដែលកាតព្វកិច្ចទាំងនោះ ត្រូវ​បាន​បំពេញ​ចប់​សព្វគ្រប់។

នៅចំថ្ងៃនៃ​ខួប​លើក​ទី៣១ នៃកិច្ចព្រមព្រៀងនយោបាយរួមនេះ នៅឯក្រៅប្រទេសឯណោះវិញ លោក សម រង្ស៊ី អតីតមេបក្សជំទាស់ ក៏បានប្រារព្ធ​ខួប​នៃសន្ធិសញ្ញាជាអន្តរជាតិនេះដែរ។

ដោយឡែក លោក គង់ គាំ ជាអ្នកនយោបាយជើងចាស់មួយរូប ក៏បានចេញនូវលិខិតចំហរ នៅ​​ចំ​​ថ្ងៃ​នៃខួបលើក​ទី​៣១ នៃកិច្ចព្រមព្រៀងប៉ារីសនេះដែរ។

​ក្នុងឋានៈជា​ប្រធានកិត្តិយស​​​​គណ​បក្ស​​ឆ​​ន្ទៈ​​ខ្មែរ និងជាឧត្តមទីប្រឹក្សានៃគណបក្សភ្លើងទៀន លោក គង់ គាំ បញ្ជាក់នៅក្នុងលិខិត​​ចំ​​ហរ​​រ​​​បស់​ខ្លួនថា ក្រោយពីឆ្លងកាត់របបជាច្រើនដំណាក់កាល ទាំ​​​ង​ក្នុ​​​ងរបបសាធារណៈរដ្ឋខ្មែរ គ្រប់គ្រង​​ដោយ​លោក​សេនា​ប្រមុខ លន់ ណុល កម្ពុជា​ប្រធិ​​បតេយ្យ កា​​ន់កាប់ដោយខ្មែរក្រហម និង​​របប​សា​ធា​រណៈរដ្ឋប្រជាមានិតកម្ពុជា ដែលត្រួតត្រា​​​ដោយ​វៀត​​ណា​ម គឺកម្ពុជាត្រូ​វ​ធ្លាក់ខ្លួ​​​នដ៏សែន​​រន្ធត់ ឆ្ល​ង​​​កាត់ទុក្ខសោក វិនាសអន្តរាយ និងទ្រុឌទ្រោម​។ ប៉ុន្តែ លោក​ថា តា​​​ម​រយៈ​​កិច្ច​ព្រម​ព្រៀង​នយោបាយ​រួម​នៃ​​ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលមាន​​ចូល​រួម​ពី​​ប្រទេស​​​ម​​ហាអំណាចទាំង៥ និងខ្មែ​រទាំង៤ភាគី គឺមានអត្ថន័យធំធេង ហើយ​​ប្រទេស​​ដទៃ​ទៀត​​​នៅ​​​លើ​​ពិ​​ភព​​​​​​​លោកកម្រមានដូចកម្ពុជា។

សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចមួយ ក្នុង​ចំណោម​ប្រទេស​ម្ចាស់​ហត្ថលេខីទាំង​​​១​​​៧​​​​ផ្សេង​​ទៀត បានរំលឹកឡើងវិញ នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាលពីថ្ងៃទី​២៣ ខែ មីនា ឆ្នាំ២០២២។ តាម​​​រយៈសេចក្តីថ្លែងការណ៍រួម សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ៤រូប ហៅ​​សន្ធិសញ្ញានេះថា ជាឧបករណ៍អន្តរជាតិមួយ ដែលជួយឱ្យកម្ពុជាមានសុខសន្តិភាព ប្រជា​​​ធិប​តេយ្យ និង​​អធិបតេយ្យភាពពិតប្រាកដរបស់ខ្លួន។ លោក ម៉ាឃី ជាសមាជិកព្រឹទ្ធសភាមួយរូប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ នោះថា លោ​​​​ក​​​​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលោភលើមូលដ្ឋានគ្រឹះ នៃកិច្ចព្រមព្រៀងនេះ ហើយមិនតែ​​ប៉ុ​ណ្ណោះ សកម្មភាពនេះទៀតសោត គឺកំពុងតែគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់​​ពល​រដ្ឋ​​​ ដែលមិនបានធានាឱ្យមាន​ការគោរពដោយពេញលេញ នៃសន្ធិសញ្ញាជាអន្តរជាតិ​​ដ៏​​​ចាំ​បាច់​​មួយ​​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ