អឺរ៉ុប​ថា​ការ​បើក​លំហ​សេរីភាព​ពលរដ្ឋ​និង​នយោបាយ​ជា​រឿង​សំខាន់​ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០២៣​

ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា និង លោកស្រីជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរបស់ខ្លួនឈរថតរូបក្នុងឱកាសជួបពិភាក្សាគ្នា នៅស្ថានទូតសហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក លោក កឹម សុខា)

តំណាងសហភាពអឺរ៉ុបនៅកម្ពុជាលើកឡើងថា ការបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងនយោបាយគឺជារឿងសំខាន់ ដើម្បីជាធាតុផ្សំមួយធានាឱ្យមានការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខ​។

ការលើកឡើងតំណាងសហភាពអឺរ៉ុប ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយលោក កឹម សុខា កាលពីថ្ងៃទី  ២៨ ខែតុលា ឆ្នាំ២០២២។

​ទំព័រហ្វេសប៊ុកស្ថានទូតអឺរ៉ុបប្រចាំកម្ពុជាបានសរសេរនៅថ្ងៃសុក្រថា ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោកស្រី Carmen Moreno  បានសាកសួរអំពីស្ថានភាពនៃដំណើរការសវនាការរបស់លោក កឹម សុខា។

​សហភាពអឺរ៉ុបបញ្ជាក់ថា លោកស្រីក៏បានពិភាក្សាជាមួយលោក កឹមសុខា អំពីសារៈសំខាន់នៃលំហសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ  ដែលជាធាតុសំខាន់សម្រាប់ធ្វើឱ្យការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះ ប្រកបដោយសេរី និងយុត្តិធម៌។

ចំណែកលោក កឹម សុខា ក៏បានសរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃសៅរ៍នេះថា ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Carmen Moreno បានជួបពិភាក្សាជាមួយ​លោក ធ្វើឡើងបន្ទាប់ពីលោកស្រី Carmen Moreno បានវិលត្រឡប់មកពីប្រជុំអ្នកការទូតសហភាពអឺរ៉ុបនៅទីស្នាក់ការកណ្តាលនាទីក្រុងប្រ៊ុចសែលវិញ។

ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតនោះ លោកថា ក៏បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា អំពីស្ថានការណ៍នានានៅកម្ពុជាបច្ចុប្បន្ន​ ពិសេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំង​សេរីភាពរបស់លោកផងដែរ។

ហ្វេសប៊ុក លោក កឹម សុខា សរសេរថា៖«ក្នុងជំនួបរវាងខ្ញុំ និងលោកជំទាវឯកអគ្គរដ្ឋទូតពេលនេះ យើងបានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា អំពីស្ថានការណ៍នានានៅកម្ពុជាបច្ចុប្បន្នដែលពាក់ព័ន្ធនឹងការចាប់អារម្មណ៍របស់សហភាពអឺរ៉ុប ជាពិសេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក៏ដូចជាករណីដំណើរការសវនាការ និងសិទ្ធិសេរីភាពរបស់ខ្ញុំផង»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សំណុំរឿងរបស់លោក កឹម សុខា ស្ថិតក្នុងបន្ទុករបស់តុលាការ មិនពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលឡើយ។ លោកបន្តថា រដ្ឋាភិបាលមានបុព្វសិទ្ធិ ទាល់តែដំណើរការរបស់តុលាការចប់ ដោយប្រមុខរដ្ឋាភិបាល មានសិទ្ធិស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស។

លោកថា៖«ដូច្នេះ នៅពាក់កណ្ដាលផ្លូវ នៃការអនុវត្តទៅលើបន្ទុក គឺយើងធ្វើអ្វីមិនកើតទេ ។ អ្នកការទូតនឹងលោកអត់យល់ពីសាច់រឿងស្រុកខ្មែរ។ កម្ពុជាអនុវត្តទៅតាមច្បាប់នៃនីតិវិធី បើសិនជាជនទាំងឡាយណាមិនមានជាប់កាតព្វកិច្ចតុលាការទេ គាត់សិទ្ធិដូចគេដូចឯង​ក្នុងការចូលរួមឈរឈ្មោះ ឱ្យគេបោះឆ្នោត ឬក៏បង្កើតគណបក្ស។ ដូច្នេះអ្វីដែលឆ្លើយតប កុំឆ្លើយតបរឿងនយោបាយ ឆ្លើយតបទៅនឹងរឿងច្បាប់នៅកម្ពុជាមានហ្នឹង។ បើសិនជាយករឿងនយោបាយ រឿងបំណងចង់របស់លោកខាងលិច លោកខាងកើត ប្រទេសខ្មែរ ​ដូចជាអត់ស្ថិតនៅក្នុងកាតព្វកិច្ចនៃអាណាព្យាបាលបរទេសណាមួយទេ»។

អ្នក​នាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការលើកឡើងរបស់សហគមន៍អន្តរជាតិកន្លងមក និងពេលនេះ ធ្វើឡើងស្របតាមកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាដែលត្រូវអនុវត្ត ដោយសារ កម្ពុជាបានផ្ដល់សច្ចាប័ន កតិកាសញ្ញា និងអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស ​និងនយោបាយ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រកាន់យករបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយគោរពសិទ្ធិមនុស្ស ជាដើម។

លោកចាត់ទុកការជំរុញរបស់សហគមន៍អន្តរជាតិក៏មិនបាន ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ខណៈរដ្ឋាភិបាលកម្ពុជាត្រូវមានកាតព្វកិច្ចឱ្យស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោកយល់ថា ការលើកឡើងរបស់រដ្ឋាភិបាលដែលថា ស្ថាប័នតុលាការជាស្ថាប័នឯករាជ្យនោះវាជាពិត ដោយសារ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានបែងចែកអំណាចទាំង ៣ ដាច់ពីគ្នា ប៉ុន្តែការអនុវត្តជាក់ស្តែងមិនដូច្នោះឡើយ។

លោកថា៖« ប៉ុន្តែយើងមើលការអនុវត្តវិញ មិនសមស្របទេ ហើយកន្លងមក យើងក៏ឃើញដែរ ព្រោះវិបត្តិនយោបាយកន្លងមក សំណុំរឿងនៃអ្នកយោបាយចាក់ស្រេះជាច្រើននៅពេលអ្នកនយោបាយ​​ត្រូវរ៉ូវគ្នាក៏មានការសម្របសម្រួលផ្នែកនយោបាយអ៊ីចឹងដែរ។ ថ្មីៗហ្នឹងក៏មានដែរ មានការសម្របសម្រួលមានការទម្លាក់បទចោទប្រកាន់ មានការដោះលែងសកម្មជនឱ្យមានសេរីភាពអីជាដើម។ សុទ្ធសឹងតែជាការសម្របសម្រួលខាងរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរបស់បក្សកាន់អំណាចដែរ»។

លោក ករុណា បន្តថា រដ្ឋាភិបាលនិងគណបក្សពាក់ព័ន្ធគួរជជែកគ្នា​ដោះស្រាយវិបត្តិនយោបាយ ដោយតម្កល់ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិធំ ដោយថា អ្វីដែលសហគមន៍អន្តរជាតិលើកឡើងនោះ  ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមកម្ពុជាដែរ មិនមែនសម្រាប់ផលប្រយោជន៍ប្រទេសទាំងអស់នោះឡើយ។

​លោកថា ​ការស្នើរបស់បណ្ដាប្រទេសលោកសេរីនោះ មិនមែនជាការលូកដៃទេ ផ្ទុយទៅវិញ វាជាកាតព្វកិច្ចរបស់ប្រទេសទាំងនោះ ក្នុងនាមជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតែប៉ុណ្ណោះ។

លោកថា៖«ក្នុងនាមខ្ញុំជាអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនិងនយោបាយ ស្ថានភាពចុងក្រោយនេះ ខ្ញុំមានការព្រួយបារម្ភរឿងពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងបង្ខាំមនុស្សខុសច្បាប់អីទាំងអស់​នេះ យើងឃើញហើយ យើងកាន់តែធ្លាក់ទៅក្នុងចំណុច ការដាក់បម្រាបព៌ណប្រផេះអី ជាដើម ចំណុចនេះ យើងមានការព្រួយបារម្ភជាពិសេសរឿងសម្អាតប្រាក់ជាដើម។ ទាំងអស់នេះ សុទ្ធតែទាក់ទងលក្ខខ័ណ្ឌធ្វើឱ្យប្រសើរឡើងអំពីការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រជាធិបយតេយ្យ បើសិនបញ្ហាទាំងអស់មិនប្រសើរឡើងទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងមិនប្រសើរ[…] ។ ទៅមុខទៀតអាចនឹងមានសហគមន៍អន្តរជាតិនឹងចាត់វិធានការដាក់សម្ពាធ ដើម្បីធ្វើឱ្យប្រទេសកម្ពុជា បើកលំហឡើង[សិទ្ធិនយោបាយ និងសិទ្ធិមនុស្ស] នេះជាក្ដីបារម្ភរបស់យើង ហើយអត់ចង់ឃើញ​បញ្ហានឹងកើតមានឡើងទេ»

កាលពីខែកញ្ញា ឆ្នាំ២០២២ អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ចេញអត្ថបទសង្ខេបមួយ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំង ព្រមទាំងសកម្មជនផ្សេងទៀត នៅតែបន្តប្រឈមនឹងការគំរាមកំហែង និងគាបសង្កត់ពីអាជ្ញាធរនិងតុលាការកម្ពុជា។

ជាក់ស្តែង​ រយៈពេល១ឆ្នាំកន្លងមក រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញ និងយាយីលើសកម្មជនបក្សប្រឆាំង ដោយចាប់ឃុំខ្លួននិងចោទប្រកាន់ពួកគេតាមអំពើចិត្ត ហើយមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឡើយ ខណៈសំណុំរឿងរបស់មន្រ្តីសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួន៤រូបដែលត្រូវកាត់ទោសពីបទ «សូកប៉ាន់» ក៏សាលាឧទ្ធរណ៍រាជធានីភ្នំពេញតម្កល់ដូចតុលាការថ្នាក់ក្រោមសម្រេចដែរ។

ក្រៅពីសកម្មជនបក្សប្រឆាំង និងសិទ្ធិមនុស្ស អង្គការ CIVICUS ថាតំណាងនិងសកម្មជនសហជីពយ៉ាងហោចណាស់១១នាក់នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ស្របពេលកូដករដែលធ្វើកូដកម្មអហិង្សាត្រូវបានអាជ្ញាធររុញច្រានទៅដីដោយហិង្សា ហើយរងការបៀតបៀនផ្លូវភេទពីសំណាក់ក្រុមអាជ្ញាធរផងដែរ។

ចំណែកសេរីភាពសារព័ត៌មាននៅកម្ពុជា អង្គការដដែលអះអាងថា បច្ចុប្បន្ននៅតែរងការវាយប្រហារ ក្នុងនោះស្ថានីយវិទ្យុនិងកាសែតត្រូវបានបិទបន្ទប់ផ្សាយ ក្រោយពីអ្នកកាសែតត្រូវបានកាត់ទោស។

អង្គការ CIVICUS ចាត់ទុកការបន្តវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលកំពុងបំផ្លាញសារព័ត៌មានឯករាជ្យ ខណៈរបាយការណ៍ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានរកឃើញថា អ្នកសារព័ត៌មាននៅកម្ពុជាកំពុងទទួលរងនូវការបៀតបៀន និងសម្ពាធផ្សេងៗ ក៏ដូចជាអំពើហិង្សា​។

​អង្គការនេះ បានជមរុញឱ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធលើរដ្ឋាភិបាលលោក​ ហ៊ុន សែន ដើម្បីឱ្យមានគោរព​សិទ្ធិមនុស្សពិតប្រាកដ​មុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុន ខណៈការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ សមាជិក និងសកម្មជនគណបក្សភ្លើងទៀន ប្រឈមមុខនឹងការយាយីពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ