អ្នកបើកបរម៉ូតូកង់បីអគ្គិសនីដែលផលិតដោយក្រុមហ៊ុន Onion Mobility កំពុងមានការខកចិត្តបន្ទាប់ពីបានបើកបរអស់រយៈពេលមួយខែដំបូង។ ទោះយ៉ាងណា អ្នកផ្សេងទៀតនៅតែមានសុទិដ្ឋិនិយមអំពីអនាគតបៃតងរបស់ប្រទេសកម្ពុជា ខណៈក្រុមហ៊ុនសន្យាថា នឹងកែលម្អផលិតផលដំបូងរបស់ខ្លួន។
ទឹកប្រាក់រាប់សិបលានដុល្លារត្រូវបានវិនិយោគពីប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង ដើម្បីបើករោងចក្រ Onion ដំបូងគេនៅខេត្តកណ្តាលកាលពី៥ខែមុន ដែលត្រូវបានសាទរដោយមនុស្សជាច្រើនថា ជាជំហានបន្ទាប់របស់ក្រុមហ៊ុន Tada។ Tada គឺជាកម្មវិធីកក់ម៉ូតូកង់បីតាមទូរសព្ទ និងជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Onion Mobility ។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ កម្មវិធីកក់ម៉ូតូកង់បីតាមទូរសព្ទរបស់សិង្ហបុរី និងកូរ៉េខាងត្បូងបានទាក់ទាញការចាប់អារម្មណ៍ ដោយប្រកាសថាមិនដូចកម្មវិធីផ្សេងឡើយ។ កម្មវិធីនេះមិនគិតកម្រៃជើងសាពីអ្នកបើកបរលើថ្លៃសេវាដែលពួកគេរកបានឡើយ។ ឧទាហរណ៍ Grab ដក ២០% នៃថ្លៃសេវាធ្វើដំណើរនីមួយៗដែលអតិថិជនបានបង់។ ផ្ទុយទៅវិញ ក្រុមហ៊ុន Tada និយាយថា ខ្លួនទទួលបានផលចំណេញតាមរយៈគម្រោងរូបិយបណ្ណឌីជីថល (cryptocurrency)។
ក្រុមហ៊ុន Onion បានបញ្ចេញម៉ូតូកង់បីអគ្គិសនីដំបូងគេរបស់ខ្លួនគឺម៉ូឌែល Onion T1 រាប់រយគ្រឿង ដែលលក់ក្នុងតម្លៃចាប់ពីតម្លៃ ៤ ០០០-៥ ០០០ដុល្លារក្នុងមួយគ្រឿង។ អ្នកបើកបរជាច្រើនបានជ្រើសរើសទិញម៉ូតូកង់បីនេះ តាមរយៈការបង់រំលោះប្រចាំខែក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ដោយមិនទាមទារឱ្យមានប្រាក់តម្កល់។
ទោះយ៉ងណា ពួកគេ [អ្នកបើកបរ] បានបើកបរក្នុងរាជធានីភ្នំពេញជាច្រើនខែមកហើយ។ អ្នកខ្លះបាននិយាយថា ម៉ូតូកង់បីរបស់គាត់មានបញ្ហាម៉ាស៊ីន អ្នកខ្លះទៀតថាម៉ូតូកង់បីរបស់គាត់ស៊ីភ្លើង។
លោក ថា ធិន ជាអ្នកបើកម៉ូតូកង់បីម្នាក់បាននិយាយថា បូមនៅម៉ូតូកង់បីរបស់លោកធ្វើឱ្យរលាក់ ដែលធ្វើឱ្យលោកឈឺខ្នង។ អ្នកបើកបរជាច្រើនបានរាយការណ៍ថា បានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីតំឡើងបូមតាមរយៈភាគីទីបី។ លោក ថា ធិន ក៏បានរាយការណ៍ថា លោកគិតថា ក្នុងមួយគីឡូម៉ែត្រលោកចំណាយច្រើនជាងម៉ូតូកង់បី Bajaj ចាស់របស់លោក។
អ្នកបើកម៉ូតូកង់បីម្នាក់ទៀតឈ្មោះ សុខា ដែលបានបើកបរអស់រយៈពេលជាង៥ខែបាននិយាយថា «យើងប្រើប្រាស់ម៉ូតូកង់បីនេះដោយស្ទាក់ស្ទើរ ទោះបីជាមានបញ្ហាទាំងអស់នេះក៏ដោយ»។
លោកបន្ថែមថា៖ «ខ្ញុំរកលុយពីណាបានមកបង់មួយខែ៩០ដុល្លារ»។
លោកបន្ថែមថា៖«ខ្ញុំត្រូវបង់ប្រាក់កម្ចី។ វាចេះតែខូច និងចូលជាងរហូត។ ខ្ញុំខាតពេលដើម្បីរកប្រាក់ចិញ្ចឹមជីវិត»។ លោកបន្តថា លោកយឺតពេលពីរថ្ងៃហើយក្នុងការបង់ប្រាក់ប្រចាំខែក្នុងខែនេះ។
អ្នកបើកបរដែលមិនពេញចិត្តចំពោះករណីនេះ បានព្យាយាមលក់ម៉ូតូកង់បីរបស់ខ្លួនចេញក្នុងតម្លៃទាប។ អ្នកបើកបរម្នាក់បានត្អូញត្អែរលើបណ្តាញសង្គមហ្វេសប៊ុកថា «លក់វិញក្នុងតម្លៃ ២ ២០០ដុល្លារ តែគ្មានអ្នកណាទិញសោះ»។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកបើកបរមួយចំនួនព្យាយាមដាក់បញ្ចាំម៉ូតូកង់បីរបស់ពួកគេក្នុងតម្លៃទាបរហូតដល់ ៨០០ ដុល្លារ។ អ្នកបើកបរបាននិយាយថា ពួកគេត្រូវបង់ប្រាក់ឱ្យក្រុមហ៊ុនប្រហែល ១ ០០០ ដុល្លារ ដើម្បីប្រគល់ម៉ូតូកង់បីមកឱ្យក្រុមហ៊ុនវិញ និងមិនចាំបាច់បង់ប្រាក់ប្រចាំខែមកឱ្យក្រុមហ៊ុនជាបន្តទៀត។ ទោះយ៉ាងណា ពួកគេមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ឱ្យក្រុមហ៊ុនឡើយ។
ខណៈបញ្ហារបស់អ្នកបើកបរខុសៗគ្នា អ្នកបើកបរទាំងអស់ដែលត្រូវបានសម្ភាសបានលើកឡើងថា ប្រព័ន្ធសាកថ្មគឺជាបញ្ហាចម្បង។ ក្រុមហ៊ុន Onion និយាយថា ម៉ូតូកង់បីម៉ូឌែល Onion T1 អាចបើកបរបានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ទើបអស់ភ្លើង។ ទោះយ៉ាងណា អ្នកបើកបរជាច្រើននិយាយថា តាមការអនុវត្តជាក់ស្តែងរបស់ពួកគេ វារត់បានចម្ងាយតិចជាងនេះ។ នៅពេលអស់ភ្លើង អ្នកបើកបរអាចទៅយកអាគុយថ្មីនៅក្រុមហ៊ុន Onion ក្នុងតម្លៃប្រហែល ៣ ដុល្លារ។ អ្នកបើកបរអាចទទួលបានការបញ្ចុះតម្លៃប្រសិនបើពួកគេបង់ប្រាក់តាមកម្មវិធី blockchain wallet របស់ក្រុមហ៊ុន។ ម៉ូតូកង់បីរបស់ក្រុមហ៊ុន Onion មិនភ្ជាប់មកជាមួយឆ្នាំងសាកទេ ហើយអ្នកបើកបរមិនអាចសាកថ្មទៅកន្លែងផ្សេងបានទេ។
អ្នកបើកបរម្នាក់ដែលរស់នៅជាយក្រុងភ្នំពេញ ឈ្មោះ សុខលាភ បាននិយាយថា៖ «ខ្ញុំអាចបើកទៅផ្ទះបាន ប៉ុន្តែខ្ញុំមិនអាចបើកត្រឡប់មកវិញទេ»។ លោកបានលើកឡើងថា លោកត្រូវទុកម៉ូតូកង់បីនៅផ្ទះបងប្រុសលោកក្នុងរាជធានីភ្នំពេញ មុននឹងធ្វើដំណើរដោយជិះយានជំនិះផ្សេងទៅផ្ទះរបស់លោកនៅជាយក្រុងភ្នំពេញ។
លោកបាននិយាយថា ក្រុមហ៊ុនបានផ្សាយពាណិជ្ជកម្មថា ម៉ូតូកង់បីរបស់ខ្លួនមិនជ្រាបទឹក និងអាចបើកកាត់ទឹកបានដល់ទៅ២ម៉ោង។ លោកថា លោកធ្លាប់សុំអតិថិជនឱ្យជួយរុញម៉ូតូកង់បីរបស់លោកចេញពីទឹក និងរង់ចាំរយៈពេល៣០នាទីដើម្បីឱ្យវាស្ងួត។ នៅថ្ងៃបន្ទាប់ ម៉ូតូកង់បីរបស់លោកលែងដំណើរការទាំងស្រុង។ លោកថា ក្រុមហ៊ុន Onion Mobility បានជួសជុលដោយឥតគិតថ្លៃ ហើយថែមទាំងផ្តល់ម៉ូតូកង់បីផ្សេងសម្រាប់ប្រើប្រាស់ក្នុងពេលដែលលោករង់ចាំរហូតការជួសជុលរួចរាល់។
លោក សុខលាភ បាននិយាយថា ក្រុមហ៊ុនក៏បានផ្សព្វផ្សាយថា អ្នកបើកបរអាចសន្សំសំចៃប្រាក់បានច្រើនបើធៀបនឹងម៉ូតូកង់បីប្រើសាំង ប៉ុន្តែលោកថា តម្លៃក្នុងការប្តូរថ្មថ្មីគឺប្រហាក់ប្រហែលគ្នាទេ។
ទោះបីជាមានបញ្ហាក៏ដោយ អ្នកបើកបរជាច្រើនមានជំនឿលើចក្ខុវិស័យរបស់ក្រុមហ៊ុន។
លោក ស៊ឹម ប៊ុនធី ស្ថិតក្នុងចំណោមអ្នកបើកបរដំបូងគេដែលទទួលបានម៉ូតូកង់បីពីក្រុមហ៊ុន Onion បាននិយាយថា «ខ្ញុំចង់ប្រើវាព្រោះវាជួយដល់បរិស្ថាន។ យើងបានបំផ្លាញបរិស្ថានជាយូរមកហើយ»។
លោកបាននិយាយការពារផែនការបៃតងរបស់ក្រុមហ៊ុន និងបានរិះគន់លើការមើលមិនបានវែងឆ្ងាយរបស់អ្នកបើកបរផ្សេងទៀត ដោយនិយាយថា ក្រុមហ៊ុនធានារយៈពេល ២ ឆ្នាំ ហើយក្រុមហ៊ុនប្រមូលយកមកវិញនូវផ្នែកទាំងឡាយដែលមិនដំណើរការ ឬផ្តល់ជូនរបស់ថ្មី។
អ្នកបើកបរមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហាក់ដូចជានៅតែចាប់អារម្មណ៍ក្នុងការចុះឈ្មោះសម្រាប់ទទួលបានម៉ូតូកង់បីពីក្រុមហ៊ុន Onion ដោយមានការបញ្ចេញមតិ (comments) ជាច្រើនសួរថា តើនឹងមានម៉ូតូកង់បីប្រភេទនេះនៅពេលណានៅក្នុងតំបន់របស់ពួកគេ ជាពិសេសនៅក្រុងតាខ្មៅ។ អ្នកបើកបរភាគច្រើនក៏បានយល់ស្របថា ប្រអប់លេខស្វ័យប្រវត្តិមានភាពងាយស្រួលចំពោះការធ្វើចរាចរណ៍នៅរាជធានីភ្នំពេញ។
លោក ខេ វូ (Kay Woo) ស្ថាបនិកក្រុមហ៊ុន Onion បាននិយាយថា ក្តីបារម្ភមួយចំនួនរបស់អ្នកបើកបរគឺដោយសារតែខ្វះការយល់ដឹងអំពីយានជំនិះអគ្គិសនី។ លោកពន្យល់ថា អ្នកបើកបរម៉ូតូកង់បីភាគច្រើនស៊ាំនឹងម៉ូតូកង់បីប្រើសាំង ដែលគាត់មិនចាំបាច់ចាក់សាំងញឹកញាប់ពេកទេ។ លោកនិយាយថា នៅពេលដូរមកប្រើម៉ូតូកង់បីអគ្គិសនី ពួកគេត្រូវសាកថ្មឱ្យពេញរាល់លើក ដូច្នេះ ពួកគេមានអារម្មណ៍ថាចំណាយប្រាក់ច្រើន។
លោក Woo បានបន្ថែមថា ការអនុញ្ញាតឱ្យអ្នកបើកបរសាកថ្មនៅផ្ទះអាចបង្កឱ្យមានអគ្គិភ័យ។ លោកបានបន្តថា អាគុយមិនមែនជាកម្មសិទ្ធិរបស់អ្នកបើកបរទេ ប៉ុន្តែជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។ ប្រសិនបើត្រូវលក់អាគុយរួមជាមួយនឹងម៉ូតូកង់បី អ្នកបើកបរភាគច្រើនមិនមានលទ្ធភាពទិញទេ។
លោកនិយាយថា ដូចច្នេះ «អាគុយជាសេវា» គឺជាគំរូដ៏ល្អបំផុតសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា ហើយក្រុមហ៊ុនមិនមានគម្រោងអនុញ្ញាតឱ្យអ្នកបើកបរសាកថ្មដោយខ្លួនឯងនោះទេ។ លោកបន្ថែមថា តម្លៃដូរថ្មត្រូវបានគណនាថាមានតម្លៃថោកជាងសាំង។
នៅពេលអនាគត អាចមានប្រព័ន្ធផ្សេងៗគ្នា ដូចជាការបង់ប្រាក់ប្រចាំខែសម្រាប់ការផ្លាស់
ប្តូរគ្រឿងបន្លាស់គ្មានដែនកំណត់ ឬអនុញ្ញាតឱ្យអ្នកបើកបរទិញអាគុយដែលត្រូវបានកែប្រែជាថ្មី និងអាចសាកថ្មនៅផ្ទះដោយខ្លួនឯង។ ក្នុងពេលនេះ ក្រុមហ៊ុន Onion Mobility កំពុងធ្វើការជាមួយក្រុមហ៊ុន TotalEnergies និង PTT ដើម្បីឱ្យអ្នកបើកបរអាចទៅប្តូរអាគុយនៅទីនោះ
បាន ។
លោកក៏បានការពារការវាយតម្លៃរបស់ក្រុមហ៊ុនអំពីចម្លាយផ្លូវដែលម៉ូតូកង់បីរបស់ក្រុមហ៊ុនលោកអាចរត់បានបន្ទាប់ពីប្តូរអាគុយថ្មី។ លោកថា ចម្លាយនេះត្រូវបានសាកល្បងលើផ្លូវកៅស៊ូដោយមានអ្នកបើកបរម្នាក់ និងអ្នកដំណើរម្នាក់។ ទោះយ៉ាងណា លោកទទួលស្គាល់ថា ការប៉ាន់ប្រមាណចម្ងាយផ្លូវពី ១០០-១២០ គីឡូម៉ែត្រអាចប្រែប្រួលអាស្រ័យលើស្ថានភាពផ្លូវ ហើយលោកបានចង្អុលបង្ហាញថា នេះមិនខុសពីម៉ូតូកង់បីបុរាណនោះទេ ដែលរត់បានចម្លាយខុសៗគ្នាដោយប្រើសាំងមួយលីត្រ អាស្រ័យលើស្ថានភាពផ្លូវ ទីជម្រាល និងទម្ងន់។ លោកបានលើកឡើងថា អ្នកបើកបរជាច្រើនបានកែច្នៃម៉ូតូកង់បីរបស់ពួកគេ ដូចជា ការច្នៃបូមដែលអាចដឹកលើសទម្ងន់។
លោក Woo បាននិយាយថា៖ «វាជារឿងធម្មតាទេដែលមានការត្អូញត្អែរ ខ្ញុំយល់ថា។ នេះជាយានជំនិះដំបូងដែលយើងបង្កើតឡើង។ យើងជាក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកទន់ (software)… ប្រាកដណាស់អាចមានបញ្ហា។»
លោកបាននិយាយថា ទិន្នន័យដែលប្រមូលបានពីមតិត្រឡប់របស់អ្នកបើកបរត្រូវបានប្រើប្រាស់ដើម្បីកែលម្អម៉ូតូកង់បីរបស់យើង ម៉ូឌែល T1S ហើយនឹងត្រូវបានដាក់លក់នៅក្នុងត្រីមាសទីមួយនៅឆ្នាំក្រោយ ហើយបន្ទាប់មកទៀតនឹងដាក់លក់ម៉ូឌែល T2។ ទោះយ៉ាងណា អ្នកបើកបរម៉ូឌែល T1 ដែលចង់បានម៉ូឌែលថ្មីនឹងត្រូវទិញថ្មី។
លោក សុខា អ្នកបើកបរដែលត្អូញត្អែរអំពីបញ្ហាឥតឈប់ឈរបានប្រាប់អ្នករាយការណ៍ព័ត៌មានថា គាត់មានអារម្មណ៍ថាហាក់ដូចជាមិនសមស្រមសោះ។ លោកថា៖ «ម៉ូតូកង់បីនេះទើបចេញលក់សាកល្បង ប៉ុន្តែមានតម្លៃ ៥ ០០០ ដុល្លារ [លោកនិយាយអំពីម៉ូឌែល T1 របស់លោក] ហើយយើងមិនអាចប្រគល់ឱ្យក្រុមហ៊ុនវិញឡើយ»។
ឆ្លើយតបនឹងករណីនេះ លោក Woo បាននិយាយថា៖ «វាមិនមែនជាយានជំនិះសាកល្បងទេ។ វាជាយានជំនិះដ៏ល្អបំផុតដែលយើងបានបង្កើត។ … វាអាចមានភាពខ្វះចន្លោះ ឬបញ្ហាមួយចំនួនដែលយើងមិនអាចដោះស្រាយនៅដំណាក់កាលដំបូង ប៉ុន្តែប្រសិនបើយើងរកឃើញថាមានបញ្ហា យើងព្យាយាមដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន នោះគឺជារឿងសំខាន់បំផុត»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស ដោយលោក លី សេងហន៖ https://vodenglish.news/cambodia-built-onion-electric-tuk-tuks-hit-speed-bumps/

អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Rosa-Luxemburg-Stiftung នៅអាស៊ីអាគ្នេយ៍ តាមរយៈការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។