កម្ពុជាផលិត​នាឡិកា​ដៃ​២៥​គ្រឿង​ជូន​ប្រធាន​គណៈ​ប្រតិភូ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​

នាឡិកាដៃ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ (នាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥ គ្រឿង សម្រាប់ជូនប្រធានគណៈប្រតិភូ ដែលមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយនេះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ និងដើម្បីបង្ហាញថា ជាផលិតផលស្នាដៃរបស់ខ្មេរ។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី  បានសរសេរកាលពីម្សិលមិញថា​ នាឡិកាដៃចំនួន២៥គ្រឿង ផលិតដោយកម្ពុជា នឹងរៀបចំទុកជូនដល់ប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ សម្រាប់ជាវត្ថុអនុស្សាវរីយ៍។

លោកបន្តថា នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា ដែលលោកហៅថា «ខ្មែរធ្វើបាន»។

លោកថា៖«មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិត នាឡិកាដៃចំនួន ២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិង បច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន»។

ការរៀបចំនាឡិការបស់លោក ហ៊ុន សែន នេះ ធ្វើឡើងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អាមេរិក លើកទី៤០ និង៤១។ កិច្ចប្រជុំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២២ ឱ្យ​ដឹងថា ក៏មានកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាស៊ាន-អាមេរិកមួយ ​ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) ក៏បានធ្វើដំណើរ​​​​មក​ប្រទេស​កម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំអាមេរិក​-អាស៊ាន​ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ