ADB ផ្តល់​កម្ចី​ចំនួន​៧០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ធ្វើ​កំណែ​ទម្រង់​លើវិស័យ​អប់រំ

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ (ប្រភពរូប៖ ក្រសួងអប់រំ)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧0លា​ន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​​រដ្ឋាភិបាលកម្ពុជា​ ក្នុង​ការ​ធ្វើ​​កំណែទ​ម្រង់​ស៊ី​ជម្រៅ លើ​វិស័យ​អប់​រំកម្រិត​មធ្យម​សិក្សាទុតិយ​ភូមិ​នៅ​ទូទាំង​ប្រទេស។

ក្នុងសេចក្តីប្រកាសព័ត៌មានរប​ស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​នេះ​ថា ធនាគារនេះ បាន​អនុម័ត​កម្ចី​ចំនួន ៧0​​លាន​ដុល្លារ ដល់​​​​​ប្រទេស​កម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់​​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើកំណែ​ទម្រង់​ស៊ី​ជម្រៅ​លើផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស។

ប្រភពដដែល បន្តថា ​គម្រោង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការអប់រំមធ្យមសិ​ក្សា​ទុតិយ​ភូមិ​នេះ នឹង​ជួយ​កម្ពុជា​ អភិវឌ្ឍន៍​ធនធានមនុស្សប្រកបដោយគុណភាព​ខ្ពស់ ជាពិសេសក្នុងវិស័យ STEM ហើយ​​គម្រោងនេះ នឹងពង្រីក​លទ្ធភាព​ទទួល​បាន​​ការ​អប់រំ​កម្រិត​មធ្យម​សិក្សាទុតិយភូមិ ដែលផ្អែកលើស្តង់ដារ លើក​កម្ពស់​ការអប់​រំ​ STEM ដោយ​គុណ​ភាព និង​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន​សម្រាប់​ការ​ធ្វើ​ផែន​ការ ការគ្រប់គ្រង និង​ការផ្តល់​ការ​អប់រំមធ្យម​សិក្សាទុតិយ​ភូមិ។

អ្នកឯកទេសជាន់ខ្ពស់ផ្នែកអប់រំ​របស់ADB សម្រាប់តំបន់អាស៊ី​អាគ្នេយ៍ លោក​ស្រី Lynnette Perez បានលើកឡើង​នៅក្នុងសេចក្តីប្រកាស​ព័ត៌​មាន​នោះ​ថា ដោយ​សារ​តម្រូវ​ការ​ខ្លាំង​នៃ​ជំនាញ STEM គម្រោងនេះនឹង​ជួយពង្រឹង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ STEM បច្ចុប្បន្ន ដើម្បីតាមទាន់ការកើន​ឡើង​នៃត​ម្រូវ​ការ​សម្រាប់កម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។

លោ​ក​ស្រី បន្តថា៖ «ការ​ងារ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​បំពេញ​ជំនាញ ចំណេះដឹង និង​សមត្ថភាព​សតវត្ស​ទី​​២១ ទៅ​ក្នុង​ការ​អប់រំ STEM របស់​ខ្លួន នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​របស់សិស្សក្នុង​ការ​គិត​បែប​វិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការ ដែលទាំងនេះនឹងត្រូវការសម្រាប់​សេដ្ឋកិច្ចផ្អែកលើចំណេះដឹង»។

សេចក្តីប្រកាសព័ត៌មាន​របស់​ADB បញ្ជាក់​ទៀត​​ថា ក្នុង​ចំណោម​ផែន​ការ​របស់​គម្រោង ក៏​នឹង​មាន​ការ​ធ្វើឱ្យ​ប្រសើរ​​ឡើង​នូវ​សម្ភារៈ​បរិក្ខារ​នៃសាលា​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំនួន​១៤ និង​សាលាមធ្យមសិក្សាទុតិយភូមិទូទៅ​ចំនួន​១០៣ ដោយបំប្លែងថ្នាក់រៀនចំនួន​៣ ដោយ​ក្នុងសាលានីមួយៗទៅជាថ្នាក់រៀនវិទ្យាសាស្ត្រចំនួន ២ និង​បណ្ណាល័យ​មួយ ដែលមានបំពាក់ឧបករណ៍ សម្ភារៈបង្រៀន សៀវភៅ គ្រឿងសង្ហារឹម​ និង​ធន​ធាន​បច្ចេកវិទ្យា​អប់រំ​ចាំ​បាច់​ផង​ដែរ។

បន្ថែមពីនេះ  និង​មាន​ការបង្កើនជំនាញគរុកោសល្យ ចំណេះទ្រឹស្តីរបស់គ្រូបង្រៀន និងពង្រឹងការផ្តល់ការអប់រំ STEM ​នោះ ADB ថា​​គម្រោងនឹងផ្តល់នូវការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិតដល់គ្រូបង្រៀន STEM ចំនួន ៧៧៥នាក់ ដែលមានស្ត្រីយ៉ាងតិច ៤0% និងសាស្ត្រាចារ្យ STEM ចំនួន ២៥នាក់ មកពីវិទ្យាស្ថានជាតិអប់រំ ដែលមានស្ត្រីយ៉ាងហោចណាស់ ៨0% ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ