កម្មករ​​រោង​ចក្រ​​អ៊ីស្ត​ក្រោន​ប្តឹង​ទៅ​ក្រសួង​ការ​ងារ ករណី​​​ថៅកែ​​ប​ញ្ឈប់​​ពី​​ការ​​ងារ​ក្រោយ​​បង្កើត​​សហជីព​​ក្នុ​ង​រោង​​ចក្រ​

រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក)

កម្មករ២នាក់ទៀត ដែល​​បម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្តឹងទៅក្រសួងការងារ ករណីថៅកែ​បញ្ឈប់​ពី​ការ​ងារ​ ក្រោយពួកគេនាំគ្នាបង្កើតសហជីពក្នុងរោង​ចក្រ។

គិត​ត្រឹម​​ថ្ងៃ​​​ទី​​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កម្មករ-កម្មការិនីចំនួន​ ៩​នាក់​ហើយ ដែលបម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ត្រូវបាន​ថៅកែចេញ​លិខិត​​បញ្ចប់​កិច្ចស​ន្យាកា​រ​ងារ ក្រោយ​កម្មករទាំងនោះនាំគ្នាបង្កើត​សហជីពមួយឈ្មោះ​ «សហជីពឯករាជ្យ» នៅ​ក្នុង​រោងចក្រ ដើម្បីជួយតស៊ូមតិ និងការពារ​សិទ្ធិជូនកម្មករ។

ក្នុងបណ្តឹងដាក់ទៅ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែលវីអូឌីទើបទទួលបាននៅថ្ងៃចន្ទនេះ បាន​ឱ្យដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ កម្មករប្រមាណ១០នាក់ បានបោះឆ្នោតបង្កើតសហជីពឯករាជនៅក្នុងរោងចក្រ អ៊ីស្តក្រោន។ បណ្តឹងបន្តថា ក្រោយ​​បោះឆ្នោតបង្កើតសហជីពរួចហើយ ក្រុមកម្មករបានដាក់ពាក្យស្នើសុំទៅក្រសួងការងារ ដោយ​មន្ត្រីក្រសួងការងារ​បាន​ចេញ​បង្កាន់​ដៃ​ទទួល​ស្គាល់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​នោះ​ពី​កម្មករ។

ប្រភព​ដដែល អះ​អាង​ថា ក្រោយមកនៅថ្ងៃទី៤ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ ថៅកែរោងចក្របានបញ្ឈប់ថ្នាក់ដឹក​នាំ និងស្ថាបនិកសហជីពចំនួន៩​នាក់​ជាបន្តបន្ទាប់ ដោយពុំបានបញ្ជាក់ពីមូលហេតុត្រឹមត្រូវឡើយ។

លើសពីនេះ បណ្តឹងរបស់កម្មករ​បាន​លើកឡើងថា​ ប្រធានរដ្ឋបាលរោង​ចក្រ​​អ៊ីស្ត​ក្រោន លោក វ៉ា អ៊ីហុង បាន​ប្រាប់​ទៅ​ក្រុម​កម្មក​រ​ឱ្យ​លាលែងពីសហជីពឯករាជ្យ ឱ្យ​ទៅ​ចុះ​ចូល​ជាមួយ​សហជីព​ដែល​បង្កើត​ឡើង​ដោយ​រោង​ចក្រ​វិញ ហើយបានគំរាមកម្មករថា ប្រសិនបើពួកគេមិនព្រមចុះចូលទេ ខាងរោងចក្រនឹងបញ្ចប់កិច្ចសន្យាការងារពួកគេទាំងអស់គ្នា និងមិនបើកប្រាក់ឈ្នួលឱ្យថែមទៀត។

មួយទៀតនោះ រដ្ឋបាលរោងចក្រ បាន​គំរាម​ថា នឹងបញ្ជូនឈ្មោះ​កម្មករ​ដែល​បង្កើត​សហជីព​ឯករាជ្យ​ទៅ​ក្នុង​បញ្ជី​ខ្មៅ ហើយបញ្ជូន​​ទៅ​តាម​បណ្តារោងចក្រ​ផ្សេងៗ​ទៀត ដើម្បីកុំឱ្យទទួលយកកម្មករទាំងនោះចូលបម្រើការងារផងដែរ។

បណ្តឹងរបស់កម្មករ​បានចាត់ទុក​​ទង្វើ​របស់រោងចក្រនេះ ថា​អនុវត្តផ្ទុយ​ពី​ច្បាប់​ស្តីពី​សហជីព​ ត្រង់​មាត្រា​៤៣ និងមាត្រា៦៧ ដែលពួកគេត្រូវ​ទទួល​បាននូវការការពារ​ពិសេសពី​ការ​រង​គ្រោះ និង​បញ្ឈប់​ពី​ការ​ងារ​ ដោយសារ​ពួក​គេ​ជា​បេក្ខជន​ឈរ​ឈ្មោះឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ និងជាស្ថាបនិកសហជីពដែលកំពុងស្ថិតនៅក្នុងការស្នើសុំចុះបញ្ជីនៅនាយកដ្ឋានប្រធានសហជីពមូលដ្ឋាន និងប្រតិភូបុគ្គលិកផងដែរ។

ស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ អ៊ីស្តក្រោន លោក ឌួង តុលា មានប្រសាសន៍នៅថ្ងៃចន្ទនេះថា ករណីថៅកែបញ្ឈប់កម្មករជាបន្តបន្ទាប់នេះ គឺជាចេតនារើសអើងសហជីព និងបានរំលោភលើសិទ្ធិកម្មករ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​លោក ហេង សួរ ធ្លាប់ប្រាប់​​វីអូឌី​ថា មន្ត្រីជំនាញរបស់ក្រសួង កំពុ​ង​​ដោះ​​ស្រាយ​​បញ្ហា​នេះ។

តំណាង​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ម៉ាក​ភូម៉ា(PUMA) បានប្រាប់វីអូឌីតាមរយៈប្រព័ន្ធអេឡេចត្រូនិចអ៊ីម៉ែលកាលពីថ្ងៃទី២៥ ខែតុលា​​ថា ក្រុមហ៊ុន​មួយ​នេះ បេ្តជ្ញាការពារសិទ្ធិកម្មករក្នុងការបង្កើត​សហជីព ហើយ​មិន​អត់ឱនចំពោះការរំលោភបំពានលើសេរីភាព​សហជីព​ឡើយ។

បើតាម​​កម្មករ​ រោង​ចក្រ​អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD)មានកម្មករប្រមាណ ៣ ០០០នាក់ កំពុងបម្រើការងារ ដែលមានថៅកែជាជនជាតិចិន និងជារោងចក្រផលិតស្បែកជើងម៉ាក ភូម៉ា (PUMA)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ