កូដករ​​​ណាហ្គាវើលដ៍​​បន្ត​ធ្វើ​កូដ​កម្ម​អហិង្សា ទោះបី​អាជ្ញាធរ​​ព្រមាន​ចាត់​វិធានការច្បាប់

កូដករណាហ្គា បន្តការតវ៉ានៅមុខក្រុមហ៊ុន នារសៀល​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ រូបថត ហ៊ុយ ឧស្សាហ៍

ក្រុមកូដករណាហ្គាវើលដ៏ នៅថ្ងៃចន្ទ​នេះ បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​វិវាទ​ការងារ​​​ដែល​បាន​​អូសបន្លាយ​​រយៈ​​ពេលជាង ១ឆ្នាំ ​បើទោះបីរដ្ឋបាល​​​រាជធានីភ្នំពេញ បានព្រមាន​ចាត់វិធានការច្បាប់លើពួកគេក្ដី។

កូដករណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ប្រាប់អ្នកសារព័ត៌មាននៅ​កន្លែងធ្វើកូដកម្មខាងមុខក្រុម​ហ៊ុន​ណាហ្គាវើលដ៍ថា ការដែលពួកគាត់បន្តធ្វើកូដកម្ម​នេះ​ ដោយ​​សា​រ​​ថៅកែក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ មិនបានដោះស្រាយវិវាទការងារឱ្យមានយុត្តិធម៌ និង​តម្លាភាពនៅ​ឡើយ។ កញ្ញាបន្ត​ថា ពួកគាត់មិនមានក្ដីបារម្ភចំពោះការព្រមានរបស់អាជ្ញាធរនោះ​ទេ ដោយ​សារ ការ​ធ្វើកូដកម្មនេះ ស្របតាមច្បាប់ការងារ រដ្ឋធម្មនុញ្ញ និង​ច្បាប់អន្តរជាតិ។

កញ្ញាថា៖ «រដ្ឋបាលរាជធានីភ្នំពេញ គាត់ចេញសេចក្ដីប្រកាសគំរាមកំហែង​ពួកខ្ញុំ​សព្វបែប​យ៉ាង ដូច​ខ្ញុំ​បញ្ជាក់ខាង​ដើម​អ៊ីចឹង គោល​ជំហរ​ពួ​ក​ខ្ញុំ នៅដដែល​ ពួកខ្ញុំគឺនៅបន្តធ្វើ​កូដ​កម្ម រហូត​ទាល់​មាន​ដំណោះ​ស្រាយ។ សាលារាជធានីភ្នំពេញ រួមទាំងស្ថាប័នរដ្ឋ​ពាក់ព័ន្ធទាំងអស់ ចង់ឱ្យអត់​មាន​កូដកម្មកើតឡើង លុះត្រាតែឱ្យថៅកែចេញមក​ដោះ​ស្រាយ​មក។ ពួកខ្ញុំ​មិន​មែន​ចង់​ផ្អាក​ទេ គឺ​ចង់​ឈប់​តែ​ម្ដង ប៉ុន្តែឱ្យតែមានដំណោះស្រាយសម្រាប់ពួកខ្ញុំ»។

កូដករណាហ្គា​ម្នាក់ទៀត​ អ្នកនាង ស្រីមិញ លើក​ឡើង​ដែរ​ថា ការ​​ព្រមាន​របស់​អាជ្ញាធររាជធានីភ្នំពេញ មកលើពួក​គាត់​មិន​មែន​ជារឿងថ្មីឡើយ។ អ្នកនាងបន្តថា ពួកគាត់ទាំងអស់គ្នា មិនចង់បន្តការ​តវ៉ា​​​នៅ​មុខ​ក្រុមហ៊ុនបែបនេះទេ ប៉ុន្តែដោយ​សារ​ថៅកែក្រុ​ម​ហ៊ុន មិន​ព្រម​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ជូនពួក​គាត់។

អ្នកនាងថា៖ «យើងនៅបន្ត ព្រោះយើងមានដំណោះស្រាយពីក្រុមហ៊ុន អ៊ីចឹងខ្ញុំនៅបន្ត​ធ្វើ​កូដកម្ម លុះត្រាមានដំណោះ​ស្រាយជូនពួកខ្ញុំ។ ពួកខ្ញុំមិនមានការ​ព្រួយ​បារម្ភ​ទេ ព្រោះរឿងព្រមាន​​រឿងអីហ្នឹង វាមានច្រើនហើយ គាត់តែង​ព្រមាន​រាប់​មិន​អស់ទេ អ៊ីចឹងវាអត់មានអីចម្លែកចិត្តទេ»។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា​ ចុងសប្តាហ៍មុននេះ រដ្ឋបាល​រាជធានីភ្នំពេញ ​បា​ន​ស្នើឱ្យក្រុម​កូដករ​​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ផ្អាក​ធ្វើ​កូដកម្ម​ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ។ អាជ្ញាធរក៏បានព្រមាន​​ចាត់​វិធាន​ការ​ច្បាប់ផងដែរ បើ​កូដ​ករ​​​នៅ​​បន្តការ​​តវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និង​សណ្ដាប់​ធ្នាប់សង្គម កំឡុងពេល​កិច្ចប្រជុំកំពូលអាស៊ាននេះ។​  

ក្រោយពីការ​​ធ្វើ​កូដ​កម្ម​ប្រមាណ​១០ខែ​មក​នេះ កូដករណាហ្គាវើលដ៏​​ជិត ១០រូបហើយ ត្រូវ​បានសាលា​​ដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន​។

ពាក់ព័ន្ធនឹងរឿងវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ កាល​ពី​ខែមករា​​ដើមឆ្នាំ២០២២នេះ​ ថ្នាក់​​ដឹក​នាំ និង​​សកម្ម​ជន​​សហជីព​​ចំនួន ១១​នាក់ ​ដែល​​ជា​តំណាង​របស់​ក្រុម​កូដករណាហ្គាវើលដ៏ ក៏​ត្រូវបាន​​តុលាការ​​​​​​ចោទ​ប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន​ ក្រោម​ការចោទ​ពី​បទ «ញុះ​ញង់​​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍» និង​បទ «រារាំងការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរាលដាលជំងឺកូវីដ-១៩»។

អភិបាល​រងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា ប្រសិនបើកូដករណាហ្គា​នៅ​បន្តធ្វើកូដកម្ម កំឡុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន នោះ​ពួក​គេនឹង​​ប្រឈមផ្លូវច្បាប់​ហើយ។

លោកថា៖ «គាត់ធ្វើទៅ ប៉ុន្តែ​គាត់​នឹងទទួលខុសត្រូវផ្លូវច្បាប់បន្តទៀត​ទៅ មាន​អីព្រោះយើងបានជម្រាបគាត់អស់ហើយ»

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍​ថា រដ្ឋាភិបាល និងអាជ្ញាធរ​​ត្រូវ​​ដោះស្រា​យ​វិវាទ​ការងារ​មួយនេះ​ ជាជាង​ចេញ​លិខិត​កោះ​ហៅ និង​​​ឱ្យកូដករផ្អាកធ្វើកូដកម្ម​​ទាំង​ដំណោះស្រាយមិនទាន់មានតម្លាភាពសម្រាប់ពួកគាត់​នោះ។ អ្នកស្រី​បន្ត​ថា ការចេញ​លិខិត​ឱ្យកូដករផ្អាកធ្វើកូដកម្ម និងព្រមានចាត់វិធានការច្បាប់នេះ មិនមែនជា​ដំណោះស្រាយឡើយ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលទៅវិញទេ។

វិវាទ​ការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុន​នេះបាន​បញ្ឈប់​​​បុគ្គលិក​ចំនួន១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង ៨ ០០០នាក់ ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»។ យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេល១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ