មន្រ្តី​​​ចាត់​ទុ​​កការ​អំពាវ​នាវ​របស់​វេទិកា​ពលរដ្ឋ​​​ឱ្យ​ងើប​ឡើង​តវ៉ា​​ពេល​ប្រជុំ​អាស៊ាន​​​ថា​​ជា​​សារ​​ដែល​​គ្មាន​​​តម្លៃ

លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការអំពាវនាវរបស់វេទិកាពលរដ្ឋ ដែលឱ្យពលរដ្ឋ​ងើប​ឡើងធ្វើបាតុកម្ម​នៅ​អំឡុងពេលកិច្ចប្រជុំអាស៊ាន​នោះ​ថា ជាផ្នែក​​​មួ​យ​​​ដែល​គ្មាន​តម្លៃ​អ្វី​សម្រាប់​ឱ្យ​​ថ្នាក់ដឹកនាំ​ និង​ប្រមុខកាទូតអាស៊ាន​ ត្រូវ​​ចាប់​បង្ខំឱ្យ​រដ្ឋាភិបាលកម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ ត្រូវតែអនុវត្តស្មា​​រតី​​នៃ​​​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ។

ការឆ្លើយតប​របស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា​ បានធ្វើឡើងស្រប​ពេល​​​ដែល​​វេទិកា​ពលរដ្ឋ បាន​​​​ចេញ​​សារកៀរគរឱ្យពលរដ្ឋ ត្រូវងើបធ្វើបាតុកម្ម នៅថ្ងៃប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​​ពាក់​​ព័ន្ធ​ដទៃទៀត ដែលកម្ពុជាជាអ្នកដឹកនាំ។

ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចំអក​ឱ្យ​​​លោ​​ក គឹម សុខ ប្រធាន​វេទិកាពលរដ្ឋ​ដែលមានមូលដ្ឋានៅនៅសហរដ្ឋអាមេរិក ថានេះ​ជា​គំនិត​រវើរវាយ កើ​ត​ចេញ​ពី​បុគ្គលផ្ទាល់ខ្លួន។ លោកបន្តថា ការពិត កិច្ចប្រជុំកំពូលអាស៊ាននេះ មិន​មែន​ធ្វើ​ឡើង​​​​​ជា​​​ទ្វេ​​​​ភាគីទេ ហេតុនេះបើទោះជាមានការ​បំផុស​ឱ្យមានចលនា​តវ៉ា​បែប​ណា​ក៏ដោយ ក៏វា​គ្មាន​សារ​សំ​​ខាន់​​​ដែរ​​។

មួយវិញទៀត លោកថា ​ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពី​កម្ពុជានេះ ត្រូវ​​បាន​ដាក់​​​ប​ញ្ចូ​​​​លនៅក្នុង​រដ្ឋធម្មនុញ្ញរួចអស់ទៅហើយ។

លោកបន្តថា៖ «ការប្រកាសរបស់ គឹម សុខ ឱ្យប្រជាពលរដ្ឋងើបឡើង​ដើម្បីតវ៉ា​​ជាមួយភាគី​ហត្ថ​លេ​ខី​ដែល​បាន​អញ្ជើញ​មក​កម្ពុជា​គ្រាន់​តែ​ជាការ​បង្កើត​មួយ​ឱ្យ​គេ​ចាប់​អារម្មណ៍។ ប៉ុន្តែ​វា​អត់​មាន​ប្រសិទ្ធិ​​​ភាព​អ្វី​ទេ ព្រោះវេទិកានេះជាវេទិកាពហុភាគីទេ»។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជា​​ធ្វើ​​ជា​​ម្ចាស់​​​​ផ្ទះ​​នេះ នឹ​ងប្រព្រឹត្ត​​ទៅចាប់ពីថ្ងៃទី​១០ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២។

លោក គឹម សុខ ដែលជា​អ្នកវិភាគនយោបាយផងនោះ​ បានលើកឡើង​នៅក្នុងសេចក្តី​​ថ្លែងការណ៍​​របស់​​​វេទិ​​​កា​ព​​លរដ្ឋ នៅថ្ងៃទី៧ ខែវិច្ឆិ​​កា​នេះ​ថា ពលរដ្ឋត្រូវចេញតវ៉ានៅទូទាំងប្រទេស ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​​​​ថ្ងៃ​​​ចុង​​​​ក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន។

តាមរយៈសេចក្តីថ្លែងការណ៍នេះ វេទិកាពលរដ្ឋ​​ លើក​​ឡើ​​ង​​​ទៀតថា កាលៈទេសៈនេះ ជាឱកាស​​មួ​​យ​​​​​ដ៏​​កម្រសម្រាប់អ្នកនយោបាយ សង្គមស៊ីវិល សកម្មជន និងពលរដ្ឋ ដែលប្រាថ្នាចង់​​បាន​​ប្រទេ​​ស​​មួយ មានប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម ស្របពេល​​ដែ​ល​​ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិ​​​បាល​​ដែ​​ល​ជា​​ភាគីហ​ត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ នឹងមានវត្តមាននៅកម្ពុជា អំឡុង​​ពេ​​ល​​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​​កំ​​ពូ​ល​​​ពាក់​ព័ន្ធ​ផ្សេងទៀត។

មិនតែប៉ុណ្ណោះ វេទិកាពលរដ្ឋ បញ្ជាក់​បន្ថែម​ថា នៅពេលនេះ ពលរដ្ឋមិនគួរនៅញញើត​​នឹងអំ​​ណា​​​ច​នាយករដ្ឋមន្រ្តីទេ ព្រោះអំណាចរបស់ពលរដ្ឋនេះ ក៏មានបញ្ញត្តិដែរនៅក្នុងរដ្ឋធម្មនុញ្ញ និង​​កិ​ច្ច​​​​​​​​​ព្រ​​ម​ព្រៀ​​ងទីក្រុងប៉ារីស។

ចំណែក ស្ថាបនិកនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា អ្វីដែលលោក គឹម សុខ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍​នៃវេទិកាពលរដ្ឋនោះ ​ជាជម្រើសមួយល្អ សម្រាប់​ប្រ​​ទេ​ស​ដែល​គោរព​សិទ្ធិពលរដ្ឋជាមូលដ្ឋាន ដូចជា សហរដ្ឋ​អាមេរិក និង​សហភាពអឺរ៉ុប​​​​ជាដើម​​។ ក៏ប៉ុន្តែ លោកថា សម្រាប់បរិបថនៅ​កម្ពុជា ការកៀរគរនេះ ហាក់ជួបឧបសគ្គ ដោយសារ​​សិទ្ធិ​​សម្តែង​​មតិ​​​​រប​​ស់​ពលរដ្ឋ មិនត្រូវបានបើកទូលាយប៉ុន្មាននោះឡើយ។

លោកបន្តថា៖ «ខ្ញុំគិតថា បញ្ហានេះ គឺវាមាន​ភាព​លំបាក​នៅក្នុង​ប្រទេស​កម្ពុជា។ មួយវិញ​ទៀត យើង​ឃើញ​ថា បញ្ហា​ទាំង​អស់​នេះ គឺជា​បញ្ហា​មួយ​ ប្រសិនបើ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ ហើយមានការចូលរួមពីគណបក្សប្រឆាំង ខ្ញុំគិតថា វា​អាច​នឹង​មាន​ការ​ជួប​ជុំ និង​ការស្នើសុំ ឬក៏ដាក់ញត្តិ ឬក៏ការសម្តែង​មតិ​នៅ​ទីសាធារណៈ ដើម្បី​សហគមន៍​​អន្តរ​ជាតិ​ដែ​​​ល​​ម​​ក​​​​​​ចូលរួមប្រជុំនៅរាជធានីភ្នំពេញនេះ បានដឹង បានឮ និង​បាន​ឃើញ​អំពី​អ្វី​ដែល​ជា​ក្តី​បំណង ឬ​​​​ក៏​​​កា​រ​ចង់​បានពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតហ្នឹង»។

ប្រទេសកម្ពុជា ធ្លាប់​ធ្វើជា​​ម្ចាស់​ផ្ទះ​ប្តូរ​វេន២​លើករួចមក​ហើយ កាលពីឆ្នាំ​២០០២ និងឆ្នាំ២០១២ បន្ទាប់​ពីប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ត្រូវបានដាក់បញ្ចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ​​១៩​៩​៩​។ បើទោះជាបែបណា សម្រាប់លោកនាយករដ្ឋមន្រ្តី បានថ្លែងការពារកាលពីថ្ងៃទី១០ ខែ​តុលា ឆ្នាំ​​២​​០​២​​​​២ ថា តាមពិត ស្មារតីនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំង៤ភាគី នៅ​​​កម្ពុ​​ជា ត្រូ​​វ​​​​​​​បា​​​ន​​​ដាក់​​បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចអស់ទៅហើយ។ ក៏ប៉ុន្តែសម្រាប់លោក គឹម សុខ ដែល​លើក​​​ឡើ​​​ង​​​​​នៅថ្ងៃនេះ នៅក្នុងវេទិកាពលរដ្ឋ នៅតែចាត់ទុកថា ធម្មនុញ្ញនៃកិច្ចព្រមព្រៀងសន្តិ​​ភាព​ទី​​ក្រុ​ង​​​ប៉ា​​រីស​នេះ ត្រូ​​វ​​​បា​នរដ្ឋាភិ​​បាលអនុវត្តក្នុងកម្រិតតិច​តួច ជាពិសេស​គោល​ការណ៍​ដែល​ធានា​ពី​ប្រ​​​ជា​​​​​ធិបតេយ្យ​​សេ​រី​ពហុបក្ស មិនត្រូវបានគាំពារដោយអង្គការរដ្ឋឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ