មន្ត្រីកម្ពុជា​កំពុង​ដោះស្រាយ​​ជាមួយ​ខាង​ថៃ ករណីមន្ត្រីយោធាកម្ពុជា​បើករថយន្ត​​និងប្រើ​អាវុធខុសច្បាប់ក្នុងទឹកដីថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បាន​ឱ្យដឹ​ង​ថា មន្ត្រីយោធាកម្ពុជាម្នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​នៅ​ខេត្តស្រះ​កែវ និង​ចោទប្រកាន់ថាបាន​លួច​បើករ​ថយន្ត​​ចូល​​ប្រទេស​ថៃ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយករណីនេះក្រុមការងារជំនាញកម្ពុជា កំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយបញ្ហានេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ លោក ឈុំ សុជាតិ មាន​ប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា បើ​តាម​ព័ត៌​មានបឋម​ដែល​លោក​​​ទទួលបាន មាន​មន្ត្រី​យោធា​កម្ពុជា​មួយ​រូបឈ្មោះ សុខ បានផល មាន​ឋានន្តរសក្ដិវរសេនីយ៍ឯក នៃអគ្គលេខាធិការដ្ឋាន​ ក្រសួងការពារជាតិ ត្រូវបានកម្លាំងយោធាថៃឃាត់​ខ្លួន​បាន​កាលពីថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់​ពី​មន្ត្រី​យោធារូបនោះ​ បាន​បើក​រថយន្ត​ចូល​​ដី​ថៃ ដោយ​​គ្មាន​ការ​អនុញ្ញាត ហើយ​ថែមទាំងបាន​ដកកាំភ្លើងខ្លីដើររេរា​នៅ​ក្នុង​ទឹកដីថៃ។

បើតាម លោក ឈុំ សុជាតិ ក្រុមការងារជំនាញកម្ពុជា​ កំពុង​សហការជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហា​នេះ។

លោកមានប្រសាសន៍​ថា៖ «គេចោទម៉េចចោទទៅ ខ្ញុំទា​ក់​ទងទៅខាងអគ្គលេខាធិការដ្ឋាននៃក្រសួងការពារជាតិ[ធ្វើការងារ]ហ្នឹងហើយ»។

យោងតាមសារព័ត៌មាន​ក្នុងស្រុក ដែលបានផ្សព្វផ្សាយ​​នៅថ្ងៃទី​៧ ខែវិច្ឆិកានេះ​ ឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មានរថយន្តម៉ាក​ហ្ស៊ីប ព៌ណខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា PICH NIK បានបើក​បរ​ឆ្លង​ព្រំដែនតាម​ច្រកអ​ន្តរជាតិ​ភ្នំ​ដី ហើយ​បាន​បំពាន​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យរបស់ភាគីថៃ ដោយ​បន្ថែម​ល្បឿនចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ទាំងគ្មានច្បាប់អនុញ្ញាត។

ប្រភពដដែលបន្តថា ក្រោយមក រថយន្តនោះ​​ត្រូវបាន​កម្លាំង​យោធាថៃឡោមព័ទ្ធ អស់រយ:ពេលជា​ង ១៧​ម៉ោង ទើ​ប​ឃាត់ខ្លួន​បាន​នៅត្រង់ចំណុចផ្លូវបែកជា៤ ក្នុង​ស្រុកវឌ្ឍនា​ណាក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។ ករណីនេះ ​អាជ្ញាធរ​​ថៃបាន​​ចោទប្រកាន់ទៅលើ​អ្នកបើកបរ​ដែលជាមន្ត្រីយោធាកម្ពុជានោះ​​​ចំនួន ៤ករណី រួម​មាន ធ្វើដំណើរ​ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់ មិន​បាន​ឆ្លង​កាត់​អន្តោប្រវេសន៍, នាំរថយន្តចូលក្នុងទឹកដីថៃ ដោយគ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​គយ, ប្រើ​ប្រាស់​អាវុធខុសច្បាប់ក្នុងទឹកដីថៃ និងរារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅនៃអង្គការការពារ​​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មន្ត្រីយោធា​កម្ពុជា​ ត្រូវបានអាជ្ញាធរថៃឃាត់​ខ្លួន​នោះ​ ទំនង​ជាក​ម្ពុជាមិន​អាច​ជួយ​ដោះស្រាយ​ឱ្យ​រួចផុតពីការចោទប្រកាន់​របស់​អាជ្ញាធរថៃបានទេ​​ ដោយសារប្រទេសថៃជាប្រទេសដែលគោរពច្បាប់។

លោកបន្ត​ថា៖ «មន្ត្រី​ដែល​មាន​ឋានន្តរស័ក្ត ហើយទៅធ្វើអំពើមិនសាកសម ឬទង្វើខុសច្បាប់នៅប្រទេសគេដូច្នេះ វាធ្វើឱ្យប៉ះពាល់សម្រាប់មុខមាត់រាជរដ្ឋាភិបាលយើងផងដែរ ហើយ​ជាពិសេសខ្មាស់ពលរដ្ឋគេផង អីចឹង​ចំណុច​​នេះ​ហើយ​ដែល​យើងឃើញថា មកទល់ពេលនេះ វាអត់មានការអន្តរាគមន៍ណាមួយពីរាជរដ្ឋាភិបាល ឬអាជ្ញាធរកម្ពុជា ពីព្រោះយ៉ាងហោចណាស់ ទុកឱ្យគេអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់តាមនីតិវិធីរបស់គេដែរ»។

លោកបន្ថែម​ថា៖ «ទោះបីជាមន្ត្រីយោធា ឬក៏មន្ត្រីផ្សេងៗនៅតាមព្រំដែន ត្រូវអនុវត្តច្បាប់ជាគំរូ កុំឱ្យយកគំរូតាម​មន្ត្រីទាំង​អស់​នេះ ហើយ​ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីរក្សាមុខមាត់និងកិត្តិយសរបស់ប្រទេសយើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ