អ្នកឃ្លាំ​មើល​យល់​​​ថា​ ការ​​មិន​ផ្ត​ន្ទា​ទោស​អ្នក​ប្រើ​​ហិង្សា​​«ជា​គំរូ​​អាក្រក់»​នៃ​​ការ​​អនុវត្ត​​​ច្បាប់

សកម្មភាពស្ត្រីឈ្មោះ សេង ចាន់ថន ដួលលើថ្នល់នៅអំឡុងពេលតវ៉ានៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០។ រូបពីអង្គការលីកាដូ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បង្ហាញ​​ការ​​យល់​​ឃើញ​ថា ការ​ប្រើអំពើ​ហិង្សា​ពេល​ចុះអ​នុវត្ត​ច្បាប់ រួមទាំងការប​ន្ស​ល់​ទុក​ករណីហិង្សា​ជា​ច្រើន​ទៀត ដែលជនដៃដល់មិនត្រូវបាននាំខ្លួនទៅ​ផ្តន្ទា​ទោស ជា​គំរូអាក្រក់​នៃ​​ការ​អនុវត្ត​ច្បាប់ នឹង​ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្សកា​ន់​តែ​ធ្ងន់​ធ្ងរ បើគ្មានវិធាន​កែ​លម្អ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អំពើ​ហិង្សាជា​​ច្រើន​ករណី បាន​កើត​ឡើង​ទៅ​លើ​អតីត​សម្មជន​នយោបាយ​សំឡេងជំទាស់ និង​ថ្មីៗ​នេះ ក៏​មាន​ករណីសន្តិ​សុខខណ្ឌ៧​មករា ព្រួត​គ្នា​វាយលើ​បុរស​អូស​រទះ​អេត​ចាយ​ម្នាក់ ពេលចុះ​រៀប​ចំ​សណ្តាប់ធ្នាប់។

ប៉ុន្តែ​ទាំង​ករណី​ថ្មី និង​ករណី​ចាស់ ជន​ដៃដល់​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តុលាការ ដើម្បី​វិនិច្ឆ័យ​ទោស តាមច្បាប់​ទេ។

ប្រធាន​គ្រប់គ្រង​ទូទៅអ​ង្គ​ការ​ឃ្លាំមើ​ល​សិទ្ធិមនុស្សលីកាដូលោក អំ សំអាត លើកឡើង​ថា ប្រទេស​ដែលប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ ការអនវុត្តច្បាប់ គេមិន​ប្រើ​អំពើ​ហិង្សា​ទេ លើក​លែង​តែ​ករណី​ជន​សង្ស័យ​តដៃ ដែល​សមត្ថកិច្ច​ប្រើ​ប្រាស់​សិទ្ធិ ដើម្បី​ការ​ពារ​ខ្លួន ឬ​ដើម្បីចាប់ជនសង្ស័យ ព្រោះគេគោរព​នូវ​គោល​ការណ៍​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​លោក​ថា ករណីព្រួតគ្នាវាយបុរសម្នាក់​ជា​អ្នក​អូស​រទេះ​អេត​ចាយ​នៅ​ទីសាធារណៈ ដែល​បង្ក​ឡើងដោយ​សន្តិសុខ​ខណ្ឌ៧​​មករា ពេ​ល​ចុះរៀបចំសណ្តាប់ធ្នាប់ នាប៉ុន្មាន​ថ្មៃមុ​ន​នេះ លោក​ថា​ជា​គំរូ​អាក្រក់​នៃការ​អនុវត្ត​ច្បាប់ ដូចគ្នានឹងករណីដែលបានកើតឡើងមុនៗដែរ ដែលជនដៃដល់មិនត្រូវបញ្ជូន​ទៅឱ្យ​តុលាការ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់។

បញ្ហានេះ លោក​គូស​បញ្ជាក់​ថា ការ​មិន​ផ្តន្ទាទោស​ជន​ដៃ​ដល់​ជា​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌​ហិង្សា និង​បន្តជំរុញ​ឱ្យ​មាន​វប្បធម៌​រំលោភ​សិទ្ធិ​មនុស្សកាន់តែធ្ងន់ធ្ងរ ដែល​ការណ៍​នេះ ហាក់​ផ្ទុយ​ទៅ​នឹ​ង​ការ​ប្តេជ្ញាចិត្ត របស់​រដ្ឋាភិបាល លើ​ការ​គោរព​គោល​ការណ៍​សិទ្ធិ​មនុស្ស និង​ប្រឆាំង​គ្រប់ទម្រង់នៃអំពើធ្វើទារុណកម្ម និងអំពើ​ឃោឃៅអមនុស្សធម៌​លើ​មនុស្ស។

លោកថា៖ «អីចឹងយើងឃើញ​អាការចាប់វៃ ចាប់វាយដំ​ នៅ​ទីសាធារណៈហ្នឹង វាស្មើ​នឹង​ការ​ធ្វើ​ទារុណ​កម្មទៅ​ហើ​យ អីចឹងហើយ​បាន​អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​[] ត្រូវ​តែ​អនុវត្ត​ទៅ​តាម​គោល​ការណ៍​នៃ​ច្បាប់ អាហ្នឹងបាន​យើង​អាច​លុប​បំបាត់​រូប​ភាព​ហ្នឹង​ទៅ​បាន»

លោក អំ សំអាត ​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០២០ ស្ត្រី​ជា​ភរិយា​សកម្ម​ជន​បក្សប្រឆាំង​អ្នក​ស្រី សេង ចាន់ថន ក៏ត្រូវសន្តិសុខខណ្ឌ៧មករា ប្រើអំពើហិង្សាដោយចាប់បោកស្ត្រីនោះផ្ទប់​ទៅ​នឹង​ថ្នល់​ឱ្យ​រងរបួ​​សដែរ នៅពេល​ពួក​គេតវ៉ា​ដោយ​សន្តិវិធី នៅ​មុខ​សាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យ​ដោះលែង​ស្វាមី​របស់​អ្នកស្រី តែ​ថា​មក​ដល់​ពេល​នេះ ជនដៃដល់ជាសន្តិសុខ​ក៏​មិន​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការដូចគ្នា។

យ៉ាងនេះក្តី លោក​យល់​ថា កម្ពុជា​អាច​រំលុត​អំពើ​ហិង្សាពេលចុះអនុវត្តច្បាប់បាន បើការអនុវត្តច្បាប់មិនប្រ​កាន់​បក្ខ​ពួក និង​ត្រូវ​ធានា​ថា គ្រប់​មន្ត្រីដែលចុះអនុវត្តច្បាប់មានចំណេះដឹងផ្នែកច្បាប់។

យ៉ាងណា ក្រោយបែកធ្លាយវីដេអូនៃការប្រើអំពើហិង្សានេះ រដ្ឋបាលខណ្ឌ៧មករា កាល​ពី​ថ្ងៃ៣ ខែ​វិច្ឆិកានេះ​ បាន​ចេញ​លិខិត​បំភ្លឺ​ថា អំពើ​ហិង្សានោះ បានកើតឡើងក្រោយ​ម្ចា​​ស់រ​ទេះអេ​ត​ចាយ បានធ្វើសកម្មភាព​ជេរប្រមាថ​មកលើក្រុមការងារ ដោយមិនព្រមយករទេះចេញ​ពីលើទ្រូង​ថ្នល់ ខណៈកម្លាំង​៤នាក់​ចុះរៀ​ប​ចំសណ្តាប់​ធ្នាប់​នៅ​ម្តុំ​សង្កាត់​វាល​វង់។

រដ្ឋបាល​ខណ្ឌ៧មករា បញ្ជាក់​ថា៖ «ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយប​ញ្ឈរជើង ផ្អាក​ប្រាក់ខែរ​យៈពេ​ល​៦ខែ និង​ដាក់ពិន័យទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន»

ប្រធាន​មជ្ឈមណ្ឌល​​ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍​ និង​សន្តិភាព លោក យង់ គិមអេង លើក​ឡើង​ថា ការ​ប្រើមនុ​ស្ស​មិនចេះច្បាប់​ទៅអនុវត្តច្បាប់រហូតបង្កជាអំពើហិង្សាលើពលរដ្ឋ ជា​កំហុស​របស់​អាជ្ញាធរ ជំរុ​ញឱ្យ​មាន​​ការ​រំលោភសិទ្ធិមនុស្សធ្ងន់​ធ្ងរ។

បញ្ហានេះ លោក​គិត​ថា ការ​មិន​ប្រើ​ប្រាស់​កម្លាំង​នគរបាល​ដែល​មាន​ជំនាញ ក្នុង​ការចុះអនុវត្ត​ច្បាប់ ជា​គំរូអាក្រក់​មួយ ដែលការណ៍នេះលោក​ទាមទារឱ្យ​​អាជ្ញាធរ​ពិចារណា​ឡើង​វិញ ដើម្បីបង្ហាញពីទំនួលខុសត្រូវចំ​​ពោះ​ពលរដ្ឋជាម្ចាស់លុយ​ដែល​បាន​បង់​ព​​ន្ធ​សព្វបែបយ៉ាងចូលថវិកា​ជាតិ រាប់​ចាប់​ពី​ទិញ​សាំង​១លីត្រ​ឡើងទៅ។

លោកបារម្ភ​ថា បើគ្មាន​អ្វី​កែ​លម្អ​​ទេ បញ្ហា​នេះ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​សង្គម​កាន់​តែ​ខ្លាំ​ង រហូត​អសន្តិសុខ​សង្គម ដែល​ថា បញ្ហា​នេះ​ផ្តើម​ចេ​ញ​ពី​អាជ្ញាធរ​រដ្ឋ ខ្វះស​មត្ថភាព​ចាត់​វិធានការ ដើម្បី​លុបបំបាត់ការអនុវត្តច្បាប់ភ្ជាប់​អំពើ​ហិង្សា បែប​គំរូអាក្រក់​នេះ​បាន។

លោកថា៖ «បើកាល​ណាវា​កើត​ឡើង​ជម្លោះ​រីក​នៅ​ក្នុង​​​សហគមន៍​ទាំង​អស់​ហ្នឹង​ រីក​រាល​ដាល​ធំ អាហ្នឹង​​មិនមែ​​​​​ន​ជាកំហុសរបស់ប្រជាពលរដ្ឋទេ វាជាកំហុសរបស់អាជ្ញាធរដែលបណ្តែតបណ្តោយឱ្យរឿងហ្នឹងកើតឡើ​​ង ​ព្រោះយើងអត់​ព្រម​ចាត់​វិធានការ ឱ្យគេបាន​លឿន»

បញ្ហាដូចគ្នានេះ មេធាវីការពារ​ក្តីឱ្យសកម្មជ​នបក្សប្រឆាំង​លោក សំ សុគង់ ធ្លាប់​អះអា​ង​ថា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧ ក្រោយ​តុលាការ​រំលាយ​គណបក្សប្រឆាំងចេញពីឆាកនយោបាយមក អំពើហិង្សាដែលជនមិនស្គាល់មុខបានលបវាយកូនក្តីតម្រង់​ក្បាលជិត៣០ករណី ក្នុងនោះ​ ១០ករណី​ជនរងគ្រោះប្រឈម​នឹង​ពិការភាព​អស់​មួយ​ជីវិត។

លោកគូសបញ្ជាក់ថា ច្រើនខែមកនេះ បើទោះបីបណ្តឹងខ្លះ​ដល់​​ដៃ​​តុលាការ​ក្តី តែ​​​មិនទាន់មាន​ជន​ដៃ​ដល់ណា​ម្នាក់​ ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។

ស្ថាបនិក​អង្គ​ការ​អភិវឌ្ឍន៍ផ្នត់​គំនិត​លោក សេក សុជាតិ យល់ថា ការបណ្តែតបណ្តោយ​ឱ្យជនដៃដល់​ប្រើ​ហិ​ង្សា​​​បន្តនៅក្រៅសំណាញ់ច្បាប់  បង្ហាញ​ពី​កម្សោយ​នៃ​ការ​អនវុត្ត​ច្បាប់​ផង និង​ការ​លម្អៀង​ខាង​ន​យោបា​យផង​​ ដែលករណីនេះនឹង​ជំរុញឱ្យមានវិបត្តិសង្គមគ្មានថ្ងៃ​បញ្ចប់។

លោកបារម្ភ​ថា បើគ្មានអ្វី​កែ​លម្អ​ទាន់​ពេល​ទេ វប្បធម៌​បែប​នេះ នឹង​ជំរុញ​ឱ្យ​មាន​ហានិភ័យ​សង្គម និង​បរាជ័យដ​ល់​​យន្តការផ្សះផ្សាជាតិ ។ យ៉ាងណា លោកគិតថា វប្បធម៌​បណ្តុះឱ្យមា​ន​អំពើ​ហិង្សាក្នុង​សង្គម នឹងមិនត្រូវបានលុបបំបាត់ទេ បើ​ប្រព័ន្ធដឹក​នាំ​រដ្ឋ​ខ្វះទំ​នួល​ខុស​ត្រូវ​ចំពោះមុ​ខ​ម្ចាស់​ឆ្នោត ហើយ​ម្ចាស់ឆ្នោតខ្លួនឯងមិនឈ្វេង​យល់​​ពី​បញ្ហានយោ​បាយ ឬតា​ម​ដាន​ឥរិយា​បទ​អ្នក​នយោបាយ​តាម​រយៈ​ប្រើ​សន្លឹក​ឆ្នោត​ឆ្លាតវ័យ ដើម្បី​តម្រង់​ទិស​អ្នកនយោ​បាយ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ