លោក ​ហ៊ុន សែន​៖ បុណ្យឯករាជ្យជាតិ​រំលឹក​​ឱ្យ​​ឃើញ​​ពី​​​ព្រះ​រាជ​​បេសកកម្ម​​របស់​​​ព្រះបរមរតន​កោដ្ឋ​ ​ដើម្បី​​​​ជាតិ​​​​មាតុ​​​ភូមិ

ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា ទិវា​បុណ្យឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា បាន​រំលឹកឱ្យឃើញ​ពី​ព្រះរាជ​បេសកកម្មរបស់ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​បានលះ​បង់​ព្រះ​កាយ​ពល និង​ព្រះបញ្ញាញាណយ៉ាង​ក្លៀវក្លា​បំផុត​ ដើម្បី​ជាតិ​មាតុ​ភូមិ និង​ប្រជារាស្ត្រ​ខ្មែរ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរ​សេរ​លើ​ទំព័​រហ្វេសប៊ុកនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២ ដែលកម្ពុជាទទួលបាន​ឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប ៦៩ឆ្នាំ នៃ​កា​រ​បង្កើត​កង​យោធពលខេមរភូមិន្ទ។

លោកបានលើកឡើង​ថា៖ «ទិវាបុណ្យឯករាជ្យជាតិ ៩​វិច្ឆិកា បាន​រំលឹក​ឱ្យ​ឃើញ​ពី​ព្រះ​រាជ​បេសក​កកម្ម​ ដើម្បីជាតិ​មាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេច​ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះ​បរមរតនកោដ្ឋ ដែល​ព្រះអង្គ​បាន​លះ​ប​ង់​ព្រះ​កាយ​ពល និង​ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការ​តស៊ូ ក្នុង​ក្របខណ្ឌនៃ​​ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា»

នៅថ្ងៃ​នេះដែរ​ ព្រះ​ករុណា ព្រះបាទ​​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​​​​ក៏​​​បាន​​​យាង​ចូលរួម​​​ព្រះរាជ​ពិធីប្រទាន​​ភ្លើង​​ជ័យ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩ នៅវិមានឯករាជ្យផងដែរ។

ចំណែក​ ប្រ​ធាន​​​​​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា កាលពីថ្ងៃ​ម្សិលមិញ បាន​យក​ទិវា​បុណ្យ​​ឯករាជ្យ​ជាតិ​នេះ ​ផ្ញើ​សារ​ទៅ​ភាគី​​ពាក់​ព័ន្ធ​ថា ដើម្បី​ឱ្យមាន​ឯករាជ្យជាតិ​ពិត​ ពលរដ្ឋខ្មែរ​ត្រូវគោរព​សិទ្ធិ​គ្នា មិន​​បង្ក​​ឱ្យ​ការឈឺចាប់ និង​មិន​យក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវឡើយ។

មួយឆ្នាំមុនការយាងចូលទិវង្គត ពោលគឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ ក្នុងឱកាស​​​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើន​ព្រះជន្ម​ព្រះអង្គយាង​ចូល​៩០ព្រះវស្សា​ ព្រះក​រុណា ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ បានមានព្រះរាជបណ្តាំផ្ញើជនរួមជាតិទាំងអស់ ជា​ពិសេសអ្នកនយោបាយ​ខ្មែរ ឱ្យ​​​នាំ​គ្នារួបរួមសាមគ្គី និងឯកភាពគ្នាកាន់តែរឹងមាំ។

ព្រះរាជ​បន្ទូល​​ជាង​​២០​​នាទី កាល​​នោះ ព្រះអង្គបញ្ជាក់​ថា កម្ពុជា​​មិន​​ចង់​ធ្វើ​ជា​មហា​អំណាច​​ទេ តែ​​​ចង់​ឱ្យ​​​ពិភពលោកទទួលស្គាល់ថា ​ប្រជាជាតិកម្ពុជារួប​រួម​សាមគ្គីគ្នា ដែល​ជា​កម្លាំងរ៉ឹងមាំរបស់កម្ពុជា។

ព្រះអង្គមានព្រះរាជបន្ទូលថា៖ «យើងសប្បាយណាស់ដែលជាលើកទី១ហើយ យើង​បាន​រួបរួមគ្នា​ជាធ្លុង​មួយ ដែល​នរណា​ក៏​បំបែក​បំបាក់​មិន​បាន​ដែរ ធ្វើ​ឱ្យ​ទន់​ខ្សោយ​ទៅ​វិញ​មិន​បាន​ដែរ។ យើងច្បាស់ចេះតែខ្លាំងទៅៗ នូវវិស័យ​អ្វី​ក៏ដោយ ក៏យើងចេះតែខ្លាំងទៅហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ