វិភាគ៖ តើ​​ហេតុអ្វី​បាន​​ដំណើរ​​ឆ្ពោះ​ទៅ​រក​ការ​​ផ្សះផ្សាជាតិ​​បន្ត​ជាប់​​គាំង​​ជិត​៥ឆ្នាំ​មក​​នេះ?

លោក ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ)

មាត្រា៥២ នៃរដ្ឋធម្មនុញ្ញចែ​ង​ថា៖ «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាពទឹ​ក​ដី​នៃព្រះរាជាណាចក្រ​កម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីកា​រពា​រ​ឯកភាព​ជាតិ រក្សាការពារទំនៀមទម្លាប់ និងប្រពៃ​ណី​ល្អរបស់ជាតិ»

ក៏ប៉ុន្តែបរិបទនយោបាយ​ជិត​៥ឆ្នាំមក​នេះ ហាក់​បាន​ងាក​ចេញ​ពី​ស្មារតីនៃច្បាប់​កំពូល​នេះ ដែល​ជំរុញឱ្យ​មាន​ការរិះ​គន់ វិធាន​ការកាត់ផ្តាច់ជំនួយ និង​សម្ពាធផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹង​ការធ្លាក់ចុះនៃ​ការគោរពសិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

បញ្ហាផ្ទៃក្នុងជាតិ​វិញ រដ្ឋាភិបាលមិនទាន់បានព្យាបាលរបួសផ្លូវចិត្តដល់អ្នកគាំទ្របក្សជំទាស់ជិតពាក់កណ្តាល​ប្រទេស តាមរយៈការ​បង្កើតប្រព័ន្ធតុលាការឯករាជ្យ ដើម្បី​ជម្រះ​ក្តី​ប្រកប​ដោយ​យុត្តិធម៌នៅឡើយទេ បើទោះបីឆន្ទៈ​ពួក​គេ​ត្រូវ​បាន​រឹបអូស ចាប់ពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ក្រោមអំណាចតុលាការកំពូល ដែលគេមើលឃើញថា ជារចនាសម្ព័ន្ធរបស់បក្សនយោបាយនោះ។

បញ្ហានេះ គណបក្សសង្គ្រោះជាតិមុនរំលាយ ទទួលបានសំឡេងឆ្នោតគាំទ្រជាង៣លានសំ​ឡេង​(៣​ ០៥៦​ ៨​២​​៤សំឡេង) ប្រហាក់ប្រហែលនឹងបក្សកាន់អំណាចដែរ តែរហូតបច្ចុប្បន្ន គ្មានការសន្ទនាន​យោ​​​បា​​យ​​ណាមួយ កើត​ឡើង​ដើម្បីផ្សះផ្សាជាតិទេ។ ប​រិប​ទនេះ កំពុង​​រអិល​ទៅរកស្លាកស្នាមអតីត ដែលអ្នកខ្លាំងជាអ្នកឈ្នះ ទាំងបង្កការឈឺចាប់ដល់អ្នកទន់ខ្សោ​យ​គ្មា​​នទីបញ្ចប់។

ជ្រុងមួយនៃស្នាមរបួសនេះ តួយ៉ា​​​​ងដូចជា ក្រុមមេដឹកនាំគណបក្សប្រឆាំងមួយចំនួន រួមទាំងលោក​ សម រង្ស៊ី ជាដើមបន្តនិរទេសខ្លួននៅ​ក្រៅប្រទេស ដើម្បីគេចចេញ​ពី​ការ​តាម​ចាប់​ឃុំ​ខ្លួន​ពី​សមត្ថកិច្ច ក្រោមអំណាច​តុលាការ ហើយ​លោក​ កឹម សុខា កំពុ​ង​តតាំង​ក្តី​ទាំងមាន​​សេរីភាព​តិចតួច ក្រោម​បំរាម​ធ្វើ​នយោ​បាយ ខណៈ​សកម្មជន​ប្រមាណ​ជា​៤០នាក់ទៀត នៅបន្តជាប់ឃុំ​ក្នុង​ពន្ធនាគារ ដែល​ពួកគេភាគ​ច្រើន ត្រូវតុលាការ​ចោទ​​​ ពី​​បទ «រួមគំ​និ​ត​ក្បត់​» និង «ញុះញង់»។

ដោយ​ឡែកពីនេះ អ្នកន​យោបាយ​កំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ថ្មីៗ​នេះ បា​ន​​​​ប​ន្តចោទគ្នាពីការកាត់ទឹ​​ក​ដី​ឱ្យ​ទៅ​​​ប្រ​ទេ​​ស​​វៀតណាម ដើម្បីតែផលប្រយោជន៍ន​យោបា​យ និងចោទថាបាន​ប្រើ​​ប្រាស់ប្រព័ន្ធតុលាការ ដើម្បីក្រាញ​អំ​ណាច បន្តទៅឱ្យកូន រំលោភរដ្ឋធម្មនុញ្ញ ដោយ​មិន​ឆ្លង​កាត់​ការបោះ​​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ជាដើម។

បញ្ហា​ទាំងនេះ​បង្កើ​ត​ជាចម្ងល់ថា តើហេតុអ្វីបានដំណើរឆ្ពោះទៅរកការផ្សះផ្សាជាតិបន្តជាប់គាំងជិត៥ឆ្នាំ?

អ្នកជំនាញ​ឯករាជ្យ ដែល​មិន​ជាប់​ជំពាក់​នឹង​ផល​ប្រយោជន៍​នយោបាយ មើល​ឃើញ​ថា ការ​ជាប់គាំងរក​ដំ​​​​​​ណោះ​​ស្រាយជាតិ ជិត​​៥ឆ្នាំមក​នេះ បណ្តាល​មក​ពី​កត្តា​ធំ​៣ តួយ៉ាង​ដូច​ជា ឥទ្ធិពល​ប្រទេស​ជិត​ខាង មហិច្ឆតា​ក្រា​​ញអំណាច​របស់​​​អ្នកនយោបាយខ្មែរ និងខ្វះចំណេះដឹងខាងរឿងនយោបាយ របស់ក្រុមយុវជន ។

អ្ន​​កវិភាគនយោបាយ លោក គឹម សុខ ​​​យល់ថា ​របត់ន​យោបាយបច្ចុប្ប​ន្ន មិន​មែ​ន​អនុ​វត្ត​រ​ដ្ឋធម្មនុ​ញ្ញ ដើ​ម្បីបុ​​​ព្វ​​​​ហេ​តុ​ជាតិទេ តែ​ជាកា​រ​ប​ង្កើន​យុទ្ធសាស្ត្រទោះក្នុងរូបភាពកខ្វក់ ដើម្បីបន្តគ្រប់គ្រងអំណាច។ លោកគិតថា បរិបទ​នេះ មេដឹក​នាំប​ក្សកាន់អំណាច នឹង​មិន​លេងល្បែង​ប្រជាធិបតេយ្យ​តាម​រយៈ​ការផ្សះផ្សាជា​​តិ​នោះ​ទេ តែ​បើ​លេង ក៏​ជា​យុទ្ធ​សាស្ត្រ​ដើម្បីពង្រឹងអំណាច​តជំនាន់ដែរ។

លោកថា៖ «លោក ហ៊ុន សែន មែនទែនទៅគាត់ធ្វើដោយប្រយ័ត្នប្រយែងខ្លាំងណាស់ ពីព្រោះគាត់​ដឹង​ថាពពួ​​ក​កុម្មុយនិស្តដូច​ក្រុម​គាត់ កាលណា​អស់អំណាច​ហើយ ​គ្មាន​ឱកាសស្តារឡើងវិញ​ ដូចអ្នកប្រជាធិបតេយ្យ​ទេ នេះ​​​គឺជាប្រវត្តិរបស់ពួកផ្តាច់​ការ​នៅ​លើ​សកល​លោកទៅហើយ ពីព្រោះពួកគេដឹកនាំធ្វើជាសត្រូវនៃផល​ប្រ​យោ​ជ​ន៍របស់ប្រជាពលរដ្ឋ ហើយ​បើកាលណារលាយហើយ គ្មានប្រជាពលរដ្ឋណាតាមគំាទ្រស្តារឡើងវិញទេ»

អ្នកវិភាគរូបនេះ យល់​ថា ​​បរិបទ​បច្ចុប្បន្ន កម្ពុជានឹង​បន្តដើរលើផ្លូវ​បែក​បាក់​​ជាតិ​ រយៈពេលយូរបន្ថែម​ទៀត ​ប៉ុន្តែ​​បើ​​ប្រជាព​លរដ្ឋ​ចេះ​រួមគ្នាប្រើប្រាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញ ​ដើម្បី​តវ៉ា​​​ និង​ដាក់សម្ពាធឱ្យអ្នកនយោបាយ​ស្តារប្រ​ជាធិបតេយ្យ​​ឡើង​វិញ​​នោះ នោះ​ស្ថាន​ការណ៍​នយោបាយនឹងល្អប្រសើរឡើងវិញ។

ប៉ុន្តែផ្ទុយទៅវិញ លោកគិតថា បើពលរដ្ឋខ្វះចំណេះដឹង​ខាង​នយោបាយ អ្នកនយោបាយនឹងយកពួកគេ ធ្វើជា​ទាសករ​នយោបាយ ជារៀងរហូត ដោយ​បង្កើត​នូវ​វប្បធម៌​លាប​ពណ៌ និង​ចង​អាឃាត​គ្នា​ជា​ដើម ដែលការណ៍​នេះ ក៏អាចបង្កើតឱ្យមាន​ឱកាស​លូក​ដៃ​របស់ប្រទេសជិតខាង ដើម្បីកេងចំណេញខាងសេដ្ឋកិច្ច និងនយោបាយពីកម្ពុជា។

លោកថា៖ «ហើយយើងដឹងហើយមហិច្ឆិតារបស់ពួកអ្នកឈ្លាន​ពាន​កម្ពុជា​នៅ​ជិត​ខាង​នេះ អាច​មាន​ឥទ្ធិពល​ធំ​ទៅ​បាន គឺតាមរយៈការព្យាយាមបំបែកបំបាក់ផ្ទៃក្នុងជាតិខ្មែរ»

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា លើកឡើងថា មានឧបសគ្គចម្បង៤ ដែលរារាំងដល់ការផ្សះផ្សាជាតិ ក្រោយគណបក្សប្រឆាំងធំមួយ មានអ្នកគាំទ្រជិតពាក់ណ្តាលប្រទេស ត្រូវបានគេរំលាយចេញពីឆាកនយោបាយ។

បើតាម លោក ប៊ុនណា បញ្ហាទី១ គឺ​ការលេងល្បែងនយោបាយ វាយប្រហារជាលក្ខណៈ​បុគ្គល ដែល​បានកើត​ឡើង រវាង​លោក ហ៊ុន សែន និងលោក សម រង្ស៊ី កន្លងមកនេះ ដែលនេះ​ជាស្លាកស្នាម​ដំបៅ​ចាក់​ជ្រៅក្នុង​ផ្នត់​គំនិត​អ្នក​នយោ​បា​​យ ពិបាកនឹងរកការផ្សះផ្សាជាតិ។ ​ទី២ លោកថា ការដែលអ្នកនយោបាយខ្មែរ មិន​ទម្លាប់ធ្វើ​កា​រ​រួ​ម​គ្នា ឬយ​កពហុគំនិត​ធ្វើជាមូលដ្ឋានដឹកនាំប្រទេស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយ​និយម​​​ប្រើ​​វប្បធម៌ ឈ្នះ​ចាញ់​និយម ជាបញ្ហាមួយទៀត។

ក្រៅពីនេះ លោកថា ​កម្ពុជាមិនទាន់មានច្បាប់​ការពារសុវត្ថិភាពផ្ទាល់ខ្លួន​របស់​មេដឹ​ក​នាំ ក្រោយ​អស់អំណាច ដែល​ចំណុចនេះ​ អ្នកនយោបាយ​កាន់​អំណាចនឹងមិនផ្តល់សម្បទាន​នយោបាយ​ដល់​ដៃ​គូ​ប្រកួត ដែល​មាន​សក្តា​នុ​ពល ដើម្បីផ្សះផ្សារបួសចាស់ឡើងវិញទេ។

លោកថា៖ «កត្តាមួយទៀត គឺមកដល់បច្ចុប្បន្ននេះ កម្ពុជាអត់មានអាជ្ញាកណ្តាល​ដែល​ជា​មនុស្ស​ម្នាក់ អាចធ្វើឱ្យភាគីទាំងសងខាង​ហ្នឹង​ស្តាប់ ឬកោះហៅដើម្បីសម្រប​សម្រួល តាំង​ពី​សម័យ​សង្គ្រាមត្រជាក់នៅពេលដែល​ចរចាកិច្ចព្រមព្រៀងសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេច សីហនុ ព្រះអង្គបានដើរ​តួនាទី​សំខាន់​ក្នុង​ការ​សម្របសម្រួលកោះហៅភាគីទាំង៤ ឱ្យចូលតុចរចា ប៉ុន្តែមកដល់ពេលនេះ យើង​បាត់តួអង្គសំខាន់ហ្នឹង ដើម្បីឱ្យភាគីទាំងអស់ហ្នឹងគោរព ក្នុងការជំរុញឱ្យមានការចរចា ដើម្បីផ្សះផ្សាជាតិ អាហ្នឹង​ក៏ជាបញ្ហាមួយ​ដែរ»

បញ្ហានេះលោកថា ស្រមោលអតីត​នៃវប្បធម៌មិនចេះធ្វើការរួមគ្នា នឹង​បន្ត​តាម​បន្លាច​កម្ពុជា​ច្រើន​ជំនាន់ទៀត បើ​អ្នកនយោបាយខ្វះ​ស្មារតីជាតិនិយម ស្រប​គ្នានឹង​ពលរដ្ឋ​មិន​ចាប់​អារម្មណ៍​តាម​រឿង​នយោបាយ ផង​នោះ។

លោក វណ្ណ ប៊ុនណា​​ បន្តថា៖ «ជាការសិក្សាស្រាវជ្រាវ ក៏ដូចជាប្រវត្តិសាស្ត្ររាល់ជម្លោះនយោបាយ វាបញ្ចប់ទៅដោយការជជែ​​ក​​​សន្ទនាគ្នា មិន​មែន​ការបញ្ចប់នយោបាយទាំងអស់ តាមរយៈយកហិង្សាទៅបង្ក្រាបលើហិង្សាទេ វាអត់អាច​ទៅ​រួ​ចទេអាហ្នឹងទី១។ ជម្រើសទី២ អ្នកនយោបាយកម្ពុជាត្រូវធ្វើនយោបាយបែបចាស់ទុំ បែបប្រជាធិបតេយ្យ​ ដោយឈ្លោះគ្នា​ផ្អែក​លើ​​គោល​នយោ​បាយ សម្រាប់ដោះស្រាយបញ្ហាជាតិ»

របាយការណ៍ស្ទង់មតិ​ថ្មីមួយទៅលើយុវជនចំនួន ១ ៦០០នាក់ នៅភូមិចំនួន២០០ នៅទូទាំងប្រទេស ដែល​ធ្វើ​ឡើង​ដោយ​អង្គការតម្លាភាពកម្ពុជា(TI) និងត្រូវបាន​ចេញផ្សាយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០​​២២ រកឃើញថា យុវជន​កម្ពុជាមានតែ​១៧ភាគរយ ដែលឆ្លើយថាពួកគេ​ចាប់អារម្មណ៍ខ្លាំង​លើកិច្ចការនយោបាយ។ ដោ​យឡែកយុវជន​ជាង​៨២ភាគ​​រយ ពួកគេ​​ឆ្លើយថា មិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍បន្តិចបន្តួច​លើកិច្ច​ការនយោបាយ។

ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា កត់សម្គាល់ថា មូលហេតុចម្បងរារាំងដល់យន្តការផ្សះផ្សាជាតិ  មកពីអ្នកនយោបាយខ្មែរកាន់អំណាចយូរ។

លោក​កត់​សម្គាល់​ថា ការកាន់​អំណាច​យូរ នឹង​ពង្រីក​មហិច្ឆិតា​លង់​លក់​ក្នុង​អំណាច ដែល​ធ្វើ​ឱ្យអ្នក​នយោ​បា​​យផ្តើមគិតថា ប្រទេសជាតិជារបស់ខ្លួន ដោយ​មិនទម្លាក់ជារបស់រួម​​ទេ ដែល​ការណ៍នេះ​ លោកថា ជាឧបសគ្គចម្បងរារាំងដល់ចរន្តផ្សះផ្សាជាតិ។

លោកកត់សម្គាល់ថា ទស្សនៈអញនិយម កំពុង​ជ្រៀត​ចូល​ទៅក្នុ​ង​ផ្នត់គំនិតពលរដ្ឋខ្មែរមួយចំនួនដែរ ដែលជា​កត្តាជំរុញ​ឱ្យធ្លាក់ចុះ​នូវស្មារតីជាតិនិយមរបស់ពលរដ្ឋ ដែលការណ៍នេះ​ជាឱកាសសម្រាប់​អ្នកនយោបាយ​ក្រាញអំ​ណាចដែរ ដើម្បីបន្តគ្រប់​គ្រង និង​ច្បាមយកផលប្រយោជន៍ជាតិ សម្រាប់បក្ខពួក និងក្រុម​គ្រួសារ​ពួកគេ។

លោកថា៖ «កាលណាពលរដ្ឋ នៅដាច់ដោយឡែកមិនចេះរួមគ្នា មិនចេះសាមគ្គីគ្នា នៅគិតប្រយោជន៍សួនតួរអា​ត្មានិយមហ្នឹងទេ ផលប្រយោជន៍បានទៅលើអ្នកនយោបាយដែលកាន់អំណាចហ្នឹង គាត់មានឱកាស ដ​ល់អី​​ចឹងពលរដ្ឋគាត់អត់មានកម្លាំងអីទៅដាក់សម្ពាធ ឱ្យអ្នកនយោបាយឆ្លើយតបនឹ​ងតម្រូវការពលរដ្ឋ ដ​ល់​​អី​ចឹ​​ងតម្រូវការពលរដ្ឋ តម្រូវការប្រទេសជាតិ ក៏កាត់បន្ថយដែរ»

បញ្ហានេះ លោកកត់សម្គាល់ថា អាចមកពីកត្តាពលរដ្ឋដែលបាក់ស្មាតពីសង្គ្រាម បង្កើនយុទ្ធសាស្ត្រសម្លុតបន្ថែ​​មដើម្បីឱ្យពលរដ្ឋនៅស្ងៀម រួមទាំងលេចឡើងនូវមនោគមវិទ្យា បំបែកបំបាក់ពលរដ្ឋនិងពលរដ្ឋ បង្កើតប្រព័ន្ធតាមដា​នគ្នា ​ពីក្រុមមួយទៅក្រុមមួយ និងយកគ្នាសត្រូវ តាមរយៈនិន្នាការនយោយ ជាដើម ដែលបរិបទនេះលោកថា ជាឱកាសជ្រៀតចូលរបស់ប្រទេសជិតខាង ដើម្បីទាញយកទាំងផលប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច។

ជា​ជម្រើសនៃយន្តការជំរុញដំណោះស្រាយជាតិវិញ លោក​ថា ត្រូវការពេលយូរ រហូតច្រើនជំនាន់ បើពលរដ្ឋជាកោសិកាសង្គមមិនចេះប្រើប្រាស់សិទ្ធិដែលការពារដោយរដ្ឋធម្មនុញ្ញ ដើម្បីដាក់សម្ពាធឱ្យអ្នកនយោបាយ ឆ្លើយតបទៅនឹងបញ្ហារបស់ខ្លួននោះ។

លោកថា៖ «នៅថ្ងៃ៩វិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិនេះ​ ចង់ជូនពរឱ្យអ្នកនយោបាយខ្មែរទាំងអស់​មានសុខ​ភាពល្អ ក៏ប៉ុន្តែជីវិតវាអត់អមតៈទេ ពិចារណាកន្លែងហ្នឹង អីចឹង​គួរតែមានវប្បធម៌មួយចេះរួបរួមគ្នា ចេះអធ្យា​ស្រ័យ​គ្នា រួមគ្នាកសាងជាតិទាំងអស់គ្នា ទើបការអភិវឌ្ឍជាតិតាមទាន់ប្រទេសជិតខាង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ