សមាជិក​ខ្មែរ​ថាវរៈ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បន្ទាប់ពី​បង្អត់​អាហារ​៦​ថ្ងៃ​​ទាមទារ​ដោះលែង​អ្នក​ទោស​មនសិការ​

សមាជិកខ្មែរថាវរៈម្នាក់គឺ លោក ស្វាយ សំណាង កំពុងសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យមួយនៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយលោកបានចូលរួមធ្វើយុទ្ធនាការ បង្អត់អាហាររយៈពេល ៦ថ្ងៃ។ (ហ្វេសប៊ុក កញ្ញា ឈឿន ដារ៉ាវី)

សមាជិកខ្មែរថាវរៈម្នាក់ទៀត ដែលធ្វើយុទ្ធនាការទាមទារឱ្យដោះលែងកញ្ញា​ សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានបង្អត់អាហារអស់រយៈពេល ៦ថ្ងៃ។

កញ្ញា ឈឿន ដារ៉ាវី  ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា សមាជិកខ្មែរថាវរៈ លោក ស្វាយ សំណាង បានឈឺនិងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅថ្ងៃទី១២ខែវិច្ឆិកានេះ ក្រោយលោកបានចូលរួមធ្វើយុទ្ធនាការ បង្អត់អាហាររយៈពេល ៦ថ្ងៃ ខណៈកញ្ញា ឆែម ស្រីគា បានធូរស្រាលវិញ។

កញ្ញា​បញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ ដែលជាថ្ងៃទី៦នៃយុទ្ធនាការបង្អត់អាហារ​នេះ មានសមាជិកខ្មែរថាវរៈ ២នាក់ ដែលបានបញ្ជូនទៅមន្ទីរពេទ្យ ហើយចំណែក ៣នាក់ទៀត ក្នុងនោះ មានកញ្ញា លោក ហ៊ុន វណ្ណៈ និងកញ្ញា សុគន្ធ ​តុលា បាននាំគ្នាបន្តធ្វើយុទ្ធនាការបង្អត់អាហារ ដោយបោះតង់សម្រាកនៅទីលានប្រជាធិបតេយ្យដដែល។

កញ្ញាបន្តថា៖«ម្នាក់ៗហេវហត់គ្រប់គ្នា ថាមពលគឺអស់ពីខ្លួនហើយ ទោះបីប្រឹងផឹកទឹកដោះគោយ៉ាងម៉េច។ ហេតុនឹងហើយដែលធ្វើឱ្យយើង កាន់តែព្រួយបារម្ភកញ្ញា សេង ធារី  ដែលនៅក្នុងពន្ធនាគារ ការអត់អាហារគាត់ នឹងអាចប៉ះពាល់សុវត្ថិភាពគាត់ ដែលឬអត់ ព្រោះដំណឹងយើងអត់អាចជឿជាក់បានទេ  ព្រោះមានជនខិលខូចនឹង បង្ហាញរូបភាពមួយថា គាត់មិនបានអត់បាយទេ។ យើងទាំងអស់គ្នាមិនជឿជាក់ទេ ព្រោះមនុស្សល្អជា យើងដឹងថា និយាយម៉ាត់ណា គឺម៉ាត់ហ្នឹង ដោយមិនបត់បែនទេ»។

កញ្ញា ឈឿន ដារ៉ាវី   បន្តថា ទោះបីជាពួកគេធ្វើយុទ្ធនាការបង្អត់ដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យក្ដី ប៉ុន្តែអាជ្ញាធរខណ្ឌឫស្សីកែវបានធ្វើទុក្ខបុកម្នេញពួកគេ ដោយបិទទឹកមិនឱ្យប្រើប្រាស់ រំខានពេលសម្រាកនាពេលយប់  រារាំងមិនឱ្យប្រជាពលរដ្ឋ និងអ្នកស្គាល់ចូលទៅជួបសួរសុខទុក្ខឡើយ។

កញ្ញាបង្ហាញការសោកស្ដាយ ដោយចាត់ទុកការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរដែលគ្រាន់តែនាំគ្នាសម្ដែងមតិអហិង្សា ទាមទារយុត្តិធម៌សង្គម និងដោះលែងកញ្ញា សេង ធារី ព្រមទាំងអ្នកទោសមនសិការផ្សេងៗទៀត ថាជាការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន បានប្រាប់វីអូឌីកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ថា  បើយុវជនខ្មែរថាវរៈ ចង់ធ្វើសមាធិ គួររកកន្លែងសមរម្យ ដោយមិនគួរធ្វើនៅទីលានប្រជាធិបតេយ្យ ដែលបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ លោក​ចាត់​ទុក​ការ​តស៊ូមតិ​របស់​យុវជនខ្មែរថាវរៈ ដែល​ទាមទារ​រកយុត្តិធម៌ដល់អ្នកទោស​មនសិការ​នោះ​ថា ជា​ការ​បំផ្លាញកិត្តិយសប្រទេសជាតិ។

កាលពីថ្ងៃទី៧ ខែវិច្ឆិកា​នេះ ក្រុម​​យុវជន​​ខ្មែរថាវរៈចំនួន​៥នាក់ បាន​ចាប់​ផ្តើម​​​​​​ធ្វើយុទ្ធនាការ​​មិនបរិភោគ​​​អាហារ​​ នៅ​ខេត្តព្រះវិហារ​ ជាទីដែលឃុំខ្លួនកញ្ញា សេង ធារី មេធាវីអន្តរជាតិដែលមានសញ្ជាតិ​​ខ្មែរ-អាមេរិក​។ បន្ទាប់​ពី​ធ្វើយុទ្ធនាការបង្អត់អាហារបាន២ថ្ងៃ ពួកគេក៏បាននាំគ្នាធ្វើដំណើរ​​​​​មកកាន់​រាជធានីភ្នំពេញ ដោយ​​បន្តយុទ្ធនាការបង្អត់អាហារ និងបោះតង់​សម្រាក​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ក្នុងខណ្ឌឫស្សីកែវ ដើម្បីសម្ដែងមតិទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិ​ការផ្សេងទៀត។

ពាក់ព័ន្ធនឹងរឿងកញ្ញា សេង ធារី នេះដែរ ក្រសួង​ការ​បរទេស​អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ដោះ​លែង​មេធាវី​ខ្មែរ​អាមេរិកាំង​កញ្ញា ​សេង ធារី វិញ ដោយចាត់ទុកការឃុំ​ខ្លួន​កញ្ញា សេង ធារី​  និងអ្នកផ្សេងទៀត ថាជា​រឿងនយោបាយ។

ការស្នើក្រសួងការបរទេសសហរដ្ឋអាមេរិកជា​ថ្មី​ទៀត ធ្វើឡើងស្របពេលដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធនៅកម្ពុជា។

ប្រធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកការធ្វើទុក្ខបុកម្នេញលើយុវជនដែលតស៊ូមតិដោយសន្តិវិធីរបស់អាជ្ញាធរថា ជារំលោភគោលការណ៍ច្បាប់ និងសិទ្ធិប្រជាពលរដ្ឋ ដែលមានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។

លោកបន្តថា​៖«ការធ្វើបាតុកម្ម និងកូដកម្ម ឬការទាមទារ ​ទាំងឡាយណាដែលធ្វើឡើងដោយ​អហិង្សាគឺជាសកម្មភាពស្របទៅតាមគោលការណ៍ច្បាប់ មិនមែនជាសកម្មភាពខុសច្បាប់ទេ។ គ្រប់សកម្មភាពរបស់អាជ្ញាធរ ឬជនណាក៏ដោយដែលបានទៅយាយី រំខាន រារាំង ឬបង្ក្រាបដោហិង្សា​មិនប្រើហិង្សាក្ដី  វាសុទ្ធតែជាអំពើមួយដែលរំលោភទៅគោលការណ៍ច្បាប់ ដែលវាមានជាធរមាននៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា»។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្នើឱ្យកម្ពុជាបើកលំហសង្គមស៊ីវិល ពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន។ លោកបញ្ជាក់ថា សង្គមស៊ីវិល ពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ត្រូវតែបើកចំហ និងទទួលបានការការពារ។

ការស្នើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres  ធ្វើឡើងអំឡុងពេលដែលលោកកំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

កញ្ញា សេង ធារី ដែល​មានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ​ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះ​ញង់ និង​រួម​​គំ​​និត​​​ក្បត់»។

មាត្រា​​​៣៥​ នៃរដ្ឋធម្ម​នុញ្ញ​ព្រះរាជាណាចក្រកម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​​ខ្មែរ​​ទាំងពីរ​​ភេទ​ មាន​សិទ្ធិ​​ចូល​​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​​ហ្មត់​​ចត់​ពី​អង្គការ​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ