អគ្គ​លេខាធិការ​UN​ថ្លែង​ថា​ ​ការ​បែង​ចែក​ភូមិ​សាស្ត្រ​នយោបាយ​​ធ្វើ​ឱ្យ​​អសន្តិសុខ​ពិភព​លោក​

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (United Nations in Cambodia)

អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានថា ការបែងចែកភូមិសាស្ត្រនយោបាយកំពុងរួមចំណែកដល់អសន្តិសុខពិភពលោក បង្កឱ្យមានជម្លោះថ្មីៗនិងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងក្នុងការបញ្ចប់បញ្ហាជម្លោះដែលកំពុងកើតមានស្រាប់។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងទៅកាន់កិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៖«ការបែងចែកភូមិសាស្ត្រនយោបាយកំពុងរួមចំណែកដល់អសន្តិសុខពិភពលោក ដែលបង្កឱ្យមានជម្លោះថ្មី និងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងឡើងក្នុងការបញ្ចប់រឿងចាស់។ ហានិភ័យកើនឡើងដែលសេដ្ឋកិច្ចពិភពលោកនឹងត្រូវបែងចែកជាពីរផ្នែក ដែលដឹកនាំដោយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតពីរគឺសហរដ្ឋអាមេរិក និងចិន»

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញគាំទ្រចំពោះការលើកឡើងរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយសារ បច្ចុប្បន្ន ជំម្លោះបានកើតឡើងស្ទើរគ្រប់កន្លែងទៅហើយ។

ជាក់ស្ដែងនៅប្រទេសអ៊ុយក្រែន ហើយជម្លោះនៅឈូងសមុទ្រចិនខាងត្បូង ច្រកតៃវ៉ាន់  និងឈូងសមុទ្រចិនខាងកើតជាដើម សុទ្ធតែចេញពី ការដណ្ដើមប្រជែងអនុតរភាព ​ដោយការគ្រប់គ្រងឥទ្ធិពលនៅតំបន់ណាមួយនៃប្រទេសមហាអំណាចធំៗ។

 លោកបន្តថា ប្រសិនប្រទេសមហាអំណាចទាំងនោះ ប្រកួតប្រជែងគ្នាតាមផ្លូវច្បាប់ ដោយគោរពតាមច្បាប់អន្តរជាតិនោះ វានឹងអាចជួយកាត់បន្ថយហានិភ័យនៃសង្គ្រាម និងកាត់បន្ថយភាពចលាចលក្នុងសកលលោក ប៉ុន្តែបើសិន​មហាអំណាចទាំងនោះ ប្រកួតគ្នាប្រាស់ចាកពីគោលការណ៍ច្បាប់អន្តរជាតិបញ្ហាសកលនឹងកើតឡើង ដែលបង្កផលលំបាកដល់ប្រជាពលរដ្ឋទាំងពិភពលោក។

លោកថា៖«ការលើកឡើង ការចូលរួមរបស់អគ្គលេខាធិការអង្គសហប្រជាជាតិ លោក Antonio Guterres គ្រាន់តែការប្រជុំរវាងអាស៊ាន និងដៃគូរអាស៊ាន ​ជាមួយអង្គការសហប្រជាជាតិតែប៉ុណ្ណោះ ។ រាល់ការលើកឡើងលុះត្រាតែវាទៅជាការចាប់អារម្មណ៍ថ្នាក់ដឹកនាំទាំងអស់  ទាំងក្របខណ្ឌអាស៊ាន ទាំងដៃគូររបស់អាស៊ាន ហើយយកមកជជែកជារបៀបវារៈនៃ​ដំណោះស្រាយទើបអាចជួយកាត់បន្ថយបាន ប៉ុន្តែគ្រាន់តែជាការលើកឡើងហើយពុំមានការចាប់អារម្មណ៍ ឬគាំទ្រពីបណ្ដាលរដ្ឋពីសមាជិកអាស៊ាន ឬដៃគូរអាស៊ានដូចជា សហរដ្ឋអាមេរិក រុស្ស៊ី ​ចិនទេ បញ្ហាទាំងអស់នោះ មិនអាចស្រាកស្រាន្ត ឬក៏ដោះស្រាយបាន​ទេ»។

លោក ឯម សុវណ្ណរ៉ា បន្តថា ប្រទេសមហាអំណាចដូចជា ចិន រុស្ស៊ី និងសហអាមេរិក ជាដើមគួរតែប្រកាន់យកគោលការរណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិដែលមានស្រាប់។ លោកបញ្ជាក់ថា ប្រសិនបើមហាអំណាចទាំអស់ងាកមកប្រកាន់ និងគោរពតាមធម្មនុញ្ញអង្គការប្រជាជាតិនោះ លោកថា ហានិភ័យ និងជម្លោះផ្សេងៗក៏អាចកាត់បន្ថយដែរ  ហើយក៏មានស្ថិរភាពសម្រាប់ក្នុងតំបន់ និងពិភពលោកផងដែរ។

ក្រៅពីសង្គ្រាមនៅអ៊ុយក្រែននិងរុស្ស៊ីហើយ វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ឬភូមានៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយដែរ ខណៈវិបត្តិនេះ ក៏ជារបៀបវារៈក្ដៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជាជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះដោយគិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានថ្លែងកម្ពុជា ជាដែលប្រធានអាស៊ានសម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ខ្លួន ក្នុងអំឡុងពេលនៃការប្រឈមបញ្ហាសាកលនានាដូចពេលបច្ចុប្បន្ននេះ។ ករណីនេះ លោកថា អាស៊ានត្រូវពង្រឹងសកម្មភាពរួមគ្នា​ ដើម្បីស្វែងរកដំណោះស្រាយពហុភាគី និងដើម្បីសម្រេចឱ្យបានមកវិញនូវគោលដៅសកល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ