បទយកការណ៍​៖​ ​អាជីវករ​នៅ​រមណីយដ្ឋាន​ទន្លេ​បាទី​បារម្ភ​​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ដោយ​សារ​ការ​ចាក់​ដី​លុប​បឹង​

អ្នកស្រី សួស ស្រីគង់ អាជីវករលក់ចំណីអារហារនៅរមណីយដ្ឋានទន្លេបាទី ខេត្តតាកែវ ចង្អុលបង្ហាញខ្ចុះឬរោងទទួលភ្ញៀវរបស់គាត់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អាជីវករលក់ដូរចំណីអាហារនៅរមណីយដ្ឋានទន្លេបាទីបង្ហាញក្តីព្រួយបារម្ភ ខ្លាចបាត់បង់ភ្ញៀវទេសចរ​មកលេងកម្សាន្ត​ ខណៈមានការចាក់ដីលុបផ្នែកខ្លះនៃបឹងធម្មជាតិមួយនេះ បណ្តាលឱ្យផ្ទៃបឹងរួមតូច ហើយទឹកមានសភាពល្អក់កខ្វក់ ដែលមិនអាចឱ្យភ្ញៀវទេសចរ​ចុះលេងកម្សាន្តបានដូចពេលមុន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២  បានចុះហត្ថលេខាលើ អនុក្រឹត្យមួយបានកំណត់ផ្ទៃបឹងទន្លេបាទីជាង ៩៧ហិកតារក្សាទុកជាសម្បត្តិរដ្ឋ ខណៈផ្ទៃដីដែលនៅសល់ជាង២២២ហិកតាទៀត ប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការអភិវឌ្ឍ។

បន្ទាប់ពីមានការចាក់ដីលុបផ្នែកខ្លះនៃបឹងទន្លេបាទី ក្រុមអាជីវករបានត្អូញត្អែរថា ចំណូលពួកគេធ្លាក់ចុះ ព្រោះតែបាត់បង់ភ្ញៀវទេសចរ​ដែលតែងតែមកអង្គុយលេងកម្សាន្តរមណីយដ្ឋានមួយនេះ។

អង្គុយក្នុងខ្ចុះឈើប្រក់ស័ង្កសី ពាក់អាវដៃវែងព៌ណខ្មៅ ក្បែរមាត់ទឹកទន្លេបាទី អាជីវករម្នាក់ អ្នកស្រី ម៉ៅ សុភាព វ័យ ៤២ឆ្នាំ បានរៀបរាប់ថា ចាប់តាំងពីមានការចាក់ដីចូលបឹងទន្លេបាទីមក ធ្វើឱ្យទឹកកាន់តែល្អក់ ហើយភ្ញៀវទេសចរមិនអាចចុះងូតទឹកលេងកម្សាន្តដូចពីមុនបានទៀតឡើយ។

អ្នកស្រីម៉ៅ សុភាព ថា ៖ « [ពីមុន] ល្បីតែទន្លេបាទី ហើយទឹកថ្លាទៀត តាំងពីទឹកល្អក់ហ្នឹងមក  គេលាបលេខាត់ស្បែកគេ [មិនហ៊ាន] មកងូតទឹកហ្នឹង។ ពីមុនវិញហែលពេញៗទន្លេ កាលហ្នឹងរលកមក ហើយខ្សាច់ល្អណាស់»។

អ្នកស្រី ម៉ៅ សុភាព អង្គុយផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានវីអូឌីនៅក្បែរមាត់បឹងទន្លេបាទីជុំវិញស្ថានភាពភ្ញៀវមកលេងកម្សាន្តនៅតំបន់ទេសចរណ៍មួយនេះនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អ្នកស្រី ម៉ៅ សុភាព បានប្រកបរបរជាអ្នកលក់ដូរអាហារនៅរមណីយដ្ឋានទន្លេបាទីតាំងពីអំឡុងឆ្នាំ២០០០។ អ្នកស្រីក៏មានការព្រួយបារម្ភពីការបណ្តេញចេញផងដែរ  បន្ទាប់ពីរដ្ឋាភិបាលបានកាត់ដីបឹងមួយនេះ ឱ្យបុគ្គលឯកជនយកទៅអភិវឌ្ឍន៍។

អ្នកស្រី ម៉ៅ សុភាព និយាយ ៖ «តែគ្រាន់តែថា ខ្ញុំចង់ឱ្យគាត់បង្កើត [អភិវឌ្ឍន៍] ហ្នឹង ឱ្យបានពួកខ្ញុំមានកន្លែនៅរស់ស៊ីដដែល។ ចេះតែឮពីមាត់មួយមាត់ពីរ ថា គេដកយើងចេញ  គេអត់ឱ្យយើងរក គេបង្កើតចឹង។ ខ្ញុំអត់សុខចិត្តទេ  ព្រោះពួកខ្ញុំខំរកស៊ី កវែក កឆ្នាំងយូហើយ តាំងពីដូនតា »។

អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ផ្ទៃបឹងទន្លេបាទីជាង ៩៧ហិកតា ត្រូវបានរដ្ឋាភិបាលកំណត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្រ្តចំនួន២ ក្នុងនោះភូមិសាស្ត្រទី១ មានផ្ទៃដីជាង ៥៧ហិកតា ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ខណៈភូមិសាស្រ្តទី២ មានដីទំហំជាង ៣៩ហិកតា ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ចំណែកផ្ទៃដីបឹងទន្លេបាទីទំហំជាង២២២ហិកតាដែលនៅសល់ ត្រូវបានរដ្ឋាភិបាលធ្វើអនុប្បយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។

អាជីវករមួយរូបទៀត អ្នកស្រី ចាន់ សុគិត វ័យ ៥៣ឆ្នាំ បានប្រាប់ថា គាត់បានលក់ដូរនៅរមណីយដ្នានទន្លេបាទីជាង ២០ឆ្នាំមកហើយ ។

អ្នកស្រី ចាន់ សុគិត អង្គុយផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានវីអូឌីនៅក្បែរមាត់បឹងទន្លេបាទីពីការបារម្ភភ្ញៀវទេសចរធ្លាក់ចុះនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

កំពុងអង្គុយរំពៃមើលភ្ញៀវទេសចរបណ្តើរ អ្នកស្រីរៀបរាប់បណ្តើរថា ចំណូលរបស់គាត់បានធ្លាក់ចុះពាក់កណ្តាល ហើយថាទោះបីជាថ្ងៃចុងសប្តាហ៍ ក៏ខ្សត់ភ្ញៀវទេសចរមកលេងកម្សាន្តដែរ។

អ្នកស្រីថា បច្ចុប្បន្ននេះ គាត់អាចរកចំណូលបានចន្លោះពី ៣០ ០០០ រៀល ទៅ ៤០ ០០០ រៀល ក្នុងមួយថ្ងៃ តែថ្ងៃខ្លះ គឺអត់ចំណូលសោះក៏មាន ខណៈដែលនៅពេលទឹកមិនទាន់ល្អក់ គឺមានភ្ញៀវទេសចរ​មកកម្សាន្តច្រើន គឺគាត់អាចរកចំណូលមានចន្លោះពី ៧០ ០០០ ទៅ ៨០ ០០០ រៀលក្នុងមួយថ្ងៃ។

អ្នកស្រីថា ៖ «ពីមុនភ្ញៀវ ពេញៗតូប។មិនថា សៅរ៍ មិនថាអាទិត្យ ថ្ងៃធម្មតា ។ ឥឡូវ ថ្ងៃធម្មតាចិង ចន្ទ ដល់សុក្រ ជួនបាន ជួនអត់ដែរហ្នឹង។ វាអត់បានរាល់ថ្ងៃ»

អ្នកស្រី ចាន់ សុគិត គឺជាអ្នកជួលខ្យូសឱ្យភ្ញៀវទេសចអង្គុយលេងកម្សាន្តតាំងពីឆ្នាំ ១៩៩២មកម្លេះ។ អ្នកស្រីថា គាត់ត្រូវទាំងពឹងផ្នែកទាំងស្រុងលើមុខរបរមួយនេះ ហើយថា ការបាត់បង់ភ្ញៀវទេសចរ​បែបនេះ ឱ្យនាំគាត់ប្រឈមបញ្ហាបំណុលផងដែរ។

អ្នកស្រី ចាន់ សុគិត ប្រាប់ថា ៖ « យើងអត់សូវមានចំណូលយ៉ាប់ដែរ! បង់ [ធនាគារ] នេះតិច នោះតិច សរុបទៅ ៣០០ ទៅ ៤០០ [ដុល្លារ] ដែរហ្នឹង »។

ក្រៅពីការបារម្ភខ្សត់ភ្ញៀវទេសចរ​ហើយនោះ ក្រុមអាជីវករលក់ចំណីអាហារ និងជួលខ្ចុះសម្រាប់ភ្ញៀវទេសចរ​​សម្រាកលំហែរតាមបណ្តោយបឹងទន្លេបាទី  លើកឡើងថា ពួកគេក៏បារម្ភពីការជន់លិចភូមិ បើផ្ទៃបឹងកាន់តែរួមតូច។

អាជីវករមួយរូបទៀត អ្នកស្រី សួស ស្រីគង់ វ័យ៤០ឆ្នាំ បានថ្លែងថា បឹងទន្លេបាទីជា អាងស្តុបទឹក ដ៏សំខាន់មួយរបស់អ្នកភូមិរស់នៅក្បែររមណីដ្ឋាយមួយនេះ ហើយថា បើផ្ទៃបឹងកាន់តែរួមតូច អាចបណ្តាលឱ្យមានការជន់លិចកើតឡើង។

អ្នកស្រី សួស ស្រីគង់  និយាយថា ៖«បើលុបទន្លេរក៏លុបអត់កើតដែរ ព្រោះទឹកវាឡើងមក ពួកខ្ញុំអាចនឹងលិច ភូមិអាចនឹងលិច ព្រោះរាល់ថ្ងៃបានទឹកទន្លេហ្នឹងហើយ គេលុបបង្រួមទន្លេ បង្រួមឱ្យតូច ទឹកវាឡើងមកពួកខ្ញុំក៏ពិបាកដែរ»។

ប្រធានសមាគមទេសចរណ៍ទន្លេបាទី លោក ហ៊ូ លន់ លើកឡើងថា ពិតជាមានការលុបផ្នែកខ្លះនៃបឹងទន្លេបាទីពិតមែន។ ប៉ុន្តែលោកថា មកទល់ពេលនេះ លោកមិនទាន់បានដឹងពីគម្រោងនៃការអភិវឌ្ឍ​ផ្ទៃបឹងទន្លេបាទីទៅជាបែបណានៅឱ្យច្បាស់លាស់ឡើយទេ។

លោកថា ៖« បានឃើញដែរ [អនុក្រឹត្យ]  រឿងហ្នឹង ឧកញាអីគេ ស្រ៊ុន ប៊ុនលាភ ហ្នឹងគាត់ថា មកចូលអភិវឌ្ឍហ្នឹង ដល់រួចទៅសម្តេចគាត់លុបភ្នំតាម៉ៅនេះទៅស្ងាត់បាត់ចឹងទៅ »

ទោះយ៉ាងណា លោក​មិនជំទាស់ពីការអភិវឌ្ឍនោះទេ តែស្នើមិនឱ្យមានការបណ្តេញ អាជីវករចេញពីតំបន់ទន្លេបាទីនោះឡើយ។

លោក ហ៊ូ លន់ ៖ «ដូចខ្ញុំបានជម្រាបចិង សំណូមពរកុំឱ្យវាបាត់ ការរកស៊ីរបស់ប្រជាពលរដ្ឋដែរនៅហ្នឹង។ កុំឱ្យតែបាត់ទៅអត់អីទេ យើងអបអរ ការអភិវឌ្ឍ» ។

មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា (CYN)  លោក សាន់ ម៉ាឡា មានប្រសាសន៍ថា​ លោកមិនគាំទ្រឱ្យរដ្ឋាភិបាលកាត់ឆ្វៀលផ្ទៃបឹងទន្លេបាទីយកទៅឱ្យបុគ្គលឯកជនអភិវឌ្ឍន៍នោះទេ ដោយថា រដ្ឋាភិបាលគួរតែរក្សាទុកតំបន់នេះសម្រាប់ឱ្យពលរដ្ឋពឹងអាស្រ័យផង ឬ រក្សាទុកជាកន្លែងប្រព័ន្ធរំដោះទឹកការពារពីការជន់លិចតាមគំរូដូនតាសម័យអង្គរ។

លោក សាន់ ម៉ាឡា ថ្លែងថា ៖« វាមិនទាន់ដល់ពេលវេលាដែលយើង ត្រូវតែចាំបាច់  លុបបឹង លុបទន្លេសម្រាប់ធ្វើការអភិវឌ្ឍន៍ទេ ហើយការអភិវឌ្ឍន៍ដែលគិតតែពី ប្រាក់ចំណេញរយៈពេលខ្លីបែបនេះ ដោយមិនគិតគូអំពីសុខទុក្ខប្រជាពលរដ្ឋ ភាពយូអង្វែង និងផលប៉ះពាល់ បរិស្ថានជាការអភិវឌ្ឍមួយដែល មិនមានភាពឆ្លាតវៃ ហើយផ្ទុយពីគោលគំនិតដូនតាខ្មែរសម័យអង្គរផងដែរ»។

ជុំវិញករណីនេះ មេឃុំក្រាំងធ្នង់ លោក ជិន អ៊ីម បានឆ្លើយតបយ៉ាងខ្លីថា មិនមានកាត់ផ្ទៃបឹងទន្លេបាទីនោះទេ រួចលោកក៏បានចុចបិទទូរសព្ទតែម្តង។

លោថា ៖ « អត់មានទេ ! អត់មានទេ ! បានហើយ ! អគុណ !»

ចំណែកអភិបាលស្រុកទន្លេបាទី លោក ភួន ឈីម បានបដិសេដផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានវីអូឌីតាមរយៈប្រព័ន្ធទូរសព្ទ ជុំវិញការកាត់ផ្ទៃបឹងទន្លេបាទីនេះ។

លោក ភួន ឈីម ថា ៖ «ពាក់ព័ន្ធកិច្ចការងារហ្នឹងសូមអញ្ជើមកសាលាស្រុករាល់ម៉ោងធ្វើការខ្ញុំរៀបចំមនុស្សដើម្បីផ្តល់បទសម្ភាសជូន »។

ទោះជាបែបណាក្តី សម្រាប់មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា (CYN)  លោក សាន់ ម៉ាឡា  យល់ឃើញថា អាជ្ញាធរគួរបើកឱកាសឱ្យភាគីពាក់ព័ន្ធទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញពីតម្លាភាពក្នុងសង្គម  និងបានជំរុញឱ្យរដ្ឋាភិបាលលុបចោលគម្រោងអភិវឌ្ឍដែលយកដីចាក់លុបបឹង ឬទន្លេបែបនេះ។

លោកបន្ថែមថា ៖ «សម្រាប់ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលពិចារណា និងលុបចោលគម្រោងអភិវឌ្ឍន៍ទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងការលុបទន្លេ ឬក៏លុបបឹង។ ការអភិវឌ្ឍ​គួតែធ្វើឡើងដោយឈរលើស្មារតីផលប្រយោជន៍រួមជាធំ គិតគូសុខទុក្ខរបស់ប្រជាជនមូលដ្ឋានជាពិសេស ដំណើរការអភិវឌ្ឍគួរតែមានការបើកទូលាយឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមដើម្បីទទួលបានព័ត៌មានក៏ដូចជាចូលរួមធ្វើសេចក្តីសម្រេចចិត្តផងដែរ »។

បើតាមអនុក្រឹត្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការសម្រេចរបស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាត់ឆ្វៀលដីបឹងទន្លេបាទី គឹបានធ្វើឡើង​តាមសំណើរបស់រដ្ឋមន្ត្រីក្រសួង​រៀប​ចំដែន​ដី នគរូបនីយកម្ម និង សំណង់ លោក ជា សុផារ៉ា។

អ្នកនាំពាក្យក្រសួងនគរូបនីយកម្ម និង សំណង់ លោក សេង ឡូត មិនអាចសុំឆ្លើយបំភ្លឺបានទេជុំវិញករណីនេះ ដោយទូរសព្ទចូលជាច្រើនលើកមិនមានអ្នកទទួល។

បឹងទន្លេបាទី ជារមណីយដ្ឋានធម្មជាតិ​​មួយស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែល​​មាន​ចំងាយ​ជាង​៣០​គីឡូម៉ែត្រ​​​ពីរាជធានីភ្នំពេញ​។ នៅតាមមាត់បឹងនេះ មានខ្ចុះឈើប្រកស្បូវ និងស័ង្កសី រាប់សិបតូបនៅតម្រៀបជួរគ្នាក្បែរបឹងធម្មជាតិមួយនេះ ចំណែកនៅផ្លូវទៅកាន់បឹងទន្លេបាទី គឺមានប្រាសាទបុរាណមួយឈ្មោះថា «ប្រាសាទ​តាព្រហ្ម» ដែលសាងសង់ឡើងនៅសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ​ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ