កូដករ​ណា​ហ្គាវើលដ៍​ជា​ស្ត្រី​២​រូប​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទ​ចោទចំនួន​៣​របស់​ក្រុមហ៊ុន

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា កូដករជាស្ត្រីចំនួន២រូប នឹងចូលទៅបំភ្លឺតាមការកោះហៅជាលើកទី២របស់តុលាការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ​ ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន៣ ដែលក្រុមហ៊ុនល្បែងមួយនេះបានប្តឹងពួកគេ។

ក្នុងសេចក្តីជូនដំណឹងស្តីពីការចូលខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះហៅលើកទី២ របស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែវិច្ឆិកានេះ បានឱ្យដឹងថា  កូដករណាហ្គាវើលដ៍ជាស្ត្រីចំនួន២នាក់ រួមមាន កញ្ញា សុខ ថាវុធ និងអ្នកស្រី នេត ចរិយ៉ា ដែលត្រូវបានកោះហៅឱ្យចូលខ្លួនលើកទី២ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលបំភ្លឺនៅម៉ោង៩កន្លះព្រឹក និងម៉ោ២កន្លះរសៀល​ អំពីបទចោទចំនួន៣ រួមមាន រំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ដែលក្រុមហ៊ុនបានប្តឹងពួកគេ។

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាង ណុប ទិត្យបូរ៉ាវី មានប្រសាសន៍បន្ថែមថា ស្ត្រី២នាក់ ដែលជាកូដករណាហ្គាវើលដ៍នឹងចូលបំភ្លឺតាមដីកាកោះហៅរបស់តុលាការនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។ អ្នកនាងបន្តថា ដើមចមដែលស្ត្រីទាំងពីរចូលបំភ្លឺនៅតុលាការ ដោយសារពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

អ្នកនាង ណុប ទិត្យបូរ៉ាវី ចាត់ទុកដីកាកោះហៅរបស់តុលាការជាលើកទី២នេះថា ជាសារគំរាមកំហែងដល់កម្មករ មិនឱ្យពួកគេធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារស្របតាមច្បាប់ ​។ ប៉ុន្តែគាត់ថា ទោះជាមានការកោះហៅ ឬចោទប្រកាន់ក្រុមកូដករយ៉ាងណា ក៏ពួកគេ​នៅតែបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងាររហូតមានដំណោះស្រាយ។

អ្នកនាងបញ្ជាក់ថា៖ «ក្រុមហ៊ុនប្រើប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធមកលើក្រុមកូដករ ក្រុមគ្រួសារ ឱ្យគាត់ផ្អាកធ្វើកូដកម្ម។ អ៊ីចឹងជាអំពើមួយដែលធ្វើឱ្យប្រទេសកម្ពុជាយើងអាម៉ាស់មុខបំផុត។ អ៊ីចឹង ទោះបីជាមានដីកាកោះហៅជាបន្តបន្ទាប់ក៏ពួកខ្ញុំបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ ព្រោះយើងប្រើប្រាស់សិទ្ធិរបស់យើងធ្វើកូដកម្ម ហើយយើងប្រើប្រាស់អស់នីតិវិធច្បាប់  ហើយពួកយើងអត់មានធ្វើអ្វីខុសផង»។

ក្រោយពីការ​​ធ្វើ​កូដ​កម្ម​ជាង​១០ខែ​មក​នេះ កូដករណាហ្គាវើលដ៍​​ជិត ១០រូប​ហើយ ត្រូវ​​បានសាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន​។

វិវាទ​ការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុនល្បែងស៊ីសងនិងកាស៊ីណូមួយ​នេះបាន​បញ្ឈប់​​​បុគ្គលិក​ចំនួន ១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង៨ ០០០នាក់ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»។

យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេល១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ