អគ្គ​លេខា​ធិការ​UN​ថ្លែង​ថា​ ​ការ​ស្អប់​គ្នា​និង​ការ​ឃ្លាត​ឆ្ងាយ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​​នាំ​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស(António Guterres) មានប្រសាសន៍ក្នុងពេលធ្វើសន្និសីទកាសែតនៅក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បា​នថ្លែងថា  ការស្អប់គ្នា ការរើសអើង និងការឃ្លាតឆ្ងាយពីមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស​ បាននាំឱ្យអំពើប្រល័យពូជសាសន៍កើតឡើង ជាពិសេសករណីសម្លាប់ពលរដ្ឋរង្គាលដូចក្នុងសម័យខ្មែរក្រហម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមរយៈអ្នកបកប្រែជាភាសាខ្មែរ​ អំឡុងពេល​ធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ​នា​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស​(António Guterres) ​មានប្រសាសន៍ថា វត្តមានរបស់លោកនៅថ្ងៃនេះក្នុងបរិវេណសារមន្ទីរទួលស្លែងឬ មន្ទីរស ២១​ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ និងគោរពអ្នករស់រានមានជីវិតពី​ឧក្រិដ្ឋកម្មដ៏ឃោឃៅ ដែលកើតឡើងទូទាំងប្រទេសអំឡុងពេលនៃសម័យខ្មែរក្រហម។

លោកបន្តថា ទុក្ខវេទនាដែលកើតឡើងនៅក្នុងបន្ទប់នៃមន្ទីរស២១ គឺជារឿងគួរឱ្យសោកសង្រែង គួរឱ្យរន្ធត់ និងគួរឱ្យភ្ញាក់ផ្អើល ហើយរឿងរ៉ាវសម្រាប់អ្នករស់រានមានជីវិតក៏ជារឿងគួរឱ្យរំជួលចិត្តផងដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មដ៏សាហាវនេះ ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាថា អំពើឃោឃៅទាំងនេះមិនត្រូវបានកើតឡើងជាថ្មីម្តងទៀត។  

លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស ថ្លែងទៀតថា ទួលស្លែង គឺជាការក្រើនរម្លឹកដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូប ហើយឥដ្ឋនិងការ៉ូដែលប្រឡាក់ទៅដោយឈាមនៅទីនេះ ជាសារព្រមានមួយដល់មនុស្សគ្រប់រូបផងដែរ។ លោកថា ហើយសោកនាដកម្មនេះ គឺជាការកើតឡើងនៅពេលណាមួយដែលមនុស្សស្អប់គ្នាយ៉ាងខ្លាំង។

លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស ថ្លែងបន្តថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទាមទារឱ្យមេដឹកនាំខ្មែរក្រហមជាច្រើននាក់ទទួលខុសត្រូវចំពោះអំពើព្រៃផ្សៃ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងអ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមឬ ប៉ុល ពត ផងដែរ ។

លោកបន្ថែមថា សំឡេងរបស់ជនរងគ្រោះនៅទីនេះមានសារសំខាន់​ជាងពេលណាៗទាំងអស់ នៅពេលដែលនិយាយឱ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងការយាយី កំពុងកើតឡើងនៅគ្រប់តំបន់ទាំងអស់នៅលើពិភពលោក។​

លោកថ្លែងថា៖ «នេះជាអ្វីដែលកើតឡើងនៅពេលមនុស្សបានគេធ្វើទុក្ខបុកម្នេញ ហើយសិទ្ធិមនុស្សត្រូវបានបដិសេធ។ ការរក្សាទុកនូវការចងចាំចំពោះអ្នកដែលរងទុក្ខ និងស្លាប់នៅទួលស្លែង អាចជួយធានាថា អំពើឃោឃៅបែបនេះនឹងមិន​កើតឡើងម្តងទៀតនោះឡើយ» ។

អគ្គលេខាធិការអង្គការអន្តរជាតិកំពូលមួយនេះ លើកឡើងថា លោកនឹងពាំនាំនូវរឿងរ៉ាវដែលបានដឹងពីជនរងរស់រានមានជីវិតនៅទីនេះ ទៅប្រាប់ចៅៗរបស់លោក ដើម្បីឱ្យចៅៗរបស់លោក​យករឿងរ៉ាវទាំងនេះទៅប្រាប់ទៅប្រាប់ចៅៗរបស់ពួកគេបន្តទៀត ព្រោះការចងចាំរឿងរ៉ាវនៅទួលស្លែងជារឿងដែលមិនត្រូវបំភ្លេចជាដាច់ខាត។ ​

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អន មានប្រសាសន៍ថា លោកគាំទ្រនឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដែលថា ការស្អប់គ្នា និងការឃ្លាតឆ្ងាយពីមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស នាំឱ្យអំពើប្រល័យពូជសាសន៍កើតឡើង។

លោកបន្តថា កម្ពុជាធ្លាប់ឆ្លងកាត់របប​ប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឱ្យកម្ពុជាផ្តាច់ទំនាក់ទំនងជាមួយអន្តរជាតិ ទំនាក់ទំនងការទូត រស់នៅភាពឯកោ កាប់ស​ម្លាប់ពូជសាសន៍ជាបន្តបន្ទាប់ ហើយមេដឹកនាំ​កុម្មុយនីស្តធ្វើអ្វីតាមតែអំពើចិត្ត។

ករណីនេះ លោកថា កម្ពុជាមិនត្រូវដើរតាមដានប្រវត្តិសាស្ត្រចាស់នោះទេ ដោយ​ថា ថ្នាក់ដឹកនាំបច្ចុប្បន្ន បាននាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។

លោកថ្លែង​ថា៖ «នៅកម្ពុជាយើងមិនត្រូវឱ្យមានរបបប្រល័យពូជសាសន៍កើតឡើងវិញនោះទេ ជាពិសេសសន្តិភាពមានតម្លៃខ្លាំងណាស់សម្រាប់សិទ្ធិមនុស្ស សម្រាប់នីតិរដ្ឋ សម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

​មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា កម្ពុជាមិនទាន់មាននីតិរដ្ឋពេញលេញនៅឡើយ ខណៈអ្នកអនុវត្តច្បាប់មួយចំនួនមិនទាន់មានតម្លាភាព។ លើសពីនេះ បច្ចុប្បន្នកម្ពុជាក៏ត្រូវបានគេមើលឃើញថា ដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដែលធ្វើឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ហើយការស្អប់គ្នាក៏កើតមានឡើងដែរ។

លោកមានប្រសាសន៍ថា«ហើយមួយទៀត ស្ថាប័នឯករាជ្យដាច់ពីគ្នាហើយឬនូវ ឧទាហរណ៍ រដ្ឋធម្មនុញ្ញយើងបានចែងច្បាស់ ជាក់ស្តែងអំណាចបីចែកដាច់ពីគ្នា តុលាការ និងរដ្ឋសភា ហើយខាងរដ្ឋាភិបាល។ អ៊ីចឹងបើយើងមើលជាក់ស្តែងអំណាចនៅក្នុងជួរតែមួយ។      អ៊ីចឹងវាមិនឆ្លុះបញ្ចាំងអំពីស្ថាប័នហ្នឹងឯករាជ្យទេ វាធ្វើឱ្យប្រព័ន្ធនីតិរដ្ឋក៏មិនអាចដំណើរការល្អដែរ ហើយការអនុវត្តច្បាប់នៅតែរងការរិះគន់ពីអន្តរជាតិ។ ក្នុងរបាយការណ៍ថ្មីៗ យើងឃើញហើយក្នុងចំណោមប្រទេស១៤០ យើងលេខ១៣៩ វាជិតបាតតារាង ដែលយើងគួរតែពិនិត្យកែលម្អឡើងវិញដែរ»។

លោកបន្ថែមថា«ពាក់ព័ន្ធនឹងប្រជាធិបតេយ្យវិញ ក៏យើងឃើញដែរ មានការប្រកួតប្រជែងហ្នឹង វាអត់ទាន់មានភាពល្អប្រសើរទេ ការប្រកួតប្រជែងផ្នែកនយោបាយ យើងឃើញហើយមានការចោទប្រកាន់ ការចាប់សកម្មជននយោបាយដាក់ពន្ធនាគារ ការគេចខ្លួនរត់ចោលផ្ទះជាដើម វាបង្កនូវភាពភ័យខ្លាច  ហើយនៅតែប្រើប្រាស់អាជ្ញាធរ តុលាការចោទប្រកាន់នៅឡើយ ដូច គ.ជ.ប មិនទាន់មានឯករាជ្យភាពដែលគួរឱ្យជឿទុកចិត្តបាន។ អ៊ីចឹងកម្ពុជាមិនទាន់គោរពតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយទេ»។

សារមន្ទីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាអតីតមន្ទីរ ស-២១ ឬគុកទួលស្លែង និងជាអតីតសាលាបឋមសិក្សានិងវិទ្យាល័យ ទួលស្វាយព្រៃផងដែរ។

មន្ទីរស-២១ ត្រូវបានកងទ័ពវៀតណាមរកឃើញកាលពីខែមករាឆ្នាំ១៩៧៩ ក្រោយមកមន្ទីរឃុំឃាំងសម្ងាត់មួយនេះ ត្រូវបានរៀបចំ និងប្រែក្លាយទៅជាសារមន្ទីរ គុកទួលស្លែង ដោយវរៈសេនីយ៍ឯក និងជាអ្នកស្រាវជ្រាវឧក្រិដ្ឋកម្មសង្រ្គាម ជនជាតិវៀតណាមឈ្មោះ ម៉ៃ ឡាំ។

 មន្ទីរឃុំឃាំង ស-២១ឬ ហៅថាគុកទួលស្លែង   គឺស្ថិតក្រោមការគ្រប់គ្រងរបស់លោក កាំង ហ្គេកអ៊ាវហៅ ឌុច  ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ទិន្នន័យរបស់តុលាការកូនកាត់ខ្មែរក្រហមបច្ចុប្បន្ន ឱ្យដឹងថាក្នុងសម័យខ្មែរក្រហមមន្ទីរឃុំឃាំងនេះជាកន្លែងសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ ដែលបណ្តាលឱ្យមានជនរងគ្រោះ បាត់បង់ជីវិតជិត២ម៉ឺននាក់។  ​អ្នកជាប់ឃុំនៅទួលស្លែង ត្រូវបានបញ្ជូនទៅសម្លាប់ និងកប់ចោលនៅវាលពិឃាតជើងឯង ដែលមានឈ្មោះផ្លូវការបច្ចុប្បន្នថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

កាលពីឆ្នាំ២០១២ ឌុច  ត្រូវ បានតុលាការកូនកាត់ខ្មែរក្រហមប្រកាសសាលក្រម ក្នុងសំណុំរឿង ០០១ ដោយត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ