មន្ត្រី​រាជការ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ព្រមាន​ឱ្យ​ឈប់​បង្ហោះ​សារ​រឿង​ស្រូវ​ចុះ​ថោក

មន្ត្រីសាលាស្រុកស្វាយចេកម្នាក់ គឺលោក អឿន ធី(បែរខ្នង អាវក្រឡាការ៉ូ) ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កោះហៅសួរនាំ និងធ្វើកិច្ចសន្យាជុំវិញការបង្ហោះព័ត៌មានពាក់ព័ន្ធរឿងស្រូវចុះថោក និងជេប្រមាថអាជ្ញាធរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ)

មន្ត្រីរាជការនៅខេត្តបន្ទាយមានជ័យមួយរូប ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តហៅព្រមាន និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបង្ហោះសារលើបណ្តាញសង្គមរិះគន់រឿងស្រូវចុះថោកបន្តទៀត ប៉ុន្តែសាច់ញាតិហៅសកម្មភាពព្រមាននេះថា ជារឿងអយុត្តិធម៌។  

តាមរយៈរូបភាព និងកិច្ចសន្យាធានាដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឱ្យដឹងថា លោក អឿន ធី ដែលមានមុខរបរជាមន្ត្រីរាជការនៃស្រុកស្វាយចេក ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តម្រូវឱ្យធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពរិះគន់រឿងស្រូវចុះថោកបន្តទៀត ស្របពេលថ្មីៗនេះ ក្រសួងកសិកម្ម ក៏បានចេញលិខិតមួយដោយស្នើឱ្យពលរដ្ឋបញ្ឈប់ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គមពាក់ព័ន្ធរឿងស្រូវចុះថោក។ ​

ប្អូនជីដូនមួយរបស់លោក អឿន ធី  គឺអ្នកស្រី កែវ សាវន្ត បានអះអាងថា  បងរបស់គាត់ត្រូវបានស្នងការ ខេត្តបន្ទាយមានជ័យហៅទៅព្រមានមែន  ក្រោ​យបានបង្ហោះសារលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងរឿងស្រូវកសិករចុះថោក។

អ្នកស្រី កែវ សាវន្ត ដែលត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ហៅទៅធានាខ្លួនបងប្រុស ​ជីដូនមួយនោះ ប្រាប់វីអូឌីនៅថ្ងៃសៅរ៍​ថា  បងរបស់គាត់មិនបាននិយាយអ្វីពាក់ព័ន្ធនឹងរឿងនយោបាយទេ គ្រាន់តែគ្រាន់និយាយរឿងស្រូវចុះថោកប៉ុណ្ណោះ។

ក្រោយពីបានបង្ហោះលើបណ្ដាញសង្គមនោះ ស្នងការនគរបាលខេត្តការបន្ទាយមានជ័យ កាលពីម្សិលមិញ ក៏បានហៅគាត់ទៅ ណែនាំនិង អប់រំ ដោយប្រាប់កុំឱ្យបង្ហោះសារពាក់ព័ន្ធនឹងរឿងស្រូវចុះថោកទៀត ដោយសមត្ថកិច្ចបានចាត់ទុកការបង្ហោះសាររបស់បងជីដូនគាត់នោះថា បានធ្វើឱ្យប៉ះពាល់រដ្ឋាភិបាល និងអាជ្ញាធរ។

​អ្នកស្រីថា៖«​គាត់និយាយរឿងអីគឺមានតែនិយាយរឿងស្រូវហ្នឹង។ គាត់និយាយ​ថា ចៅហ្វាយស្រុក មិនឃើញ មិនជួយរកទីផ្សារស្រូវអ៊ីចឹង។ តែគាត់និយាយអ៊ីចឹង គេថា ប៉ះពាល់ដល់គេ ខ្ញុំមិនដឹងដែលដល់ពេលនោះ គេហៅខ្ញុំទៅធានាមកវិញ»

អ្នកស្រី កែវ សាវន្ត ចាត់ទុកការហៅបងគាត់ទៅអប់រំ និងណែនាំ ហើយព្រមានវិធានការច្បាប់ ដែលគ្រាន់តែនិយាយពីបញ្ហាកសិករលក់ស្រូវថោកថា ជារឿងអយុត្តិធម៌។ អ្នកស្រីបញ្ជាក់ថា អ្វីដែលបងគាត់និយាយ ដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ជួយរកដំណោះស្រាយ ក៏ដូចជាទីផ្សារជូនកសិករតែប៉ុណ្ណោះ ខណៈកសិករដែលលក់ស្រូវក្នុងតម្លៃថោក​ កំពុងជួបបញ្ហាប្រឈមខ្លាំង ដោយសារប្រាក់ដែលពួកគាត់យកធ្វើដើមទុនដើម្បីស្រែភាគច្រើនខ្ចីពីធនាគារ។

អ្នកស្រីបន្តថា៖«គាត់មានមិត្តភក្តិ គាត់មានបងប្អូន ច្រូតទៅស្រូវធ្លាក់រហូតតាំងពី ១ម៉ឺនរៀល រហូត៧ពាន់រៀល ហើយឃើញស្រូវនៅពេញវាលកាលផង គាត់ក៏ខឹងថា ដូចគ្មានដំណោះស្រាយស្រូវធ្លាក់រហូត។ យើងគិតមើលគ្រាន់តែជី មួយការ៉ុងប៉ុន្មានអ៊ីចឹង?  យើងយកមកប្រៀបធៀបអ្នកជំពាក់អង្គការ[គ្រឹះស្ថានហិរញ្ញវត្ថុ]  គ្នាយកលុយអង្គការមកធ្វើស្រែម្នាក់ៗថ្ងូរគ្រប់គ្នា​ ម្នាក់ៗបារម្ភគ្រប់គ្នាអ៊ីចឹង»។

វីអូឌីមិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានទេនៅថ្ងៃសៅរ៍នេះ។

បើតាមលិខិតធានារបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា  អ្នកស្រី កែវ សាវន្ត ត្រូវជាប្អូននោះ សុំធានាលោក អឿន ធី ដែលមានមុខរបបជាមន្ត្រីរាជការ ដោយសន្យាមិនឱ្យមានរឿងនេះកើតឡើងទៀតឡើយ។ ​

លិខិតធានា៖«នាងខ្ញុំសូមធានាយកបងប្រុសទៅអប់រំ កែខ្លួន នៅគេហដ្ឋានវិញ។ ប្រសិនបើបងប្រុស អឿន ធី បន្តប្រព្រឹត្តកំហុសដដែល នាងខ្ញុំសូមសន្យាប្រគល់បងប្រុសជូនសមត្ថកិច្ចតាមអនុវត្តតាមផ្លូវច្បាប់»។

ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានសរសេរថា មន្ត្រីសាលាស្រុកស្វាយចេក ម្នាក់ឈ្មោះ អឿន ធី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើសកម្មភាពថតរូបបង្ហោះ និងឡាយ អំពីសកម្មភាពប្រជាពលរដ្ឋ ទិញលក់ស្រូវ ត្រូវបានឈ្មួញក្រឡុកហាងឆេង ដែលខ្លឹមសារនោះបាននាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់សង្គម និយាយបែបញុះញង់ និងជេប្រមាថដល់លោកអភិបាលស្រុកស្វាយចេកយ៉ាងធ្ងន់ធ្ងរផងដែរ។

ប្រភពដដែលបន្តថា ក្រោយពីការសាកសួរនាំរួចមក ឈ្មោះ អឿន ធី បានទទួលស្គាល់កំហុស និងបានអះអាងថា ខ្លួនពិតជាបានថតឡាយមែន មកពីខ្លួនស្រវឹងស្រា។ ស្នងការដ្ឋានបន្ថែមថា បន្ទាប់ពីបានដឹងពីកំហុសហើយ សាមីខ្លួនបានសុំទោសជាសាធារណ:ចំពោះប្រជាពលរដ្ឋ និងលោកអភិបាលស្រុកស្វាយចេក។ ទន្ទឹមគ្នានោះ សមត្ថកិច្ចជំនាញក៏បានឱ្យគាត់ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសបន្តទៀត ក្នុងករណីមិនរាងចាល សមត្ថកិច្ចនឹងមានចំណាត់ការតាមផ្លូវច្បាប់។

វីដេអូជាង២នាទី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា លោក អឿន ធី ដែលជាមន្ត្រីសាលាស្រុកស្វាយចេក បានចេញមុខសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសថា ខ្លួនពិតជាបានជេរប្រមាថអាជ្ញាធរ និងប្រជាពលរដ្ឋស្រុកស្វាយចេក។

លោក អឿន ធី និយាយក្នុងវីដេអូថា៖ «តែចំពោះខ្ញុំបាទ ការដែលឡាយហ្នឹងគឺខុសទាំងស្រុងហើយ ខ្ញុំដឹងកំហុសខ្លួនឯងគឺវាខុសទាំងស្រុង។ ដូច្នេះ ខ្ញុំបាទក៏បានលុបចោលអស់ហើយ[លុបវីដេអូ] ហើយខ្ញុំក៏សុំទោសសារជាថ្មីម្តងទៀតចំពោះគណៈអភិបាល[អភិបាលស្រុកស្វាយចេក]ដែលមានការជេរប្រមាថគាត់។ តាមពិតពួកគាត់តែងតែចុះជួយប្រជាពលរដ្ឋជាប្រចាំ»។

មន្ត្រី​សម្របសម្រួល​សមាគមការពារសិទ្ធិមនុស្សអាដហុក ​(Adhoc) ប្រចាំនៅខេត្តបន្ទាយមានជ័យ​​ លោក ស៊ុំ ច័ន្ទគា ចាត់ទុកករណីនេះជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។ លោកមើលឃើញថា គោលបំណងដែលលោក អឿន ធី បង្ហោះសារនោះ គ្រាន់តែចង់ឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយជូនកសិករ ដែលកំពុង​ប្រឈមរឿងស្រូវចុះថោកប៉ុណ្ណោះ ខណៈការអំពាវនាវរបស់មន្ត្រីរូបនេះ ​មិនបានបង្កផលប៉ះពាល់ដល់សន្តិសុខប្រទេសជាតិនោះឡើយ។

លោកបន្តថា៖«​​គ្រាន់និយាយរឿងនឹងប៉ះពាល់ដល់អ្នកណា ហើយគ្រាន់តែនិយាយអំពីស្រូវចុះថោក វាអត់មានបទល្មើសណាមួយដែលត្រូវចោទប្រកាន់ទៅលើពួកគាត់ទេ ហើយឱ្យគាត់ទៅធ្វើកិច្ចសន្យាតើគាត់ខុសអី។ អាហ្នឹងជាសំណួរមួយ ប៉ុន្តែអ្វីដែលសំខាន់ត្រង់ថា បើមិនឱ្យគាត់និយាយ​ហើយប៉ះពាល់ដល់គេ ប៉ះពាល់អ្នកណា ប៉ះពាល់ដល់ក្រសួងកសិកម្ម ឬបុគ្គលណាមួយ។ នៅក្នុងប្រទេសមួយដែលគោរពច្បាប់ អនុវត្តច្បាប់ បែរជាមិនឱ្យនិយាយមិនឱ្យថាអ៊ីចឹងប្រជាពលរដ្ឋនឹងម្ចាស់អំណាចម្ចាស់ប្រទេសជាតិគាត់លែងមានអំណាចអីត្រូវថាហើយ»។

លោក ស៊ុំ ច័ន្ទគា បន្តថា វិធានការព្រមានលើមន្ត្រីរាជការស្រុកស្វាយចេកពេលនេះ មិនបានឆ្លុះបញ្ចាំពីអនុវត្តទៅតាមរបបលទ្ធិប្រជាធិបតេយ្យឡើយ ដោយសារ មន្ត្រីរាជការអ្នកបម្រើរាស្ត្រ  បែរជាហៅប្រជាពលរដ្ឋដែលកំពុងរងគ្រោះទៅព្រមានវិញនោះ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា  បានអំពាវនាវដល់ប្រជាកសិករ​ឱ្យបញ្ឈប់ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ដែល​ថាក្រសួងមិនអើពើក្នុងការជួយដោះស្រាយករណីកសិផលចុះថោក ខណៈក្រុមការងារ​ក្រសួងបាន​ចុះ​ដោះ​ស្រាយ​បញ្ហា​​នេះជូន​កសិករនៅកន្លែងជាក់ស្តែងហើយ។

ជុំវិញរឿងនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះសារបង្ហាញការសោកស្ដាយចំពោះសមត្ថកិច្ច ដែលបានប្រព្រឹត្តិផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយបញ្ហានេះបានបំពានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិផងដែរ។

បើតាមស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត ​លោក សេក សុជាតិ  សរសេរលើហ្វេសប៊ុកនៅថ្ងៃនេះថា សមត្ថកិច្ចគួរសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងមួយនេះ។ បន្ថែមពីនេះ រដ្ឋាភិបាល ត្រូវ​រកដំណោះស្រាយជូនពលរដ្ឋ មិនមែនធ្វើការគំរាម និងបំបិទសិទ្ធិប្រជាពលរដ្ឋបែបនេះឡើយ។

លោកបញ្ជាក់ថា ការសម្ដែងមតិលើបណ្ដាញសង្គម មិនមែនជាអំពើខុសច្បាប់ឡើយ ហើយសមត្ថកិច្ចកម្ពុជា មិនត្រូវបំពានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែរ ដោយសារ  សិទ្ធិសេរីភាពនេះ  ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីសិទ្ធិមនុស្សជាសកល។

លោកថា៖«តើគោលនយោបាយរបស់រដ្ឋាភិបាលមានចែងត្រង់ចំណុចនេះដែរឬទេ? ការធ្វើបែបនេះ គឺជាការបំផ្លាញកិត្តិយសដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលនៅលើឆាកអន្តរជាតិ។ ការធ្វើបែបនេះ ឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ»។

រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ បន្ថែមពីនេះ សេចក្តីស្នើទាំងឡាយត្រូវបានទទួលពិនិត្យ និង​ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

មាត្រា៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។

ដោយឡែកមាត្រា ៦២វិញ បានចែងថា រដ្ឋត្រូវយកចិត្តទុកដាក់លើមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។

រីឯមាត្រា៦៣ នៃច្បាប់កំពូលនេះបានចែងដែរថា រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ