បទ​យក​ការណ៍​៖ ​ព្រះសង្ឃ​និង​យុវជន​កៀរគរ​ថវិកា​តាម​បណ្តាញ​សង្គម​ជួយ​ដល់​អ្នក​ធាក់​ស៊ីក្លូ​

អ្នកប្រកបរបរធាក់ស៊ីក្លូកំពុងសម្រាកតាមបណ្តោយផ្លូវសុធារស ខាងត្បូងវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ស៊ីក្លូ គឺជាយានជំនិះគ្មានផ្សែង ដែលបានកកើតឡើងនៅក្នុងសម័យអាណាព្យាបាលបារាំង និងជាទីពេញនិយមសម្រាប់ពលរដ្ឋ​នាសម័យនោះ ហើយបន្តមកដល់សម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ ​ឬសម័យ លន់ នល់ ជាដើម។ ប៉ុន្តែមកដល់​បច្ចុប្បន្ន​ ​មធ្យោបាយធ្វើដំណើរសម័យទំនើប រួមមាន រ៉ឺម៉ក់កង់ខ្មែរ រ៉ឺម៉ក់កង់បីឥណ្ឌា (Pass app) ម៉ូតូឌុប និងរថយន្តក្រុងសាធារណៈជាដើមនោះ បានវាយលុកលើទីផ្សារ ដែលធ្វើឱ្យអ្នកប្រកបរបរធាក់ស៊ីក្លូ ស្ទើរតែ​រកថវិកាទិញបាយទទួលទានមិនបាន។

អ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជារបរប្រើកម្លាំងបាយដើម្បីរកកម្រៃនេះ មួយចំនួនបានប្រើប្រាស់ទីតាំងសួនច្បារសាធារណៈ  តំបន់ក្បែរផ្សារ និងសំយាបផ្ទះរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ ​សម្រាប់ធ្វើជាជម្រកក្នុងការរស់នៅប្រចាំថ្ងៃ​។

នាវេលាម៉ោង៨ព្រឹក នៅខាងលិចផ្សារធំថ្មី បុរសវ័យចំណាស់ស្បែកជ្រាវជ្រួញម្នាក់កំពុងធាក់ស៊ីក្លូ ដោយភ្នែកសម្លឹងរកមើល ក្រដាសកេស កំប៉ុងជ័រ និងដែក ដែលអាចប្រមូលយកមកដាក់លើស៊ីក្លូដើម្បីដឹកយកទៅលក់។ ស៊ីក្លូពណ៌បៃតងដែលនៅជាមួយគាត់ប្រមាណ ៤០ឆ្នាំមកហើយនោះ បានប្តូរពីការដឹកភ្ញៀវទេសចរណ៍ មកជាដឹកសំណល់អេតចាយទៅវិញ ព្រោះតែមិនមានអ្នកជិះដូចពីមុនឡើយ។

លោក ជ្រៃ ឆេង វ័យ ៧៣ឆ្នាំ ដែលជាអ្នកធាក់ស៊ីក្លូរូបនេះ បានប្រាប់វីអូឌីថា បច្ចុប្បន្ននេះមិនមានអតិថិជនជិះស៊ីក្លូលោកទៀតទេ ទើបគាត់សម្រេចរើសអេតចាយជំនួសវិញដើម្បីបានចំណូលទ្រទ្រង់ជីវិត។ លោកថា គាត់អាចរកចំណូលបានចន្លោះពី១០ ០០០រៀល ទៅ២០ ០០០រៀលក្នុងមួយថ្ងៃ ពីការលក់សំណល់អេតចាយផ្សេងៗ។ ក្នុងនោះក្រដាសមួយគីឡូក្រាមគាត់លក់បានថវិកាចំនួន ៤០០រៀល និងដែកមួយគីឡូក្រាម​អាចលក់បានថវិកា​ ១ ០០០រៀល។

លោក ជ្រៃ ឆេង និយាយថា«មានការលំបាកប្រឈមមុខដែរ ព្រោះឥឡូវម៉ូយអត់មានជិះទេ។ ម្លោះហើយលំបាក ដើររើសតែអេតចាយទេក្មួយ!»

លោក ជ្រៃ ឆេង ចាប់ផ្តើមប្រកបរបរធាក់ស៊ីក្លូក្នុងឆ្នាំ១៩៨២ នាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយរកចំណូលបានចន្លោះពី ៣០ ០០០រៀល ទៅ ៤០ ០០០រៀល ក្នុងមួយថ្ងៃ។ ប៉ុន្តែ​បច្ចុប្បន្ននេះវិញ គាត់ត្រូវរស់ពឹងផ្អែកលើជំនួយសប្បុរសធម៌ ដោយសារតែគាត់មិនអាចរកចំណូលពីរបរធាក់ស៊ីក្លូបានទៀតឡើយ។ លោកថា ជារៀងរាល់ថ្ងៃគាត់ចាប់ផ្តើមធាក់ស៊ីក្លូ រើសអេតចាយចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង១០យប់ ហើយគាត់ត្រូវសម្រាកនៅក្រោមសំយាបផ្ទះរបស់ប្រជាពលរដ្ឋម្តុំផ្សារចាស់ដោយស្នាក់នៅលើស៊ីក្លូតែម្តង។

លោក ជ្រៃ ឆេង កំពុងប្រមូលយកសំបកកេសដាក់លើស៊ីក្លូ នៅក្បែរផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

លោកបន្តថា«ដើររើស [អេតចាយ] ជួនអីសប្បុរសជនដែលអាណិតឱ្យ ២ ០០០រៀល [ទៅ] ៣ ០០០រៀល ជួនអី ៥០០០រៀល។ គេឱ្យយើងផ្សំ ឃើញចាស់ [គេ] អាណិត ជួនអីខ្លះគេ ឱ្យបាយ»

អ្នកធាក់ស៊ីក្លូមួយរូបទៀតរូបរាងស្គមស្តើង សម្បុរខ្មៅ លោក ហែម ភិន វ័យ៦០ឆ្នាំ ទើបតែចាប់ផ្តើមរបរធាក់ស៊ីក្លូក្នុងឆ្នាំ២០១៧ ដោយជួលស៊ីក្លូគេក្នុងមូយខែបង់៦០ ០០០រៀល។ លោកថា គាត់មានវ័យកាន់តែចាស់ មិនអាចរកអ្វីបានទើបសម្រេចចិត្តមកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ ចំណែកកូនៗរបស់លោកបានចំណាកស្រុកទៅថៃ។ លោកបន្តថា ដោយសារតែរកលុយមិនបានពីរបរធាក់ស៊ីក្លូ នាំឱ្យលោកមិនមានថវិកា​បង់ថ្លៃជួលស៊ីក្លូនោះទេ ទើបត្រូវជាប់បំណុលថែមទៀតផង។

លោកថា៖«ជួនណាជំពាក់គេទៅ ជួនណាបាន [រកលុយបាន] ទៅ ឱ្យគេ [អ្នកឱ្យជួល] ទៅ គេមកយក[ថ្លៃជួលស៊ីក្លូ] »

ស្របពេលដែល ក្រុមអ្នកធាក់ស៊ីក្លូ ជួបការលំបាក មានព្រះសង្ឃ និងយុវជនស្ម័គ្រចិត្តមួយក្រុមបានកៀរគរថវិកានៅតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីជួយអ្នកធាក់ស៊ីក្លូចំនួន២០០នាក់ ក្នុងរាជធានីភ្នំពេញ និងជាផ្នែកមួយដើម្បីបណ្តុះវប្បធម៌ចែករំលែកដល់អ្នកខ្វះខាតក្នុងសង្គម។

ស្ថាបនិកបង្កើតយុទ្ធនាការជួយអ្នកធាក់ស៊ីក្លូ ព្រះតេជព្រះគុណ រឹម ណាំឈាវ មានថេរដីកាប្រាប់វីអូឌីថា ការបង្កើតកម្មវិធីនេះចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៩ ក្នុងរដូវរងា ជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០២២​ គឺជាលើកទី៤ នៃសកម្មភាពមនុស្សធម៌មួយនេះ។ ព្រះអង្គបន្តថា ការបង្កើតសកម្មភាពសប្បុរសធម៌នេះក្នុងគោលដៅផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រឡាញ់ជូនចំពោះអ្នកធាក់ស៊ីក្លូ ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ ហើយកំពុងប្រឈមការខ្វះខាតក្នុងជីវភាពរស់នៅ។ ព្រះអង្គឱ្យដឹងថា ការកៀរគរជំនួយពីសប្បុរសជនគឺចាប់ផ្តើម​ក្នុងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយប្រមូលថវិកាបានចំនួនប្រមាណ ៤លានរៀល ស្មើនឹងពាក់កណ្ដាលនៃថវិកា​ដែលបានរំពឹងទុកចំនួន ៨លានរៀល។ ថវិកាដែលទទួលបានពីសប្បុរសជនភាគច្រើនគឺបានមកពីយុវជន សិស្ស និងនិស្សិត។

យ៉ាងណា ព្រះតេជព្រះគុណ រឹម ណាំឈាវ បានអំពាវនាឱ្យប្រជាពលរដ្ឋកម្ពុជាបន្តឧបត្ថម្ភចំពោះសកម្មភាពសប្បុរសបែបនេះ ឱ្យកាន់តែផុសផុលឡើងដើម្បីជាជំនួយដល់អ្នកដែលកំពុងខ្វះខាតក្នុងសង្គមកម្ពុជា។

ព្រះអង្គបន្តថា៖ «សូមឱ្យប្រជាជនខ្មែរគ្រប់រូប គ្រប់ស្រទាប់វណ្ណៈពង្រឹងនិងពង្រីកនូវវប្បធម៌នៃការចែករំលែកនេះ ឱ្យរឹងរឹតតែមានវិសាលភាព និងជានិច្ចនិរន្តរ៍តរៀងទៅ»។

បើតាមព្រះតេជព្រះគុណ រឹម ណាំឈាវ បន្ថែមថា ថវិកាដែលទទួល​បាននឹងចាត់ចែងជូនអ្នកធាក់ស៊ីក្លូចំនួន​២០០នាក់ ក្នុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដោយអ្នកធាក់ស៊ីក្លូម្នាក់នឹងទទួលបាន អង្ករ៥គីឡូក្រាម​​ អាវរងា​ចំនួន​១ មី១០កញ្ចប់​​​ និងថវិកាមួយចំនួនទៀត​។

ចំណែកយុវជន អេប​ សុសាផាលីត វ័យ២៣ ដែលបានស្ម័គ្រចិត្តចូលរៀបចំកម្មវិធីសប្បុរសធម៌នេះ បានប្រាប់វីអូឌីថា ទីតាំងចំនួន២ ដែលក្រុមការងារលោកគ្រោងនឹងចែកជូនអ្នកធាក់ស៊ីក្លូរួមមាន នៅមុខសួនវត្តបុទុមវតី និងនៅទីស្នាក់ការសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានទីតាំងនៅជិតវត្តកោះ។

យុវជនរូបនេះប្រាប់ថា មូលហេតុដែលជំរុញចិត្តរបស់លោកស្ម័គ្រចិត្តចូលរូមសកម្មភាពភាពជួយសង្គមបែបនេះ ដោយសារគាត់សង្កេតឃើញថា អ្នកធាក់ស៊ីក្លូគឺកំពុងជួបការលំបាកខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសគឺពួកគេកំពុងរស់នៅពឹងលើជំនួយពីសប្បុរសជនតែប៉ុណ្ណោះ ព្រោះតែពួកគាត់បានបាត់បង់ចំណូលស្ទើរតែទាំងស្រុងពីរបរមួយនេះ។

យុវជន សុសាផាលីត បន្តថា៖ «យើងដឹងហើយថា ខែនេះ គឺជាខែរងា ទម្រាំតែយើងនៅផ្ទះក៏យើងមានអារម្មណ៍រងាដែរ! ចុះទម្រាំពួកគាត់ដែលជាតាស៊ីក្លូ! ធម្មតា តាស៊ីក្លូគាត់សម្រាន្តនៅតាមរបងវត្ត នៅតាមកន្លែងសាធារណៈមួយចំនួន ដែលអត់មានទីជំរកច្បាស់លាស់ទេ បានន័យថា អត់មានជាផ្ទះ ឬជាអីមួយដែលបាំងជារបងអ៊ីចឹង! ចឹងគាត់នៅកណ្តាលវាល។ អ៊ីចឹងបរិយាកាស អាកាសធាតុបែបហ្នឹង គឺគាត់ពិបាកខ្លាំង»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតមូលនិធិមួយដើម្បីគាំពារអ្នកធាក់ស៊ីក្លូ កាលពីខែខែមករា ឆ្នាំ២០១៨ ដោយជួយតែអ្នកធាក់ស៊ីក្លូ បានចុះឈ្មោះជាសមាជិកក្នុងមូលនិធិនេះ ដោយម្នា​ក់ៗទទួលបានថវិកាចំនួន ៧ ០០០​រៀលក្នុង​មួយថ្ងៃ និងទទួលបានការព្យាបាល​ជំងឺដោ​យ​ឥតគិ​ត​ថ្លៃដែល​ធានាដោយបេឡាជាតិរបបសន្តិសុខសង្គមឬហៅថា បសស។

​ពាក់ព័ន្ធសកម្មភាពរបស់ព្រះសង្ឃ និងយុវជនកៀរគរថវិកាតាមបណ្តាញសង្គមជួយអ្នកធាក់ស៊ីក្លូដែលកំពុងជួបការលំបាកនេះ លោក ​តូច ចាន់នី​ ​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់វីអូឌីថា លោកមិនទាន់ទទួលពត៌មានពីគម្រោងសប្បុរសធម៌នេះនៅឡើយទេ ប៉ុន្តែលោកថា រាស់សកម្មភាពនៅទីសាធារណៈ គួរតែមានការសហការ​ជាមួយអាជ្ញាធរដើម្បីជួយសម្រួលកិច្ចការទាំងនេះ​។

លោកថា៖ «បើគាត់ជាអ្នកស្ម័គ្រចិត្តចឹង! ត្រូវតែសហការ​ ជាមួយអាជ្ញាធរ ឬសុំច្បាប់ពីអាជ្ញាធរថា​ យើងចុះធ្វើសកម្មភាព គោលដៅចង់បានអី? នៅកន្លែងណា? នេះជាការយល់ឃើញរបស់ខ្ញុំ ហើយជាការងារមនុសុ្សធម៌វាមិន​ជាអីទេ ប៉ុន្តែគ្រាន់ថា យើងធ្វើអីសហការជាមួយអាជ្ញាធរទៅ វាស្របច្បាប់»។

បន្ថែមលើនេះ លោកថា ដើម្បីគាំទ្រដល់អ្នកធាក់ស៊ីក្លូដែលជាជនក្រីក្រ គឺរដ្ឋាភិបាលក៏មានគោលនយោបាយជួយដល់អ្នកធាក់ស៊ីក្លូផងដែរ ប្រសិនបើគាត់មានទីលំនៅច្បាស់លាស់នោះ ពួកគេអាចទទួលបានបណ្ណក្រីក្រដើម្បីជួយសម្រួលក្នុងការរស់នៅ។

លោបន្តថា៖ «បើគាត់ជាក្រុមអ្នកធាក់ស៊ីក្លូ មានផ្ទះមានសម្បែង មានអាសយដ្ឋានច្បាស់លាស់ បើសិនជាគាត់ក្រ គាត់ត្រូវទទួលបានបណ្ណក្រីក្រពីរាជរដ្ឋាភិបាល កម្មវិធីក្រីក្រ សម្រាប់ពួកគាត់ គាត់អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីហ្នឹងហើយ»។

យ៉ាងណា សម្រាប់ លោក ជ្រៃ ឆេង ដែលកំពុងជួបការលំបាកក្នុងជីវិតប្រចាំថ្ងៃប្រាប់ថា លោកមិនទទួលបានបណ្ណក្រីក្រពីអាជ្ញាធរមូលដ្ឋាន នៅស្រុកកំណើតរបស់លោកក្នុងខេត្តព្រៃវែងបាននៅឡើយទេ។ ចំណែកថវិកាពីរដ្ឋាភិបាលមួយថ្ងៃ ៧ ០០០រៀលនោះ គឺលោកក៏មិនទទួលបានដែរ ព្រោះលោកមិនបានទទួលព័ត៌មាននេះ ទើបមិនបានចូលជាសមាជិកមូលនិធិដែលរដ្ឋាភិបាលបានបង្កើតកន្លងមក។

លោកថា៖ «ខ្ញុំមិនថាខាងណាខាងណី ខ្ញុំចូលគណបក្សប្រជាជនដែរហ្នឹង។ ខ្ញុំបោះឱ្យ សម្តេច[លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន]ហ្នឹង! ប៉ុន្តែមិនដឹងម៉េច! គេមិនពេញចិត្តនឹងខ្ញុំ គេថាខ្ញុំរក[ថវិកា] នៅភ្នំពេញបានហើយ ក្រអ៊ីចឹងទៅរកនៅភ្នំពេញបានហើយ»

ប្រធានសមាគមអភិរក្សស៊ីក្លូ និង មុខរបរក្រៅប្រព័ន្ធ លោក អ៊ឹម សម្បត្តិ មានប្រសាសន៍ថា ស៊ីក្លូនឹងប្រឈមការបាត់បង់រូបរាង​នាពេលអនាគត ព្រោះតែបាត់បង់ប្រជាប្រិយភាពក្នុងកាទាក់ទាញឱ្យមានអ្នកជិះ ដោយសាតែការវិវត្តន៍ នៃសម័យកាល​នាំឱ្យចំនួនស៊ីក្លូធា្លក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រភពដដែលឱ្យដឹងថា ក្នុងឆ្នាំ​២០១៩ មានប្រមាណ ៣១០ស៊ីក្លូ និងក្នុងឆ្នាំ២០២២នេះ ស៊ីក្លូថយចុះនៅសល់ប្រមាណ ២៧០ស៊ីក្លូ។ លោកថា សកម្មភាពជួយដល់អ្នកធាក់ស៊ីក្លូគឺបានជំរុញឱ្យស៊ីក្លូនៅកម្ពុជាបន្តមានវត្តមានយូរអង្វែងបន្តទៀត។

លោកបន្ថែមថា៖ «អាយានជំនិះដឹកជញ្ជូនហ្នង បើប្រៀបធៀបទៅនឹងរទេះគោ រទេះក្របីអី វាបាត់អស់ហើយ ប៉ុន្តែសម្រាប់យានជំនិះ[ស៊ីក្លូ]ហ្នឹងវានៅ។ យើងរំពឹងថា នៅពេលណាដែលយើងនៅតែជួយគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗ ចូលរួមគាំទ្រទាំងអស់គ្នាទៅវា[ស៊ីក្លូ]អាច គង់វង្សនៅយូ អាច២០ [ទៅ] ៣០ឆ្នាំ ទៀតទៅ»

ទោះជាបែបណាក្តី ត្រឡប់មកកាន់ ព្រះតេជព្រះគុណ រឹម ណាំឈាវ វិញ ព្រះអង្គមានថេរដីកាថា ព្រះអង្គនឹងបន្តសកម្មភាពជួយអ្នកធាក់ស៊ីក្លូជារៀងរាល់ឆ្នាំបន្តទៀត ក្នុងគោលបំណង បណ្តុះវប្បធម៌ នៃការចែករំលែក ដែលជាវប្បធម៌មួយក្នុងនាមប្រជាជាតិខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាតែងតែបំពេញតាំងពីបុរាណកាល​​រហូតមកដល់បច្ចុប្បន្ន​។

ព្រះអង្គមានថេរដីកាថា៖ «វប្បធម៌ចែករំលែកសេចក្ដីសុខរបស់ប្រជាពលរដ្ឋខ្មែរកាលពីជំនាន់មុនគេបានចាត់ទុកថាជាវិធីមួយសំខាន់ក្នុងការជួយបណ្ដុះ គំនិតមនុស្សទាំងចាស់ទាំងក្មេងឱ្យចេះអត់ឱននិងមានធម៌អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកមិនបែកបាក់សាមគ្គីគ្នាឬមិនប្រើអំពើហិង្សា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ