មនុស្ស​២៦​ស្លាប់​និង​ជិត​១០០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ឆេះ​កាស៊ីណូ​នៅ​​ក្រុង​ប៉ោយប៉ែត​

ក្រុមជួយសង្គ្រោះ និងនគរបាលខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ ហ្គ្រេនដាយមិន និងកាស៊ីណូប៉ោយប៉ែតរីសត នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងតាំងពីម៉ោង១១កន្លះយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៦នាក់ស្លាប់ និងជិត១០០នាក់រងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះកាស៊ីណូមួយនៅកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។

ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម បានឱ្យវីអូឌីដឹងនៅថ្ងៃអាទិត្យនេះថា បើតាមព័ត៌មានចុងក្រោយដែលសមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញបង្ហាញថា ករណីឆេះកាស៊ីណូដ៏ធំមួយឈ្មោះ ហ្រ្គេនដាយមិន  បណ្តាលឱ្យមានមនុស្សស្លាប់សរុប ២៦នាក់ និងមនុស្សជិត ១០០នាក់ទៀតរងរបួសធ្ងន់ និងស្រាល។   

លោកមានប្រសាសន៍ថា៖ «ឧបទ្ទវហេតុស្លាប់នៅក្នុងកាស៊ីណូ យើងរកឃើញសាកសពចំនួន២៦រូប  ហើយរបួសទាំងនៅថៃ និងខ្មែរជិត១០០នាក់  របួសចំនួន៤០នាក់ដឹកទៅសង្គ្រោះនៅប្រទេសថៃ និង៥៧នាក់នៅប្រទេសកម្ពុជា ពួកគេជិតចេញពីពេទ្យអស់ហើយ»។

កាស៊ីណូ ហ្រ្គេនដាយមិន  ស្ថិតនៅនៅភូមិក្បាលស្ពាន១  សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពោលគឺមានចម្ងាយប្រមាណ១០០ម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបន្តថា អ្នកដែលស្លាប់ក្នុងហេតុការគ្រោះអគ្គិភ័យនោះមាន ជនជាតិថៃ ចិន ម៉ាឡេស៊ី  នេប៉ាល់ និងជនជាតិខ្មែរជាដើម​។

លោក សេក សុខុម មានប្រសាសន៍បន្ថែមថា ក្រោយពីបិទបញ្ចប់ការរុករកសាកសព  ខាងសមត្ថកិច្ច ទុកឱ្យមន្ត្រីជំនាញសិក្សាពីទំហំនៃការប៉ះពាល់និងការខូចខាត រួមទាំងទុកឱ្យអ្នកបច្ចេកទេស និងអ្នកច្បាប់ សិក្សាជាមួយក្រុមហ៊ុន ជុំវិញការទទួលខុសត្រូវលើជនរងគ្រោះដែលស្លាប់ និងអ្នកដែលរងរបួសជាបន្តទៀត។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរត្រូវមានទំនួលខុសត្រូវក្នុងការជួយរកយុត្តិធម៌ជូនជនរងគ្រោះ តាមរយៈឱ្យក្រុមហ៊ុនផ្តល់ប្រាក់សំណងដល់ជនរងគ្រោះ។

លោក សែនករុណា ផុ្តល់ជាអនុសាសន៍បន្ថែមថា អាជ្ញាធរត្រូវធ្វើការពិនិត្យលើសំណង់ និងអគារដែលសាងសង់ឡើងវិញ ប៉ុន្តែមិនគោរពតាមបច្ចេកទេសត្រឹមត្រូវ  ដើម្បីកុំឱ្យមានឧបទ្ទវហេតុបែបនេះកើតឡើងនៅថ្ងៃខាងមុខទៀត។

លោកផ្តល់ជាអនុសាសន៍ថា៖ «ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធក្នុងការត្រួតពិនិត្យទាំងការសាងសង់ ទាំងការអនុញាតឱ្យមានការសង់សំណង់ផ្សេងៗកើតឡើង គប្បីក្រសួង មន្ទីរស្ថាប័នទាំងអស់ត្រូវមានការត្រួតពិនិត្យទៅលើសំណង់ទាំងនោះផង ជៀសវាងការសាងសង់ ដែលមិនមានប្រព័ន្ធការពារត្រឹមត្រូវ វានាំឱ្យប៉ះពាល់ដល់សន្តិសុខ ឬក៏អាយុជីវិតរបស់ប្រជាពលរដ្ឋ ឬសុខុមាលភាពរបស់អ្នកដែលធ្វើការងារនៅខាងក្នុងហ្នឹង»។

លោកបន្ថែមថា៖ «នៅពេលមានគ្រោះថ្នាក់កើតឡើង ស្រាប់តែមិនមានប្រព័ន្ធការពារ វាធ្វើឱ្យមានបញ្ហា។ អ៊ីចឹងគប្បីស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងបណ្តែតបណ្តោយឱ្យសំណង់ជាច្រើនកើតមានឡើង ហើយគ្មានការត្រួតពិនិត្យ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់កើតឡើង ស្រាប់តែមិនមានអ្វីសោះក្នុងការជួយសង្គ្រោះ។ នេះជាបទពិសោធន៍មួយ ក្នុងការត្រួតពិនិត្យទៅលើសំណង់ធំៗ ឬសំណង់ទាំងឡាយឡើងវិញ ជៀសវាងប៉ះពាល់ដល់អាយុជីវិតមនុស្សបន្ថែមទៀត»។

តាមរយៈឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមតាំងពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ គេឃើញអាគារកាស៊ីណូដ៏ធំមួយឈ្មោះ ហ្រ្គេនដាយមិន ត្រូវបានភ្លើងឆាបឆេះចេញពីក្នុងអាគារ និងទីបំផុតត្រូវបានភ្លើងលេបត្របាក់ស្ទើរតែទាំងស្រុង ហើយបណ្តាលឱ្យខូចខាតនូវអគារចំនួន៣ រួមមាន អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធីចំនួន២ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីចំនួនមួយថែមទៀតផង។

ក្រោយហេតុការណ៍អគ្គិភ័យនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានធ្វើដំណើរចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

នៅថ្ងៃដដែលនោះ លោក ស ខេង ក៏បានផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះនៅក្នុងសោកនាដកម្មអគ្គិភ័យ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកស្លាប់បានទៅកាន់សុគតិភព និងបួងសួងឱ្យអ្នករងរបួសឆាប់បានជាសះស្បើយឡើងវិញ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ