សកម្មជន​ព្រៃ​ឈើ​ថា​ ​បទ​ល្មើស​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់​បន្ត​កើត​មាន​ ​ខណៈ​ជន​ល្មើស​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​

ប្រជាសហគមន៍ព្រៃឡង់ ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅចំណុចក្បាលដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំឡុងថ្ងៃ៧ ទៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

សកម្មជនការពារព្រៃឈើបានរកឃើញថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នៅ​តែបន្តកើតមានឡើង ដោយសារក្រុមហ៊ុនឯកជនមួយប្រើយុទ្ធសាស្ត្រ​ឱ្យមេការក្រុមហ៊ុនពង្រាយកម្មករចូលទៅកាប់ និងប្រមូលឈើនៅក្នុងតំបន់ព្រៃការពារ ដើម្បីដឹកចូលក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះវិហារ។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ថា ក្រោយពីលោកបានចុះស៊ើបអង្កេត និងស្រាវជ្រាវ រកឃើញការកាប់ឈើ ប្រមូលឈើខុសច្បាស់ ចេញពីតំបន់ព្រៃឡង់ដែលជាប់នឹងព្រៃសហគមន៍ក្នុងឆ្នាំ២០២២ នៅតែបន្តកើតមានឡើង។   លោករកឃើញមានកាប់ឈើ និងដឹកជញ្ជូនឈើ  ផ្តៀក កកោះ ស្រឡៅ ជាពិសេស សុក្រម ឈ្លីក ឈើទាល ជាតម្រូវការរបស់ក្រុមហ៊ុន ដែលដឹកជញ្ជូនដោយគោយន្តរាប់រយគ្រឿងជាដើម។

លោកបញ្ជាក់ថា  ក្រុមហ៊ុនម៉ាឃលឡូជីស្ទិច បានប្រើយុទ្ធសាស្ត្រថ្មីឱ្យមេការក្រុមហ៊ុនពង្រាយកម្មករ ចូលទៅកាប់ និងប្រមូលឈើនៅក្នុងតំបន់ព្រៃការពារ ដើម្បីដឹកចូលក្នុងក្រុមហ៊ុន #MACLELOGISTIC (CAMBODIA) Co.,Ltd ស្ថិតនៅបរិវេណក្រុមហ៊ុន #PNT Co.,Ltd  ចំណុចភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ លើសពីនេះលោកថា ឈ្មួញឈើ វាស់វែង និងទូទាត់ប្រាក់កម្រៃដល់អ្នកកាប់ឈើ ក្នុងតម្លៃ ៤០០ ០០០រៀល ក្នុងមួយម៉ែត្រគូប ខណៈអ្នកកាប់ឈើភាគច្រើនទទួលបានការឧបត្ថម្ភផ្នែកសម្ភារ បរិក្ខា និងហិរញ្ញវត្ថុ ពីសំណាក់ក្រុមហ៊ុនថែមទៀតផង។

ប្រភពដដែលក៏ទទូចទៅរាជរដ្ឋាភិបាលបិទអាជីវកម្មឈើរបស់ក្រុមហ៊ុន​នេះជាស្ថាពរ ដើម្បីបញ្ជាក់ជំហរច្បាស់លាស់អំពី     ឆន្ទៈការពារ និងអភិរក្សព្រៃឈើ ពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមុខអង្គការសហប្រជាជាតិ និងដើម្បីទុកជាកេរ្តិ៍មរតកដូនតា និងទុកជាប្រព័ន្ធការពារបរិស្ថានដ៏រឹងមាំផង។

ម្យ៉ាងទៀត លោក ហេង ស្រស់ ស្នើទៅរាជរដ្ឋាភិបាល បើកឱកាសឱ្យក្រុមអ្នកការពារបរិស្ថាន  បានចូលទៅក្នុងតំបន់ការពារ ដើម្បីបន្តល្បាត និងស៊ើបអង្កេត ស្រាវជ្រាវបទល្មើសព្រៃឈើឡើងវិញ  ដោយបង្ហាញពីកិច្ចសហការចូលរួមការពារព្រៃឈើទាំងអស់គ្នា។

វីអូឌីមិនអាចសុំការបំភ្លឺពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា បានទេនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខណៈខាងតំណាងក្រុមហ៊ុនម៉ាឃល វីអូឌីនៅមិនទាន់រកប្រភពទាក់ទងសុំការឆ្លើយតបជុំវិញការចោទប្រកាន់នេះបាននៅឡើយដែរ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា ដែលហៅកាត់ថា CYN លោក ហេង គឹមហុង សង្កេតឃើញថា បទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែ ដោយសារកង្វះការអនុវត្តច្បាប់របស់អាជ្ញាធរ។ ករណីនេះ លោកអំពាវនាវទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ ដោយមិនមានការរើសអើង ឬប្រកាន់បក្ខពួក ទើបទប់ស្កាត់បទល្មើសព្រៃឈើទទួលបានប្រសិទ្ធភាពខ្ពស់។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរត្រូវគិតរឿង២ ទីមួយ បើសិនជាដែនដីណាដែលមានបទល្មើសធនធានធម្មជាតិ ត្រូវមានការសួរនាំទៅមន្ត្រីហ្នឹងថា តើហេតុអ្វីបានជាមានការធ្វេសប្រហែសក្នុងការបំពេញមុខងាររបស់ខ្លួន ហើយឱ្យមានការទទួលខុសត្រូវទៅលើការបំពេញមុខងារសាធារណ ពីព្រោះរឿងនេះជារឿងរ៉ាំរ៉ៃ ជារឿងដដែលៗ មិនមែនកើតឡើងថ្មីទេ»។

លោកបន្ថែមថា៖ «ទី២ បើសិនជារកឃើញថា មានពាក់ព័ន្ធនិងអំពើពុករលួយ មិនត្រូវមានការលើកលែងជាដាច់ខាត ហើយឱ្យមានការទទួលខុសត្រូវ ឱ្យមានលក្ខខណៈសមមូលជាមួយនិងបទល្មើសផង ទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ​និងជាពិសេសត្រូវឃាត់ខ្លួនឱ្យមានការទទួលខុសត្រូវពាក់ព័ន្ធនិងអំពើពុករលួយ»។

ក្នុងសារជាសំឡេងមួយកាលពីខែកក្កដា ឆ្នាំ២០១៩ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។

លោកបង្ហាញការឈឺចាប់ពេលនោះថា ការបាត់បង់ព្រៃឈើនៅកម្ពុជាច្រើន តែថវិកាចូលជាតិគ្មាន​ ដែលនេះគឺជារឿងខ្មាសអៀនមួយសម្រាប់ជាតិ ខណៈ​ប្រទេសជិតខាងបានរកចំណូលរាប់ពាន់លានដុល្លារពីវិស័យព្រៃឈើ។

យោងតាមទិន្នន័យពីផ្កាយរណបកាលពីឆ្នាំមុន បង្ហាញថា ដែនជម្រកសត្វព្រៃព្រៃឡង់មានការកាប់ឈើដ៏អាក្រក់បំផុតក្នុងចំណោមតំបន់ការពារផ្សេងទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត១ម៉ឺនហិកតា (៩ ១១៩) ក្នុងឆ្នាំ២០២០ ដែលកើនឡើង២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បានបង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ