លោក​​ ​ហ៊ុន​ សែន​ ​ប្រកាស​កម្ចាត់ក្រុម​អ្នក​នយោបាយ​ជ្រុល​និយម​ឱ្យ​អស់​​ពី​កម្ពុជា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ (ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកម្ចាត់អ្នកយោបាយទាំងឡាយណាដែលលោកចាត់ទុកថា ជាអ្នកនយោបាយជ្រុលនិយមឱ្យអស់ពីទឹកដីកម្ពុជាដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាម និងការបែកបាក់ជាតិតទៅទៀត។

ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន សែន ប្រកាសប្ដេជ្ញាការពារសន្តិភាព ដែលលោកថា កម្ពុជាសម្រេចបាន ដោយ  មិនឱ្យជនណាមួយមកបំផ្លាញបានឡើយ។

លោកបន្តថា៖«យើងគប្បីចង់ចាំថា ក​ត្កាផ្ទៃក្នុងរបស់​ជាតិយើងគឺជាកត្កាកំណត់ពី​ជ័យជម្នះ​ ឯកត្កាខាងក្រៅគ្រាន់តែជះឥទ្ធិពល ប៉ុណ្ណោះ ។ ប្រជាជាតិមួយ ដែលមានឯកភាពជាតិ ឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពណា​ខាងក្រៅណា ធ្វើឱ្យបរាជ័យបានឡើយ។ ត្រូវរួមគ្នាថែរក្សាពូន​ជ្រុំ រាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិ ឱ្យគង់វង្ស ដោយគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្ដេជ្ញាដាច់ខាតការពារសន្តិភាព និងឯកភាពជាតិដែលយើងសម្រេចបានដ៏លំបាកបំផុតឱ្យស្ថិតស្ថិរគង់វង្ស»។

ក្រៅពីប្ដេជ្ញាការពារសន្តិភាពហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកម្ចាត់នយោបាយជ្រុលនិយម ដែលទំនងសំដៅលើលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងផ្សេងៗទៀត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសផងដែរ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់អ្នកទាំងឡាយណា ឬគណបក្សណាមួយ  ដែលបានបម្រើដល់នយោបាយជ្រុលនិយមរបស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសនោះ ត្រូវប្រញាប់ដកខ្លួនចេញឱ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ  លោកថា ពួកគេនឹងត្រូវប្រឈមចំពោះវិធានការច្បាប់។

លោកបន្តថា«ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលកំពុងរត់គេចខ្លួន​នៅក្រៅប្រទេសឱ្យអស់ពីសង្គមជាតិយើង មិនត្រូវទុកឱ្យវាបំពុលសង្គមបំផ្លាញដំណើរការរីកចម្រើន បង្កបែកបាក់ជាតិ ដែលនឹងបង្កគ្រោះមហន្តរាយ​​ជាថ្មី​ទៀតសម្រាប់ប្រជាជាតិយើង»។

លោកបន្ថែមថា៖«យើងទាំងអស់គ្នា ត្រូវតែប្ដូរផ្ដាច់កម្ចាត់ចោលនូវនយោបាយជ្រុលនិយម មិនថាឆ្វេង មិនថាស្ដាំឱ្យអស់ពីទឹកដីកម្ពុជា ​ដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាម និងការបែកបាតក់ជាតិតទៅទៀត»

ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និងគណ​បក្សសង្គ្រោះជាតិដែលជាបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ចាប់​ផ្ដើម​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​ បន្ទាប់​ពី​បក្ស​ប្រឆាំងមួយនេះ ​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​ចោល ហើយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បក្សនេះចំនួន ១១៨​រូប ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ក្រោយពេលប្រធានបក្សនេះគឺលោក កឹម សុខា ត្រូវបានចាប់ដាក់គុកពេលនោះ ដោយមកទល់ពេលនេះសំណុំរឿងនៅអូសបន្លាយជាង៥ឆ្នាំមិនទាន់បញ្ចប់នៅឡើយ។

ការរំលាយគណបក្សប្រឆាំងធំជាងគេពេលនោះ ក្រោយពេលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ បង្ហាញថា សំឡេងគាំទ្រគណបក្សសង្រ្គោះជាតិប្រហាក់ប្រហែលនឹងបក្សកាន់អំណាច។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ  យល់ថា អ្វីដែលលោកនាយករដ្ឋមន្ត្រីថ្លែងនាថ្ងៃ៧ ខែមករានេះ គ្រាន់តែជាវោហាសព្ទរបស់អ្នកនយោបាយក្នុងការគំរាមដល់គូប្រជែងនយោបាយនៅមុនការបោះឆ្នោតតែប៉ុណ្ណោះ។ លោកបន្តថា រដ្ឋាភិបាលគួរតែបើកឱ្យមានការចូលរួមប្រកួតប្រជែងគ្នាដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះ។

លោក លី សុធារ៉ាយុទ្ធ   បន្តថា  បើខ្មែរនៅតែលាបពណ៌គ្នាបន្តទៀត វាមិនបានចំណេញអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឱ្យប្រទេសជាតិកាន់តែបែកបាក់ និងខាតបង់កាន់តែធំ ទាំងដែលខ្មែររស់ក្នុងប្រទេសតែមួយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញមួយក៏ដោយ។

លោកថា«យើងឱ្យតម្លៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ យើងចង់បានការបោះឆ្នោតមួយប្រកបដោយមានភាពជឿជាក់ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដើម្បីឱ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ យើងត្រូវតែមានបរិយាកាសនយោបាយមួយទូលំទូលាយ សេរីភាពបើកទូលាយ បរិយាកាសដោយគ្មានការបំភិតបំភ័យ ការគំរាមកំហែង ការគាបសង្កត់ និងការសម្លុតចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបោះឆ្នោត»

ក្នុងសៀវភៅប្រវត្តិសាស្ត្រជាច្រើនបានឱ្យដឹងថា លោក ហ៊ុន សែន ដែលធ្លាប់ជាកម្មាភិបាលសម័យខ្មែរក្រហម បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៥ ដោយការលើកបន្តុបពីរដ្ឋាភិបាលវៀតណាម។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ចាត់ទុការប្រកាសរបស់នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងធ្វើឱ្យប្រទេសជាតិកាន់តែបែកបាក់បន្តទៀត។ លោកបន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យការដឹកនាំត្រូវដំណើរការតាមយន្តការច្បាប់ និងប្រជាធិបតេយ្យ ប៉ុន្តែយន្តការច្បាប់នៅមានភាពខ្វះចន្លោះ ដោយមិនអាចបម្រើ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានពេញលេញនៅឡើយ។
លោកស្នើទៅអ្នកនយោបាយទាំងអស់ គួរត្រូវប្រើពាក្យពេចន៍ណាដែលមិនបញ្ឆេះកំហឹងដែលនាំប្រេះឆាសង្គមជាតិបន្តទៀត។
លោកថា៖«ពាក្យតាមកម្ចាត់នេះ មិនមែនជាយន្តការនៃការអនុវត្តគោលការណ៍ច្បាប់ទេ  សម្ដីពាក្យពេចន៍នៅក្នុងការគំរាមកំហែងគួរបក្ខដិបក្ខប្រឆាំង អាហ្នឹងយើងមានយន្តការច្បាប់បោះឆ្នោត មានយន្តការអនុវត្តនៅក្នុងការទប់ស្កាត់ជនជ្រុលនិយម។ យើងធ្វើតាមច្បាប់ទៅ ហើយកាលណាយើងប្រកាសមើលទៅយើងដូចជាសត្រូវសួរពូជ សត្រូវជាតិសាសន៍ឯងមិនល្អទេ»។

ក្នុងឯកសារប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញដែរថា នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឬ សម័យខ្មែរក្រហម ឬសម័យ ប៉ុល ពត ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មេដឹកនាំ និងមន្ត្រីកម្មាភិបាលថ្នាក់ក្រោមសម័យនោះ ក៏បានចាត់ទុកក្រុមមនុស្សមិនស្របតាមខ្លួនថា ជាខ្មាំង ឬជាសត្រូវ នឹងអង្គការដែលជាមុខសញ្ញានៃការកម្ទេចចោលផងដែរ។

ជាមួយគ្នានឹងការចោទក្រុមម្ខាងថាជាសត្រូវ ជាខ្មាំងនោះ របបខ្មែរក្រហមក៏ត្រូវបានដួលរលំទៅវិញដោយដឹកនាំប្រទេសបានតែរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប៉ុន្តែបន្សល់ទុកការឈឺចាប់សម្រាប់ពលរដ្ឋខ្មែររាប់លាននាក់ ពិសេសពលរដ្ឋជិត២លាននាក់ត្រូវបានគេអះអាងថា បានស្លាប់ក្នុងសម័យរបបអាវខ្មៅនោះ។

រីឯអ្នកវិភាគនយោបាយមួយរូបទៀត លោក គឹម សុខ យល់ឃើញផ្ទុយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថា ពុំមានអ្នកចង់បានលទ្ធិប្រជាធិបតេយ្យណាម្នាក់ជាក្រុមបុគ្គលជ្រុលនិយមទេ។ លោកបន្ថែមថា អ្នកដែលចង់បានលទ្ធិប្រជាធិបតេយ្យគ្រាន់តែចង់បានការប្រកួតប្រជែងគ្នា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីមានឱកាសក្នុងការជួយប្រជាពលរដ្ឋ និងប្រទេសជាតិតែប៉ុណ្ណោះ។

លោកថា«ប៉ុន្តែលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់គាត់ទៅវិញទេ ដែលជាក្រុម បុគ្គលជ្រុលនិយម ដើម្បីរក្សាអំណាចផ្ទាល់ខ្លួន ហ៊ានធ្វើអ្វីៗទាំងអស់ ទាំងបំពានរដ្ឋធម្មនុញ្ញ បំបែកបំបាក់ជាតិ បំពុលសំអប់ផ្ទៃក្នុងជាតិ មិនឱ្យខ្មែរណាបានសុខនោះទេ។ ខ្ញុំមើលទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបក្ខពួកគាត់ កំពុងប្រើមនោគមវិជ្ជានយោបាយ ប៉ុល ពត ជីកស្មៅ ត្រូវជីកទាំងឫស ផ្សំជាមួយនឹងមនោគមវិជ្ជាវៀតណាម បំពុលខ្មែរឱ្យស្អប់ខ្មែរ បំពុលខ្មែរឱ្យបំផ្លាញខ្មែរ ដើម្បីត្រួតត្រាខ្មែរ គឺក្រុមលោក ហ៊ុន សែន តែម្ដង ជាក្រុមបុគ្គលជ្រុលនិយម បំផ្លាញប្រទេសជាតិខ្មែរ ដើម្បីអំណាចផ្ទាល់ខ្លួន និងក្រុមគ្រួសារគាត់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ