កូដករ​ណាហ្គា​ចែក​ប៉ោង​ប៉ោង​ទៅ​សាធារណ​ជន​ដោយ​ភ្ជាប់​សារ​ទាមទារ​ដោះ​លែង​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​

ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ នាំគ្នាទៅបង្ហោះប៉ោងៗ កាន់រូបថត និងលើកបដាមួយចំនួននៅរសៀលថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ ឆ្នាំ២០២២ នៅខាងមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ។ (ហ្វេសប៊ុក លោក ឃុន ថារ៉ូ)

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ១០០នា​ក់ បន្តចេញធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន និងបាននាំគ្នាចែកប៉ោងប៉ោងទៅកាន់សាធារណជន ដោយភ្ជាប់សារទាមទារដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងមួយនេះ គឺ កញ្ញា ឈឹម ស៊ីថរ និងទាមទារឱ្យដោះស្រាយវិវាទការងាររបស់ពួកគាត់ដែលបានអូសបន្លាយជាង១ឆ្នាំមកហើយ។ ​

កូដករណាហ្គាវើលដ៍មួយរូប អ្នកនាង សុខ រតនា ប្រាប់វីអូឌីនៅថ្ងៃសៅរ៍ ទី៧ ខែមករា ថា ការចែកប៉ោងប៉ោងនាថ្ងៃ​នេះ ដើម្បីឱ្យសាធារណជនបានដឹងពីរឿងរ៉ាវនៃវិវាទការងាររបស់ពួកគាត់ ដែលបានកើតឡើងជាង ១ ឆ្នាំមកនេះ ដោយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ខណៈកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក៏ត្រូវបានចាប់ខ្លួនជាថ្មីទាំងអយុត្តិធម៌ផងដែរ។

អ្នកនាងថា៖«យើងចង់ឱ្យសាធារណជនបានដឹងរឿងយើង   កាន់តែទូលំទូលាយ ហើយមួយទៀត[ឱ្យសាធារណជន]ដឹងថា កញ្ញា ឈឹម ស៊ីថរ នៅជាប់ឃុំនៅឡើយទេ មិនទាន់មានការដោះលែងនៅឡើយទេ ។ មួយទៀតចង់ឱ្យពួកគាត់យល់ពីយើង គឺថា យើងធ្វើនេះ ដើម្បីទាមទារអី? យើងចង់បានអី? ហើយឱ្យគាត់ឈឺឆ្អាលរឿងយើង ហើយចង់ឱ្យឆាប់មានដំណោះស្រាយអីជាដើម»។

អ្នកនាងបន្តថា  ពួកគាត់នឹងមិនបោះបង់ចោលការធ្វើកូដកម្មឡើយ   បើមិនមានដំណោះស្រាយ ទោះបីជាពួកគាត់ត្រូវជួបបញ្ហាប្រឈមជាច្រើនបន្តទៀតក្ដី។

 អ្នកនាងបញ្ជាក់ថា ការមិនបោះបង់នេះ ដោយពួកគាត់ជឿជាក់ថា យុត្តិធម៌ ព្រមទាំងដំណោះស្រាយនឹងមានសម្រាប់កម្មករខ្មែរ  និងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ខណៈការចាប់ខ្លួនជាថ្មីកាលពីចុងឆ្នាំមុននោះ តុលាការក៏បានទទួលស្គាល់ថា មិនបានជូនដំណឹង ប៉ុន្តែតុលាការនៅតែមិនព្រមដោះលែងប្រធានសហជីពរបស់ពួកគាត់ទៀត។

អ្នកនាងបន្ថែមថា៖«គាត់[កញ្ញា ឈឹម ស៊ីថរ]ជាប់ឃុំនេះ គឺជាប់ទាំងអយុត្តិធម៌ សូម្បីតុលាការទទួលស្គាល់ហើយថា តុលាការមិនបានផ្ដល់ដំណឹងឱ្យ ប៉ុន្តែនៅតែមិនព្រមដោះលែងកញ្ញា ស៊ីថរ ឱ្យមានសេរីភាពឡើងវិញអ៊ីចឹង។ ទោះបីដោះលែងហើយ អត់ដោះស្រាយ អត់ផ្ដល់ដំណោះស្រាយត្រឹមត្រូវដល់បុគ្គលិក ឱ្យកម្មករក៏ពួកខ្ញុំអត់ព្រម បញ្ឈប់ដែរគឺពួកខ្ញុំនៅទាមទារ ព្រោះយើងអត់ទាន់ទទួលបានយុត្តិធម៌ទេ។ យើងធ្វើរាល់ថ្ងៃអត់មាន​ចង់ចាញ់ឈ្នះថៅកែទេ។ យើងអត់ត្រូវការលុយមកទិញសិទ្ធិការងាររបស់យើង ប៉ុន្តែយើងសុំតែភាពយុត្តិធម៌សម្រាប់បុគ្គលិកកម្មករ»។

អ្នកនាង សុខ រតនា ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ ដោយថា វិវាទការងារនេះ មានតែលោកនាយករដ្ឋមន្ត្រីទេ ដែលអាចដោះស្រាយបាន ខណៈថៅកែក្រុមហ៊ុនវិញ អ្នកនាងថា គ្មានឆន្ទៈក្នុងការដោះស្រាយទេ  ទោះបីជាអ្វីដែលពួកគាត់ទាមទារនោះ ស្របតាមច្បាប់ស្ដីពីការងារកម្ពុជាក្ដី។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះ​បានបញ្ឈប់​​បុគ្គលិកចំនួន ១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង ៨ ០០០នាក់ ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិ​ហិរញ្ញវត្ថុដោយសារ​តែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គលិក​​ដែល​ចេញ​ធ្វើកូដកម្ម​ជាង១២ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ ​ដោយសារថៅកែ​មានចេតនារំលាយ​សហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ។

​ក្រៅពីនោះ ​​កូដករណាហ្គាវើលដ៍​​​ប្រមាណ១០រូបក៏​ត្រូវ​​បាន​សាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញកោះហៅឱ្យចូលបំភ្លឺជាបន្តបន្ទាប់នាពេលថ្មីៗនេះ​ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន ដោយចោទប្រកាន់រួមមាន បទរំលោភលើលំនៅឋាន, ធ្វើឱ្យខូច​ខាត​ដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃក្រុម​ហ៊ុនណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង​​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ជាលើកទី២ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលត្រលប់មកពីកិច្ចប្រជុំអន្តរជាតិនៅប្រទេសអូស្រ្តាលីវិញ។ ការចាប់ និងឃុំខ្លួនប្រធានសហជីពរូបនេះ ដោយតុលាការចោទប្រកាន់ថា ​​​កញ្ញាបានល្មើស​បម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ​សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានទាត់ចោលបណ្តឹងសុំនៅក្រៅឃុំរបស់កញ្ញា ស៊ីថរ ដោយតុលាការបន្តឃុំខ្លួនប្រធានសហជីពរូបនេះ ​ក្រោមហេតុផលថា សំណុំរឿងរបស់កញ្ញាត្រូវបានបញ្ជូនទៅជំនុំជម្រះ។

ការសម្រេចនេះ សង្គមស៊ីវិលបានចាត់ទុកថា ជារឿងមិនត្រឹមត្រូវ ដោយថាបទល្មើសបម្រាមតុលាការនោះ ពុំមែន​ជាកំហុសរបស់កញ្ញា ឈឹម ស៊ីថរ ទេ តែជាកំហុសនីតិវិធីរបស់តុលាការ ដែលមិនបានផ្តល់ដំណឹងពាក់ព័ន្ធដីកាដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការទៅកញ្ញា និងមេធាវីឱ្យបានដឹងជាមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ