មន្ត្រី​ថា​ ​​កំពុង​ស្រាវ​ជ្រាវ​ករណី​​​នគរ​បាល​ចរាចរណ៍​ខេត្តតាកែវ​​​​ផាក​​ពិន័យ​​លើស​​ច្បាប់​​កំណត់​​និង​​បង្ក​​ហិង្សាលើ​​ជន​ជាតិ​ចិន​

កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ចុះសម្រួលចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្ត ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ)

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ថ្នាក់ដឹកនាំស្ថាប័ននេះ បានបញ្ជាឱ្យស្នងការនគរបាលខេត្តតាកែវ ស្រាវជ្រាវបន្ថែមទៀត ករណីដែលចោទថា​ប៉ូលិសចរាចរណ៍​ផាកពិន័យបទល្មើសចរាចរណ៍លើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាលើជនជាតិចិន ដើម្បីបញ្ជៀសកុំឱ្យមានការផ្សព្វផ្សាយព័ត៌មានខុស នាំឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នសាម៉ី។

ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពីបុរសជាជនជាតិចិនមួយរូបឈ្មោះ CUI JIAN បានបង្ហោះសារនៅលើ Facebook របស់ខ្លួន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣​ថា  កាលពីថ្ងៃទី១​ ខែមករា រូបគាត់បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់គីឡូម៉ែត្រលេខ៦៨ ត្រូវបាននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ផាកពិន័យ ដោយអះអាងថា គាត់បើកបរលើសល្បឿនកំណត់ ៣០%។ ជាមួយគ្នានេះ សមត្ថកិច្ចតម្រូវឱ្យគាត់បង់ប្រាក់ផាកពិន័យ១០០ដុល្លារ ខណៈមានការប្រកែកគ្នាទៅមក លោកថា ប៉ូលិសចរាចរណ៍បានប្រើហិង្សាលើជនជាតិចិនរូបគាត់ បណ្តាលឱ្យរងរបួស​ទៀតផង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺលោក នេត សាវឿន បានបញ្ជាទៅស្នងការនគរបាលខេត្តតាកែវ លោក ឈាង​ ផាន់ណារ៉ា​ ត្រូវស្រាវជ្រាវករណីនេះជាបន្ទាន់។ លោកថា ការស្រាវជ្រាវនោះ ដើម្បីបង្ហាញពីភាពយុត្តិធម៌  និងបញ្ជៀសកុំឱ្យមានការផ្សព្វផ្សាយព័ត៌មានខុស នាំឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជំនាញ។

លោកមានប្រសាសន៍ថា៖ «ឯកឧត្តម នេត សាវឿន បានបញ្ជាទៅស្នងការនគរបាលខេត្តតាកែវ ដើម្បីធ្វើការស៊ើបអង្កេតពាក់ព័ន្ធនិងរឿងនេះ ដើម្បីរកការពិត ធ្វើឱ្យមានតម្លាភាព ជៀសវាងការចុះផ្សាយប្តេសផ្តាសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន»។

លោកបន្ថែមថា ប្រសិនបើស្រាវជ្រាវរកឃើញថា ប៉ូលិសចរាចរ​ណ៍ដែលឃាត់រថយន្ត និង​ផាកពិន័យលើសច្បាប់កំណត់ រួមទាំងបង្កហិង្សាលើជនជាតិចិននោះពិតប្រាកដមែន​ ថ្នាក់ដឹកនាំនិងដាក់ទណ្ឌកម្មពិន័យរដ្ឋបាល  ឬបើធ្ងន់ធ្ងរ អាចនឹងអនុវត្តតាមច្បាប់ព្រហ្មទណ្ឌជាដើម។

វីអូឌីមិនអាចសុំការបំភ្លឺបន្ថែមពីស្នងការនគរបាលខេត្តតាកែវ លោក ឈាង​ ផាន់ណារ៉ា​ បាន​ទេនៅថ្ងៃអាទិត្យនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរត្រូវ​ស្រាវជ្រាវលើប៉ូលិសចរាចរណ៍ឃាត់រថយន្តនិងផាកពិន័យ រួមទាំងបង្កហិង្សាលើជនជាតិចិននោះ ឱ្យមានតម្លាភាព ដោយមិនត្រូវប្រកាន់បក្ខពួក ដើម្បីកុំឱ្យរងការរិះគន់លើស្ថាប័នជំនាញ  និងជាគំរូល្អ កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត។

លោកមានប្រសាសន៍ថា៖ «បើសិនជាការស៊ើបអង្កេត ការអនុវត្តដោយតម្លាភាព​ និងយុត្តិធម៌ វាជារឿងល្អមួយសម្រាប់មន្ត្រីដទៃទៀត ដើម្បីកុំឱ្យគាត់ធ្វើអ្វីមានកំហុសឆ្គងនៅក្នុងអនុវត្តតួនាទីរបស់ខ្លួន។ អ៊ីចឹងវាធ្វើឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព ប្រព្រឹត្តទៅមានតម្លាភាព ហើយយុត្តិធម៌ទៅតាមផ្លូវច្បាប់»។

កាលពីថ្ងៃទី៥ ខែមករា ទំព័រហ្វេសប៊ុករបស់ឈ្មោះ CUI JIAN បានឱ្យដឹងថា  ការចោទប្រកាន់គាត់ថា បើកបរលើសល្បឿនកំណត់នេះមិនសមហេតុផលឡើយ ព្រោះរូបគេបើកបររថយន្ដធុនធំ ហើយក៏មិនអាចបើកលឿនពេកនោះដែរ។ ជនជាតិចិនរូបនេះ គិតថា ការផាកពិន័យនេះ ទំនងដោយសារឃើញរូបគេ ជាជនជាតិបរទេស (ចិន) ហើយគ្រាន់តែផាក ដើម្បីយកលុយដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ។

ហ្វេសប៊ុកដដែលបញ្ជាក់ថា ក្នុងហេតុការណ៍នោះ ក៏មានការប្រកែកតវ៉ា និងឈានដល់ការប្រើអំពើហិង្សា ដោយមានមន្ដ្រីនគរបាល៥នាក់ ឆក់យកទូរសព្ទរបស់ខ្លួន និងវាយដំលើរូបគាត់ បណ្ដាលឱ្យរងរបួសជាច្រើនកន្លែង។ បន្ទាប់ពីឆក់យកទូរសព្ទរបស់ជនជាតិចិនហើយនោះ ប្រភពដដែលឱ្យដឹងថា មន្ដ្រីនគរបាលទាំងអស់នោះ បានលុបរូបភាពទាំងអស់នោះចេញ ដើម្បីបំបាត់ភស្ដុតាង ហើយក្រោយមកមន្ដ្រីនគរបាលចរាចរណ៍ទាំងនោះ បានបង្ខំរូបគេបង់ប្រាក់ផាកពិន័យ៥០ដុល្លារ ដោយមិនចេញវិក្កិយបត្រឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ