ការ​លក់​ទ្រព្យ​សម្បត្តិ​លោក​ ​សម​​ ​រង្ស៊ី​ ​សង​ជំងឺ​ចិត្ត​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​ជា​ការ​គំរាម​កំហែង​នយោបាយ​

ទិដ្ឋភាពនៅពីមុខអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល​ និងអ្នកឃ្លាំមើលសង្គមមួយចំនួនលើកឡើងថា  ការសម្រេចរបស់តុលាការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី លក់ឡៃឡុងដើម្បីសងជំងឺចិត្តទៅថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សកាន់អំណាច គឺជារូបភាពនៃការគំរាមកំហែងដល់អ្នកនយោបាយផ្សេងទៀត ផ្ទុយពីគោលការណ៍ប្រជាធិតេយ្យសេរីពហុបក្ស និងរដ្ឋធម្មនុញ្ញ បើទោះបីជាប្រាក់នោះត្រូវបានពួកគេចាត់ចែងឱ្យយកទៅប្រើប្រាស់ក្នុងរូបភាពមនុស្សធម៌ក្តី។ ​  

ការលើកឡើងនេះ ​បន្ទាប់ពីប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា លោក គី តិច  បានថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានស្និទ្ធរដ្ឋាភិបាល Fresh News ក្រោយពីលោកនាំយកថវិកាជិត ៥ម៉ឺនដុល្លាររបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលបានពីសំណងជំងឺចិត្តចំពោះការប្តឹងសហស្ថាបនិកគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា ចំណែក ថវិការបស់លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ចំនួនជិត១លានដុល្លារ(៧៧៥ ១៧២,៧១)  ដែលទទួលបានសំណងពីលោក សម រង្ស៊ី ត្រូវបានប្រគល់ជូនក្រុមមេធាវីស្ម័គ្រចិត្ត ទុកក្នុងកញ្ចប់ថវិកា សម្រាប់ប្រតិបត្តិការការពារក្តីជូនស្រ្តីងាយរងគ្រោះ និងមានជីវភាពទន់ខ្សោយ ។

រីឯ ថវិកា ដែលជាចំណែករបស់លោក ស ខេង  ចំនួនជិត ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក(៣៨៧ ៥៨៦,៣៥)  ដែលទទួលបានសំណងពីលោក សម      រង្ស៊ី  ត្រូវបានចាត់ចែងប្រគល់សម្រាប់ការសាងសង់សាលារៀន និងមណ្ឌលកុមារកំព្រា តាមបណ្តាមូលដ្ឋាន ខេត្ត  ខណៈថវិកាចំនួនជាង៤៣ម៉ឺនដុល្លារ (៤៣៤ ៩៩២,៧៥) និងថវិកាចំនួនជិត៦ពាន់ដុល្លារ(៥ ៧៩៩,៩០) ត្រូវបានដាក់ជូនជាថវិកាជាតិ ។

ប្រធាន​គណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា មានប្រសាសន៍ថា តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី លក់ឡៃឡុង សងជំងឺចិត្តទៅថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សកាន់អំណាច   ហើយត្រូវបានតំណាងពួកគេ យកទៅប្រគល់ជូនមន្ទីរពេទ្យ និងសាងសង់សាលារៀនជាដើមនោះ ជាការគំរាមកំហែងដល់អ្នកនយោបាយផ្សេងទៀត។ ការធ្វើបែបនេះ លោកថា ផ្ទុយពីគោលការណ៍ប្រជាធិតេយ្យសេរីពហុបក្ស  ច្បាប់រដ្ឋធម្មនុញ្ញ និងធ្វើឱ្យបែកបាក់ជាតិ។

លោកមានប្រសាសន៍ថា៖ «ជានយោបាយ​បែបប្រជាភិថុត ជានយោបាយផ្ចាញ់ផ្ចាល់គ្នាតាមរយៈយកប្រព័ន្ធតុលាការដែលមិនយុត្តិធម៌ មកធ្វើការគំរាមកំហែងដល់អ្នកដែលមានទស្សនផ្ទុយ មកធ្វើការគាបសង្កត់ដល់អ្នកនយោបាយប្រឆាំងនៅកម្ពុជា ហើយខ្ញុំមិនគាំទ្រយុទ្ធសាស្ត្រនយោបាយបែបនេះទេ ព្រោះវាធ្វើឱ្យមានការការបែកបាក់គ្នាកាន់តែខ្លាំងរវាងអ្នកនយោបាយខ្មែរ និងខ្មែរ ហើយសុំឱ្យអ្នកនយោបាយងាកមកប្រកួតប្រជែងគ្នាដោយស្មើភាពវិញ ទើបធ្វើឱ្យពលរដ្ឋរីករាយសប្បាយចិត្ត»។

ដោយឡែក អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ប្រហាក់ប្រហែលនិងលោក គង់ ម៉ូនីកា ដែរ ដោយលោកថា ការសម្រេចរបស់តុលាការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី លក់ឡៃឡុង និងផ្តល់សំណងដល់បក្សកាន់អំណាចច្រើនលើសលុបបែបនេះ ជារឿងអយុត្តិធម៌​ ពីព្រោះសំណុំរឿងលោក សម រង្ស៊ី កើតចេញពីរឿងនយោបាយតែប៉ុណ្ណោះ ។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្ថែមថា ការធ្វើនយោបាយបែបនេះ ជាសារគំរាមកំហែងដល់អ្នកនយោបាយបក្សក្រៅរដ្ឋាភិ​    បាល និងធ្វើឱ្យពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថែមទៀត។

លោកមានប្រសាសន៍ថា៖ «មិនមែនមានតែខ្ញុំទេ ធ្វើឱ្យអ្នកនយោបាយទូទៅមានការព្រួយបារម្ភពីសុវត្ថិភាព បើសិនជាបង្កើតវប្បធម៌ប្តឹងផ្តល់បែបហ្នឹង។ រឿងបទបរិហាក្តេរិ៍ វាធ្វើឱ្យមនុស្សលែងហ៊ាននិយាយ បើអ្នកនយោបាយលែងហ៊ាននិយាយហើយមិនដឹងថាប្រទេសហ្នឹងគោរពគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សរបៀបម៉េច? ហើយអ្នកនយោបាយទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ជាតិរបៀបម៉េចទេ?»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ  មានប្រសាសន៍ថា សំណុំរឿងលោក សម រង្ស៊ី ជាមួយថ្នាក់ដឹកនាំបក្សកាន់អំណាច កើតចេញពីរឿងនយោបាយ ។ ករណីនេះ លោកថា អ្នកនយោបាយគួរតែរកវិធីដោះស្រាយគ្នាតាមបែបនយោបាយ កុំយកគ្នាធ្វើជាសត្រូវ ទើបធ្វើឱ្យកម្ពុជាទទួលលទ្ធិប្រជាធិបតេយ្យពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញ។

លោកមានប្រសាសន៍ថា៖ «ត្រូវបើកទូលាយឱ្យមានការចូលរួមក្នុងរឿងនយោបាយ ដោយកុំយកច្បាប់ទៅការពារផលប្រយោជណ៍ជ្រុងណាមួយ ឬភាគីណាមួយ ដោយតម្កល់ច្បាប់ឱ្យស្មើភាពគ្នាចំពោះភាគីនយោបាយទាំងអស់ ។ ទី២ រៀបចំការបោះឆ្នោតមួយប្រកបដោយតម្លាភាព សេរីភាព មានយុត្តិធម៌ ត្រឹមត្រូវ ហើយប្រើប្រាស់នូ​វយន្តការបញ្ញា យន្តការគោលនយោបាយ ដើម្បីប្រកួតប្រជែងគ្នាដោយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ហើយមិនយកគ្នាធ្វើជាសត្រូវ ដើម្បីរក្សានូវគោលការណ៍សន្តិភាព ក៏ដូចជាស្របតាមគោលកាណ៍រដ្ឋធម្មនុញ្ញដែលចែងពីគោលការណ៍ប្រជាធិបតេយ្យសេរី»។

វីអូឌីមិនអាចសុំការបំភ្លឺលោក សម រង្ស៊ី បានទេនៅថ្ងៃអាទិត្យ។ ប៉ុន្តែនៅលើទំព័រហ្វេសប៊ុករបស់លោកបានបង្ហោះកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយហៅតុលាការនៅក្រុងភ្នំពេញថា ជាតុលាការអាយ៉ង។ លោកថា តុលាការអាយ៉ងបានរឹបអូសទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាដីនិងផ្ទះរបស់លោក យកទៅលក់ឡៃឡុង  ដើម្បីបង់ជំងឺចិត្តឱ្យទៅលោក ហ៊ុន សែន ទៅវិញ ដោយលោកចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន នាពេលបច្ចុប្បន្នថា ធ្វើអំពើពីខ្មៅទៅជាសនិងពីសទៅខ្មៅ។

ក្នុងពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់ផែនការតាមកម្ចាត់អ្នកយោបាយទាំងឡាយណាដែលលោកចាត់ទុកថា ជាអ្នកនយោបាយជ្រុលនិយមឱ្យអស់ពីទឹកដីកម្ពុជាដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាម និងការបែកបាក់ជាតិតទៅទៀត។

ការប្រកាសកម្ចាត់អ្នកនយោបាយជ្រុលនិយមនេះ លោកនាយករដ្ឋមន្ត្រីទំនងសំដៅលើលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងផ្សេងៗទៀត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសផងដែរ។

ដីនិងផ្ទះរបស់លោក សម រង្ស៉ី ដែលជាអតីតទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ត្រូវបានចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ ដាក់លក់ដោយបង្ខំ ដើម្បីអនុវត្តតាមអំណាចសាលក្រម សាលដីកាស្ថាពរ យកប្រាក់ទៅសងសំណង​រដ្ឋប្បវេណី និងប្រាក់ពិន័យតាមច្បាប់ក្នុងបណ្តឹងបរិហារកេរ្តិ៍ឥស្សរជននយោបាយបក្សកាន់អំណាចទាំង៣រូបនោះ។ ​ ដី និងផ្ទះរបស់ លោក សម រង្ស៉ី ត្រូវបានតុលាការដាក់ឱ្យដេញថ្លៃ និងលក់បានក្នុងតម្លៃ ១​ ៦៥២ ០០០ដុល្លារអាមេរិក៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ