លោក​ ​ហ៊ុន​ ​សែន​ ​ថ្លែង​ថា​ ​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​អាច​នឹង​អនុម័ត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​

អ្នកកាសែតមកពីស្ថាប័ននានាចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងប្រភេទ ចនសុន-ចនសុន (Johnson & Johnson) ពីរដ្ឋាភិបាលនិងប្រជាជននៃសហរដ្ឋអាមេរិក ជូនរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានអាចនឹងអនុម័តនៅក្រោយការបោះឆ្នោតជាតិរួច ពោលគឺអាចនឹងអនុម័តក្នុងឆ្នាំ២០២៤ ឬ២០២៥ ខណៈសេចក្ដីព្រាងច្បាប់នេះ បានតាក់តែងឡើងរយៈពេលជិត ១០ឆ្នាំមកហើយនោះ។

ក្នុងពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃទី១៤ ខែមករា ​ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៥ពាន់នាក់  លោក ហ៊ុន សែន ថ្លែងថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននឹងអនុម័តនៅអាណត្តិទី៧ ក្រោយពីកម្ពុជាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពោលគឺនៅចន្លោះឆ្នាំ២០២៤ -២០២៥ ខាងមុនេះ។ លោកបញ្ជាក់ថា បច្ចុប្បន្នច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាទាក់ទងនឹងបទល្មើសនៅក្រសួងយុត្តិធម៌នៅឡើយ។

លោកមានប្រសាសន៍ថា៖«ការយឺតយ៉ាវនេះ វាមិនមែនជារឿងដាច់ដោយឡែក បើយើងគ្រាន់តែប្រើសិទ្ធិរបស់រដ្ឋសម្រាប់ការសម្រេច វាជាការងាយទេ វាអត់មានអីលំបាកទេ។ ​រដ្ឋមន្ត្រីធ្វើរួចហើយ បញ្ជូនមកគណៈរដ្ឋមន្ត្រី អនុម័តបញ្ជូនទៅសភាអនុម័ត ក៏ប៉ុន្តែយើងចង់ប្រមូលផ្ដុំនៅមតិយោបល់ទាំងឡាយ ដើម្បីច្បាប់មួយនេះចេញទៅទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ អង្គការក្រៅរដ្ឋាភិបាលខ្លះទាមទារ​ហួសហេតុ ទាមទារជ្រុល​។ ការទាមទារជ្រុល និងហួសហេតុនឹងហើយ ដែលទាមទារឱ្យរដ្ឋមន្ត្រីធ្វើការសម្របសម្រួល»។

មុន​ជំនួបជាមួយអ្នកសារព័ត៌មានពីរថ្ងៃក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន កាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីថ្លែងការណ៍មួយដោយស្នើរដ្ឋាភិបាល​ពន្លឿនការអនុម័ត «សេចក្ដីព្រាង​ច្បាប់​​ស្ដីពីសិទ្ធិទទួលព័ត៌មាន» នាជំនួប​ជាមួយ​អ្នកសារព័ត៌មាន ដើម្បី​​លើក​កម្ពស់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។

សេច​ក្តីព្រាង​ច្បាប់​ស្តីពីសិទ្ធិទ​ទួល​បាន​ព័ត៌មាន មាន ​៩ជំពូក និង៣៧​មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សា និងពង្រាងជាច្រើនឆ្នាំមកហើយ ដោយមានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាពកម្ពុជា (TI) ជាដើម។

សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាននេះ នៅតែត្រូវបានសង្គមស៊ីវិលដែលធ្វើការងារលើវិស័យនេះមើលឃើញថា មានភាពយឺតយ៉ាវបើប្រៀបធៀបទៅនឹងច្បាប់ផ្សេងទៀត ដែលប្រមុខរដ្ឋាភិបាលចង់បាន។

ជាក់ស្តែង ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសគ្រាអាសន្ន ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើកាលពីខែមេសា ឆ្នាំ២០២០។  ច្បាប់ស្តីពី​ការធ្វើវិសោធនកម្ម​រដ្ឋ​​​ធម្ម​នុញ្ញ «​កំណត់​​សញ្ជាតិ​ខ្មែរ​តែ​មួយ» សម្រាប់​មេដឹកនាំ​កំពូល​របស់​ជាតិ រួម​មាន ប្រធានព្រឹទ្ធ​សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានព្រះមហាក្សត្របានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើកាលពីខែសីហា ឆ្នាំ២០២២​ ជាដើម​។

ច្បាប់ដែលស្នើឡើងដោយប្រមុខរដ្ឋាភិបាលទាំងនេះ ត្រូវបានគេមើលឃើញថា ​ប្រព្រឹត្តទៅ​ដោយរលូន ហើយអនុម័តដោយស្ថាប័នកំពូលៗរបស់ជាតិយ៉ាងរហ័ស រួមមានរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើជាផ្លូវ​ ដោយដំណើរការក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ