ក្រុមនិស្សិតដែលបានរៀបចំស្តង់លក់ផ្លែដូងក្នុងកម្មវិធីគម្រប់ខួប ៦៣ឆ្នាំ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក និងខាងសាលាបញ្ជាឱ្យបិទស្តង់ពួកគេចេញ វិញ ដោយចាត់ទុកថា ពួកគេបានចូលរួមផ្សព្វផ្សាយពីតំបន់កោះកុងក្រៅខុសពីលក្ខខណ្ឌកម្មវិធីរបស់សាលា។
យុវតី ភួង កែវរស្មី វ័យ២១ឆ្នាំ ជាតំណាងក្រុមនិស្សិតស្តង់លេខ២៧ ឈ្មោះ ដូងស្នេហ៍ថែកោះកុងក្រៅ បានប្រាប់វីអូឌីថា ក្រុមរបស់ខ្លួនចំនួន ៥៦នាក់ ត្រូវបានខាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញអនុញ្ញត ឱ្យពួកគេរៀបចំស្តង់ក្នុងបរិវេណសាលា ជាមួយស្តង់របស់ក្រុមនិសិ្សតផ្សេងទៀត ក្នុងកម្មវិធីគម្រប់ខួប ៦៣ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យុវតីរូបនេះបន្តថា នៅថ្ងៃដំបូងនៃកម្មវិធី ដែលត្រូវថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ពួកគេត្រូវបានខាងអាជ្ញាធរខណ្ឌទួកគោកបានមកសួរនាំជាច្រើនដង រហូតមានសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជេលី កោះហៅពួកគេប្រជុំរយៈពេលជាង២ម៉ោង ដោយតម្រូវឱ្យពួកគេបិទស្តង់របស់ខ្លួន ដោយថា មិនឱ្យចែកខិត្តប័ណ្ណភ្ជាប់ជាមួយសារផ្សព្វផ្សាយកោះកុងក្រៅនោះទេ។ ប្រភពបន្តថា ក្នុងការកោះហៅពួកគេប្រជុំនោះ គឺមានអាជ្ញាធរខណ្ឌទួលគោកចូលរួមជាច្រើនរូប និងតំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជិត២០នាក់។
កញ្ញា ភួង កែវរស្មី និយាយថា៖ «បើសិនជាពួកគាត់យល់ថា ការបិទស្តង់របស់ពួកយើងដែលជាយុវជន កំពុងតែផ្សព្វផ្សាយកោះកុងក្រៅ ជារឿងដែលត្រឹមត្រូវ គាត់បានធ្វើការសម្រេចចិត្តបិទស្តង់យើងចេញពីសតិបញ្ញា ឬគាត់គោរពឆន្ទៈគាត់ក្នុងការបិទស្តង់ហ្នឹង។ ខ្ញុំមិនជាបារម្ភទេ ប៉ុន្តែខ្ញុំខ្លាចតែគាត់ក្បត់មនសិការខ្លួនឯង ក្បត់ការគិតរបស់ខ្លួនឯង គាត់មិនហ៊ានគោរពការសម្រេចចិត្តរបស់ខ្លួនឯង ហើយបានធ្វើតាមការគូសវាសរបស់បុគ្គលណាមួយ»។
យុវតី ភួង កែវរស្មី ប្រាប់ថាក្រុមការងាររបស់ខ្លួនជិត ៦០នាក់នោះ គឺជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាក្នុងសាកលវិទ្យាល័យមួយនេះ។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រារព្ធកម្មវិធីគម្រប់ខួប ៦៣ឆ្នាំរបស់ខ្លួន ដោយរៀបចំឡើង ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ ក្នុងបរិវេណសាលា និងមានការអនុញ្ញាតឱ្យនិស្សិតអាចរៀបចំស្តង់លក់ដូរចំណីអាហារ ដោយយកប្រាក់ចំណេញខ្លះ ជួយដល់កាកបាទក្រហមកម្ពុជាផងដែរ។
យ៉ាងណាក្តី យុវតី ភួង កែវរស្មី ជានិស្សិតឆ្នាំទី៤ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានបង្ហាញក្តីបារម្ភពីលទ្ធផលនៃការសិក្សារបស់ខ្លួនផងដែរ។ កញ្ញានិយាយថា ក្នុងពេលប្រជុំជាមួយអាជ្ញាធរខណ្ឌទួលគោក ដែលប្រាប់ឱ្យបិទស្តង់នោះ ពួកគេក៏រងការគំរាមពីខាងសាលាថែមទៀតផង។
កញ្ញាបន្ថែមថា៖ «ហើយអីដែលលើសពីហ្នឹងទៀត គឹខាងសាកលវិទ្យាធិការ ក៏ដូចជា សាកលវិទ្យាល័យទាំងមូលគេបាននិយាយថា នេះដោយសារតែខ្ញុំជាសិស្សនៅហ្នឹង គាត់និយាយប៉ុណ្ណឹង។ បើសិនជាយើងមិនគោរព យើងរឹងទទឺងគាត់ប្រគល់ខ្ញុំឱ្យសមត្ថកិច្ច ហើយសមត្ថកិច្ចគេអនុវត្តន៍យ៉ាងណា អាហ្នឹងវាជារឿងរបស់គេ»។
ស្តង់លក់ផ្លែដូងលេខ២៧ ដែលមានឈ្មោះថា ដូងស្នេហ៍ថែកោះកុងក្រៅ របស់ក្រុមយុវជនដែលជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានបិទនៅថ្ងៃដំបូងតែម្តង។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែក មាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ទៀត កញ្ញា មេន ស្រីដាវ វ័យ២១ ឆ្នាំ ដែលបានចូលរួមសកម្មភាពដាក់ស្តង់លក់ផ្លែដូងដែរនោះ បានប្រាប់វីអូឌីថា ក្រុមរបស់ខ្លួនត្រូវបានបុគ្គលិកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអាជ្ញាធរបានហាមមិនឱ្យលក់ផ្លែដូង និងចែកខិត្តប័ណ្ណតាំងពីថ្ងៃដំបូងនៃកម្មវិធី ក្រោមរូបភាពតាមដាន និងសួរនាំពួកគេពីគោលបំណងនៃការរៀបចំស្តង់នេះជាបន្តបន្ទាប់។
កញ្ញាលើកឡើងថា៖ «និយាយរួមទៅពួកយើងងើបតាំងពីម៉ោង៨ [ព្រឹក] ហើយគេ[បុគ្គលិកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ] មកប្រាប់មកអីតាំងពីព្រឹក។ និយាយរួមទៅតាមដានរហូត អត់អាចយើងធ្វើអីបាន ហើយអាស្ទិកគ័រ [ខិត្តប័ណ្ណ] ហ្នឹងគេឱ្យគ្របឱ្យជិត អត់ឱ្យណាគេឃើញទេ ឱ្យយកទៅផ្ទះវិញ»។
យុវតីរូបនេះបន្ថែមថា មូលហេតុដែលពួកគេចង់ផ្សារភ្ជាប់ជាមួយរូបភាពកោះកុងក្រៅក្នុងអំឡុងពេលប្រារព្ធកម្មវិធី ដោយចង់ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ទៅកាន់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិត ដើម្បីឱ្យពួកគេបានស្គាល់ និងចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា។កញ្ញាថា សកម្មភាពរបស់ពួកគាត់ មិនបានខុសពីច្បាប់នោះទេ និងស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បិតសិទ្ធិរបស់ប្រជាពលរដ្ឋបែបនេះបន្តទៀត។
កញ្ញាថា៖ «ខ្ញុំចង់សំណូមពរទៅដល់សាលា ក៏ដូចជាអាជ្ញាធរដែរ គ្រាន់តែពួកយើងចង់បង្ហាញ ពីអ្វីដែលយើងចង់ធ្វើហ្នឹងគឺអត់មានអីប៉ះពាល់អីទេ ហើយចង់ឱ្យនិស្សិតបានដឹងថា កោះកុងក្រៅវាស្អាត។ អត់បានទៅទាមទារ អត់បានទៅបក្សប្រឆាំងដូចដែលគេលើកឡើងទេ»។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជេលី មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃសៅរ៍នេះ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។
យ៉ាងណាក្តី លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានប្រាប់វីអូឌីថា មូលហេតុដែលអាជ្ញាធរ ហាមឃាត់ក្រុមយុវជនមិនឱ្យផ្សព្វផ្សាយពីកោះកុងក្រៅក្នុងកម្មវិធីខួប ៦៣ឆ្នាំ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយសារពួកគេ បានធ្វើខុសគោលការណ៍របស់សាលា ដោយថា ពួកគេអាចលក់ផ្លែដូងបាន ប៉ុន្តែមិនអាចចែកខិត្តប័ណ្ណបានទេ។
លោកបន្តថា៖ «គាត់ដាក់លក់ដូងភេសជ្ជៈដូង ប៉ុន្តែគាត់ធ្វើការផ្សព្វផ្សាយអីផ្សេង។ អ៊ីចឹង វាខុសគោលការណ៍របស់សាលា។ ហ្នឹងដែលខ្ញុំបានទៅចូលរួមក្នុង[ការប្រជុំ]ហ្នឹង។ អ៊ីចឹងបើខុសគោលការណ៍របស់សាលា! សាលាគេមានវិធានការចំពោះក្រុមគាត់ នេះជាការសម្រេចចិត្តរបស់សាលា»។
ទោះជាបែបនេះក្តី អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានចាត់ទុកសកម្មភាពហាមឃាត់មិនឱ្យយុវជនចែកខិត្តប័ណ្ណផ្សព្វផ្សាយពីកោះកុងក្រៅនោះគឺជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថា ហេតុផលដែលថាយុវជនធ្វើខុសគោលការណ៍របស់សាលានោះ គឺមិនត្រឹមត្រូវនោះទេ។ លោកថាខិត្តប័ណ្ណទាំងនោះ មិនមែនផ្សព្វផ្សាយពីរឿងខុសច្បាប់ឡើយ ផ្ទុយទៅវិញគឹបានលើកកម្ពស់តំបន់ទេសចរណ៍នៅកម្ពុជាតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖«សំខាន់ខិត្តប័ណ្ណហ្នឹងវាខិត្តប័ណ្ណយ៉ាងម៉េច? វាជាខិត្តប័ណ្ណអប់រំប្រយោជន៍សង្គមជាតិទាំងអស់គ្នា ឬយ៉ាងម៉េច។ បើសិនជាខិត្តប័ណ្ណហ្នឹងវា មានន័យខ្លឹមសារ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម ឬក៏ពាក់ព័ន្ធបញ្ហាជាតិ អីទាំងអស់ អាហ្នឹងគួរតែមានការ [ហាមឃាត់] ប៉ុន្តែវាអត់មានអ្វីក្រៅពីការលើកតម្កើន អំពីបញ្ហាពាក់ព័ន្ធទៅហ្នឹងកោះកុងក្រៅ វាអត់មានអីខុសសោះ»។
ជាមួយគ្នានេះ លោកបាន ជំរុញឱ្យ អាជ្ញាធរអនុញ្ញាតឱ្យពួកគេចូលរួមសកម្មភាពសង្គមនេះ ឡើងវិញ ដោយថា សកម្មភាពបែបនេះគឺជាការបម្រើផលប្រយោជន៍រួមរបស់ជាតិ ដែលស្របទៅតាមគោលការណ៍ក្នុងសង្គមប្រជាធិបតេយ្យ។
លោថា៖ «ខ្ញុំគិតថារឿងនេះរឿងធម្មតាមួយតូច មិនគួរមានមានប្រើវិធានការអ៊ីចឹងទេ។ គួរតែឱ្យពួកគាត់បានបើកស្តង់ ហើយផ្សព្វផ្សាយទៅ ហើយផលប្រយោជន៍កោះកុងក្រៅហ្នឹងវាស្របទៅនឹងរដ្ឋាភិបាលដែរ»។
ក្រុមយុវជនដដែលនិយាយថា បើទោះបីជាស្តង់លក់ផ្លែដូងផ្សព្វផ្សាយពីតំបន់កោះកុងក្រៅ របស់ក្រុមនិស្សិតត្រូវបានបិទកាលពីថ្ងៃទី១៣ ខែមករា ក៏ដោយ ប៉ុន្តែនៅថ្ងៃទី១៤ ខែមករា ក្រុមយុវជនបាននាំគ្នាចែកខិត្តប័ណ្ណផ្សព្វផ្សាយពីតំបន់កោះកុងក្រៅទៅកាន់សាធារណជននៅតាមដងផ្លូវ ដោយពួកគេធ្វើសកម្មភាពពីស្តុបសន្ធរម៉ុក ឆ្ពោះទៅស្តុបមុខវិទ្យាស្ថានភាសាបរទេស(IFL) ក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សកម្មភាពចែកខិត្តប័ណ្ណទៅមហាជននោះដំណើរការរហូតដល់អស់ខិត្តប័ណ្ណ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរផងដែរ។
មន្ទីរទេសចរណ៍ខេត្តកោះកុង ធ្លាប់ឱ្យដឹងលើគេហទំព័ររបស់ខ្លួនថា កោះកុងក្រៅ គឺជាកោះធំទី១របស់ប្រទេសកម្ពុជា ដែលមានទំហំសរុប១០៣គីឡូម៉ែត្រការ៉េ ហើយក៏ជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃផងដែរ។
មន្ទីរទេសចរណ៍ខេត្តកោះកុង បន្ថែមថា កោះកុងក្រៅស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ កោះនេះ សម្បូរដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និងជីវចម្រុះនៅបាតសមុទ្រ ព្រមទាំងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានពណ៌ខៀវស្រងាត់។
កោះកុងក្រៅ ត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី (KOH KONG SEZ CO., LTD.) របស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍ កាលពីខែមិថុនា ឆ្នាំ២០១៩។
ក្នុងលិខិតចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅកោះកុងក្រៅ ខេត្តកោះកុង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ក្នុងការត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ប៉ុន្តែមកទល់ពេលនេះក្រសួងនៅមិនទាន់បង្ហាញពីលទ្ធផលនោះនៅឡើយទេ៕