រាជ​រដ្ឋាភិបាល​​ប្រគល់​ដី​និង​ផ្ទះ​ដែល​ដក​យក​ពី​លោក​ ​គង់​ គាំ​ ឱ្យ​ទៅ​ ​គ.ជ.ប.​

ដីនិងផ្ទះរបស់ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរដ្ឋាភិបាលចាត់វិធានការច្បាប់រឹបអូសត្រលប់មកវិញ ដោយសំអាងថាជាកម្មសិទ្ធិរបស់ក្រសួងការបរទេសកម្ពុជា។ (ទំព័រហ្វេស៊ុករបស់ លោក គង់ សុភា)

រាជរដ្ឋាភិបាលបានប្រគល់ដី និងផ្ទះ ដែលដកយកបានពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ គាំ  ដោយសារលោករិះគន់គណបក្សកាន់អំណាចនោះ ឱ្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប. ដើម្បីធ្វើជាទីស្នាក់ការរបស់ខ្លួន។

ការសម្រេចរបស់ប្រមុខរដ្ឋាភិបាល​ធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៣ បានប្រកាសមិនប្ដឹង ឧត្ដម​ទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ បន្តទៀតឡើយ បន្ទាប់ពីលោក និងភរិយាបានផ្ដិតស្នាមមេ​ប្រគល់ដីនិងផ្ទះ ស្ថិតនៅភូមិ៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឱ្យក្រសួងការបរទេសវិញ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាដីនិងផ្ទះនោះនៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់វីអូឌីនៅថ្ងៃទី១៤ ខែមករា​ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការបទេសបានប្រគល់ដី និងផ្ទះដែលដកហូតយកពីលោក គង់ គាំ ទៅឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមើលឃើញថា គ.ជ.ប. បច្ចុប្បន្នមិនទាន់មានទីស្នាក់ការរបស់ខ្លួននៅឡើយ។

លោកមានប្រសាសន៍ថា៖« គួរប្រគល់​ជូនទៅស្ថាប័នរដ្ឋធម្មនុញ្ញ គ.ជ.ប.  ហើយម៉េចបានជាគេហៅស្ថាប័នរដ្ឋធម្មនុញ្ញ គ​.ជ.ប. កើតឡើងដោយសភា ដោយរដ្ឋធម្មនុញ្ញចែង ។ ដូច្នេះ ស្ថាប័ននោះ ត្រូវតែមានកន្លែងត្រឹមត្រូវ ដែលជាស្ថាប័នមួយមានឧត្ដមភាព បម្រើការងារនយោបាយពហុបក្សរហូតទៅមុខទៀត។ ដូច្នេះ បណ្ណកម្មសិទ្ធិដីធ្លីដែលឯកឧត្តម គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេស ហើយក្រសួងការបរទេសបង្វិលជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ កាលពីម្សិលមិញ សម្ដេចលោកបានចាត់ឱ្យឯកឧត្ដម អ៊ូច បូរិទ្ធ​ រៀបចំសម្រួលនៅក្នុងសាច់រឿងហ្នឹង»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ហង្ស ពុទ្ធា សុំមិនធ្វើការអត្ថាធិប្បាយលម្អិត ដោយសារ គ.ជ.ប. មិនទាន់ទទួលបានលិខិតផ្ទេរដី និងផ្ទះ ដែលយកពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនោះ ជាផ្លូវការនៅឡើយទេ។

លោកបន្តថា៖«ទីមួយពុំទាន់មានលិខិតផ្លូវការមួយប្រគល់ឱ្យគ.ជ.ប. នៅឡើយ​ ហើយបើសិនជាមានការប្រគល់មែន គ.ជ.ប. នឹងរៀបចំជាគណៈកម្មាការ​​ឬជាតំណាងដើម្បីទទួលកិច្ចការហ្នឹង។ ​ខ្ញុំគ្រាន់តែចង់និយាយថា គ.ជ.ប. មិនធ្វើការអត្តនោម័តិនោះទេ។ ស្អីក៏ដោយ ខ្ញុំមិន​អាចបញ្ចេញមតិបានទៅលើបញ្ហាហ្នឹង ដោយសារ វាមានអ្វីជាភស្ដុតាងក្នុងការនិយាយនោះទេ។ គ្រាន់តែជម្រាបថា គ.ជ.ប. ជាស្ថាប័នអនុវត្តច្បាប់ បើសិនជាមានការប្រគល់ឱ្យ គ.ជ.ប. នឹងទទួលហើយអនុវត្ត ដើម្បីគុណប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ»។

វីអូឌីបានព្យាយាមសុំការឆ្លើយតបពីលោក គង់ គាំ និង តំណាងគណបក្សភ្លើងទៀន តែមិនមានការឆ្លើយតបឡើយនៅថ្ងៃទី១៤ ខែមករា។

ស្ថានិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត​ លោក សេក សុជាតិ លើកឡើងថា បើរដ្ឋាភិបាលបានចេញប្លង់កម្មសិទ្ធិដីធ្លីទៅឱ្យបុគ្គលណាម្នាក់ហើយ ប៉ុន្តែបែរជាប្ដឹង ឬដកហូតយកវិញ ក្រោមហេតុផលផ្សេងៗនោះ វាឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តច្បាប់នៅកម្ពុជាមានស្ដង់ដារពីរ។

លោកបញ្ជាក់ថា ប្រទេសដែលប្រកាន់នីតិរដ្ឋ​ គឺការអនុវត្តច្បាប់ មិនមានស្ដង់ដារពីរឡើយ។

លោកថា៖«នៅក្នុងប្រទេសនីតិរដ្ឋ កាលណាច្បាប់​​ចេញទៅយ៉ាងម៉េច ​គឺលទ្ធផលនឹងរក្សាទុកវាជាបានការកម្រមានការមោឃភាពឬ ប្ដឹងផ្ដល់ ដើម្បីទាមទារមកវិញណាស់។ គ្រប់យ៉ាងទាំងអស់គឺជាការគ្រប់គ្រង របស់មេដឹកនាំ ប្រទេសហើយយើងមើលឃើញថា តាំងពីសម័យនោះរហូតដល់សម័យពេលបច្ចុប្បន្ននេះ មេដឹកនាំដែលគ្រប់គ្រងការងារនេះគឺមានតែលោកនាយករដ្ឋមន្ត្រីតែម្នាក់ទេ ។ ដូច្នេះ ហើយយើងឃើញថា ​បញ្ហានេះ វាឆ្លុះបញ្ចាំង ឱ្យឃើញអំពីការអនុវត្តនីតិរដ្ឋនៅកម្ពុជា មានស្ដង់ដារពីរ។ អ្នកដែលមិនស្របជាមួយខ្លួន​ត្រូវបានអនុវត្តដែលមានចែងនៅក្នុងមាត្រានៃច្បាប់មួយហ្នឹង ដែលធ្វើឱ្យមានការរឹតត្បិត បំភិតបំភ័យលើគូប្រកួត ឬអ្នកនយោបាយដែលមិនស្ថិតនៅក្នុងបក្សខ្លួន»។

 លោក សេក សុជាតិ បន្តថា ការប្ដឹងដកយកដី និងផ្ទះរបស់លោក គង់ គាំ នាពេលនេះ ក៏ជាការរម្លឹកដល់មន្ត្រីផ្សេងៗទៀត ទាំងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលបានទទួលទ្រព្យសម្បត្តិនៅសម័យសាធារណរដ្ឋប្រជាមានិកម្ពុជា និងក្រោយៗទៀត ឱ្យមានការប្រុងប្រយ័ត្នក្នុងសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សណាមួយ ក្រៅពីបក្សកាន់អំណាច។

បញ្ហានេះ លោកថា វានឹងក្លាយជាចលនាមួយក្នុងការរឹតត្បិតសេរីភាពរបស់អ្នកយោបាយក្រៅរដ្ឋាភិបាល ក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាច ហើយវាក៏នឹងរុញច្រានឱ្យកម្ពុជាដើរប្រាស់ចាកកាន់តែឆ្ងាយពីនីតិរដ្ឋនិងរដ្ឋធម្មនុញ្ញ ដូចជាលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

ដី​​និ​ងផ្ទះរបស់លោក គង់ គាំ ដែល​រដ្ឋាភិបាលកំពុងជំរុញវិធានការច្បាប់​ឱ្យរឹបអូសត្រលប់​មក​វិញ​ គឺ​ជា​អតីតស្នាក់ការកណ្តាល​គណបក្ស សម រង្ស៊ី ហើយក្រោយមកជាស្នាក់ការរបស់គណបក្សឆន្ទៈខ្មែរ  និងបច្ចុប្បន្នជាស្នាក់កណ្តាលរ​ប​​​ស់​​​គ​ណបក្សភ្លើងទៀន។

​វិធាន​ការរឹប​អូស​អចលនទ្រព្យរបស់ លោក គង់ គាំ ពីសំណាក់មេដឹកនាំបក្សកាន់អំណាចនេះ បានកើតឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងលោក គង់ គាំ ក្រោយ​លោក គង់ គាំ បានទ​ម្លាយ​ថា កាល​ពី​លោក​នៅ​ជាមួយ​គណបក្សប្រជាជនកម្ពុជា គេបានផ្តល់ដំបូន្មានថា «ផឹក​ទឹក​ឱ្យនឹកប្រភព ជ្រកម្លប់​ឱ្យនឹក​អ្នក​ដាំ» តែ​ថា​ថ្ងៃ៧មករា ទំនង​ជាមិ​ន​មាន​ប្រភព​នៅ​កម្ពុជា ដូច​គណបក្ស​ភ្លើង​ទៀន​ទេ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣​ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏​បានដាក់ពាក្យ​​​​ប្ដឹង​ឧត្ដម​ទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទៅសាលាដំបូង​ខេត្តត្បូង​ឃ្មុំ​ផងដែរ ដោយ​ដើមបណ្តឹងបានស្នើ​ឱ្យ​​តុលាការ​​​ផ្តន្ទាទោសតាមច្បាប់ និង​ទាមទារសំណងចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ការប្តឹងផ្តល់នោះ ក្រោមហេតុ​ផល​​ថា សម្ដីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង​​ដែល​ថ្លែងក្នុងវេទិកាសាធារណៈនៅខេត្តជាប់​ព្រំដែនវៀតណាមមួយនេះ កាលពីពេលថ្មីៗនោះ ឆ្លុះបញ្ចាំងពីចេតនាញុះញង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ