ស្ថិតនៅក្នុងភូមិពូកេះ ឃុំមេម៉ង់ ក្នុងស្រុកកែវសីមា សាលាបឋមសិក្សាត្រាំងកិត ដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៥ នៅលើផ្ទៃដីប្រមាណ ១ហិកតា ដែលមានចម្ងាយជាង ៤០គីឡួម៉ែត្រពីទីរួម ខេត្តមណ្ឌលគិរី។
គ្រូបង្រៀននៅទីនោះបានឱ្យដឹងថា សាលានេះមានសភាពចាស់ ខ្វះខាតទឹកស្អាត និងបន្ទប់ទឹក ឬបង្គន់អនាម័យ ខណៈផ្លូវចូលទៅកាន់សាលា មានជង្ហុកធំៗ ភក់ជ្រាំ និងមានសភាពស្ងាត់ជ្រងំ អមដោយព្រៃនៅសងខាងផ្លូវ ដែលពិបាកដល់ការធ្វើដំណើររបស់គ្រូបង្រៀន និងការនាំចូលសម្ភារៈផ្សេងៗចូលទៅក្នុងភូមិ។
ស្របគ្នានេះ គ្រូបង្រៀននៅសាលាបឋមសិក្សាមួយនេះ បានស្នើរកជំនួយពីសប្បុរសជននានា ដើម្បីសាងសង់អគារសិក្សា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា សម្រាប់ទ្រទ្រង់ដល់ដំណើរការបង្រៀនដល់កុមារជាជនជាតិដើមភាគតិច ដែលកំពុងជួបការលំបាកខ្លាំង។
គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាត្រាំងកិត លោក តាយ ក្រាញ់ បានប្រាប់វីអូឌីថា ក្នុងសាលាបឋមសិក្សាមួយនេះ មិនមានសួនកុមារ មិនមានបណ្ណាល័យ និងបង្គន់អនាម័យនោះទេ ដែលបង្កការលំបាកយ៉ាងខ្លាំងក្នុងការដំណើរការបង្រៀនសិស្សនៅទីនោះ។ លោកបន្តថា ក្នុងសាលាគឺមានអគារសិក្សា ១ខ្នងសង់ពីឈើប្រក់ស័ង្គសីមាន ៦បន្ទប់ ប៉ុន្តែមានសភាពធ្លុះធ្លាយ ហើយសិស្សត្រូវខកខានរៀនសូត្រនៅពេលរដូវវស្សាចូលមកដល់ ព្រោះតែមានទឹកលិចតាមដំបូលសាលាឥតឈប់។
លោកលើកឡើងថា៖ «ពេលខ្លះបើថាភ្លៀងខ្លាំងផ្អាក [បង្រៀន] មួយភ្លែតសិន ដល់ពេលស្ងាត់ភ្លៀង ពេលឈប់ភ្លៀងហើយ យើងរៀនបន្ត»។
គ្រូបង្រៀនរូបនេះ បានបន្ថែមថា ការសាងសង់អគារឈើក្នុងសាលាមួយនេះគឺបានថវិកាពីប្រជាសហគមន៍នៅតំបន់នោះ និងបានមកពីសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភ។ លោកថា កុមារដែលកំពុងសិក្សាគឺសុទ្ធសឹងជាជនជាតិដើមភាគតិចពូនង ខណៈក្រុមគ្រួសាររបស់ពួកគេក៏កំពុងជួបបញ្ហាជីវភាព ដែលមិនអាចផ្តល់សម្ភារៈសិក្សាល្អៗដូចជា ប៊ិច សៀវភៅ កាតាប ជាដើម ដល់កូនៗរបស់ខ្លួន។
លោក តាយ ក្រាញ់ បន្តថា៖ «បើនិយាយពីអារម្មណ៍ខ្ញុំ ចង់ថា [ស្ថានភាពសិស្សបច្ចុប្បន្ន]វិលទៅរកអតីតកាលដើម តាំងពីខ្ញុំរៀននៅតូចដូចគ្នា[ស្ថានភាពលំបាក]។ តាំងពីការស្លៀកពាក់ អត់មានខោអាវពាក់ ស្បែកជើង។ ខ្ញុំមានអារម្មណ៍ថា អាណិត ពេលខ្លះចង់ស្រក់ទឹកភ្នែក ឃើញដូចយើងនៅពីដើមមក»។
របាយការណ៍ស្រាវជ្រាវមួយរបស់អង្គការយូនីស្កូ (UNESCO) កាលពីឆ្នាំ២០១៨ បានឱ្យដឹងថា ការរៀបចំបរិស្ថានសាលារៀនល្អ ជួយជំរុញទឹកចិត្តឪពុកម្តាយ ឱ្យបញ្ជូនកូនៗពួកគេទៅសាលារៀន និងលើកទឹកចិត្តសិស្សឱ្យបន្តរៀនសូត្រ។ ប្រភពដដែលបង្ហាញថា កុមារនៅកម្ពុជានៅបន្តរៀនយឺតយ៉ាវដោយសារមូលហេតុជាច្រើន ដូចជាការមិនបានត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់សម្រាប់ចូលរៀន គុណភាពទាបនៃការរៀន និងការមករៀនមិនទៀងទាត់។ បញ្ហាទាំងអស់នេះ ជាហេតុធ្វើឱ្យកុមារជាច្រើន បោះបង់ចោលការសិក្សាថែមទៀតផង។
របាយការណ៍បន្តថា លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាបរិក្ខារអនាម័យ និងទឹកស្អាត នៅខ្វះខាតនៅឡើយ ដែលបង្កផលប៉ះពាល់ជាពិសេសដល់ក្មេងស្រីជំទង់ និងកុមារពិការ។
ជនជាតិដើមពូនងម្នាក់រស់នៅឃុំមេម៉ង់ ក្នុងស្រុកកែវសីមា លោក ទ្រីន យីន មានវ័យ ៣៧ឆ្នាំ ដែលមានកូនស្រី អាយុ៥ឆ្នាំ កំពុងរៀនថ្នាក់ទី៥ ក្នុងសាលាបឋមសិក្សាត្រាំងកិត បានប្រាប់វីអូឌីថា លោកអាណិតកូនដែលកំពុងរៀនក្នុងសាលាមួយនេះ។ លោកបន្តថា ក្នុងសាលាមិនមានសម្ភារៈសិក្សាគ្រប់គ្រាន់ អគារសិក្សាក៏ចាស់ និងមិនមានទឹកស្អាតឱ្យកុមារប្រើប្រាស់ជាដើម។លោកបានអំពាវនាវឱ្យអាជ្ញាធរជួយឧបត្ថម្ភដល់សាលានៅតំបន់ដាច់ស្រយាលមួយនេះ ដើម្បីជំរុញឱ្យកុមារមានទឹកចិត្តរៀនសូត្របន្តទៀតស។
លោកនិយាយថា៖ «ខ្ញុំចង់ឱ្យគេជួយសាលាថ្ម បានសាលាថ្មមួយ និង តុសាលារៀនក៏អត់មានដូចគេនៅក្រៅ តុចេះតែធ្វើៗទៅចេះតែបានរៀនដូចគេ ទំនើបដូចគេ[ខាង]ក្រៅ ចេះតែរៀនទៅក្មេងៗ»។
ចំណែក នាយកសាលាបឋមត្រាំងកិត លោក ប៉ុក ប្រាជ្ញពៅ បានឱ្យដឹងថា ក្នុងសាលាដែលលោកគ្រប់គ្រងនេះ គឺមានគ្រូបង្រៀនសរុបចំនួន ៥នាក់ ហើយបច្ចុប្បន្នមានសិស្សសរុបចំនូន៤៩នាក់ ដែលភាគច្រើនគឺជាកុមារជនជាតិដើមភាគតិចពូនង ដោយសាលាបានតម្រូវឱ្យរៀនតែវេនព្រឹកប៉ុណ្ណោះ។
លោកបន្តថា ក្នុងឆ្នាំ២០១៥ មានការសាងសង់អគារសិក្សា១ខ្នង មានតែដំបូល និងមិនមានជញ្ជាំងនោះទេ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា ក៏មិនមានការរៀបចំឱ្យប្រសើរនោះដែរ។ លោកថា លុះក្រោយមកដោយមើលឃើញពីការលំបាកនេះ ទើបប្រជាសហគមន៍បានរៃអង្គាសថវិកា សាងសង់ជញ្ជាំងសាលា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់សិស្សរហូតបានអគារឈើចាស់ ១ខ្នង ក្នុងពេលបច្ចុប្បន្ននេះ។
លោកនិយាយថា៖ «និយាយពីការខ្វះខាតច្រើន ចង់បាន សាលាល្អដូចគេដែរ ប៉ុន្តែធ្វើម៉េច! បើតំបន់ហ្នឹងដាច់ស្រយាល អត់ភ្លើង អត់សេវា អត់ទឹក អត់ផ្លូវលំ។[អំពាវនាវ]សុំសម្ភារៈ មានអង្គការ ឬសប្បុរសជនណាជួយ ជួយសម្ភារៈសិស្ស កាតាប សៀវភៅ»។
មេភូមិពូកេះ លោក ប្រូច ម្យោល វ័យ៥៥ឆ្នាំ ឱ្យដឹងថា ក្នុងភូមិរបស់លោក មានពលរដ្ឋចំនួន ៥២គ្រួសារ ក្នុងនោះមានជនជាតិដើមភាគតិច ចំនួន ៥០គ្រួសារ ហើយភូមិនេះមានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រពីទីរួម ខេត្តមណ្ឌលគិរី។ លោកបារម្ភថា កុមារនៅតំបន់របស់លោកអាចប្រឈមការបោះបង់ចោលការសិក្សា នៅពេលសាលាមានការខ្វះខាតស្ទើរគ្រប់យ៉ាងបែបនេះ។
លោកថា៖ «ខ្ញុំសំណូមពរថាឱ្យខាង ក្រសួងស្ថាប័នហ្នឹង! ឱ្យជួយលើកតម្កើនឱ្យផង ដើម្បីឱ្យខាងសាលាហ្នឹង គ្រូហ្នឹងឱ្យមានលើកទឹកចិត្ត [សិស្ស] មានទឹកចិត្តអារម្មណ៍ខិតខំរៀនសូត្រ»។
ពាក់ព័ន្ធករណីនេះ ជំទប់ទី១ ឃុំមេម៉ង់ លោក ជ្រោង ហ៊ន វ័យ៦១ឆ្នាំ មានប្រសាសន៍ថា សាលាបឋមសិក្សាត្រាំងកិត ពិតជាប្រឈមការខ្វះខាតជាច្រើនពិតមែន។ លោកឱ្យដឹងថា សាលានេះបានបង្កើតឡើងអំឡុងឆ្នាំ២០១៥ ដែលទទួលបានថវិកាពីអាជ្ញាធរឃុំ និងសប្បុរសជននានា ដើម្បីសង់អគារសិក្សាសម្រាប់ឱ្យកុមារនៅតំបន់ដាច់ស្រយាល បានទទួលការសិក្សាអប់រំដូចទៅនឹងកុមារនៅទីប្រជុំជនដែរ។ លោកថា ប្រជាពលរដ្ឋនៅតំបន់នោះគឺជាកសិករ ស៊ីឈ្នួល ដងជ័រទឹក ដកដំឡូង ដកស្មៅ និងមួយចំនួនទៀតធ្វើជាកម្មករសំណង់ជាដើម។
យ៉ាងណា លោកថា អាជ្ញាធរមូលដ្ឋានបានដាក់សំណើទៅមន្ត្រីថ្នាក់ខេត្តជាច្រើនលើកមកហើយ ប៉ុន្តែថ្នាក់លើថា នៅខ្វះខាតថវិកា ទើបមិនមានជំនួយសម្រាប់ជួយសាលានេះបាន។
ដូច្នេះលោកបានត្រឹមអំពាវនាវឱ្យសប្បុរសជននានា ជួយឧបត្ថម្ភ ដល់សាលាបឋមត្រាំងកិត ខណៈដែលអាជ្ញាធរមូលដ្ឋានមិនមានថវិកាគ្រប់គ្រាន់ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងសាលានេះបាននោះទេ។
លោកបានអំពាវនាវថា៖ «ឱ្យតែមានខាងណា អង្គការណាគេជួយចឹង មានតែអរ! អរម៉ង! ដូចថា លុយឃុំ គេថា បង្វិលមិនទាន់។ បើអាចថាមានជំនាញណាមួយ ស្ថាប័នណាមួយ ជួយខ្ញុំអរម៉ង! ចង់ឱ្យជួយ ជួយ[តំបន់]ដាច់ស្រយាលពីឃុំ នៅខ្វះខាត »។
ជំទប់ឃុំរូបនេះឱ្យដឹងដែរថា ក្នុងឃុំរបស់លោកមានសាលាបឋមសិក្សាសរុបចំនួន៤ គឺសុទ្ធសឹងតែជួបការខ្វះខាតទាំងអស់។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី លោក ទឹម សង្វាត មិនអាចសុំការឆ្លើយតបបានទេជុំវិញ ការខ្វះខាតនៅសាលាបឋមសិក្សាត្រាំងកិត ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបានក្នុងសប្តាហ៍នេះ។
យ៉ាងណាក្តី លោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានឆ្លើយតបថា លោកបានទទួលសំណើពីអាជ្ញាធរមូលដ្ឋានជុំវិញសាលាត្រាំងកិតដែលកំពុងខ្វះខាតនេះរួចរាល់ហើយ។លោកថា មន្រ្តីថ្នាក់ខេត្តកំពុងពិភាក្សាគ្នា ដើម្បីជួយដល់សាលាដែលនៅតំបន់ដាច់ស្រយាល ក្នុងខេត្តមណ្ឌលគិរីទាំងអស់ ឱ្យមានការល្អប្រសើរដូចសាលានៅក្នុងទីប្រជុំជនផងដែរ។
លោកថា៖ «យើងបានគិតគូរហើយ! កន្លងមកថ្នាក់ដឹកនាំក៏បានពិភាក្សា ជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែរ ពាក់ព័ន្ធសំណូមពរ មិនមែនតែសាលាហ្នឹងមួយទេ ដូចជានៅ [សុក] កោះញែក ឬនៅជនបទឆ្ងាយៗដាច់ស្រយាលក៏យើងមានកង្វះខាតចឹងដូចគ្នា ។យើងកំពុងតែរិះរកមធ្យោបាយ តើជួយដោះស្រាយជួយគាត់តាមរបៀបណា»។
កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ បានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិតដែរ។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ ក្នុងខែមីនា ឆ្នាំ ២០២២ ឱ្យដឹងថា សាលាបឋមសិក្សានៅកម្ពុជាបានកើនឡើងពីចំនួន ៧ ៧១៦សាលា (សាលារដ្ឋ ៧ ២២៨ និងឯកជន ៤៨៨) ក្នុងឆ្នាំសិក្សា ២០១៨ -២០១៩ ដល់ ៧ ៨៤៣សាលា (សាលារដ្ឋ ៧ ៣០៤ និងឯកជន ៥៣៩) ក្នុងឆ្នាំសិក្សា ២០២០-២០២១។
យ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការអប់រំកុមារនៅតំបន់ដាច់ស្រយាល ជាពិសេសគឺតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ ហាក់មិនទទួលបានការអប់រំពេញលេញនៅឡើយទេ។ លោកបន្ថែមថា រដ្ឋាភិបាលគួរមានគោលនយោបាយសមស្របមួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ដើម្បីឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងពីសិទ្ធិទទួលបានការអប់រំសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
លោកមានប្រសាសន៍ថា៖«រដ្ឋត្រូវបង្ហាញនូវដំណោះស្រាយ ជាក់លាក់ឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានសង្ឃឹម ហើយអាចនឹងគាត់បញ្ចូនកូនចៅរបស់គាត់ ទៅរៀនអីហូហែរ គ្រប់ៗគ្នា។ រដ្ឋគួរតែមានការឆ្លើយតប ជាក់លាក់មួយ ត្រូវតែយកចិត្តទុកដាក់ ចំពោះជានជាតិដើមភាគតិច ធ្វើម៉េច! ឱ្យគាត់ ទទួលបានការអប់រំរបស់ពួកគាត់ហ្នឹង»។
រដ្ឋធម្មនុញ មាត្រា៦៨ បានចែងថា៖ « រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋម និង មធ្យមសិក្សានៅសាលារៀនសាធារណៈសំរាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតបង់ថ្លៃ។ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិច ប្រាំបួនឆ្នាំ។ រដ្ឋជួយផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា»។
ទោះយ៉ាងណាក្តី ងាកទៅ ជនជាតិដើមពូនង លោក ទ្រីន យីន វិញ ដែលមានកូនស្រីកំពុងរៀនថ្នាក់ទី៥ ក្នុងសាលាបឋមសិក្សាត្រាំងកិត បានរៀបរាប់ថា កូនស្រីរបស់លោកតែងតែទៅរៀនជាប្រចាំ ទោះបីជាសាលាត្រាំងកិត កំពុងប្រឈមការខ្វះខាតយ៉ាងណាក្តី។
តែយ៉ាងណា លោកបង្ហាញក្តីបារម្ភថា កូនរបស់លោកប្រឈមការរៀនសូត្រមិនបានដិតដល់ ហើយថា លោកមិនចង់ឱ្យកូនរបស់គាត់បោះបង់ការសិក្សាទាំងវ័យក្មេងនោះទេ។
លោករៀបរាប់ថា៖ «[ភ្លៀង]លិចម៉េចក៏គាត់ទៅរៀនដែរ! បើយើងផ្អាក[រៀន]មិនខាតពេលវេលាក្មេងៗ»៕