អ្នកជំនាញដែលធ្វើការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាយល់ឃើញថា ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅមន្ត្រីក្រោមឱវាទទាំងអស់មិនត្រូវចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនោះ កិច្ចសហការរវាងមន្ត្រីរដ្ឋាភិបាលនិងអ្នកកាសែតកាន់តែល្អប្រសើរថែមទៀត ខណៈកន្លងមកអ្នកសារព័ត៌មានវិជ្ជាជីវៈរងនូវការរើសអើង ការគំរាមកំហែង និងការរឹតត្បិតជាបន្តបន្ទាប់។
ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ ០០០នាក់ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ កាលពីថ្ងៃទី១៤មករា ឆ្នាំ២០២៣ ដោយផ្តាំផ្ញើទៅកាន់មន្ត្រីក្នុងជួររដ្ឋាភិបាល គ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនោះទេ និងគប្បីបង្កើតទំនាក់ទងឱ្យបានល្អ ជាមួយអ្នកសារព័ត៌មានដែលមានចេតនាល្អ ក្នុងការផ្តល់ព័ត៌មានពិតជូនមហាជន។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJa) លោក ណុប វី មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការលើកទឹកចិត្តអ្នកសារព័ត៌មាន និងក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់ព័ត៌មានជូនសាធារណជនឱ្យមានគ្រប់ជ្រុងជ្រោយ បើមន្ត្រីទាំងនោះនៅតែយកអ្នកសារព័ត៌មានធ្វើជាសត្រូវ និងធ្វើឱ្យរដ្ឋាភិបាលខាតប្រយោជន៍។
លោកមានប្រសាសន៍ថា៖ «មន្ត្រីរដ្ឋាភិបាលមួយចំនួនធំ គាត់នៅតែមានឥរិយាបទមួយនៅក្នុងការរើសអើងទៅលើអ្នកសារព័ត៌មានដែលមកពីស្ថាប័នផ្សេងៗ។ អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា លោកគួរតែបញ្ចប់នៅសកម្មភាពនៅការរើសអើង ហើយបំពេញតួនាទីជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា អ្នកសារព័ត៌មាន គាត់អាចទទួលបានព័ត៌មានពីការបំពេញតួនាទីត្រឹមត្រូវពីអ្នកនាំពាក្យរដ្ឋាភិបាល»។
លោកបន្ថែមថា៖ «ជាមួយគ្នាហ្នឹង យើងក៏បានពិនិត្យមើលឃើញដែរថា មន្ត្រី អាជ្ញាធរនៅមូលដ្ឋានមួយចំនួន ពេលខ្លះគាត់ប្រព្រឹត្តឥរិយាបទហួសពីអ្វីដែលជាការណែនាំរបស់ថ្នាក់ដឹកនាំខាងលើដែរ។ អ៊ីចឹងហើយវាបង្កឱ្យមានការរាំងស្ទះ ឬមួយក៏គំរាមកំហែង បំភិតបំភ័យ ប្រើពាក្យសម្តីអសុរោះជាមួយអ្នកសារព័ត៌មាន។ អ៊ីចឹងនេះជាឥរិយាបទមិនត្រឹមត្រូវ»។
នាយកស្ដីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត មានប្រសាសន៍ប្រហាក់ប្រហែលលោក ណុប វី ដែរ ប៉ុន្តែលោកចង់ឃើញមន្ត្រីរដ្ឋាភិបាលសហការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យវិស័យព័ត៌មាននេះ កាន់តែល្អប្រសើរថែមទៀត។
លោកមានប្រសាសន៍ថា៖ «ការចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ មានន័យថា យកប្រជាពលរដ្ឋ ឬប្រជាជនជាសត្រូវ ព្រោះអ្នកសារព័ត៌មានគាត់ជាអ្នកពាំនាំបញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីបង្ហាញទៅរដ្ឋាភិបាល។ ខ្ញុំគិតថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានរឹតតែប្រសើរឡើង»។
កាលពីថ្ងៃ១៤ ខែមករា លោក ហ៊ុន សែន បានថ្លែងថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននឹងអនុម័តនៅអាណត្តិទី៧ ក្រោយពីកម្ពុជាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពោលគឺនៅចន្លោះឆ្នាំ២០២៤ -២០២៥ ខាងមុនេះ។ លោកបញ្ជាក់ថា បច្ចុប្បន្នច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាទាក់ទងនឹងបទល្មើសនៅក្រសួងយុត្តិធម៌នៅឡើយ។
លោកមានប្រសាសន៍ថា ស្ថាប័នព័ត៌មាន ត្រូវបង្កើតភាពជាដៃគូ ជាមួយរាជរដ្ឋភិបាល ដោយត្រូវបំពេញតួនាទីជាស្ពានចម្លង ផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនមកស្ថាប័នរដ្ឋវិញ ទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្ដជាក់ស្ដែង ដែលតម្រូវឱ្យអ្នកសារព័ត៌មាន ចូលរួមកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជា ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោលគឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០ប្រទេសនិងដែនដីនៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ។
កាលពីដើមខែសីហា ឆ្នាំ២០២២ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចេញរបាយការណ៍មួយដោយរកឃើញថា លំហពលរដ្ឋ និងសេរីភាពខាងសារព័ត៌មាន នៅតែជាគោលដៅនៃការវាយប្រហារ និងរឹតត្បិតខ្លាំងពីរដ្ឋាភិបាលកម្ពុជា ដូចមុនដដែល។
របាយការណ៍ដដែលបន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលមានអំណោយផល ក្នុងការផ្ដល់អំណាចដល់អាជ្ញាធរក្នុងការរឹតបន្តឹងលើអ្នកសារព័ត៌មាន និងអ្នកផ្សេងទៀត ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ជាពិសេសពង្រីកសមត្ថភាពរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈតុលាការ៕