មនុស្ស​១០នាក់ ត្រូវបានបាញ់សម្លាប់ក្នុងក្លឹបមួយនៅសហរដ្ឋ​អាមេរិក​ ហើយខ្មាន់កាំភ្លើងបានបាញ់​សម្លាប់ខ្លួន

REUTERS

អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ១០នាក់ នៅក្នុងក្លឹបមួយ​កន្លែង ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន កាលពីល្ងាចថ្ងៃសៅរ៍ នៅជិតទីក្រុង Los Angeles មុនពេលរត់គេចខ្លួនពីកន្លែង​កើត​ហេតុ ហើយក្រោយមកបានបាញ់សម្លាប់ខ្លួនឯងនៅពេលនគរបាលចូលទៅជិតកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។

លោក រ៉ូប៊ឺត លូណា (Robert Luna) នាយតម្រួតប្រចាំនៅទីក្រុង Los Angeles បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអាទិត្យថា មូលហេតុនៃការការបាញ់ប្រហារនេះនៅមិនទាន់ដឹងនៅឡើយ។ លោក​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ថាមានឈ្មោះ ហ៊ូ ចាន់ត្រាន់ (Huu Can Tran) អាយុ ៧២ ឆ្នាំ។

លោក Luna បានប្រាប់អ្នករាយការណ៍ព័ត៌មានថា៖ «យើងចង់ដឹងថាតើរឿងដ៏អាក្រក់នេះ អាច​កើត​ឡើងបាន​ដោយ​របៀប​ណា»។

លោក Luna បាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងកាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលនគរបាលបានចូលទៅជិតឡានពណ៌សមួយគ្រឿង ដែលបើកបរដោយខ្មាន់កាំភ្លើងក្នុងទីក្រុងតូរ៉ែនស៍ (Torrance) ចម្ងាយប្រហែល ៣៤​គីឡូម៉ែត្រ ពីកន្លែងនៃការបាញ់ប្រហារនៅក្លឹបមួយឈ្មោះថា Star Ballroom Dance Studio ក្នុងទីក្រុងម៉ុនតេរី ផាក (Monterey Park)។

លោក Luna បាន​បន្ត​ថា ក្នុងចំណោមជនរងគ្រោះជន​រង​គ្រោះទាំង១០នាក់ ​ដែល​បាន​ស្លាប់ គឺមាន ៥​នាក់​​ជា​ស្ត្រី។ អត្តសញ្ញាណរបស់ជនរងគ្រោះ មិនត្រូវបានបង្ហាញជាសាធារណៈទេ។

អាជ្ញាធរបាននិយាយថា មនុស្ស១០នាក់ផ្សេងទៀតរងរបួស ហើយ៧នាក់ក្នុងចំណោមពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយយ៉ាងហោចណាស់មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Luna បានបញ្ជាក់ថា ខ្មាន់កាំភ្លើងដដែលនេះ ជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុមួយ​ផ្សេងទៀត​នៅក្លឹបមួយកន្លែងទៀតក្នុងទីក្រុងអាល់ហែមប្រា (Alhambra) ដែល​មាន​ចម្ងាយ​​ធ្វើដំណើរ​ប្រហែល ២០​នាទី បន្ទាប់ពីការបាញ់ប្រហារកាលពីយប់ថ្ងៃសៅរ៍​នៅ Monterey Park ។ នៅទីនោះ [កន្លែងទី២] សាក្សី​បាន​និយាយ​ថា ខ្មាន់កាំភ្លើងបាន​ដើរ​កាន់​កាំភ្លើង​ដែល​ក្រោយមកត្រូវ​បាន​គេឆក់​យកកាំភ្លើងបាន។ លោក Luna បាននិយាយថា គ្មាននរណាម្នាក់ត្រូវបាន​បាញ់ប្រហារ​ឡើយ ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួន។ គួរបញ្ជាក់ថា ការបាញ់ប្រហារនៅទីក្រុងម៉ុនតេរី ផាក (Monterey Park) នេះគឺជាការបាញ់ប្រហារដ៏ធំមួយនៅសហរដ្ឋអាមេរិក ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ នៅពេលដែ​លខ្មា​ន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​សិស្សចំ​នួន ១៩​នាក់ និងគ្រូបង្រៀន២នាក់ នៅសាលារៀនមួយក្នុង​ទីក្រុងយូវ៉ែល (Uvalde) រដ្ឋតិចសាស់។ ការបាញ់ប្រហារដ៏ប្រល័យបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ាគឺក្នុងឆ្នាំ១៩៨៤ ដោយខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សចំនួន ២១នាក់ នៅភោជនីយដ្ឋាន McDonald’s ក្នុងខណ្ឌសាន ស៊ីដ្រូ (San Ysidro) ក្បែរទីក្រុងសាន ឌីហ្គោ (San Diego)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ