នាយក​រដ្ឋមន្ត្រី​​នូវែលសេឡង់​ថ្មីដែលនឹងស្បថចូលកាន់តំណែងថា នឹងប្រញាប់ក្នុងការផ្លាស់ប្តូរអាទិភាព

រូបភាពពីហ្វេសប៊ុកលោក គ្រីស ហីបឃីន (Chris Hipkins)។

នាយករដ្ឋមន្ដ្រីថ្មីនៃប្រទេ​សនូវែលសេឡង់​ ដែលនឹងស្បថចូលកាន់តំណែងឆាប់ៗនេះ លោក គ្រីស ហីប​ឃីន (Chris Hipkins) បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក​នឹងកំណត់​អាទិភាព​ឡើងវិញ​ឱ្យ​បាន​ឆាប់ និង​ពិចារណាថា​តើ​គោល​នយោបាយបច្ចុប្បន្ន ចាំបាច់ត្រូវ​កាត់​បន្ថយ​ឬ​យ៉ាង​ណា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣​​នេះ។

លោក Hipkins បានបង្ហាញខ្លួនជាសាធារណៈ​នៅ​ថ្ងៃ​ចន្ទនេះ នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយចំនួន​របស់​នូវែលសេឡង់ បន្ទាប់ពីលោកត្រូវបានជ្រើសរើស កាលពីថ្ងៃអាទិត្យ ដើម្បី​ជំនួសលោក​ស្រី ចា​ស៊ីន​ដា អាឌើន (Jacinda Ardern) ជាប្រធានគណបក្សការងារ ដែល​លោក​នឹងក្លាយ​ជា​នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ។​

លោក Hipkins បានប្រាប់ទូរទស្សន៍ TVNZ’s Breakfast ថា រដ្ឋាភិបាលនឹងផ្តោតលើបញ្ហា
អតិផរណា ហើយនឹងពិនិត្យមើលឡើងវិញនូវគោលនយោបាយផ្សេងទៀត។

លោក Hipkins មានប្រសាសន៍ថា៖ «យើងនឹងពិនិត្យមើលបញ្ហាទាំងអស់នោះឱ្យបាន​ឆាប់។ ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ អ្នកនឹងឃើញពីភាពច្បាស់លាស់អំពីការកំណត់អាទិភាពឡើងវិញ»។

លោកបន្តថា៖ «ខ្ញុំពិតជា​មាន​សុទិដ្ឋិនិយម ដែល​មាន​ការគាំទ្រ​យ៉ាង​ច្រើន ហើយខ្ញុំគិត​ថា ​ប្រទេស​នូវែលសេឡង់កំពុងផ្តល់ឱ្យខ្ញុំនូវការវិនិច្ឆយប្រកបដោយយុត្តិធម៌»។

លោក Hipkins នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនូវែលសេឡង់ ​នៅថ្ងៃ​ពុធ​នេះ បន្ទាប់ពីលោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) បានលាលែងពីតំណែងជាផ្លូវការ។

សូមរម្លឹកថា លោក​ស្រី ចាស៊ីន​ដា អាឌើន (Jacinda Ardern) បាន​ប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្រ្តីនូវែលសេឡង់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយបាននិយាយថា លោកស្រីមិនអាចបន្តដឹកនាំប្រទេសតទៅទៀតឡើយ។

លោក​ស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) បានថ្លែងថា វាគឺ​ជា​ការ​តានតឹងមួយក្នុង​រយៈពេល៥​ឆ្នាំ​កន្លងមកនេះ​ ក្នុង​​នា​ម​​ជា​​នាយក​រដ្ឋមន្ត្រី ហើយវាគឺជារឿង​ចាំបាច់ដែលលោកស្រី​ត្រូវតែ​​ចុះ​ចេញ​ពី​តំណែង ដើម្បីផ្ដល់ឱកាសឱ្យអ្នកដទៃ​ដែលមាន​សមត្ថភាព​ជាង​នេះ។

លោក គ្រីស ហីបឃីន (Chris Hipkins) នឹងក្លាយជានាយករដ្ឋមន្រ្តីទី៤១របស់ប្រទេសនូវែលសេឡង់។ លោកកើតថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧៨ ក្នុងទីក្រុងវែលលីងតុន (Wellington)។ លោកបានចូលបម្រើការនៅក្នុងសភាក្នុងឆ្នាំ២០០៨ ហើយនៅឆ្នាំ២០២០ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ